Friday, March 4, 2011

អាវុធខាងក្នុង

ម្នាលលោកដ៏មានអាយុ ! នរណាៗក៏ដឹងដែរថាព្រះរាជាណាចក្រមគធៈនិងព្រះរាជាណាចក្រកោសល ជាអរិសត្រូវនឹងគ្នា ធ្លាប់ធ្វើសង្គ្រាមព្យាបាទគ្នាជាច្រើនដងដើម្បីដណ្តើមយកអនុត្តរភាពលើមធ្យមប្រទេស ម្តងចាញ់ ម្តងឈ្នះរៀងរាបដរាបមក សង្គ្រាមម្តងៗធ្វើឲ្យមនុស្សនិងសត្វពាហនៈស្លាប់បាត់បង់ជីវិតរាប់ម៉ឺន រាប់សែន ធ្វើឲ្យសម្បត្តិធនធានវិនាសហិនហោចយ៉ាប់យ៉ឺនយ៉ាងច្រើនឥតគណនា នាពេលចប់សង្គ្រាមហើយ ភាគីទាំងសងខាងគឺ ទាំងអ្នកឈ្នះទាំងអ្នកចាញ់ក៏អាប់ចុនដុនដាបដូចគ្នា កំឡុងពេលដែលខ្ញុំព្រះករុណា មករស់នៅឯក្រុងរាជគ្រឹះ គឺ កំឡុងពេលដែលទំនេរពីការធ្វើសង្គ្រាម(អយុទ្ធភាព)ប៉ុន្តែភ្លើងគំនុំនៅក្តៅងំរង្គំក្នុង ចិត្តរបស់ព្រះកំពូលរាស្ត្រនិងមេទ័ពមេកងនៃមគធរដ្ឋនៅឡើយ ព្រោះក្នុងសង្គ្រាមពើបប្រយុទ្ធគ្នាគ្រាផ្តាច់ ព្រាត់កន្លងមក ព្រះរាជាណាចក្រមគធៈជាអ្នកបរាជ័យ មេទ័ពគ្រប់គ្នាទើបខេខឹងចិត្តមិនស្កប់ហើយចាប់ត្រៀម ធ្វើសង្គ្រាមដើម្បីលុបលាងស្នាមគំនុំនោះ ប្រុសសុពលរាប់ម៉ឺននាក់ត្រូវកេណ្ឌចូលបន្ទាយហ្វឹកហ្វឺន ដំរីសេះត្រូវ បានបង្វឹកបង្ហាត់ មានការធ្វើសន្និច្ច័យសន្សំស្បៀងនិងអាវុធយុទ្ធោបករណ៍ផ្សេងៗទុកយ៉ាងរួសរាន់ ចារបុរស អ្នកស៊ើបការណ៍រាជការសម្ងាត់ដើរប្រសេចប្រសាចទូទៅ ចារបុរសភាគីកោសលរដ្ឋនៅពេលស៊ើបការណ៍ដឹង ថាខាងកោសលរដ្ឋមានទាហានប៉ុណ្ណេះនាក់ មានរថចម្បាំងប៉ុណ្ណេះគ្រឿងមានដំរីសេះប៉ុណ្ណោះក្បាល មានប្រភេទអាវុធនោះៗ ហើយក៏ធ្វើរបាយការណ៍ទៅឲ្យមេទ័ពខាងខ្លួនដឹង ពួកមេទ័ពខាងកោសលរដ្ឋកាល បើដឹងដំណឹងថាខាងមគធរដ្ឋមានកម្លាំងពលច្រើនជាងខ្លួន ក៏កើតកំហល់ក្តួលក្តៅ ខ្លាចក្រែងនឹងចាល ចាញ់ក្នុងការប្រយុទ្ធ ស្រូតរូតកែនរេហ៍ពលដំរីសេះបន្ថែមទៀត ដើម្បីឲ្យមានចំនួនច្រើនជាងខាងមគធរដ្ឋ
