Friday, March 4, 2011

រិះគន់និងសរសើរ

ម្នាលលោកដ៏មានអាយុ ! ទោះបីជាល្អាងសុករខាតាលើភ្នំគិជ្ឈកូដជាទីត្រូវអធ្យាស្រ័យរបស់ខ្ញុំព្រះករុណា យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាក៏មិនអាចរស់នៅប្រចាំក្នុងទីនោះបានដែរ ព្រោះការងារគ្រប់គ្រងភិក្ខុសង្ឃ ធ្វើឲ្យខ្ញុំព្រះករុណាត្រូវវឹងវិលទៅវេឡុវ័នវិញ ការបានរស់នៅកណ្តាលចំណោមសមមិត្រប្រព្រឹត្តធម៌ដូចគ្នា ស្រឡាញ់រាប់អានគ្នាដោយសាមគ្គីធម៌ជាថ្មីទៀត  ម្នាក់ៗសុទ្ធតែសម្តែងសមានចិត្តល្អចំពោះគ្នាទៅវិញទៅមក ចាត់ទុកថាជាសេចក្តីសុខម្យ៉ាង ការរស់នៅកណ្តាលជំនុំប្រជុំជន បើទុកជាពេលខ្លះបានទទួលសេចក្តីក្តៅ ក្រហាយទាស់ចិត្តខ្លះៗក៏ដោយ ប៉ុន្តែក្នុងជម្រៅដួងចិត្តវិញ ខ្ញុំព្រះករុណានឹកកក់ក្តៅក្នុងចិត្ត ការរស់នៅម្នាក់ ឯងតាមព្រៃតាមផ្សៃ ទោះណាជាស្ងប់ស្ងាត់ក៏មែនពិត ប៉ុន្តែជួនកាលក៏ធ្វើឲ្យកើតអផ្សុកអប្បសាន្តលន្លោចចិត្ត ជាពន្លឹក កាលបើដូច្នោះ ក៏ជាហេតុនាំឲ្យមើលឃើញសារៈសំខាន់របស់ប្រជុំជនឡើងភ្លាម ប្រជុំជនតែងមាន ឥទ្ធិពលលើចិត្តរបស់បច្ចេកបុគ្គលយ៉ាងច្រើន យើងបានទទួលអត្ថប្រយោជន៍ច្រើនយ៉ាងពីការរស់នៅជាមួយ នឹងប្រជុំជន ពោលគឺ កាលបើកើតមានហេតុភេទចាំបាច់ឡើងមក ប្រជុំជនតែងជួយយឹតយោងសណ្តោង យើងបាន ទ្រព្យសម្បត្តិរបស់យើង យសសក្តិរបស់យើង នឹងមានតម្លៃខៃប្រយោជន៍ដល់យើងបានពេញរបុង ក៏ព្រោះតែជននិករធានារ៉ាប់រង បើជននិករមិនធានារ៉ាប់រងទេ ទ្រព្យសម្បត្តិនិងយសសក្តិទាំងនោះក៏គ្មានតម្លៃ អ្វីទាំងអស់ ព្រះរាជាដែលចាត់ទុកថាមានកិត្តិយសខ្ពង់ខ្ពស់ក្នុងរដ្ឋ បើចូលទៅរស់នៅក្នុងព្រៃតែមួយអង្គឯង កណ្តាលហ្វូងពានរ កិត្តិយសនោះក៏គ្មានតម្លៃអ្វីឡើយ សរុបសេចក្តីថា ការរស់នៅកណ្តាលចំណោម ប្រជុំជន ធ្វើឲ្យកើតសេចក្តីសុខផ្លូវចិត្ត កក់ក្តៅផ្លូវចិត្ត តាមការពិត