Friday, March 4, 2011

នាទីចុងក្រោយ

ម្នាលលោកដ៏មានអាយុ ! រហូតដល់ថ្ងៃស្អែកឡើង ខ្ញុំព្រះករុណាចំណាយពេលឲ្យអស់ទៅនៅក្នុងកុដិតូច របស់ខ្ញុំព្រះករុណា មិនឃើញសុភូតៈភិក្ខុមករៀបរាប់ប្រាប់អ្វីឲ្យស្តាប់ទៀតទេ ប៉ុន្តែខ្ញុំព្រះករុណាក៏ត្រូវការ សភាពបែបនោះ ខ្ញុំព្រះករុណាមិនចង់ឮមិនចង់ស្តាប់ពាក្យថា "លីលាវតី" ទេ ព្រោះវាជាព្យុះសង្ឃរាដែលមក ផាត់ផាយផ្ទៃសាគរ គឺ ចិត្តរបស់ខ្ញុំព្រះករុណាឲ្យវិលវល់ខ្មួលខ្មាញ់ មនុស្សយើងស្រឡាញ់សេចក្តីសុខ ស្អប់ ខ្ពើមសេចក្តីទុក្ខ អ្នកណានាំសេចក្តីទុក្ខមកឲ្យ រមែងស្អប់អ្នកនោះ លីលាវតីគឺជាទូតនៃសេចក្តីទុក្ខយ៉ាងពិត ប្រាកដ លុះដល់ពេលសន្ធិប្រកាស(ពេលល្ងាច) ខ្ញុំព្រះករុណាក៏ចេញពីក្នុងកុដិ ស្រង់ទឹកជម្រះកាយ ហើយក៏ ចូលទៅក្នុងបន្ទប់ បិទទ្វារ បង្ខាបង្ខាំងខ្លួនឯងដូចដើមវិញ រម្ងឹតអន្ធការបានរំកិលខ្លួនចូលមកគ្របដណ្តប់ វេឡុវនារាមបន្តិចម្តងៗ អ្វីៗស្ថិតនៅក្នុងរម្ងឹតសូន្យសុង មិនមានសម្លេងខ្យល់បក់ស្លឹកឫស្សី មិនមានសម្លេង សត្វកង្ហែនស្រែកយំទាំងមិនមានសម្លេងមាន់ព្រៃរងាវទេ មានតែសម្លេងនៃសម្ងប់ស្ងប់ស្ងាត់ដែលមកខ្សឹបប្រាប់ ខ្ញុំព្រះករុណាថាស្ងាត់សូន្យឈឹង ស្ថានភាពបែបនេះជាកំពូលនៃបំណងប្រាថ្នារបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុ- ណាចង់ឲ្យខ្លួនឯងបានស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់បែបនេះឲ្យបានយូរបំផុតតាមដែលអាចយូរបាន ប៉ុន្តែតំណាំងចិត្តរបស់ខ្ញុំព្រះករុណាមិនបានសម្រេចឡើយព្រោះត្រចៀកបានស្តាប់ឮសម្លេងមនុស្សពីរបីនាក់ កំពុងនិយាយសាសងគ្នាឮឡើងៗដើរចូលក្បែរកុដិ ខ្ញុំព្រះករុណាអៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ លុះសម្លេងនោះឮចូលមកជិត ខ្ញុំព្រះករុណាក៏ដឹងភ្លាមថាជាសម្លេងស្ត្រី ២ នាក់
"នាងនាំខ្ញុំមកខុសទេដឹង !"សម្លេងមនុស្សម្នាក់និយាយឡើងយ៉ាងច្បាស់សម្តីក្នុងរយៈទូរភាពពីខ្ញុំព្រះ ករុណាប្រហែលជា៣-៤ ព្យាមប៉ុណ្ណោះ
"មិនខុសទេ ហ្នឹងឯងជាកុដិរបស់ព្រះរេវត្តត្ថេរៈ"ម្នាក់ទៀតឆ្លើយ
"ម៉េចក៏ស្ងាត់ម្លេះ លោកមិននៅកុដិទេដឹង !"
"តាមធម្មតា ពេលថ្មើរណេះ លោកមិនដែលនិមន្តទៅណាទេ ប្រហែលជាលោកកំពុងតែចូលសមាធិ ទេដឹង ! "អ្នកទាំងពីរស្ងាត់បាត់ទៅយូរអម្បាយ ខ្ញុំព្រះករុណាប្រុងត្រចៀកស្តាប់ថាគេនិយាយយ៉ាងម៉េច តទៅទៀត ទាំងគិតក្នុងចិត្តថា អ្នកណាហ្នអេះចូលមកក្នុងព្រៃត្រមោចកណ្តោចនាពេលយប់ព្រលប់យ៉ាង នេះ
"សាកឡើងទៅគោះទ្វារហៅលោកមើល៍"ម្នាក់និយាយឡើងក្រោយពីបាត់សម្លេងទៅយូរ
"ខ្ញុំមិនហ៊ានទេ ខ្លាចក្រែងលោកស្តីឲ្យ"ម្នាក់ទៀតឆ្លើយ
"មិនអីទេ បើខ្លាចលោកស្តីឲ្យ អាងឈ្មោះខ្ញុំទៅក៏បានដែរ"អ្នកទី ១ ណែនាំ អ្នកទី ២ នៅអឹមអៀនច្រិញ ច្រុញ ទើបអ្នកទី ១ និយាយយ៉ាងស្វាហាប់ថា
"ចាំខ្ញុំហៅលោកដោយខ្លួនឯងក៏បាន"
រំពេចនោះស្រាប់តែមានស្នូរសម្រឹបជើងដើរឡើងមកលើយ៉មុខកុដិតូចរបស់ខ្ញុំព្រះករុណាមកឈប់នៅមុខ ទ្វារល្មម ខ្ញុំព្រះករុណាឈោងដៃទៅស្ទាបមើលចន្ទាស់ទ្វារម្តងទៀតដើម្បីភាពជាក់លាក់ លុះឃើញថាខ្ទាស់ គន្លឹះយ៉ាងមាំហើយ ទើបអង្គុយទប់ដង្ហើមចាំស្តាប់ហេតុការណ៍តទៅ មិនយូរប៉ុន្មាន សម្លេងគោះទ្វារក៏ឮ ប៉ូកៗឡើង ខ្ញុំព្រះករុណាឆ្លើយតបដោយការអង្គុយស្ងៀម សម្លេងគោះទ្វារឮមួយស្របក់ហើយក៏ស្ងាត់ បាត់ទៅ
"ប្រហែលជាគ្មានអ្នកណានៅទេដឹង !"មនុស្សគោះទ្វារបែរទៅនិយាយនឹងមិត្រដោយសម្លេងតិចៗ "សាក រុញទ្វារលមើល បើគ្មានមនុស្សនៅទេ ទ្វារប្រាកដជារបើក"មនុស្សម្នាក់ទៀតណែនាំទាំងមានសម្លេងប្រឹង រុញទ្វារផងប៉ុន្តែខ្ញុំព្រះករុណាបានខ្ទាស់ចន្ទាស់ជាប់យ៉ាងម៉ឺងហើយបានជាវាមិនកក្រើក
"មិនកក្រើកឬ បើអញ្ចឹងប្រាកដជាមានមនុស្សនៅខាងក្នុងពិតមែន"មនុស្សដដែលនិយាយ សម្លេងគោះទ្វារ ឮឡើងទៀត ម្តងនេះ មានសម្លេងហៅផង "លោកបង ! លោកបង !"
សម្លេងហ្នឹងច្បាស់ជាសម្លេងលីលវតីមិនខាន ព្រោះវាមានចុងសម្លេងផ្អែមល្ហែមទន់ភ្លន់និងមុតស្រួច ប្រៀបដូចជាកាត់ផ្តាច់ទងបេះដូងខ្ញុំព្រះករុណាឲ្យដាច់ភឹង ជាហេតុនាំឲ្យនឹកទៅដូចជាកំពុងត្រូវបានស្តេច យមរាជមកកោះហៅខ្លួនយកទៅ បើខ្ញុំព្រះករុណាមានស្លាបអាចហោះហើរដើរលើអាកាសបានដូចយ៉ាង ព្រះអរហន្តមានឫទ្ធិបានអភិញ្ញា ៦​ ខ្ញុំព្រះករុណាច្បាស់ជានឹងទម្លុះដោមដំបូលកុដិហោះគេចខ្លួនទៅយូរ ហើយ សម្លេងស្រែកហៅថា"លោកបង ! លោកបង !"យ៉ាងទទូច នៅតែលាន់ឮម្តងហើយម្តងទៀត ខ្ញុំព្រះករុណាមិនអាចទ្រាំនៅស្ងៀមតទៅទៀតបានទេ ទើបស្រែកសួរដោយសម្លេងកម្រោលថា
"អ្នកណាគេហ្នឹង?"
"លីលាវតីហ្នឹងណៈ ចាំសម្លេងលីលាវតីមិនបានទេឬ?"នាងនិយាយដោយសម្លេងអរកខិបកខុប
"លីលាវតីណាអីចេះ ! "ខ្ញុំព្រះករុណាធ្វើពើជាមិនស្គាល់ "នៅម្តុំនេះគ្មានអ្នកណាឈ្មោះលីលាវតីទេ អាត្មាមិនដែលស្គាល់ទេ"
មានសម្លេងដកដង្ហើមយ៉ាងត្រហប ហើយស្ងាត់ទៅមួយស្របក់
"លីលាវតីកូនស្រីរបស់លោកសុមង្គលគហបតីនៃក្រុងសាវត្ថីហ្នឹងណៈ លោកបងចាំមិនបានទេឬ?"
