Friday, March 4, 2011

ក្រុមល្ខោនចល័ត

ម្នាលលោកដ៏មានអាយុ ! មុនពេលព្រលប់ថ្ងៃនោះឯង ខ្ញុំព្រះករុណាក៏បានទៅដល់ទ្វារក្រុងរាជគ្រឹះប៉ែកទិស ឧត្តរដែលជាច្រកជ្រលងរវាងដងភ្នំវេភារៈនិងវេបុល្លៈ នៅក្បែរជើងភ្នំវេបុល្លៈខាងក្រៅក្រុង មានអណ្តូងទឹកក្តៅ ខ្នាតធំ ១ ហូរបាញ់ចេញមកពីក្រោមផ្ទៃដីហើយហូរកាត់ទំនាបរវាងភ្នំចូលទៅខាងក្នុងក្រុង អ្នកស្រុកហៅ ស្ទឹងខ្នាតតូចនេះថា តបោតានទី អ្នកក្រុងរាជគ្រឺះតាំងពីព្រះកំពូលរាស្ត្រពិម្ពិសារចុះមកតែងឧស្សាហ៍មកងូត និងស្រងស្នានកាយឯអណ្តូងកន្លែងនេះណាស់ ព្រោះហេតុតែទឹកក្តៅនេះហូរចេញមកពីក្រោមផ្ទៃដី សាធារណជនទើបនាំគ្នាជឿថាខាងក្រោមទឹកអណ្តូងនោះជាវសនដ្ឋាននៃលោហកុម្ភីនរក ខ្ញុំព្រះករុណាដាក់ បាត្រចុះរួចហើយក៏អង្គុយសម្រាកសម្រាលកាយនៅក្រោមដើមឈើក្នុងរយៈឆ្ងាយទាំងក្រឡេកមើលទៅហ្វូង មនុស្សដែលកំពុងតែងូតទឹកលេងយ៉ាងសប្បាយសស្រោកសស្រាញ
នៅខណៈដែលកំពុងតែអង្គុយភ្លឹកភ្លាំងនោះឯង ស្រាប់តែមានមនុស្ស ១ ក្រុមប្រមាណជា ៧ នាក់សែងអីវ៉ាន់ សំពីងសំពោងចូលមកអង្គុយសម្រាកជាមួយនឹងខ្ញុំព្រះករុណាដែរ គ្រាន់តែដាក់អីវ៉ាន់ចុះរួចរាល់ហើយ ៦ នាក់ក្នុងចំណោមនោះផ្លាស់សម្លៀកបំពាក់ចុះទៅងូតទឹកស្ទឹងនៅសល់តែម្នាក់ប៉ុណ្ណោះសម្រាប់ចាំយាមអីវ៉ាន់ មើលទៅកិរិយាឫកពារបស់គេហាក់ដូចជាមានកង្វល់ខ្វល់ចិត្តនឹងអីវ៉ាន់របស់គេណាស់
"ហៃឧបាសក ! ប្រសិនបើញោមចង់ទៅងូតទឹក ក៏អញ្ជើញទៅចុះ សឹមអាត្មាជួយមើលអីវ៉ាន់ឲ្យ"ខ្ញុំព្រះករុណា និយាយជាមួយនឹងគេដោយអើពើ គេមកអង្គុយចុះខាងមុខខ្ញុំព្រះករុណាហើយលើកដៃសំពះ
"អរគុណព្រះគុណម្ចាស់ណាស់ ប៉ុន្តែខ្ញុំកណាមិនទាន់ចង់ងូតទឹកនៅពេលនេះទេ"
"ចុះពួកញោមនាំគ្នាទៅណាមកណាបានជាមានអីវ៉ែអីវ៉ាន់សន្ធឹកសន្ធាប់ម្លេះ?"
"ពួកខ្ញុំកណាជាក្រុមសម្តែងល្ខោនមកពីក្រុងបាដលីបុត្រ ដើរចច្រប់អារ៉ប់សម្តែងល្ខោនរកលុយទៅតាម និគមជនបទផ្សេងៗ ចុះព្រះគុណម្ចាស់និមន្តមកពីណាដែរ?"
