Friday, March 4, 2011

ស្មសានខ្មោចឆៅ

ម្នាលលោកដ៏មានអាយុ ! ធម្មតា មនុស្សយើងកាលបើខ្លួនចូលចិត្តវត្ថុណាក៏ច្រើនតែទាញយក ហេតុផលចូលនឹងវត្ថុនោះ សមដូចពាក្យព្រេងថា"ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ" សច្ចធម៌ នេះបានប្រាកដដល់ខ្ញុំព្រះករុណាខ្លួនឯង ពេលនោះ ខ្ញុំព្រះករុណាដកដង្ហើមចេញក៏លីលាវតី ដកដង្ហើមចូលក៏លីលាវតីទៅហើយ ខ្ញុំព្រះករុណាចង់នឹងលាសមណភេទទៅកាន់ឃរាវាស វិស័យ ខ្ញុំព្រះករុណាមើលឃើញថាការនៅជាឃរាវាសក៏ជាការល្អដែរ សត្វលោកមានសេចក្តី សុខបាន ព្រោះអាស្រ័យកាមគុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស សម្រាប់ទំនុក បម្រុង ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ កាលបើភ្នែកឃើញរូបស្រស់ស្អាត ត្រចៀក បានឮសម្លេងពីរោះ ច្រមុះបានហិតក្លិនក្រអូប អណ្តាតបានភ្លក់រសជាតិឆ្ងាញ់ កាយបានពាល់ ត្រូវសម្ផស្សស្រូល មនុស្សក៏ស្រណុកសប្បាយជាសុខក្សាន្តសម្រាន្តចិត្តគួរនាដូចជាពូជរុក្ខជាតិ មានទឹកចិញ្ចឹមជប់លៀងគ្រប់គ្រាន់តែងចម្រើនលូតលាស់បានដូច្នោះ ខ្ញុំព្រះករុណាមើលឃើញ ថាជីវិតអ្នកបួសក្នុងក្រិតក្រមនៃព្រះធម្មវិន័យខ្វះខាតបច្ច័យទាំងនេះ ជាជីវិតសោះកក្រោះពន់ ពេក ម្យ៉ាងទៀត វិញ្ញូជនតាំងពីបុរាណកាលមកតែងតែពោលថាកាមគុណទាំង ៥ តែងប្រមូលផ្តុំ នៅនឹងខ្លួនស្ត្រីប៉ុណ្ណោះ គ្មានរូបណាស្មើនឹងរូបស្ត្រី គ្មានសម្លេងណាស្មើនឹងសម្លេងស្ត្រី គ្មានក្លិន ណាស្មើនឹងក្លិនស្ត្រី គ្មានរសណាស្មើនឹងរសស្ត្រី គ្មានសម្ផស្សណាស្មើនឹងសម្ផស្សស្រ្តី ប៉ុន្តែ សម្រាប់ខ្ញុំព្រះករុណាវិញយល់ឃើញលើសពីនោះទៅទៀតថា គ្មានស្ត្រីណាស្មើនឹងលីលាវតី !