ត្រង់ចំណុចនេះ យើងមិនសូវនឹកគិត ប៉ុន្មានទេព្រោះអាសេវនកម្ម(ការសេពស៊ាំ) លុះត្រាតែត្រូវគេជន្លៀសបំភៀសខ្លួនចេញពីប្រជុំជន ហ្នឹងឯង ទើបបានដឹងខ្លួនស្មារលាទោស ព្រោះហេតុនោះ ការនិរទេសជនល្មើសកតិកាសង្គមណាម្នាក់ចេញពី ប្រជុំជន ទើបចាត់ទុកថាជាការផ្តន្ទាទោសកម្រិតធ្ងន់មួយដែលធ្វើឲ្យនិរទេសជននោះបានទទួលរងទុក្ខផ្លូវ ចិត្តយ៉ាងខ្លាំង អ្នកខ្លះដល់ថ្នាក់សុខចិត្តប្រថុយប្រថានគ្រោះថ្នាក់វេះគេចត្រឡប់មករស់នៅកណ្តាល ប្រជុំជនវិញ ទោះបីបើខ្លួនត្រូវស្លាប់ក៏សុខចិត្តដែរ ឲ្យតែបានស្លាប់នៅកណ្តាលប្រជុំជនប្រសើរជាងស្លាប់ តែម្នាក់ឯង
ម្នាលលោកដ៏មានអាយុ ! កាលបើយើងបានទទួលផលប្រយោជន៍ពីការរស់នៅរួមនឹងប្រជាជនយ៉ាងនេះ ប្រជាជនឈ្មោះថាជាអ្នកមានគុណោបការៈចំពោះយើងជាអនេកអនន្ត អ្នកណាស្រឡាញ់ប្រជាជន មើលឃើញផលប្រយោជន៍របស់ប្រជាជនជាធំ មានចិត្តទូលំទូលាយ សាងគុណប្រយោជន៍ដល់ប្រជាជន រក្សាការពារសន្តិសុខជូនប្រជាជន កម្ចាត់ខ្មាំងសត្រូវរបស់ប្រជាជន អ្នកនោះឈ្មោះថា ដឹងគុណប្រជាជន អ្នកណារស់នៅអាស្រ័យប្រជាជន បានទទួលផលប្រយោជន៍ដូចពោលមកហើយពីប្រជាជន ប៉ុន្តែមើល ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មានចិត្តចង្អៀតចង្អល់កេងប្រវ័ញ្ចយកផលប្រយោជន៍ពីប្រជាជនដើម្បីខ្លួន ដោយឥតបើគិតដល់ដើមទ្រូងរបស់ប្រជាជន បង្កបង្កើតទុក្ខលំបាកឥតស្រាកស្រាន្តដល់ប្រជាជនជាប្រចាំ អ្នកនោះឈ្មោះថា រមិលគុណប្រជាជន ជាអ្នករារាំងបាំងខ្ទាស់សេចក្តីចម្រើនជឿនលឿនរបស់ប្រជាជន ជាបញ្ញើក្អែកដែលចាំតែតោងទាមបឺតយកសាច់ឈាមរបស់ប្រជាជន ។