ចំណែកឯចារបុរសរបស់មគធរដ្ឋកាលបើបានឃើញខាងកោសលរដ្ឋបន្ថែមកម្លាំងពលច្រើនឡើង ក៏ ប្រញាប់រាយការណ៍ទៅឲ្យចៅហ្វាយនាយខាងមគធរដ្ឋដឹង ពួកមេទ័ពខាងមគធរដ្ឋលុះបានដឹងដំណឹង ហើយក៏ស្លន់ចិត្តប្រញាប់កេណ្ឌកម្លាំងយុទ្ធជនបន្ថែមទៀតឲ្យច្រើនជាងខាងកោសលរដ្ឋ ការប្រណាំង ប្រជែងក្នុងការប្រធួនកម្លាំងប្រយុទ្ធប្រព្រឹត្តទៅបែបនេះមួយឆ្នាំហើយមួយឆ្នាំទៀត រហូតដល់ប្រុសសុពល ស្ទើរតែគ្រប់គ្នា ត្រូវកែនឲ្យចូលធ្វើជាទាហាន ដំរីសេះស្ទើរតែគ្រប់ក្បាលត្រូវចាត់ប្រុងប្រៀបដើម្បីប្រយុទ្ធ អ្វីៗប្រព្រឹត្តទៅដើម្បីចម្បាំងទាំងអស់ ។
ម្នាលលោកដ៏មានអាយុ ! កាលបើហេតុការណ៍ប្រព្រឹត្តទៅបែបនេះ ប្រជានុរាស្ត្រទូទៅក្នុងដែនកោសល និង មគធៈនាំគ្នាខ្លាចរអាចំពោះគម្រោងរៀបចំសម្លាប់គ្នាដោយមិនចេះចប់មិនចេះហើយនេះ ព្រោះរូបភាព ដ៏ស្រយុតស្រយងនាពេលសង្គ្រាមកន្លងមក នៅដក់ប្រាកដច្បាស់ក្នុងស្មារតីចងចាំនៅឡើយ មិនចង់ឲ្យ រូបភាពបែបនោះកើតឡើងទៀតទេ សង្គ្រាមជាសភាពសាហាវឃោរឃៅក្រៃលែងជាងឧក្រិដ្ឋកម្មណាក្នុង លោក គំនិតប្រឆាំងចំពោះការធ្វើសង្គ្រាមបានដក់ជាប់រងំរង្គំក្នុងចិត្តរបស់ប្រជានុរាស្ត្រម្នាក់ៗដោយ ឥតបានទទួលការចាក់ចុចអុជអាលឡើយ ។
លំនឹកគិតប្រឆាំងនេះបានត្រូវសម្តែងចេញមកជាសម្តីជំទាស់និងទង្វើប្រឆាំងដោយរូបបែបផ្សេងៗ ហេតុការណ៍ស្ទើរតែចូលដល់ភាពចលាចលច្របូកច្របល់ កាលបើមានដំណឹងល្អបានសាយភាយទូទៅ ពាសពេញមគធរដ្ឋថា ឥឡូវខាងកោសលរដ្ឋបានបញ្ជូនអង្គទូតចរចាសន្តិភាពមកសុំចរចារជាមួយនឹងព្រះ រាជាណាចក្រមគធៈដើម្បីបញ្ចៀសមិនឲ្យកើតសង្គ្រាមទៀតរវាងរដ្ឋទាំងពីរក្នុងពេលអនាគត ប្រមុខរដ្ឋ (រដ្ឋាធិបតី)ខាងក្រុងរាជគ្រឹះទទួលស្វាគមន៍គណៈទូតសន្តិភាពមកពីទីក្រុងសាវត្ថីយ៉ាងសមកិត្តិយស ។    ការចរចាប្រព្រឹត្តទៅអស់ពេលជាច្រើនថ្ងៃ អង្គប្រជុំបានពិចារណាដល់មូលហេតុដែលនាំឲ្យកើតសង្គ្រាម លុះប្រមូលមតិគ្នាជាឯកច្ឆន្ទហើយឃើញថា បណ្តាលមកពីកម្លាំងយោធានិងអាវុធរបស់ភាគីនីមួយៗដែល សន្សំទុកច្រើននោះឯង ចាត់ជាមូលហេតុដែលដុតរោលដោលរុកឲ្យពួកមេទ័ពទាំងអស់ចង់ធ្វើសង្គ្រាម គួរនា ដូចជាប្រុសកម្លោះក្រអាញមាំមួនតែងចង់ដាល់តប់អ្នកនេះអ្នកនោះដូច្នោះ បើគ្មានកម្លាំងទ័ពឬមានតិចតួនទេ សូម្បីបើចង់ធ្វើសង្គ្រាមយ៉ាងណាក៏មិនអាចធ្វើបានដែរ ប្រៀបដូចជាប្រុសកម្លោះដែលដាច់ដៃទាំងសងខាង មិនអាចដាល់តប់អ្នកណាបានដូច្នោះ វិធីការពារមិនឲ្យកើតសង្គ្រាម គឺ យល់ព្រមឲ្យសមភាគីទាំងសងខាង កាត់បន្ថយកម្លាំងប្រយុទ្ធរបស់ខ្លួនឲ្យនៅសល់តែបន្តិចបន្តួចទុកល្មមជាគ្រឿងការពារខ្លួនប៉ុណ្ណោះបានហើយ គណៈប្រតិភូទាំងពីរភាគីក៏យល់ស្របដោយវិធីការនេះ បន្ទាប់ពីនោះមកក៏មានការចាត់តាំងគណៈកម្មការ ចម្រុះដើម្បីកាត់បន្ថយអាវុធ គណៈកម្មការនេះបានប្រជុំប្រឹក្សាគ្នាម្តងហើយម្តងទៀត ដើម្បីពិចារណារក ឆន្ទានុមតិក្នុងការកាត់បន្ថយអាវុធយ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែពិបាកនឹងព្រមព្រៀងគ្នាបានណាស់ ពីព្រោះ កម្មការម្នាក់ៗខ្វះទំនុកទុកចិត្តចំពោះភាគីបដិបក្ស ខ្លាចក្រែងភាគីបដិបក្សចែងប្រាប់កម្លាំងពលមិនត្រឹមត្រូវ និងការពិតាមដែលព្រមព្រៀងគ្នា ឬកាត់បន្ថយផ្នែកមួយល្មមជាគ្រឿងបោកបញ្ឆោតកម្មការអធិការកិច្ច ប៉ុន្តែ ទៅបំពេញបន្ថែមក្នុងផ្នែកផ្សេងទៀត សេចក្តីអាងខ្នាងសង្ស័យមិនទុកចិត្តគ្នានេះឯង ជាមូលហេតុនាំឲ្យ កិច្ចចរចាកាត់បន្ថយអាវុធទទួលបរាជ័យម្តងហើយម្តងទៀត នៅខណៈដែលកិច្ចចរចារ ដ៏គ្មានប្រសិទ្ធិផលកំពុងតែប្រព្រឹត្តទៅនោះ ភាគីទាំងសងខាងក៏ឆ្លៀតឱកាសបន្ថែមកម្លាំងយោធារបស់ខ្លួន ឲ្យច្រើនសន្ធឹកឡើងដើម្បីមិនឲ្យចាញ់ប្រៀបគូបដិបក្ស ស្រមោលដ៏ខ្មៅងងឹតនៃអសូរសង្គ្រាមគ្របដណ្តប់ ទូទៅពេញទាំងមហារាជាណាចក្រទាំងពីរនោះ ។
ម្នាលលោកដ៏មានអាយុ ! ក្នុងអំឡុងពេលនោះឯង ឧបាសកអ្នកស្ទាត់ជំនាញក្នុងមជ្ឈដ្ឋានប្រទេសជាតិម្នាក់ បានចូលទៅរកខ្ញុំព្រះករុណាដល់វត្តវេឡុវ័នតាមធម្មតា គាត់ទៅស្តាប់ធម៌ក្នុងថ្ងៃធម្មស្សវនៈរាល់ថ្ងៃ គាត់ ឈ្មោះ ទេវមិត្តឧបាសក យើងបានសន្ទនាគ្នាអំពីកិច្ចចរចាកាត់បន្ថយកម្លាំងពលដែលមហាជននិយាយគ្នា រអេចរអូចខ្ញៀវខ្ញារនាពេលនោះ
"ម្នាលឧបាសក ! "ខ្ញុំព្រះករុណាចាប់ផ្តើមសន្ទនា "ទាក់ទងនឹងកិច្ចចរចាកាត់បន្ថយអាវុធដែលកំពុងតែ ប្រព្រឹត្តទៅនាខណៈនេះនោះ តើញោមមានទស្សនៈយល់់ឃើញយ៉ាងណាដែរ មានផ្លូវនឹងព្រមព្រៀងគ្នា បានទេមើលទៅ?"