នៅទីបំផុត សង្គ្រាមដួងចិត្តដ៏រ៉ាំរៃរបស់ខ្ញុំព្រះករុណាបានចប់សព្វគ្រប់ដោយបរិបូរណ៍ ដោយ លោកិយវិស័យជាអ្នកឈ្នះ ខ្ញុំព្រះករុណាបានសម្រេចចិត្តម្នាក់ឯងយ៉ាងស្ងាត់ៗថា នឹងលាចាក សិក្ខាបទដើម្បីនឹងទៅរួមរស់ជីវិតជាមួយនឹងលីលាវតីដែលកំពុងតែរងចាំ នាងនឹងត្រេកអរប៉ុន ណាហ្ន ! កាលបើបានដំណឹងថាការរងចាំដ៏យូរអង្វែងរបស់នាងបានហុចផលជាផ្លែផ្កាសមដូច មនោរថហើយ នៅពេលងាកផ្តោតមកមើលសមណភេទម្តងទៀត ខ្ញុំព្រះករុណាក៏នៅនឹកសោក ស្តាយដែរ ប៉ុន្តែមិនថ្វីទេ ខ្ញុំព្រះករុណានៅក្មេងទាំងកាយនិងចិត្ត នៅមានកម្លាំងពលំ ល្មមនឹង តស៊ូទប់ទល់ជាមួយនឹងលោកខាងក្រៅបាន នាកាលបានសោយលោកិយសុខល្មាក់ល្មមដល់ ពេលវេលាហើយ នាកាលស្លាកស្មាមជ្រីវជ្រួញនៃជរាភាពចាប់ផ្តើមចូលគ្របសង្កត់ហើយ ខ្ញុំព្រះករុណានឹងចេញទៅកាន់សមណភេទម្តងទៀតតាមដែលព្រះបោរាណាចារ្យណែនាំទុក
ថា"កាលបើបានឃើញមុខចៅម្នាក់ដំបូង កាលបើបានឃើញសក់ស្កូវល្បាយអាចម៍ខ្លាមួយ សរសៃដំបូងហើយសឹមចេញសាងផ្នួសបួសជាបព្វជិត" ដូច្នេះ ។
នៅល្ងាចថ្ងៃនោះឯង លុះស្រង់ទឹកជម្រះកាយរួចហើយ ខ្ញុំព្រះករុណាក៏គ្រងចីពរនិមន្តទៅកុដិ ព្រះឧបជ្ឈាយ៍ដើម្បីសូមលាសិក្ខាបទ
"បពិត្រលោកគ្រូជាទីគោរព ! ខ្ញុំកូរណាកើតមានសេចក្តីអផ្សុករសាប់រសាយចង់សឹកពី សមណភេទ ចង់សឹកពីសមណភេទទៅជាឃរាវាសវិស័យ ខ្ញុំកូរណាសូមក្រាបលាលោកគ្រូ នៅពេលនេះ"
ព្រះឧបជ្ឈាយ៍គង់នៅស្ងៀមចង្រ្កក់មិនថាអ្វីទេ មិនបន្ទោសឬក៏មិនហាមប្រាម ប៉ុន្តែក៏មិន អនុញ្ញាតដែរ លោកគង់នៅស្ងៀមយូរអម្បាយទាល់តែខ្ញុំព្រះករុណាខ្វល់ខ្វាយចិត្ត ព្រះឧបជ្ឈាយ៍ពោលឡើងនៅទីបំផុតថា
"លោកទៅធុរៈជាមួយនឹងឆាន់មួយភ្លែតសិន រឿងសឹកចាំនិយាយគ្នាលើកក្រោយ" លោកក្រោក ឡើងឃ្លុំចីពរហើយដើរនាំមុខខ្ញុំព្រះករុណាចុះពីកុដិទៅ យើងដើរចេញពីវត្តជេតវ័នទៅកាន់ វាលស្រែចូលមកក្នុងភូមិកសិករក្រីក្រមួយ គ្រាន់តែឈានជើងចូលដល់ព្រំភូមិប៉ុណ្ណោះ ខ្ញុំព្រះករុណានិងព្រះឧបជ្ឈាយ៍បានឃើញស្ត្រីវ័យកណ្តាលម្នាក់កំពុងជេរប្រទេចអ្នកណាម្នាក់ នៅខាងមុខខ្ទមដ៏ហើយដោយដីស្អិតប៉ាតគោម័យ កូនស្រីម្នាក់របស់នាងកំពុងអង្គុយយំសសឹក នៅក្បែរឆ្នាំងបាយដែលថ្កល់នៅលើចង្ក្រាន នៅខណៈដែលយើងអង្រៀតនឹងដើរផុតខ្ទម នោះឯង ប្តីរបស់នាងបានរត់ចេញពីខាងក្នុងខ្ទមស្ទុះហេទៅវាយតប់ប្រពន្ធដោយឥតត្រាប្រណី នាងជាភរិយាបម្រះននៀលទៅមកនៅចន្លោះជើងប្រុសជាប្តី ប៉ុន្តែមាត់ក៏នៅតែស្រែកជេរបញ្ចោ ខ្លាំងជាងមុន ប្តីលុះវាយតប់ប្រពន្ធស្កប់ដល់កំហឹងហើយ ក៏ចុះទៅវាលស្រែបាត់ទៅ ។
ម្នាលលោកដ៏មានអាយុ ! កាលបើបានឃើញហេតុការណ៍បែបនោះ ខ្ញុំព្រះករុណាកើតសេចក្តី សង្វេគស្លុតរន្ធត់ចិត្តមកភ្លាម គិតថា ប្តីប្រពន្ធមួយគូនោះមុខជាបានយល់ព្រមរួមរស់ជាមួយគ្នា ដោយបំណងថានឹងបានសេចក្តីសុខ ប៉ុន្តែកាលបើសភាពការណ៍កើតឡើងមកយ៉ាងនេះ ពួកគេ នឹងមានសេចក្តីសុខដូចម្តេចបាន ខ្ញុំព្រះករុណាប្តេជ្ញាចិត្តយ៉ាងមុតមាំថា នៅពេលដែល ខ្ញុំព្រះករុណាទៅរស់នៅជាមួយនឹងលីលាវតី ខ្ញុំព្រះករុណាមិនធ្វើបែបនោះទេ ។ ព្រះឧបជ្ឈាយ៍នាំខ្ញុំព្រះករុណាដើរទៅមុខទៀត រហូតដល់គេហដ្ឋានធំ ១ ខ្នងតាំងនៅច្រងាង ត្រង់កណ្តាលភូមិ លោកគ្រូប្រាប់ថា ជាគេហដ្ឋានរបស់ព្រាហ្មណ៍ជាប្រធានភូមិដែលមាន សេចក្តីស្និទ្ធស្នាលជាមួយនឹងលោកគ្រូយូរហើយ លោកគ្រូនិងខ្ញុំព្រះករុណាបានឈាងចូល ទៅអើតងើត ប៉ុន្តែលោកប្រធានភូមិមិននៅគេហដ្ឋានទេ ជាប់ទៅបំពេញភារកិច្ចឯក្រុងសាវត្ថី នាងព្រាហ្មណីជាភរិយាទើបធ្វើបដិសណ្ឋារៈទទួលពួកយើងជំនួស ក្នុងគេហដ្ឋាននេះ ខ្ញុំព្រះករុណាបានទទួលសេចក្តីកន្ទួលចិត្តបែបថ្មីមួយទៀត ព្រោះនាងព្រាហ្មណីជាម្ចាស់ផ្ទះ បានរៀបរាប់រឿងការងារ ដ៏ស្មុគស្មាញរបស់នាងនិងប្តីរបស់នាងឲ្យពួកយើងស្តាប់ស្ទើរតែ មិនដាច់ពីមាត់ ចាប់តាំងពីការដើរប្រមូលពន្ធអាការ ការគ្រប់គ្រងអ្នកភូមិអ្នកស្រុក ការធ្វើស្រែ ការធ្វើចម្ការ និងការទាក់ទងជាមួយនឹងចៅហ្វាយអ្នកធំនិងរឿងផ្សេងៗជាច្រើនទៀត