"លីលាវតីហ្នឹងកំពុងតែមានសេចក្តីសុខនៅក្នុងរង្វង់ដៃរបស់សុវឌ្ឍនកុមារឯក្រុងសាវត្ថីឯណោះ គេមកធ្វើស្អីនៅឯព្រៃឫស្សីក្រុងរាជគ្រឹះនេះ"
"ធោអើយ ! គួរឲ្យអាណោច !"លីលាវតីឧទានឡើងដោយសម្លេងញ័ររន្ថាន់ទាំងចិត្តសោកសង្រេង
"លោកបងមិនដឹងការពិត លោកបងយល់ខុសអស់ លីលាវតីឧស្សាហ៍បួសជាភិក្ខុណីតាមរកលោកបងមក ក៏ដើម្បីថ្លាថ្លែងរឿងពិតឲ្យលោកបងដឹង"
"អាត្មាមិនចង់ស្តាប់រឿងពិតរបស់នាងទេ លីលាវតី ! "ខ្ញុំព្រះករុណានិយាយដោយសម្លេងខ្មោះខ្មូរដដែល
"អាត្មាដឹងរឿងអស់ហើយ មិនមែនដោយសារតែរឿងនេះទេឬដែលអាត្មាត្រូវនេរទសខ្លួនចេញពីក្រុង សាវត្ថី"
"លោកបងនៅមិនទាន់ដឹងរឿងពិត" លីលាវតីអះអាងប្រយោគដដែលយ៉ាងស្វិតស្វាញ "ប្រសិនបើលោក បងដឹងរឿងពិត លោកបងនឹងមិនភៀសខ្លួនចេញពីក្រុងសាវត្ថីទេ ចាំស្តាប់ណៈ លីលាវតីនឹងតំណាលរឿង ពិតឲ្យស្តាប់"
"គ្មានប្រយោជន៍ទេ លីលាវតី ! នាងចង់តំណាលអីក៏តំណាលទៅចុះ តែអាត្មានឹងយកដៃញ៉ុកត្រចៀកទាំង សងខាង"ខ្ញុំព្រះករុណានិយាយដោយចំប្រាវ ភ្លាមនោះ សម្លេងយំខ្សឹកខ្សួលក៏ឮឡើង ប៉ុន្តែមិនអាចធ្វើឲ្យចិត្តរបស់ខ្ញុំព្រះករុណាទន់ចុះបន្តិចណាឡើយ ជួសនឹងនឹកអាណិតអាណោច ខ្ញុំព្រះករុណាបែរជានឹកចង់សើចក្នុងចិត្តទៅទៀត
"ក្នុងជាតិមុន លីលាវតីលីលាវតីបានធ្វើបាបកម្មអ្វីទុកហ្ន ! បានជាកើតមកជាតិនេះចេះតែជួបប្រទះក្តីខុស បំណងដែលប៉ងប្រាថ្នានិងសេចក្តីទុក្ខទោម្នេញ" នាងពិលាបរៀបរាប់យ៉ាងគួរឲ្យអាណោចអធ័ម
"លីលាវតីសុខចិត្តលះបង់ម្តាយបង្កើត ផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិមហាសាលចេញបួសជាភិក្ខុណី ដើរពនេចរពានត្រោកពានព្រៃដោយសេចក្តីលំបាកសែនខ្លោចផ្សាអស់វេលាជាច្រើនឆ្នាំដើម្បីស្វះស្វែងរក លោកបង លុះបានជួបហើយជួសនឹងទទួលបានការយល់ចិត្តយល់ថ្លើម ត្រឡប់ជាទទួលបានការបដិសេធ យ៉ាងដាច់អហង្ការទៅវិញ "សម្លេងទួញយំអណ្តើតអណ្តកឮឡើងៗ
"លីលាវតីអើយ ! "ខ្ញុំព្រះករុណានិយាយឡើងដោយទាំងចិត្តវល់វល់រសេមរសាម "បើនាងនៅស្រឡាញ់អាត្មា អាត្មាស្នើសុំរឿងមួយបានទេ?"ចម្លើយរបស់ខ្ញុំព្រះករុណាធ្វើឲ្យសម្លេងទួញយំស្ងប់ស្ងាត់បាន ប៉ុន្តែសម្លេង សសិកនៅមានដដែល
"ជីវិតលីលាវតីស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកបងហើយ បើលោកបងត្រូវការ សូម្បីតែជីវិត លីលាវតី ក៏សុខចិត្តលះបង់ដែរ"