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាព្យាយាមដឹកនាំពាំយួរប្រដែប្រដៅភិក្ខុសាមណេរដែលនៅក្រោម អាណត្តិគ្រប់គ្រងរបស់ខ្ញុំព្រះករុណាឲ្យមើលឃើញសារៈសំខាន់របស់ប្រជុំជន ហើយម្នាក់ៗក៏តាំងនៅក្នុង សាសនោវាទរបស់ខ្ញុំព្រះករុណាដោយសម្មាភាព ប៉ុន្តែនៅមានភិក្ខុ ១ រូបមកពីត្រកូលសេដ្ឋីស្តុកស្តម្ភមួយ ក្នុងក្រុងរាជគ្រឺះ ភិក្ខុរូបនេះមានឈ្មោះថា វរាហៈ មាននិស្ស័យចើងម៉ើងននះននាតមិនចុះញ៉មពាក្យណែ នាំប្រដែប្រដៅរបស់អ្នកណាទេ ព្រោះប្រកាន់ថាត្រកូលខ្លួនធូរធារដោយទ្រព្យធន ភិក្ខុសុភូតៈបាននាំយក រឿងរ៉ាវរបស់ភិក្ខុរូបនេះមកតំណាលឲ្យខ្ញុំព្រះករុណាស្តាប់
ថ្ងៃមួយ ខ្ញុំព្រះករុណាបានកោះហៅលោកមកសាកសួរឡើងថា
"នែវរាហៈ ! ខ្ញុំកូរណាមានទស្សនៈយល់ឃើញថា បុគ្គលខ្លះដែលមានជាតិកំណើតត្រកូលខ្ពង់ខ្ពស់ មានការសិក្សាខ្ពស់ តែងមានចរិយាវត្តត្រឹមត្រូវ មានសម្តីសំដៅត្រឹមត្រូវ មានគំនិតគិតគន់ត្រឹមត្រូវ គ្មាន ខ្ចោះខ្វះចន្លោះថ្លោះធ្លោយអ្វីបន្តិចទេ ជាអ្នកធ្វើត្រឹមត្រូវដោយសុក្រិតភាពសព្វយ៉ាង សព្វកន្លែង សព្វកាល ខ្ញុំកូរណាមានទស្សនៈយ៉ាងនេះ ចុះលោកវិញមានទស្សនៈយ៉ាងណាដែរ? "
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! ខ្ញុំកូរណាទើបនឹងមកកាន់ព្រះធម្មវិន័យនេះថ្មីថ្មោង នៅមិនទាន់មាន ចំណេះចេះធ្លុះធ្លាយក្នុងធម៌អាថ៌ដូចយ៉ាងព្រះតេជព្រះគុណទេ ប៉ុន្តែតាមដែលខ្ញុំកូរណាធ្លាប់សង្កេតឃើញ មកក្តី ធ្លាប់ស្តាប់មកក្តី ឃើញថា សាមញ្ញជនគ្រប់គ្នាតែងតែមានឱកាសភ្លាំងភ្លាត់បានមិនតិចក៏ច្រើនដែរ គ្មានអ្នកណាគិត និយាយ ធ្វើអ្វីត្រឹមត្រូវបានមួយរយភាគរយសព្វយ៉ាងនិងសព្វកាលទេ"
"មានន័យថា សាមញ្ញជនទាំងអស់តែងមានអសុក្រិតភាពភ្លាំងភ្លាត់ប្រចាំខ្លួនជានិច្ចមិនតិចក៏ច្រើន អញ្ចឹងមែនទេ? "ខ្ញុំព្រះករុណាសួរបញ្ជាក់ម្តងទៀត
"អញ្ចឹងមែនហើយ ព្រះតេជព្រះគុណ ! "វរាហៈភិក្ខុឆ្លើយតបដោយឯកន្តភាព
"បើអញ្ចឹង ខ្ញុំកូរណាក្តី លោកក្តីក្នុងឋានៈជាសាមញ្ញជនច្បាស់ជាមានខ្ចោះខ្វះចន្លោះថ្លោះធ្លោយប្រចាំខ្លួន ជានិច្ចមិនខាន មែនទេ?"