លុះបានឮ ហើយធ្វើឲ្យខ្ញុំព្រះករុណាកើតមានគំនិតគិតថា នាងកំពុងត្រូវបានចំណងការងារជីវភាពចង រួបរឹតជុំវិញខ្លួនទាល់តែកម្រើកខ្លួនមិនរួច កាលបើដូច្នេះ នាងនឹងមានសេចក្តីសុខដូចម្តេចបាន តពីនោះមក ព្រះឧបជ្ឈាយ៍បាននាំខ្ញុំព្រះករុណាឆ្លងកាត់ផ្ទះមួយខ្នងទៀតដែលមានសម្លេង ស្រែកយំរបស់ស្ត្រីម្នាក់ឮល្វេងល្វើយមកយ៉ាងកម្សត់ កាលបើសួរទៅបានសាច់ការថា នាងកំពុងតែរងទុក្ខពិបាកចិត្តព្រោះប្តីនាងត្រូវពស់ពឹសចឹកស្លាប់នៅពេលកំពុងកាប់ឧសក្នុងព្រៃ នារសៀលថ្ងៃនោះឯង ។
ព្រះឧបជ្ឈាយ៍នាំខ្ញុំព្រះករុណាដើរហួសទៅភូមិមួយទៀត ខ្ញុំព្រះករុណាដើរតាមលោកទៅយ៉ាង ស្ងប់ស្ងាត់ដោយពុំហ៊ានហាមាត់និយាយមួយម៉ាត់ទេ ហេតុការណ៍ដែលទើបនឹងកន្លងមកថ្មីៗ ធ្វើឲ្យខ្ញុំព្រះករុណាកើតមាននិព្វិទាធុញទ្រាន់វដ្តលោកនេះខ្លះៗហើយ ព្រះឧបជ្ឈាយ៍ហាក់ដូច ជាដឹងចិត្តរបស់ខ្ញុំព្រះករុណាទើបស្រដីឡើងថា
"ជីវិតរបស់ឃរាវាសអ្នកនៅគ្រប់គ្រងផ្ទះសម្បែងតែងតែជាជីវិតដូចដែលលោកបានឃើញមកហើយ ក្នុងផ្ទះខ្នងដំបូង លោកឃើញប្តីប្រពន្ធមួយគូឈ្លោះប្រកែកគ្នា វាយតប់គ្នា គេទាំងពីរនាក់ នោះចាប់ផ្តើមស្រឡាញ់គ្នាដំបូង ឬ រៀបការជាមួយគ្នាហើយ ដំបូងស្រឡាញ់គ្នាដោយល្អូកល្អឹន ណាស់ មានភាពស្និទ្ធស្នាលគ្នាទាំងមានសេចក្តីសុខផង ព្រោះអំណាចនៃសេចក្តីស្នេហាចូល គ្របសង្កត់ចិត្ត ធ្វើឲ្យពួកគេមើលឃើញតែខាងល្អរបស់គ្នាទៅវិញទៅមក សេចក្តីក្រែងរអែងចិត្ត គ្នា ធ្វើឲ្យគេចេះសុភាពគត់មត់ លាក់បំពួនសេចក្តីមិនល្អរបស់ខ្លួនទុក យកតែខាងល្អមកអួត សម្ញែងដាក់គ្នា ប៉ុន្តែមិនយូរប៉ុន្មាន កាលបើសេចក្តីស្នេហាចាប់ផ្តើមសាបរលាបចុះ សេចក្តីក្រែងរអែងចិត្តគ្នាមានតិច ម្នាក់ៗក៏សម្តែងខាងអាក្រក់របស់ខ្លួនចេញមក នៅពេលមើល ទៅរកគ្នាម្តងណា ក៏ឃើញតែខាងមិនល្អរបស់គ្នានិងគ្នា នៅទីបំផុត គេក៏ជះសាចសេចក្តីមិនល្អ ដាក់គ្នា កើតមានជម្លោះទាស់ទែងវាយតប់គ្នា