"អាត្មាមកពីក្រុងសាវត្ថីជារាជធានីនៃកោសលរដ្ឋដែលនៅឆ្ងាយពីនេះទៅភាគខាងលិច អាត្មាជាអ្នក សម្តែងល្ខោនដែរ ដើរទេសសម្តែងល្ខោនទៅតាមស្រុកភូមិផ្សេងៗរហូតដល់ក្រុងរាជគ្រឹះថ្ងៃនេះ"
បុរសនោះសម្លឹងមើលខ្ញុំព្រះករុណាដោយពិភាល់សង្ស័យ ហើយសួរថា
"ចុះព្រះគុណម្ចាស់និមន្តមកតែម្អង់ឯងឬមានមិត្ររួមដំណើរមកជាមួយដែរ ខ្ញុំកណាសង្កេតឃើញ ព្រះគុណម្ចាស់គង់នៅទីនេះតែម្អង់ឯងទេ"
"អាត្មាមកតែម្អង់ឯងទេ ឧបាសក !"ខ្ញុំព្រះករុណាឆ្លើយ
"បើដូច្នោះក្រុមល្ខោនរបស់ព្រះគុណម្ចាស់មានតែម្នាក់ទេឬ? ព្រះគុណម្ចាស់សម្តែងល្ខោនម្នាក់ឯងបាន យ៉ាងដូចម្តេច ខ្ញុំកណាដូចជាឆ្ងល់មែនទែន"
"ល្ខោនរបស់អាត្មាអាចនឹងខុសប្លែកពីល្ខោនរបស់ញោមខ្លះៗ អាត្មាសូមសួរបន្តិចថា វិធីការសម្តែងល្ខោន របស់ញោមយ៉ាងដូចម្តេចទៅ ដើម្បីនឹងប្រៀបធៀបជាមួយនឹងវិធីការសម្តែងល្ខោនរបស់អាត្មា"
"លោកសមណៈនេះប្រហែលជាមិនដែលមើលល្ខោនទេដឹង ខ្ញុំកណានឹងសម្តែងឲ្យស្តាប់"គាត់និយាយយ៉ាងមោទនភាព"ពេលនឹងសម្តែងល្ខោនទីណា ពួកខ្ញុំកណាក៏ជួយគ្នាធ្វើរោងទុកជាមុនសិន រួចហើយក៏យកក្រណាត់វាំងននមកបាំងរាំងត្រង់កណ្តាល រោង ខ័ណ្ឌរោងជា ២ ផ្នែក គឺ ផ្នែកខាងមុខសម្រាប់សម្តែងល្ខោន ហើយផ្នែកខាងក្រោយសម្រាប់ជា ទីសម្រាក លុះប្រឹក្សាព្រមព្រៀងគ្នាថានឹងសម្តែងរឿងអ្វីហើយក៏ដាក់ចំណងជើងរឿង រួចក៏មានការតែង តាំងគ្នាជាក្សត្រខ្លះ ជារាជិនីខ្លះ ជាសេនាបតីខ្លះ ជាបុរោហិតាចារ្យខ្លះ ជាមេទ័ពខ្លះ ជាចោរខ្លះ តាមសាច់ រឿង បន្ទាប់មកក៏ចេញមកសម្តែងបង្ហាញខ្លួននៅលើវេទិកាមុខនៅចំពោះមុខទស្សនិកជនជាច្រើនតាម មុខបាឋរបស់ខ្លួន"
"បើអញ្ចឹង ល្ខោនរបស់ញោមជារឿងឆបោកយ៉ាងក្តែងៗនោះឯង"ខ្ញុំព្រះករុណានិយាយជំទាស់ទាំង កណ្តាលគោកនាំឲ្យបុរសនោះសម្លឹងមើលខ្ញុំព្រះករុណាដោយសេចក្តីមិនពេញចិត្តភ្លាម
"បោកប្រាស់ដូចម្តេច ? លោកសមណៈ !" គាត់សួរ