"បើអញ្ចឹង នាងត្រឡប់ទៅសម្នាក់ភិក្ខុណីវិញឥឡូវនេះភ្លាម"
ពាក្យបញ្ជារបស់ខ្ញុំព្រះករុណាបានផលសក្តិសិទ្ធិដូចប្រកាសិតរបស់ព្រះអាទិទេពអ្នកមានឫទ្ធិ ព្រោះមាន សម្លេងដើរចុះពីលើកុដិទៅមួយរំពេច ប៉ុន្តែសម្លេងយំយែកយ៉ាងគួរឲ្យស្រងោចខ្លោចចិត្តលាន់ឮឡើងទៀត ហើយក៏ឮហ៊ឹមៗសន្សឹមៗបាត់ទៅនៅក្នុងរយៈទូរភាព ភាពស្ងាត់បាត់សម្លេងជ្រួលច្រាល់ត្រឡប់ជារំកិល ខ្លួនចូលមកគ្របដណ្តប់កុដិតូចរបស់ខ្ញុំព្រះករុណាម្តងទៀត ខ្ញុំព្រះករុណាស្រូបដកដង្ហើមវែងយ៉ាងស្រាក ស្រាលស្កាលចិត្ត ហើយក៏ទម្រេតកាយចុះសិងសម្រាកសម្រាន្ត
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាពិចារណាឃើញថា បើទ្រាំរស់នៅក្នុងវេឡុវ័នតទៅទៀត មុខជាត្រូវ លីលាវតីមករំខានឆាឆៅមិនខាន កាលបើដូច្នេះ តបៈ គឺ ទិដ្ឋិសមាចាររបស់ខ្ញុំព្រះករុណាអាចនឹងរលស់ រលាប ពីព្រោះខ្ញុំព្រះករុណាជាមនុស្សប៉ិនអាណិតអ្នកដទៃស្រាប់ហើយ ទើបសម្រេចចិត្តគេចចេញពី វេឡុវ័ននិងលីលាវតី
លុះដល់ពេលព្រឹកស្អែកឡើង កាលបើដើរបិណ្ឌបាតបានចង្ហាន់ល្មមឆាន់ហើយ ខ្ញុំព្រះករុណាក៏ចាកចេញ ពីក្រុងទៅឆាន់នៅឯជើងភ្នំគិជ្ឈកូដដោយមិនប្រាប់ឲ្យអ្នកណាដឹងឡើយ លុះឆាន់ហើយក៏ដើរទៅមួយ ញើសក៏ដល់ល្អាងសុករខាតា ត្រង់ល្អាងនេះ កាលពីប៉ុន្មានឆ្នាំមុន ព្រះសម្មាសម្ពុទ្ធជាម្ចាស់ធ្លាប់ស្តេចយាង មកប្រថាប់សម្រាកសម្រាន្តព្រះឥរិយាបទព្រោះជាវិវេកដ្ឋានស្ងប់ស្ងាត់និងប្រកបដោយម្លប់ត្រជាក់ត្រជុំ ស្រួលសមគួរដល់សមណៈដែលលះបង់លោកិយវិស័យ ខ្ញុំព្រះករុណាដើរពិនិត្យមើលបរិវេណជុំវិញទៅ ឃើញថាជាទីគាប់ចិត្តណាស់ ទើបសម្រេចចិត្តគង់នៅត្រង់កន្លែងនោះជាការបណ្តោះអាសន្នសិន
៣ ថ្ងៃកន្លងទៅដោយសេចក្តីសុខសាន្តសម្រានចិត្ត កាន់តែស្នាក់នៅយូរថ្ងៃក៏កាន់តែនឹកចូលចិត្តល្អាង សុករខាតាខ្លាំងឡើង ព្រោះបរិវេណល្អាងធំទូលំទូលាយ ខ្យល់ផាត់ផាយត្រជាក់រំភើយពេញមួយថ្ងៃ ត្រង់បរិវេណមាត់ល្អាងមានដើមឈើដុះទ្រុបទ្រុលចោលម្លប់ត្រឈឹងត្រឈៃ គ្មានមនុស្សមនាដើរចេញចូល សស្រោកសស្រាំទេ ថ្ងៃខ្លះក៏មានមនុស្សដែលចូលចិត្តធម៌អាថ៌ដើរឡើងមកសាកសួរឬសន្ទនាធម៌ដើម្បី ជាការបង្កើនសតិបញ្ញាស្មារតីនិងរក្សាចិត្តគំនិតឲ្យផូរផង់ខ្លាំងឡើងជាភិយ្យោភាពដែរ
នារសៀលថ្ងៃមួយ នៅខណៈដែលកំពុងតែអង្គុយសម្រាកកំសាន្តចិត្តនៅលើញោចថ្មក្បែរមាត់ល្អាងនោះ ឯង ខ្ញុំព្រះករុណាសង្កេតឃើញភិក្ខុ ១ រូបកំពុងឡើងភ្នំមក កាលបើមកដល់ជិត ខ្ញុំព្រះករុណាទើបចាំ បានថាជាសុភូតៈភិក្ខុលោកកូនវត្តក្នុងវេឡុវ័នហ្នឹងឯង