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! "ឧបាសកនិយាយដោយយោនិសោមនសិការ "ខ្ញុំកណាយល់ឃើញ ថា គេអាចយល់ព្រមគ្នាបានក្នុងគោលការណ៍ ប៉ុន្តែមិនអាចអនុវត្តតាមកិច្ចព្រមព្រៀងនោះបានទេ ព្រោះមិនទុកចិត្តគ្នា នៅពេលមានសេចក្តីរអែងសង្ស័យមិនទុកចិត្តគ្នានៅឡើយ ភាគីនីមួយៗខ្លាចភាគីម្ខាង ទៀតបោកបញ្ឆោតខ្លួន នៅទីបំផុត សម្តីរបស់ភាគីទាំងពីរមិនគួរឲ្យជឿជាក់បានទេ នេះឯងជាដើមហេតុ នាំឲ្យកិច្ចចរចាត្រូវពន្យារពេលនិងអាចនាំទៅរកការបរាជ័យនៅទីបំផុត ហើយសង្គ្រាមបង្ហូរឈាមគ្នាអាច នឹងផ្ទុះឡើងជាថ្មីទៀត""ចុះញោមសុចិត្តៈវិញមានទស្សនៈយ៉ាងម៉េចដែរ"ខ្ញុំព្រះករុណាងាកទៅសួរសុចិត្តៈឧបាសកដែលជាវុទ្ធជន អ្នកចាប់អារម្មណ៍និងបែកប្រាជ្ញាក្នុងធម៌អាថ៌ច្រើន
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! ខ្ញុំកណាជឿជាក់ជាខ្លាំងថាកិច្ចចរចានៅគ្រានេះមុខជាគ្មានបាន ទទួលលទ្ធផលអ្វីទេ គេនឹងមិនអាចព្រមព្រៀងគ្នាបានទេ ទោះជាព្រមព្រៀងគ្នាបាន ក៏មិនអាចកាត់ បន្ថយអាវុធតាមកិច្ចព្រមព្រៀងនោះបានដែរ ទោះណាជាកាត់បន្ថយអាវុធបានក៏ដោយ សង្គ្រាមក៏នៅតែ កើតឡើងហ្នឹងឯង"
"បើគេកាត់បន្ថយអាវុធបានហើយ សង្គ្រាមនៅតែកើតឡើងដដែល ចុះគេនឹងយកកម្លាំងពលពីណាមក ច្បាំងគ្នា?"ទេវមិត្តឧបាសកសួរដោយន័យជំទាស់
សុចិត្តឧបាសកសើចកក្អឹកដោយអារម្មណ៍ត្រជាក់ហើយនិយាយថា
"គេក៏ផលិតអាវុធមកទៀតមក៍ !"
"ផលិតមិនបានទេ"ទេវមិត្តប្រកែក"បើផលិតឡើងមកថ្មី វាជាការល្មើសកិច្ចព្រមព្រៀងកាត់បន្ថយកម្លាំង ពលយ៉ាងក្តែងៗ ភាគីណាមួយនឹងជំទាស់តវ៉ាមិនខាន"
"បើគេសាងមកថ្មី គេសាងបានទាំងអស់ សាកគិតទៅមើលថាព្រះរាជាណាចក្រកោលសធំល្វឹងល្វើយ ប៉ុនណា គេអាចនឹងក្រលប់លាក់ទុកឯណាក៏បានដែរ លុះដល់ពេលចាំបាច់ត្រូវប្រើសឹមបញ្ចេញយកមក ប្រើបន្តិចម្តងៗបែបលាក់លៀមទៅ កាលបើដូច្នេះ យើងមិនអាចប្រឆាំងគេបានទេ ទោះជាមានភស្តុតា ល្មមនឹងប្រឆាំងបានក៏ដោយ ក៏មិនដឹងថានឹងទៅប្រឆាំងអ្នកណា ព្រោះកិច្ចព្រមព្រៀងរបស់យើងជា កិច្ចព្រមព្រៀងឧភតោភាគីប៉ុណ្ណោះ គ្មានអាជ្ញាកណ្តាលដែលមានអំណាចខ្ពស់ជាសាក្សីទេ យើងជាអ្នក