"បោកប្រាស់យ៉ាងនេះ គឺ រឿងដែលញោមសម្តែងនោះមិនមែនជារឿងពិតទេ ជារឿងដែលចិន្តកវីចងក្រង ឡើងចេញពីមនោគតិរបស់គេ ខណៈដែលសម្តែង ជួនកាល ញោមអាចត្រូវគេសន្មតឲ្យធ្វើជាក្សត្រក៏មាន ព្រោះការសន្មតនេះគ្រាន់តែជាការឆបោកប៉ុណ្ណោះ ព្រោះញោមមិនមែជាក្សត្រពិតប្រាកដឯណា នរណាៗ ក៏ដឹងដែរ ជួនកាលអាចជាមនុស្សក្រោធខឹងក៏មាន យំយែកក៏មាន ពេលខ្លះសើចក៏មាន ប៉ុន្តែនោះគ្រាន់តែជាការក្លែងធ្វើប៉ុណ្ណោះ ជួនកាលក៏សម្តែងកើតសឹកសង្គ្រាមឡើង ប៉ុន្តែមិនមែនជាសឹក សង្គ្រាមពិតប្រាកដទេ ជួនកាលញោមក៏អាចធ្វើជាត្រូវសស្ត្រាវុធស្លាប់លើវេទិកា ប៉ុន្តែមិនមែនស្លាប់មែន ទែនទេ ញោមគ្រាន់តែធ្វើស្លាប់ប៉ុណ្ណោះ ព្រោះបើញោមស្លាប់មែនទែននោះ មុខជានឹងមិនអាចមកអង្គុយ សន្ទនាជាមួយនឹងអាត្មាបានទេក្នុងខណៈនេះ កាលបើដូច្នេះ មិនឲ្យហៅថាល្ខោនបោកប្រាស់ទេឬ?"  ប្រុសអ្នកសម្តែងខ្លួនអង្គុយជ្រប់មុខទ្រមឹងដោយទញ់ទាល់នឹងហេតុផលរបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាទើប ពោលតទៅទៀតថា"កាលបើញោមឆបោកទស្សនិកជន ពួកគេក៏យល់ច្រឡំ គិតថាពិតជាក់ស្តែងតាមនោះ មែន ហើយក៏កើតអារម្មណ៍ផ្សេងៗ សោកសៅ សង្រេងសង្រៃខ្លះ ក្រោធខឹង និង ស្អប់ខ្លះ អាណិតអាសូរខ្លះ កើតសំណើចសើចកក្អឹកកក្អៀកខ្លះ ស្រេចតែដំណើររឿងដែលញោមសម្តែង ប៉ុន្តែគ្មានបានលទ្ធផលអ្វីជាដុំ កំភួនកើតឡើងទេ ក្រៅតែពីកើតអារម្មណ៍ផ្សេងៗឡើងមកប៉ុណ្ណោះឯង"
"ខ្ញុំកណាយល់ស្របនឹងព្រះតេជព្រះគុណដែរ"គេស្រដីឡើងក្រោយពីនៅទ្រមឹងទ្រមើយអស់ពេលជាយូរ "ប៉ុន្តែជារឿងចម្លែកដែរ លោកសមណៈ ! ថ្វីបើដឹងថាល្ខោនរបស់ខ្ញុំកណាជាល្ខោនឆបោកក៏ដោយ មនុស្សក៏ នៅតែនិយមចូលចិត្តមើលដដែល"
"រឿងហ្នឹងជាការពិត ព្រោះមនុស្សល្ងង់ខ្លៅចូលចិត្តរបស់ណាដែលឆបោក អាត្មាពិសោធឲ្យឃើញជាក់ស្តែង ឥឡូវនេះក៏បាន ថាមនុស្សយើងចូលចិត្តរបស់ឆបោកយ៉ាងម៉េច"
ភ្លាមនោះស្រាប់តែមានបុរសវ័យចាស់ម្នាក់អាយុប្រហែល ៦០ ឆ្នាំ ដើរកាត់មក ខ្ញុំព្រះករុណាហៅគាត់ឲ្យចូល មកអង្គុយសម្រាកក្រោមដើមឈើដែរ ហើយក៏ផ្តើមសន្ទនាដេញដោលរឿងរ៉ាវផ្សេងៗ
"ម្នាលឧបាសក ! ញោមមានអាយុប៉ុន្មានហើយ"
"៦០ ឆ្នាំហើយ លោកសមណៈ !"បុរសវ័យចំណាស់ឆ្លើយ
"អាត្មាស្ទើរតែមិនជឿសោះថាញោមមានអាយុដល់ទៅ ៦០ ឆ្នាំព្រោះមើលទៅរាងកាយដូចជានៅមាន សាច់ចាំហំហែងណាស់ បើឲ្យអាត្មាទាយ អាត្មាថាមានអាយុយ៉ាងច្រើន ៤០ ឆ្នាំ"