"មានធុរៈអីឬ បានជាមករកខ្ញុំកូរណាដល់ទីនេះ សុភូតៈ ! "ខ្ញុំព្រះករុណាសួរខណៈដែលសុភូតៈភិក្ខុអង្គុយ ចុះថ្វាយបង្គំដោយអាការនឿយហាត់ខ្លាំង
"ខ្ញុំកូរណាមកប្រគេនដំណឹងមិនល្អឲ្យព្រះតេជព្រះគុណបានជ្រាប"
"ដំណឹងមិនល្អអី?"ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍ភ្លាម "ប្រហែលជាមិនទាក់ទិននឹងខ្ញុំកូរណា ទេដឹង"
"ទាក់ទិននឹងព្រះតេជព្រះគុណដោយផ្ទាល់ គឺថា លីលាវតីភិក្ខុណីបានធ្លាក់ខ្លួនឈឺដាបខ្លាំងណាស់អស់ រយៈពេល ២-៣ ថ្ងៃហើយ អាការគួរឲ្យព្រួយបារម្ភមែនទែន នាងមមើមមាយដល់ព្រះតេជព្រះគុណ គ្រប់ពេលវេលា នាងប្រាប់ថាមុននឹងស្លាប់សូមមើលមុខព្រះតេជព្រះគុណជាលើកចុងក្រោយ ហេតុដូច្នេះ ហើយបានជាខ្ញុំកូរណាមកនិមន្តព្រះតេជព្រះគុណទៅអនុគ្រោះនាងជាគ្រាអវសាន"
ពត៌មាននេះធ្វើឲ្យខ្ញុំព្រះករុណាធ្លាក់ថ្លើមក្តុកដោយប្រការដែលមិនធ្លាប់មានមកពីមុន ហាក់បីដូចជាប្រផ្នូល អាក្រក់ប្រាប់ដល់ស្ថានភាពរបស់លីលាវតី សេចក្តីអាណិតអាសូរចាប់ផ្តួចមានឡើងក្នុងចិត្តរបស់ខ្ញុំព្រះ ករុណាម្តងទៀត ប៉ុន្តែសេចក្តីម៉ឺងម៉ាត់មិនទាន់បាត់ទៅទេ សេចក្តីអាណិតអាណោចនិងសម្អប់តស៊ូគ្នា ទៅវិញទៅមក សេចក្តីអាណិតខ្សឹបប្រាប់ថា លីលាវតីស្រឡាញ់លោកខ្លាំងជាងជីវិតទៅទៀត ស្មោះភក្តី ចំពោះលោកឥតថ្ងៃណាកែប្រែបានឡើយ ជួយស្រោចស្រង់ជីវិតលោកជាច្រើនដង ខំឧស្សាហ៍លះបង់ ចោលម្តាយនិងគេហដ្ឋានដ៏ស្តុកស្តម្ភចច្រប់ស្វែងរកលោកពេញទាំងភារតាណាចក្រទាល់តែបានជួប នៅទីបំផុត តែហើយក៏ខុសបំណងដែលប៉ងប្រាថ្នា ឥតបានទទួលអ្វីសោះពីលោកទេ សូម្បីតែពាក្យរាក់ ទាក់ផ្អែមល្ហែមមួយម៉ាត់ក៏គ្មានដែរ លោកដូចជាធ្វើទារុណកម្មផ្លូវចិត្តចំពោះស្រ្តីភេទជ្រុលពេកហើយ
ចំណែកឯសម្អប់វិញស្រែកប្រាប់ថាលីលាវតីជាស្រីក្បត់ទុយ៌សចំពោះលោក បញ្ឆោតលោកឲ្យស្រឡាញ់ ជាប់ចិត្តទាល់តែដកខ្លួនមិនរួច ហើយដោះដៃចោលលោកដោយឥតអាឡោះអាល័យគេចទៅរៀបការ ជាមួយនឹងសុវឌ្ឍនកុមារ ទោះបីជាយ៉ាងណាក៏ដោយ មេត្តាករុណាជាអ្នកឈ្នះនៅទីបំផុត ខ្ញុំព្រះករុណា កាត់ចិត្តថានឹងត្រឡប់ទៅវត្តវេឡុវ័នវិញដើម្បីឲ្យលីលាវតីឃើញមុខជាគ្រាចុងក្រោយ
"ទៅចុះ សុភូតៈ ! ខ្ញុំកូរណានឹងទៅជួបនាងនៅល្ងាចថ្ងៃនេះឯង"