"មែន ព្រះតេជព្រះគុណ ! ខ្ញុំកូរណាក៏អាចមានកំហុសខុសឆ្គងដូចយ៉ាងអ្នកដទៃដែរ"វរាហៈភិក្ខុព្រមទទួល យ៉ាងស្រស់ស្រាយ
កាលបើឃើញថាបានកៀងគរវរាហៈភិក្ខុមកដល់ផ្លូវទាល់ល្មមសមគួរហើយ ខ្ញុំព្រះករុណាក៏ចា​ប់ផ្តើម ប្រលែងអាវុធរបស់ខ្ញុំព្រះករុណាភ្លាម
"ម្នាលវរាហៈ ! នៅពេលដែលគេនិយាយដាស់តឿនក្រើនរំលឹកលោក ចង្អុលប្រាប់កំហុសខុសឆ្គងភ្លាំង ភ្លាត់របស់លោកដោយបំណងល្អ ដើម្បីឲ្យលោកកែប្រែខ្លួនបានប្រសើរឡើង ហេតុអីក៏លោកក្រោធខឹងគេ" ភិក្ខុកម្លោះអង្គុយធ្មឹងច្រងូវមួយសន្ទុះ រួចហើយនិយាយឡើងដោយទិដ្ឋិមានះថា
"តាមការពិត ខ្ញុំកូរណាមិនបានធ្វើខុសអ្វីទេ ប៉ុន្តែភិក្ខុបួសចាស់ចេះតែចាប់ទោសអូសដំណើររហូត មនុស្សអីក៏ ប៉ិនតិះដៀលម្លេះ"
"ម្នាលវរាហៈ ! មនុស្សយើងតែងតែមើលមិនឃើញរាងកាយរបស់ខ្លួនគ្រប់ចំណែកទេ សូម្បីបើឈរហើយ ឈ្ងោកមើលទៅក៏ឃើញតែប៉ែកខាងមុខប៉ុណ្ណោះ ប៉ែកខាងក្រោយ មិនឃើញទេ ប៉ែកខាងចរិយាវត្តវិញក៏ដូច គ្នាដែរ យើងច្រើនតែសម្លឹងមើលខាងល្អរបស់យើងតែម្ខាង ខាងអាក្រក់មើលមិនសូវឃើញទេ ទើបយល់ថា ខ្លួនល្អហើយ ត្រឹមត្រូវហើយ សមរម្យហើយ ហេតុដូច្នេះនៅពេលដែលអ្នកផ្សេងមើលឃើញកំហុសខុសឆ្គង របស់យើងហើយចង្អុលប្រាប់យើង យើងបែរជាមិនពេញចិត្តគេព្រោះស្រឡាញ់ខ្លួនឯងពេក អ្នកផងគេអាច មើលឃើញខ្លួនយើងបានច្បាស់ក្រឡែតជាងយើងមើលឃើញខ្លួនឯងទៅទៀត យ៉ាងណាមិញ គេក៏អាច មើលឃើញកិរិយាការប្រព្រឹត្តរបស់យើងបានច្បាស់ជាងខ្លួនយើងដូច្នោះដែរ កាលដែលលោកព្រមទទួលថា ខ្លួននៅមានកំហុសខុសឆ្គង នៅពេលអ្នកផ្សេងចង្អុលឲ្យឃើញកំហុសខុសឆ្គងនោះ មិនគួរខឹងគេទេ ផ្ទុយទៅវិញគួរតែអរគុណគេដែលបានជួយប្រាប់កំហុសឆ្គាំឆ្គងនោះ ពីព្រោះយើងនឹងបានស្គាល់កំហុសខុស ឆ្គងរបស់ខ្លួនឯង ហើយខិតខំកែលម្អខ្លួនឲ្យប្រសើរឡើង"
"ម្នាលវរាហៈ ! ឧបមាថា ប្រុសម្នាក់មានមុខប្រឡាក់ប្រតេកប្រតាកដោយវត្ថុស្មោកគ្រោក ប៉ុន្តែគាត់មើល មិនឃើញស្នាមប្រឡាក់លើមុខរបស់គាត់ទេ យល់ចូលចិត្តថាផ្ទៃមុខរបស់គាត់ស្អាតបរិសុទ្ធហ្មត់ចត់ហើយ ទើបត្រាច់ដើរទៅតាមផ្លូវថ្នល់ នៅខណៈនោះ មានប្រុសម្នាក់ទៀតដើរតាមផ្លូវមកដែរ ឃើញស្នាមប្រឡាក់ ត្រង់មុខរបស់បុរសទី ១ទើបចង្អុលប្រាប់ទៅគាត់ទាំងណែនាំឲ្យគាត់ទៅលាងជម្រះចេញ ប៉ុន្តែបុរសមាន មុខប្រឡាក់ខឹងសម្បាថាគេមើលងាយខ្លួន មិនខ្វល់អំពល់ទុក្ខនឹងស្នាមប្រឡាក់លើផ្ទៃមុខរបស់ខ្លួនទេ ចេះតែដើរសម្ញែងផ្ទៃមុខដ៏ស្រមេកស្រមករបស់ខ្លួនតទៅ តើលោកយល់ថាប្រុសម្នាក់នេះធ្វើខុសឬត្រូវ?"