គ្រាន់តែខ្ញុំព្រះករុណានិយាយចប់ប៉ុណ្ណោះ ប្រុសជរាញញឹមញញែមដោយសេចក្តីស្រើបស្រាយចិត្ត ទាំង ឱនសម្លឹងមើលតាមរាងកាយដ៏ទ្រុឌទ្រោមរបស់គាត់ គាត់និយាយចេរចាសាសងជាមួយនឹងខ្ញុំព្រះករុណា ដោយមោទកភាព លើសពីនោះទៀត នៅចុងបញ្ចប់ថែមទាំងបាននិមន្តឲ្យខ្ញុំព្រះករុណាចូលទៅឆាន់ ភត្តាហារក្នុងគេហដ្ឋានរបស់គាត់ទៀត
"ឃើញទេ? ឧបាសក ! "ខ្ញុំព្រះករុណានិយាយនឹងប្រុសអ្នកសម្តែងល្ខោននៅពេលតាចាស់នោះអញ្ជើញ ទៅបាត់ហើយ "ប្រុសជរានោះមានអាយុដល់ទៅ ៦០ ឆ្នាំទៅហើយ សង្ខាររាងកាយរបស់គាត់ទ្រុឌទ្រោម ច្រើនណាស់ហើយគ្រប់អវយវៈ គាត់ក៏ដឹងខ្លួនដែរ ប៉ុន្តែគ្រាន់តែអាត្មាឆថានៅក្មេងសាច់ចាំប៉ុណ្ណោះ ក៏សម្តែងអាការពេញចិត្តពេញថ្លើមយ៉ាងគួរឲ្យផ្ទុះសំណើរ នេះសម្តែងឲ្យឃើញថាមនុស្សល្ងង់ខ្លៅតែងចូល ចិត្តរបស់ឆបោក"
"ចុះល្ខោនរបស់ព្រះតេជព្រះគុណវិញមានរបៀបសម្តែងដូចម្តេចខ្លះ?"
"ល្ខោនរបស់អាត្មាជាល្ខោនពិត សម្តែងរឿងពិត ធ្វើឲ្យអ្នកស្តាប់បានដឹងការពិត កើតបញ្ញាស្មារតីនិង គំនិតថ្មីៗដែលអាចយកទៅអនុវត្តដើម្បីប្រយោជន៍សុខដល់ខ្លួននិងអ្នកដទៃបាន កាលបើនឹងទៅសម្តែង ត្រង់កន្លែងណាមិនបាច់សាងវេទិកាទេ ព្រោះអាត្មាប្រើវេទិកាពិត លោកនេះទាំងមូលគឺជាវេទិកាល្ខោន របស់អាត្មា ជួនកាលមានអ្នកស្តាប់តែម្នាក់ប៉ុណ្ណោះ ប៉ុន្តែជួនកាលក៏មានអ្នកស្តាប់ច្រើនអ្នកដែរ អាត្មា សម្តែងល្ខោនដោយអធិប្បាយពន្យល់បញ្ហាជីវិតផ្សេងៗឲ្យគេស្តាប់ បន្ធូរបន្ថយសំណោកសោកសៅនៃអ្នក ដែលកំពុងតែសោកសៅ បន្ធូរបន្ថយកំហឹងក្រេវក្រោធនៃអ្នកដែលកំពុងតែក្រេវក្រោធ បន្ធូរបន្ថយចំហោត វង្វេងនៃអ្នកដែលកំពុងតែឆោតវង្វេង ជ្រោមជ្រែងអំពើល្អនៃអ្នកដែលកំពុងតែធ្វើល្អ អ្នកស្តាប់លុះបានស្តាប់ ល្ខោនរបស់អាត្មាហើយ តែងទទួលបានចំណេះយល់ដឹងយ៉ាងល្អគ្រប់ៗគ្នា"
"ល្ខោនរបស់ព្រះតេជព្រះគុណចម្លែកណាស់"ប្រុសម្នាក់នោះនិយាយដោយទាំងគិតក្នុងចិត្ត
"មិនបាច់មានមនុស្សច្រើនទេ មិនទាំងសាងវេទិកាទៀត ចុះព្រះតេជព្រះគុណយកថ្លៃឈ្នួលពីអ្នកមើល ដូចម្តេច?"