"សូមប្រញាប់ប្រញាល់បន្តិចណៈ បើយឺតយូរ អាចនឹងមិនទាន់ដង្ហើមនាងក៏បាន"សុភូតៈភិក្ខុនិយាយហើយ ក៏ក្រាបលាទៅ ។           ខ្ញុំព្រះករុណាចុះពីលើភ្នំទៅនៅរសៀលថ្ងៃនោះឯងនិងទៅដល់សម្នាក់នាងភិក្ខុណីក្នុងពេលព្រលប់ សុភូតៈភិក្ខុនាំខ្ញុំព្រះករុណាចូលទៅក្នុងសាលាឆាន់ដែលជាទីស្នាក់របស់លីលាវតី បរិយាកាសនៅជុំវិញ បរិវេណម្តុំនោះស្ងាត់លន្លោចកណ្តោចចិត្តមែនទែន ខ្ញុំព្រះករុណាអង្គុយនៅលើជើងតាំងឆ្ងាយពីគ្រែដែល លីលាវតីកំពុងអាពាធប្រហែល ១ ព្យាម រូបភាពដែលប្រាកដនៅលើផ្ទៃមុខជារូបភាពដែលបង្កសេចក្តីស្លុត រន្ធត់ចិត្តដល់ខ្ញុំព្រះករុណាជាអតិបរមា លីលាវតីកំពុងតែដេកស្តូកស្តឹងបិទភ្នែកពព្រឹមនៅយ៉ាងស្ងប់ ហែហម ឡោមព័ទ្ធដោយភិក្ខុណីចាស់វស្សា មានចង្កៀងតាំងនៅលើជើងម៉ាក្បែរគ្រែចោលពន្លឺភ្លឺភ្លឹតភ្លែតល្មមនឹងមើល ឃើញមុខគ្នាបាន ទឹកមុខរបស់លីលាវតីស្លេកស្លាំងស្ទើរតែចាំមិនបាន គ្មានសល់ស្នាកស្នាមនៃសម្រស់ស្រស់ ស្អាតដូចពីមុនទៀតឡើយ
"លីលាវតី ! លីលាវតី ! ព្រះរេវត្តត្ថេរៈនិមន្តមកហើយ" ភិក្ខុណីចាស់ ១ អង្គដែលអង្គុយនៅក្បែរចាំបក់ផ្លិតឱន ចុះខ្សឹបដាក់ត្រចៀកលីលាវតីប្រាប់តិចៗ នាងបើកភ្នែកព្រឹមៗ សម្តែងថាដឹងខ្លួន ភិក្ខុណីជាគិលានុបដ្ឋាយិកា ឱនខ្សឹបប្រាប់ម្តងទៀត
"លោកបង ! លោកបងចា ! "លីលាវតីហៅខ្ញុំព្រះករុណាដោយសម្លេងខ្សាវៗទាំងមានទឹកភ្នែកហូររហេញ ចេញមកពេញត្របកភ្នែកហើយហូរកាត់ផែនថ្ពាល់ចុះកាន់ខ្នើយជាធារ
"លីលាវតី ! លោកបងមករកលីលាវតីហើយ កំពុងអង្គុយនៅក្បែរលីលាវតីនេះឯង"ខ្ញុំព្រះករុណានិយាយ ដោយសម្លេងខុសប្រក្រតីព្រោះក្តុកក្តួលអួលណែនដើមទ្រូង នាងយកដៃទាំងពីរដែលស្រាក់គ្នានៅ លើដើមទ្រូងលើកក្រពុំម្រាមដៃសំពះយ៉ាងប៉កល្វើយ ហើយក៏ដាក់ចុះរាបក្បែរៗខ្លួន
"លោកបងខិតចូលមកជិតបន្តិចទៀត ន្អាលនឹងមើលមុខលោកបងជាគ្រាចុងក្រោយ ជីវិតរបស់លីលាវតី ច្បាស់ជាមិនវែងឆ្ងាយតទៅទៀតទេ"នាងនិយាយដោយសម្លេងស្អកស្អាខ្សាវៗទាំងដាច់រអិករអាក់ ខ្ញុំព្រះករុណាធ្វើតាមនាងដោយល្អ ឈ្ងោកមុខចូលទៅជិតហើយលើកចង្កៀងឡើងបំភ្លឺមុខខ្លួនឯងទាំង ប្រាប់ថា"លោកបងនៅចំពោះមុខនាងហើយ" មានសញ្ញានៃពំនេញចិត្តប្រាកដក្នុងកែវភ្នែកដ៏ល្អក់ព្រិល របស់លីលាវតីឃើញបានយ៉ាងច្បាស់
"សូមឲ្យលីលាវតីចាប់ដៃលោកបងជាលើកចុងក្រោយផង"ខ្ញុំព្រះករុណាអនុលោមតាមដោយឥតប្រកែក ហុចដៃឆ្វេងឲ្យនាងចាប់ក្តោបទុកនៅប្របគ្រែ