"គាត់ពិតជាធ្វើខុសយ៉ាងជាក់ស្តែង ព្រះតេជព្រះគុណ !"
"ចុះគាត់គួរធ្វើយ៉ាងណាបានត្រូវ?"ខ្ញុំព្រះករុណាសួរ
"គាត់គួរតែបែរមកពិនិត្យមើលខ្លួនឯងសិន បើឃើញស្នាមប្រឡាក់ពិតដូចអ្នកដទៃប្រាប់ប្រាមមែន គួរតែ អរគុណគេ ហើយប្រញាប់ទៅលាងសម្អាតវត្ថុកខ្វិកកខ្វក់នោះចោលដើម្បីឲ្យខ្លួនបានមានផ្ទៃមុខស្អាតបាត ដូចដើម"
"ម្នាលវរាហៈ ! ពាក្យប្រាប់ប្រាមរបស់អ្នកដទៃធ្វើឲ្យផ្ទៃមុខរបស់ប្រុសម្នាក់នោះបានស្អាតស្អានយ៉ាងណា ពាក្យរិះគន់របស់អ្នកដទៃក៏អាចធ្វើឲ្យយើងបានល្អប្រសើរឡើងយ៉ាងនោះដែរ តាមធម្មតា បណ្ឌិតតែង មើលពាក្យរិះគន់របស់អ្នកដទៃថាមានតម្លៃខ្ពស់ជាងពាក្យសរសើរ ពាក្យរិះគន់ធ្វើឲ្យមនុស្សបានល្អប្រសើរ ឡើង ប៉ុន្តែពាក្យស្ងើចសរសើរអាចធ្វើឲ្យមនុស្សអាប់អន់ឬស្មើចុងស្មើដើមក៏បាន បើជាការកោតសរសើរ តាមសភាពពិត ថោមលាភី(អ្នកដែលគេសរសើរ)ក៏ត្រេកអរ ពេញចិត្ត ឆ្អែតចិត្តក្នុងសភាពត្រឹមនោះ មិនគិតកាញ់នឹងកែលម្អខ្លួនឲ្យប្រសើរឡើងឡើយ បើជាពាក្យសរសើរបញ្ជោរជន្លជន្លេញមិនត្រូវតាម សភាពពិតវិញ ដូចជាឃើញផ្ទៃមុខរបស់យើងប្រឡាក់ប្រឡូស ប៉ុន្តែគេបញ្ជោរថាស្អាតស្អំហើយបែបនេះ ក៏ជាហេតុធ្វើឲ្យយើងពេញចិត្តពេញថ្លើមនឹងផ្ទៃមុខដែលប្រឡាក់គគ្រិចនោះ មិនគិតនឹងលាងជម្រះស្នាម កខ្វក់នោះចេញទេ ផ្ទៃមុខរបស់យើងក៏នៅតែប្រឡាក់ស្រមេមស្រមាមរហូតទៅ ហេតុដូច្នេះ លោកមិនគួរ ខឹងគេទេ នៅពេលដែលត្រូវគេរិះគន់ ហើយមិនគួរត្រេកអរ ពេញចិត្ត និង ឆ្នែតចិត្តជ្រុលពេកទេ នៅពេល ដែលត្រូវគេសរសើរ" ។