"អាត្មាមិនតោងទាមគំរាមយកថ្លៃឈ្នួលជាមាសប្រាក់ឬវត្ថុណានីមួយទេ ព្រោះមាសប្រាក់ទាំងនេះលុះបាន មកហើយក៏ចាយវាយរលាយអស់ទៅវិញ បដិការផលដែលអាតា្មទទួលបាន គឺ សេចក្តីសុខផ្លូវចិត្តដែល ខ្លួនបានធ្វើប្រយោជន៍ដល់អ្នកដទៃ សេចក្តីស្រស់ស្រាយសប្បាយចិត្តដែលទទួលបានពីមាសប្រាក់មិន មានឡើយ"
"បើអញ្ចឹង អ្នកដែលនឹងសម្តែងល្ខោនដូចយ៉ាងព្រះតេជព្រះគុណបាន តោងតែជាអ្នកមានចិត្តហ៊ានលះបង់ ខ្ពស់យ់ាងពិតប្រាកដ បើពុំនោះសោតទេ នឹងមិនអាចសម្តែងល្ខោនបែបនេះបានទេ"
"ពិតប្រាកដណាស់ ឧបាសក ! អ្នកដែលមើលឃើញប្រយោជន៍ផ្ទាល់ខ្លួន(អត្តទត្ថបុគ្គល) ឬ ប្រយោជន៍បក្ស ពួករបស់ខ្លួន(បក្ខទត្ថបុគ្គល)មិនអាចសម្តែងល្ខោនបែបនេះបានទេ តោងតែជាមានចិត្តទូលាយក្លាហាន មុះមត់ ទាំងមានចិត្តមេត្តាករុណាប្រចាំចិត្តជានិច្ច តោងតែគិតគូរដល់អ្នកដទៃមុនខ្លួនឯង នៅពេលមាន ផលប្រយោជន៍កើតឡើង ត្រូវគិតគូរដល់អ្នកដទៃបានទទួលផលប្រយោជន៍នោះមុនខ្លួនឯង ប៉ុន្តែនៅពេល សេចក្តីទុក្ខលំបាកកើតឡើង តោងតែឲ្យខ្លួនឯងបានទទួលមុនអ្នកដទៃ"នៅខណៈដែលយើងទាំងពីរកំពុងតែសន្ទនាគ្នានោះឯង គណៈល្ខោនទាំង ៦ នាក់ដែលទៅងូតទឹកបានវិល ត្រឡប់មកវិញ ហើយប្រាប់គូសន្ទនារបស់ខ្ញុំព្រះករុណាឲ្យទៅងូតទឹកវិញម្តង ប៉ុន្តែគេប្រាប់ថា"មិនងូតទឹកទេ ថ្ងៃនេះ ព្រោះកំពុងតែសន្ទនាជាមួយនឹងលោកសមណៈ ស្រស់ស្រាយសប្បាយអារម្មណ៍ណាស់ ពួកយើងមក ចូលរួមសន្ទនាគ្នា នឹងបានចំណេះចេះដឹងប្លែកៗ"
"បពិត្រលោកសមណៈ ! បើឧបមាថាមនុស្សមនាក្នុងមគធរដ្ឋនេះជាអ្នកមើលឃើញប្រយោជន៍សមោហភាព ច្រើនជាប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួនជួនដល់អ្នកដទៃ សុខចិត្តទទួលយក សេចក្តីទុក្ខលំបាកជំនួសអ្នកដទៃដូចយ៉ាងព្រះតេជព្រះគុណវិញ ប្រទេសជាតិនឹងទៅជាយ៉ាងណាហ្ន ! "
"សុខសន្តិភាពនឹងគ្របដណ្តប់សាយភាយពេញទាំងប្រទេសជាតិនោះ ប្រជាជននឹងមានជីវភាពរស់នៅប្រកប ដោយសេចក្តីសុខក្សេមក្សានយ៉ាងពិតប្រាកដ"
"ចុះប្រទេសជាតិតាមដែលព្រះតេជព្រះគុណពោលមកនេះមានទេ? ឬគ្រាន់តែជាសេចក្តីស្រមើស្រមៃ ប៉ុណ្ណោះទេ បើមាននៅឯណា?"
"មាន ឧបាសក ! ប្រទេសជាតិដែលពោលមកនេះមានឈ្មោះថា នគរសន្តិភាព ស្ថិតនៅក្នុងជួរភ្នំ ហេមពាន្ត ជានគរតូចៗមានប្រជាជនមិនច្រើនប៉ុន្មានទេ ប៉ុន្តែមានព្រះមហាក្សត្រសោយរាជសម្បត្តិ អម្បាលយ៉ាងនគរទាំងឡាយ នគរសន្តិភាពមានទីតាំងស្ថិតនៅក្នុងជ្រោះភ្នំធម្មជាតិ ឡោមព័ទ្ធជុំវិញដោយ ទស្សនីភាពដ៏ស្រស់បំព្រង គួរឲ្យពិចពិលរមិលមើល ព្រះភូបាលជាស្តេចគ្រប់គ្រងនគរនោះ ទ្រង់តាំង នៅក្នុងទសពិធរាជធម៌យ៉ាងហ្មត់ចត់ ទ្រង់ស្រឡាញ់រាប់អានប្រជានុរាស្ត្ររបស់ព្រះអង្គបីដូចជាបុត្រធីតា មន្ត្រីរាជការដែលធ្វើការងាររាជការតំណាងព្រះនេត្រព្រះកាណ៌ ធ្វើការងារយ៉ាងអស់អញលំគេញអាត្មា តាមមុខបាឋដោយសុចរិត មិនប្រព្រឹត្តអំពើពុករលួយ ធ្វើប្រជាភិថុតិបោកប្រាស់រាស្រ្ត គំរាមគំហែងគេឯង ឲ្យខ្លាចរអែង សោតឯប្រជានុរាស្ត្រវិញខ្នះខ្នែងប្រកបអាជីពដោយឧយ្យាមភាពនិងដោយសុចរិតត្រឹមត្រូវ ក្នុងនគរនេះគ្មានចោរ ឧក្រិដ្ឋជន ឬអ្នកលេងកាប់ចាក់ទេ គ្មានក្តីក្តាំឡើងតុលាការ គ្មានពន្ធនាគារសម្រាប់ ឃុំឃាំងព្រោះគ្មានទណ្ឌិត គ្មានអំពើហិង្សាការបៀតបៀនគ្នាដោយប្រការណាៗទាំងអស់ ប្រជាជនម្នាក់ៗ បានទទួលការហ្វឹកហាត់អប់រំសីលធម៌ឲ្យមានមេត្តាករុណា អើពើយឹតយោងប្រដុងប្រជាគ្នា ស្រឡាញ់រាប់ អានគ្នាក្នុងស្មារតីជាបងប្អូន ជួយគ្នាសាងប្រយោជន៍ដល់សមោហភាព ជួយគ្នាថែរក្សាសាធារណសម្បត្តិ ឈ្មោះថា សាធារណសម្បត្តិ-សមោហភាពហើយ ពួកគេនាំគ្នាពិទក្សរក្សាដោយសេចក្តីប្រុងប្រយ័ត្នខ្លាំង ជាងរបស់ខ្លួនទៅទៀត ឧបាសកអើយ ! បើនឹងឲ្យពិពណ៌នារៀបរាប់អំពីពិសិដ្ឋភាពនៃនគរនេះ ម្ងៃនេះមុខ ជានឹងមិនគ្រប់គ្រាន់ទេ"
"អហោ ! គួរឲ្យអស្ចារ្យមែនហ្ន ! "អ្នកសម្តែងល្ខោនទាំង ៧ នាក់ឧទានឡើងស្ទើរតែព្រមគ្នា