សាងកិច្ចព្រមព្រៀងមកដោយខ្លួនឯងនិងជាអ្នករក្សាកិច្ចព្រមព្រៀងនោះដោយខ្លួនឯង ចុះហេតុអីក៏មិន អាចល្មើសកិច្ចព្រមព្រៀងនោះបាន កិច្ចព្រមព្រៀងដែលប្រាសចាកបុគ្គលទី ៣ ធានារ៉ាប់រងក៏ដូចជាច្បាប់ ដែលរាជបុរសចាំចាប់ដាក់ខ្នោះជនល្មើស និងគ្មានតុលាការចាំវិនិច្ឆ័យកាត់ទោសឬគ្មានពន្ធនាគារ សម្រាំងឃុំឃាំងដូច្នោះ ច្បាប់នេះក៏គ្មានប្រសិទ្ធិភាព គ្មានអ្នកអនុវត្តតាម ហេតុដូច្នោះ ខ្ញុំកណាជឿថា កិច្ចចរចាកាត់បន្ថយអាវុធនឹងមិនកើតលទ្ធផលល្អប្រពៃអ្វីទេ ក្រៅតែពីយកលេសបញ្ឆោតបញ្ឆក្មេងក្មាង ឲ្យត្រេកអរថានឹងមិនមានសង្គ្រាមប៉ុណ្ណោះ"
"ប៉ុន្តែប្រសិនបើអាចយល់ព្រមគ្នាបាននិងកាត់បន្ថយបានវិញ..."
"ទោះបីបើកាត់បន្ថយបាន ក៏គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ មិនយូរ គេនឹងសាងវាឡើងមកដើម្បីផ្តាច់ផ្តិល គ្នាទៀត ខ្ញុំកណាយល់ថាអាវុធទាំងឡាយមានកំាបិត ដាវ លំពែង លំពែងស្នែងក្របី ស្ន ធ្នូ កាំភ្លើងជាដើម នេះគ្រាន់តែជាអាវុធខាងក្រៅប៉ុណ្ណោះ ទោះបីបើកាត់បន្ថយឬមិនកាត់បន្ថយក៏ដោយ មិនមែនជារឿងសំខាន់ ទេ អាវុធខាងក្នុង គឺ លោភៈ កំហឹង សេចក្តីវង្វេង សេចក្តីច្រណែនឈ្នានីស អស្មិមានះប្រកាន់ខ្លួន ការប្រកួច ប្រកាន់ជាតិជាន់វណ្ណៈ ត្រកូលហើយមើលងាយមើលថោកគេ អត្តទត្ថភាពទាំងនេះចាត់ទុកថាជាអាវុធយ៉ាង សំខាន់និងសាហាវបំផុត ឃោរឃៅជាងអាវុធទាំងឡាយមានដាវលំពែងជាដើមនោះទៅទៀតព្រោះដាវ លំពែងជាវត្ថុគ្មានវិញ្ញាណ យើងបោះចោលវានៅត្រង់កន្លែងណា វាក៏នៅកន្លែងហ្នឹង មិនអាចទៅធ្វើបាបអ្នក ណាបានទេ ទោះមានច្រើនគរប៉ុនភ្នំក៏ដោយ ក៏គ្មានគ្រោះថ្នាក់ដល់អ្នកណាដែរ ហេតុដូច្នេះ ការដែលនឹង កាត់បន្ថយឬមិនកាត់បន្ថយមិនសំខាន់ទេ ប្រការសំខាន់ គឺ អ្នកប្រើអាវុធទាំងនោះ បើអ្នកប្រើអាវុធមានចិត្ត ប្រកបដោយលោភៈ ទោសៈ មោហៈជាដើម គេនឹងប្រើអាវុធទាំងនោះទៅសំឡេះសម្លាប់អ្នកដទៃ បង្កបង្កើត ជាសង្គ្រាមឡើង ផ្ទុយទៅវិញ បើមនុស្សយើងមានចិត្តស្ងប់រម្ងាប់ មិនធ្លាក់ខ្លួនជាទាសកររបស់លោភៈ ទោសៈ មោហៈទេ សូម្បីអាវុធខាងក្រៅមានច្រើនប៉ុនណាក៏ដោយ គេក៏នឹងមិនចាប់វាទៅធ្វើទុក្ខបុកម្នេញអ្នកដទៃ ជាដាច់ខាត ហេតុដូច្នេះអាវុធខាងក្នុងទើបមានសារៈសំខាន់បំផុត