"បពិត្រលោកបងជាទីស្រឡាញ់ ! "នាងនិយាយដោយសម្លេងខ្សាវនិងល្វើយៗគួរឲ្យក្តុកចិត្ត " នាទីចុង ក្រោយនៃជីវិតរបស់លីលាវតីជិតចូលមកដល់ហើយ សូមលោកបងអនុញ្ញាតឲ្យលីលាវតីបង្ហើបប្រាប់ រឿងពិតឲ្យស្តាប់ជាគ្រាអវសានផងចុះ ដើម្បីឲ្យលោកបងបានយល់ត្រូវតាមការពិត ហើយលីលាវតីនឹង បានស្លាប់ទៅយ៉ាងស្ងប់សុខ "
"តំណាលទៅចុះ លីលាវតី ! លោកបងត្រៀមខ្លួនចាំស្តាប់ស្រាប់ហើយ "
លីលាវតីធ្មេចភ្នែកហាក់នឹងថារំលឹកស្មារតីចងចាំទាំងដកដង្ហើមយ៉ាងវែង ដើម្បីប្រមែប្រមូលកម្លាំង ហើយចាប់ផ្តើមតំណាលរឿងដែលនាងហៅថា "ការពិត"
"លោកបងចា ! មុនពេលដែលលោកបងចាកចេញពីទីក្រុងសាវត្ថីមក លោកបងបានទទួលសំបុត្រ ១ ច្បាប់ដែលជាស្នាមដៃនិងឈ្មោះរបស់លីលាវតី ចំពេលនោះ លីលាវតីក៏បានទទួលសំបុត្រ ១ ច្បាប់ដែល ជាស្នាមដៃនិងឈ្មោះរបស់លោកបងដែរ ប៉ុន្តែសំបុត្រទាំង ២ ច្បាប់នោះជាសំបុត្រក្លែងក្លាយទេ សុវឌ្ឍនកុមារជាអ្នកសរសេរប្រឌិតឡើងដើម្បីផ្តាច់សម្ពន្ធភាពរវាងយើងទាំងពីរ គ្រាន់តែបានទទួល សំបុត្រនោះភ្លាម លោកបងក៏ជឿស៊ប់ហើយក៏នេរទេសភៀសខ្លួនចេញមក ប៉ុន្តែលីលាវតីនៅមិនទាន់ជឿ ថាជាសំបុត្ររបស់លោកបងទេ ទើបព្យាយាមស្វែងរកការពិត វិធីតែមួយគត់ដែលនឹងទទួលបានការពិត គឺ ត្រូវក្លែងធ្វើជាស្រឡាញ់សុវឌ្ឍនកុមារដោយសន្យាថានឹងរៀបការជាមួយគេ បើគេសុខចិត្តប្រាប់ការពិតឲ្យ នៅទីបំផុត គេក៏ប្រាប់ការពិតថាគេសរសេរសំបុត្រក្លែងក្លាយហ្នឹងដោយខ្លួនឯង" លីលាវតីបើកភ្នែកឡើង ហើយឈប់តំណាលដោយលំហត់ត្រហប ខាងក្នុងកែវភ្នែករបស់នាងបង្កប់ដោយសញ្ញានៃគំនុំស្អប់ខ្ពើម
"គ្រាន់តែដឹងការពិត ខ្ញុំកណាក៏ចេញបួសជាភិក្ខុណី ដើរផ្លូវចច្រប់អារ៉ប់ទៅតាមនិគមជនបទផ្សេងៗស៊ើប សួររកលោកបងជារៀងរហូតមកដោយវត្ថុបំណងតែម្យ៉ាង គឺ ប្រាប់រឿងពិតឲ្យលោកបងបានដឹងប៉ុណ្ណោះ ឥឡូវនេះ លីលាវតីបានមកដល់វត្ថុបំណងនោះហើយ ទោះបីស្លាប់ទៅក៏ឥតសោកស្តាយជីវិតដែរ លោកបងចា ! សូមឲ្យអភ័យទោសដល់លីលាវតីផងសម្រាប់កំហុសថ្លោះធ្លោយកន្លងមក"
"លីលាវតីអើយ ! លោកបងសុខចិត្តឲ្យអភ័យទោសដល់នាងទាំងអស់ ហេតុតែលោកបងមិនដឹងការពិត រឿងនេះបានជាខឹងខប់ស្អប់ក្រោធលីលាវតី ពីព្រោះយល់ថាលីលាវតីជាស្រីក្បត់ទុយ៌ស ដោះដៃចោល លោកបងដោយឥតអាឡោះអាល័យ ហើយទៅរៀបការជាមួយនឹងសុវឌ្ឍនកុមារ ឥឡូវនេះ លោកបងបាន ដឹងការពិតអស់ហើយ ការយល់ខុសព្រមទាំងការស្អប់ទាស់ចិត្តចំពោះលីលាវតីបានរសាត់បាត់អស់រលីង ហើយ សេចក្តីស្រឡាញ់ស្នេហ័ស្និទ្ធអាណិតអាណោចបានវិលត្រឡប់មកវិញ នឹកសោកស្តាយអតីតកាល ពន់ពេកណាស់ ប៉ុន្តែធ្វើដូចម្តេចបាន បើវាកន្លងហួសទៅហើយ លីលាវតីសូមឲ្យអភ័យទោសដល់ លោក- បងផងសម្រាប់កំហុសថ្លោះធ្លោយកន្លងមក"