សេចក្តីសុខក៏វិនាសអន្តរធានទៅ ហេតុដូច្នេះ សេចក្តីស្រឡាញ់អាស្រ័យកាមគុណហាក់នឹងថាជាថ្នាំពឹសលាយស្ករ កាលបើលិទ្ធរសជាតិ ដំបូងដូចជាផ្អែម ប៉ុន្តែដល់លិឍយូរៗទៅ ក៏ត្រូវថ្នាំពឹសចេញឫទ្ធិ សុខអាស្រ័យកាមរមែង ជាសុខតិចតួចប៉ុន្តែមានទុក្ខច្រើន ជាសុខបែបខាងដើមផ្អែមខាងចុងល្វីង" ។
"ម្នាលរេវត្តៈ ! កាលដែលយើងចូលទៅអើតងើតប្រធានភូមិ នាងព្រាហ្មណីបានរៀបរាប់ប្រាប់ មិស្សភាពផ្សេងៗឲ្យយើងស្តាប់ ជីវិតរបស់ឃរាវាសតែងពោរពេញទៅដោយបន្ទុកធ្ងន់ធ្ងរ តោងតែធ្វើការងាររកទ្រព្យសម្បត្តិ មកចិញ្ចឹមខ្លួន ចិញ្ចឹមប្រពន្ធ ចិញ្ចឹមកូន ជួយមិត្រភក្តិ តោងតែ មានផ្ទះសម្បែង មានស្រែចម្ការ មានគូស្នេហ៍ដែលតោងតែយកចិត្តយកថ្លើមគេ ទោះទៅណា មកណាក៏ព្រួយបារម្ភ ជីវិតឃរាវាសប្រៀបដូចជាភារហារីលីអីវ៉ាន់ដ៏ធ្ងន់លើស្មា មិនស្រួលទេ គ្មានសេរីភាព ជីវិតរបស់សមណៈជាជីវិតស្រាលរវៀសរវៃ​ មានឥស្សរភាព សប្បាយភាព គួរនាដូចជាបុគ្គលដែលដាក់បន្ទុកដ៏ធ្ងន់លើស្មាចុះហើយ រមែងដើរទៅណាមកណាបានយ៉ាង សប្បាយ" "នៅផ្ទះខ្នងទី ៣ យើងបានសង្កេតឃើញស្ត្រីម្នាក់កំពុងតែយំខ្សឹកខ្សួលព្រោះប្តីស្លាប់ចោល នោះឯងសម្តែងឲ្យឃើញដល់មហាទុក្ខសោករបស់សត្វលោក មនុស្សយើងកាលបើមានវត្ថុ ណា ក៏ស្រឡាញ់ចូលចិត្តវត្ថុនោះ ប្រកួចប្រកាន់វត្ថុនោះជ្រុលពេក លុះវត្ថុនោះបាត់បង់ទៅ ក៏កើតទុក្ខ អង្គុកអង្គុល ស្រឡាញ់ច្រើនប៉ុនណា ហួងហែងច្រើនប៉ុនណា ក៏ទុក្ខព្រួយច្រើនប៉ុន នោះ ស្រឡាញ់តិច ទុក្ខក៏តិច បើមិនស្រឡាញ់ក៏ឥតទុក្ខសោះ " ព្រះឧបជ្ឈាយ៍បកស្រាយរៀប រាប់ទៅ ជារឿយៗរហូតមកដល់ព្រៃស្តុកដែលជាព្រៃធំមានរុក្ខជាតិប្រភេទផ្សេងៗដុះក្រាស់ទ្រុប ទ្រុល អាកាសធាតុដូចជាស្រទំត្រជាក់ ខ្ញុំព្រះករុណាចង់ដឹងជាខ្លាំងថាហេតុអ្វីបានជាព្រះ ឧបជ្ឈាយ៍នាំខ្ញុំព្រះករុណាមកកាន់ព្រៃដ៏គួរឲ្យព្រឺខ្លាចនេះ ប៉ុន្តែមិនហ៊ានសួរ អត់ចិត្តដើរតាម ក្រោយលោកទៅតាមផ្លូវក្រវិចក្រវៀនរហូតទៅដល់ទីល្ហធ្លេវត្រង់កណ្តាលព្រៃមួយ ព្រះឧបជ្ឈាយ៍នាំខ្ញុំព្រះករុណាឈប់ ម្នាលលោកដ៏មានអាយុ ! គ្មានពេលណាក្នុងជីវិតដែល ខ្ញុំព្រះករុណាភិតភ័យនិងស្លុតរន្ធត់ចិត្តស្មើនឹងពេលនោះទេ ព្រោះកន្លែងដែលខ្ញុំព្រះករុណាឈរ នោះជាព្រៃខ្មោចស្រស់ នៅខាងមុខខ្ញុំព្រះករុណានោះឯង សាកសពមនុស្សប្រុសម្នាក់កំពុង ដេកផ្ងារលើដីស្រទាងចង្គ្រាង ជាសពហើមស្ពោរមូលក្លំដូចឃ្លោក ភាយក្លិនស្អុយគគ្រុកដូចគំរង់ ពាសពេញទាំងបរិវេណកន្លែងនោះ រហូតដល់ខ្ញុំព្រះករុណារអាក់រអើស្ទើរក្អួត មានស្នាមខៀវ-ខ្មៅ-សពាសពេញទាំងកាយ សម្បុរស្បែកអន្លើខ្លះក៏បែកប្រេះ មានទឹករងៃហូររហេញរិញៗជាទ អណ្តាតក្រហមមូលរន្ទាលលៀនលាចេញមកក្រៅក្រអូមមាត់ មានពពុះទឹកមាត់សៗផុសចេញ មកម្តងម្កាល ។
ព្រះឧបជ្ឈាយ៍នាំខ្ញុំព្រះករុណាដើរហួសទៅបន្តិច ក៏ឃើញសាកសពមួយទៀត កំពុងដេកផ្កាប់ មុខនៅនឹងដីជាសពរលួយរលេះអស់ហើយ នៅសល់តែស្បែកអន្លើខ្លះ មានស្នាមសត្វខាំស៊ី រលាត់រលស់អស់ ពោះវៀនពោះតាំងត្រូវសត្វខាំទាញចេញមកខាងក្រៅជាចង្វាយវែងអន្លាយ ហ្វូងដង្កូវកំពុងចោះឆ្កៀលស៊ីត្រង់បរិវេណខ្នង ទាល់តែឃើញឆ្នឹងជំនីរលៀនធ្លោចេញមកក្រៅ ដង្កូវតូចធំកំពុងតែវាររវីករវើករសឹបរសាវពាសពេញសារពាង្គកាយ
"នេះឯង គឺ ទីបំផុតនៃជីវិតរបស់មនុស្សយើង"ព្រះឧបជ្ឈាយ៍និយាយទម្លាយនិស្សទ្ទភាព"ជីវិតគឺ ការធ្វើដំណើរទៅកាន់គោលដៅគឺសេចក្តីស្លាប់ មួយថ្ងៃកន្លងទៅ គឺ មួយជំហានដែលយើងដើរ ខិតចូលជិតសេចក្តីស្លាប់កាន់តែកៀកឡើង សេចក្តីស្លាប់ក៏ដើរតម្រង់មករកយើងរាល់ថ្ងៃ យើងដើរទៅរកវា វាក៏ដើរមករកយើង កាលបើសេចក្តីស្លាប់មកដល់ កាយនេះក៏មានសភាពដូច ជាសាកសពដេកដួលស្តូកស្តឹងដូចដែលលោកបានឃើញអម្បាញ់មិញនេះឯង វាគ្មានសម្រស់ អ្វីគួរឲ្យស្រឡាញ់ជាប់ចិត្ត គួរឲ្យថ្នាក់ថ្នមនោះទេ មានតែភាពគគ្រិចស្មោកគ្រោកគួរឲ្យខ្ពើមរអើម ប៉ុណ្ណោះ សពដែលដេកដួលនៅស្តូកស្តឹងនោះ កាលដែលនៅមានជីវិតក៏ដូចជាយើងនេះឯង យើងលុះអស់ជីវិតទៅហើយក៏មានសភាពយ៉ាងនេះឯង កំឡុងអាយុខ័យរបស់មនុស្សយើង យ៉ាងយូរ ១០០ ឆ្នាំ ឃើញថាខ្លីណាស់ មិនអាចបំពេញចំណង់របស់យើងឲ្យពេញបានទេ បើអញ្ចឹងទេ ចូរលោកកុំប្រមាទក្នុងកិច្ចការរបស់ខ្លួន និង អ្នកដទៃ "