"ខ្ញុំកណាចង់ទៅរស់នៅក្នុងនគរសន្តិភាពនោះពន់ពេកណាស់ លោកសមណៈ ! "ប្រុសម្នាក់និយាយយក មែនទែន "សូមមេត្តាប្រាប់ផ្លូវដល់ខ្ញុំកណាផង"
"មានមនុស្សនៅម្តុំនេះជាច្រើនធ្លាប់ទៅរស់នៅក្នុងនគរនោះ ប៉ុន្តែរស់នៅមិនបាន ត្រូវភៀសខ្លួនត្រឡប់មក ដោយខ្លួនឯងខ្លះ ដោយអ្នកក្រុងនោះបណ្តេញឲ្យរត់មកខ្លះ"
"ព្រោះហេតុអ្វីឬ?"
"ព្រោះមនុស្សម្តុំនេះមិនចេះសម្របសម្រួលខ្លួនឲ្យចូលនឹងស្ថានភាពរបស់នគរនោះ ពីមុនធ្លាប់ប្រព្រឹត្ត យ៉ាងណា លុះទៅរស់នៅក្នុងនគរនោះ ក៏ប្រព្រឹត្តយ៉ាងនោះដដែល គេបាននាំយកអត្តទត្ថភាព សេចក្តី ល្មោភលោលោភកូដោបាយកេងប្រវ័ញ្ចនិងនិស្ស័យអាក្រក់ផ្សេងៗទៀតទៅជាមួយ ទីបំផុត ទើបរស់នៅ មិនបាន ហេតុដូច្នេះ បើញោមចង់ទៅរស់នៅក្នុងនគរសន្តិភាពនោះ ដំបូងញោមត្រូវកែប្រែខ្លួនឲ្យបានល្អជា មុនសិន ត្រូវកម្ចាត់ចោលនូវគំហើញប្រយោជន៍ផ្ទាល់ខ្លួនចេញពីចិត្តសន្តានហើយកុំសាងសេចក្តីសុខឲ្យ ដល់ខ្លួនឯងដោយវិធីបង្កទុក្ខក្តៅក្រហាយឲ្យដល់អ្នកដទៃ បើញោមធ្វើបានដូច្នេះ ញោមមិនបាច់ទៅរស់នៅ ក្នុងនគរសន្តិភាពឯណាទេ ព្រោះគ្រប់ស្រុកទេសដែលបរិបូរដោយបុគ្គលបែបនេះ នឹងក្លាយជា នគរសន្តិភាព ទាំងអស់"
ខ្ញុំព្រះករុណាទេសនាប្រៀបប្រដៅអ្នកសម្តែងល្ខោនទាល់តែព្រលប់ ញ៉ាំងពួកគេឲ្យកើតឧស្សាហភាព ស្ទុះស្ទាក្នុងសម្មាបដិបត្តិ ហើយក៏ចុះទៅស្រង់ទឹកក្នុងតបោតានទី ចំពេលដែលពួកគេចូលទៅក្នុងទីក្រុងដែរ រាត្រីថ្ងៃនោះ ខ្ញុំព្រះករុណាស្នាក់នៅក្រោមម្លប់ឈើនោះឯង បរិយាកាសស្ងប់ស្ងាត់លន្លង់លន្លោចត្រជាក់ ស្រេប ប៉ុន្តែចិត្តរបស់ខ្ញុំព្រះករុណាហាក់កក់ក្តៅដោយសារបីតិសុខដែលបានសាងប្រយោជន៍ដល់អ្នកដទៃ ។

No comments:

Post a Comment