"លីលាវតីសុខចិត្តឲ្យអភ័យទោសដល់លោកបងទាំងអស់ "នាងឆ្លើយដោយសម្លេងខ្សេវៗ
"លោកបងចា ! ជាតិនេះយើងមានកម្ម សេចក្តីស្នេហាយើងមានតែឧបសគ្គរហូតមក"ទឹកភ្នែកចាប់ហៀរ រហេញចេញមកទៀត សម្តែងថានាងរលឹកនឹកឃើញអតីតកាលដ៏ជូរចត់
"បំភ្លេចរឿងចាស់ចោលទៅ លីលាវតីអើយ ! "ខ្ញុំព្រះករុណាលួងលោមនាងដោយហៀរទឹកភ្នែកតិចៗ
"ឥឡូវនេះ យើងយល់ចិត្តថ្លើមគ្នាបានល្អហើយ កម្មរបស់យើងឲ្យផលអស់ហើយក្នុងជាតិនេះ ជាតិតទៅ សូមឲ្យយើងបានជួបគ្នាទៀត សូមឲ្យមាគ៌ាស្នេហាយើងរលូនរាបទាបឥតឧបសគ្គ លោកបងនឹងស្រឡាញ់ លីលាវតីតែម្នាក់គត់រាល់ភពរាល់ជាតិលុះត្រាតែដល់ព្រះនិព្វាន"
លីលាវតីច្របាច់ដៃខ្ញុំព្រះករុណាណែនហើយនិយាយដោយសម្លេងញ័រៗថា
"លីលាវតីមានសេចក្តីសុខខ្លាំងណាស់ "នាងព្យាយាមនិយាយតទៅទៀត ប៉ុន្តែសម្លេងខ្សាវៗទាល់តែស្តាប់ មិនយល់សេចក្តី ខ្យល់ដកដង្ហើមស្កាលចុះតិចទៅ ៗ កែវភ្នែកទាំងសងខាងបិទចុះសន្សឹមៗលុះតែបិទជិត ស្និទ្ធទៅ ព្រមដោយការបិទត្របកភ្នែកនោះឯង ខ្យល់ដកដង្ហើមក៏រលត់ផុតបាត់ទៅ  លីលាវតីចាកចោល ខ្ញុំព្រះករុណាទៅហើយ ទៅដោយឥតថ្ងៃណានឹងវិលវិញ ប៉ុន្តែជាការចាកទៅយ៉ាងស្ងប់សុខ ព្រោះមាន ស្នាមញញឹមយ៉ាងស្រស់ស្រាយប្រាកដនៅលើផ្ទៃមុខដ៏សស្លេករបស់នាង
"ទៅកាន់សុគតិចុះ លីលាវតីអើយ ! ទៅចាំលោកបងនៅលើឋានសួគ៌មុនចុះ មិនយូរមិនឆាប់ លោកបងនឹង តាមទៅដែរ "ខ្ញុំព្រះករុណានិយាយចេញមកដោយអារម្មណ៍ស្ទើរលក់ស្ទើរភ្ញាក់ ភាពត្រជាក់ស្ងាត់គ្រប ដណ្តប់ពេញទាំងបរិវេណ ភិក្ខុណីទាំងអស់ស្រក់ទឹកភ្នែករលីងរលោងព្រោះតែអាណិតលីលាវតី
ម្នាលលោកដ៏មានអាយុ ! បន្ទាប់ពីនោះមក ខ្ញុំព្រះករុណាក៏ចាត់ធ្វើបុណ្យបូជាសពរបស់លីលាវតីយ៉ាង សមកិត្តិយស ហើយបានកសាងចេតីយ័បញ្ចុះអដ្ឋិធាតុនាងទុកទៀបទ្វារវត្តវេឡុវ័ន ឲ្យមេជាងឆ្លាក់អក្សរ ទុកលើផ្ទាំងថ្មប្របចេតីយ៍ថា
លីលាវតី ស្រីបូជាស្នេហាថ្លៃថ្លាជាងទេវៈ
លីលាវតី ស្រីស្មោះស្ម័គ្រស្នេហាជាងជីវិត
លីលាវតី ស្រីស្នេហាគូស្នេហ៍ពិតជាងខ្លួនឯង

No comments:

Post a Comment