ម្នាលលោកដ៏មានអាយុ ! ចិត្តរបស់ខ្ញុំព្រះករុណាពេលនោះធ្ងន់យឹបដោយធម្មសង្វេគ ជិនណាយរសាយតម្រេកត្រេកត្រអាលទាល់តែមើលឃើញខ្លួនព្រះឧបជ្ឈាយ៍និងខ្លួនឯងបីដូច ជាសាពសពដែរ រុយ ១ ហ្វូងធំហើរមកទំតាមដងខ្លួនរបស់ខ្ញុំព្រះករុណា វាប្រហែលជាគិតថា ខ្ញុំព្រះករុណាជាសពដែរទេដឹង
ព្រះឧបសម្បទាចារ្យនាំខ្ញុំព្រះករុណាត្រឡប់ទៅវត្តជេតវ័នវិញនៅពេលអំព្រិលៗហើយ រូបភាព សាកសពនៅដក់ជាប់ក្នុងចិត្តយ៉ាងច្បាស់ក្រឡែត ទាល់តែមិនអាចបំភ្លេចបាន សព្វបើសិងនៅ ក្នុងកុដិក៏ដោយ ក៏ហាក់ដូចជាកំពុងសិងក្នុងព្រៃខ្មោចឆៅ យប់ថ្ងៃនោះខ្ញុំព្រះករុណាស្ទើរតែ ឆាន់ទឹកមិនបានសោះ ព្រោះវាធ្វើឲ្យខ្ញុំព្រះករុណានឹកខ្ពើមរអើមរអាក់រអើបីដូចជាទឹករងៃហៀរ ចេញពីសាកសព លុះព្រឹកព្រហាមឡើង នៅខណៈដែលកំពុងតែដើរបិណ្ឌបាត ខ្ញំព្រះករុណា មើលឃើញមនុស្សមនាដែលដើរកាត់មកដូចជាសាកសពទាំងអស់ ខ្ញុំព្រះករុណាឆាន់ចំហាន់ បានតែបន្តិចព្រោះហាក់ដូចជាកំពុងឆាន់សាកសព ។
ព្រះឧបសម្បទាចារ្យបានពង្វេរទស្សនគតិរបស់ខ្ញុំព្រះករុណាទាំងស្រុង ខ្ញុំព្រះករុណាមើល ឃើញថាពិភពលោកនេះមិនមែនជាលោកដែលគួរត្រេកត្រអាលទេ សេចក្តីស្រឡាញ់ដោយ អំណាចនៃរាគៈដែលខ្ញុំព្រះករុណាមានចំពោះលីលាវតីក្តី គំនិតគិតនឹងលាសិក្ខហើយទៅរស់ នៅជាមួយនឹងនាងក្តី ត្រូវបានអំណាចប៉ាឆាខ្មោចឆៅកម្ចាត់ចោលយ៉ាងបះជើង ប៉ាឆាខ្មោចឆៅ ធ្វើឲ្យខ្ញុំព្រះករុណាមើលឃើញលីលាវតីជាគ្រោងឆ្អឹងដែលគ្របដណ្តប់ដោយសាច់ស្បែកដែល នឹងត្រូវក្លាយជាសាកសពក្នុងប៉ាឆា ធម្មវិស័យដែលត្រូវលោកិយវិស័យបង្ក្រាបទៅម្សិលមិញ នេះបានក្លាយទៅជាអ្នកឈ្នះដោយនឹកស្មានមិនដល់ លីលាវតីនឹងជួបប្រទះកំហកបំណង ទៀតហើយឬ?

No comments:

Post a Comment