បើចង់កាត់បន្ថយ គប្បីកាត់បន្ថយអាវុធខាងក្នុង ជាមុនសិន បើកាត់បន្ថយអាវុធខាងក្នុងបានហើយ អាវុធខាងក្រៅក៏អាចកាត់បន្ថយបានដែរ ប៉ុន្តែថាបើកាត់ បន្ថយអាវុធខាងក្រៅបាន ក៏គ្រាន់តែបណ្តោះអាសន្នប៉ុណ្នោះ មិនយូរអាវុធខាងក្នុងបង្គាប់គេឲ្យសាងអាវុធ ខាងក្រៅមកទៀត ហើយក៏សម្លាប់ប្រហារគ្នាទៀត អាវុធខាងក្រៅប្រៀបដូចជាផ្លែឈើ អាវុធខាងក្នុងប្រៀប ដូចជាដើមឈើ ទោះបីជាយើងបេះយកផ្លែឈើទៅចោលទាំងអស់ បើដើមឈើនោះនៅមាន ឆ្នាំក្រោយ វានឹងចេញផ្លែទៀត យើងត្រូវចាំបេះវាចោលរាល់ៗឆ្នាំ ប៉ុន្តែបើយើងគាស់រំលើងដើមឈើនោះចោល វានឹង មិនចេញផ្លែឲ្យយើងចាំបេះចោលដោយសេចក្តីលំបាកតទៅទៀតទេ នេះជាទស្សនៈយល់ឃើញរបស់ខ្ញុំ កណាក្នុងឋានៈជាពុទ្ធធម៌"
"ម្នាលឧបាសក ! "ខ្ញុំព្រះករុណានិយាយឡើងក្រោយពីអង្គុយស្ងៀមមកយូរ
"គំហើញរបស់ញោមគួរឲ្យស្តាប់ណាស់ អាត្មាសូមកោតសរសើរមែនទែន លោភៈ កំហឹង និង សេចក្តីវង្វេង ទាំងនេះចាត់ទុកថាជាអាវុធខាងក្នុងដ៏សាហាវខ្លាំងណាស់ សេចក្តីលោភៈជាអ្នកស្ថាបនាឡើង កាលណា សេចក្តីលោភលន់ចូលគ្រប់គ្រងបុគ្គលណា កាលនោះ បុគ្គលនោះក៏ស្ថាបនា ប្រឌិត សន្សែសន្សំទុកជាសារវន្ត បង្កបង្កើតឲ្យមានវត្ថុសម្ភារៈផ្សេងៗឲ្យកាន់តែច្រើនឡើងហើយក៏នាំគ្នានិយាយ ថា លោកាភិវឌ្ឍន៍ នៅពេលណា កំហឹង និង គំនុំគុំគូនចូលគ្រប់គ្រងចិត្ត នៅពេលនោះ គេក៏លើកគ្នាទៅ ផ្តិចផ្តិលជីវិតនិងទ្រព្យសម្បត្តិរបស់គ្នាយ៉ាងសាហាវយង់ឃ្នង កាលបើបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់ហើយក៏ ចាប់ផ្តើមកសាងជាថ្មីទៀត ស្ថាបនាច្រើនឡើងៗហើយក៏បំផ្លាញចោលទៀត គេធ្វើបែបនេះជារៀងរហូត មក សេចក្តីលោភលន់នាំឲ្យស្ថាបនាឡើង សេចក្តីក្រោធខឹងនាំឲ្យបំផ្លិចបំផ្លាញចោល សេចក្តីវង្វេងនាំឲ្យ ងប់ងល់នឹងការកសាង ការផលិត និងការបំផ្លាញចោលឥតឈប់ឈរ ព្រោះហេតុនោះអាវុធខាងក្នុងដូច ពោលមកនេះទើបសាហាវខ្លាំងណាស់ យើងគួរតែកាត់បន្ថយអាវុធខាងក្នុងនេះជាមុនសិន បើកាត់បន្ថយ បាន អាវុធខាងក្រៅក៏គ្មានបញ្ហាអ្វី ប៉ុន្តែបើមិនអាចកាត់បន្ថយបានទេ សង្គ្រាមមហាប្រល័យនឹងកើតឡើង តទៅទៀតរកទីអវសានគ្មាន" ។

No comments:

Post a Comment