ម្នាលលោកដ៏មានអាយុ ! ពាក្យណែនាំរបស់ខ្ញុំព្រះករុណាបានទទួលលទ្ធផលជាក់ស្តែង ចាប់តាំងពីថ្ងៃ នោះជាដើមមក វរាហៈភិក្ខុបានក្លាយជាភិក្ខុស្រគត់ស្រគំស្ងប់ស្ងៀម មិនឆ្មើងឆ្មៃ ក្រអើតក្រទមប្រកួច ប្រកាន់ខ្លួនតទៅទៀតទេ ត្រេកអរត្រងត្រាប់ស្តាប់ពាក្យគរហារិះគន់ពីសហាយជាសហធម្មិកយ៉ាងរួសរាយ វេឡុវនារាមក៏អស់អរិសត្រូវ មានតែសុខក្សេមក្សាន្តគ្រប់ទិវារាត្រី ។ម្នាលលោកដ៏មានអាយុ ! មនុស្សភាគច្រើនមិនបានសិក្សាខ្លួនឯងឲ្យបានហ្មត់ចត់យ៉ាងចិត្តស្មោះសទាំងមិន បានប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃយ៉ាងយុត្តិធម៌ទេ ចេះតែយល់ថាខ្លួនគ្រាន់បើជាងអ្នកដទៃ ត្រឹមត្រូវ សមរម្យជាងអ្នកដទៃរហូត គំនិតនឹកគិតបែបនេះមាននៅស្ទើរតែគ្រប់គ្នា មនុស្សខ្លះក៏សម្តែងចេញមកដោយ ការព្រោកប្រាជ្ញអួតក្អេងក្អាង មនុស្សខ្លះក៏សម្តែងចេញមកដោយឫកពាក្រអែងក្រអោង មនុស្សខ្លះក៏សម្តែង ចេញមកដោយការធ្វើជាអង្គុយស្ងៀមបៀមកំណួច មនុស្សខ្លះក៏មិនសម្តែងកិរិយាអាការផ្សេងៗចេញមកទេ ហាក់បីដូចជាគ្មានលំនឹកគិតបែបនោះ ប៉ុន្តែការពិត គេមានលំនឹកគិតថា"ខ្លួនគ្រាន់បើ"បែបតែមួយនឹងមនុស្ស ដែលសម្តែងចេញស្តែងៗហ្នឹងឯង យើងអាចពិសោធមើលបានពីការក្លែងបញ្ជោរគេថាល្អយ៉ាងនោះពូកែយ៉ាង នេះ ស្អាតយ៉ាងនេះ ស្រស់យ៉ាងនេះ គេនឹងសម្តែងពំនេញចិត្តចេញមកយ៉ាងបើកចំហ ព្រោះហេតុអ្វី? ពីព្រោះ ពាក្យបញ្ជោរលើកជើងរបស់យើងត្រូវម៉ាំងនឹងចំណុចចិត្តរបស់គេ គេយល់ថាខ្លួនគេគ្រាន់បើហើយ កាលបើ យើងទៅលើកតម្កើងគេ បានជាគេពេញចិត្តពេញថ្លើម ថ្វីបើពាក្យបញ្ជោរលើកជើងរបស់យើងនោះជួនកាល គ្មានមូលភាពពិតក៏ដោយ ផ្ទុយទៅវិញ បើយើងរិះគន់គេ ទោះបីជាពាក្យរិះគន់របស់យើងជាពាក្យពិតក៏ដោយ គេក៏ខឹងដែរព្រោះគេយល់ថាគេល្អល្អលេចច្បាស់ហើយ កាលបើយើងរិះគន់ទើបទទឹងទាស់នឹងចំណុចចិត្ត របស់គេ ធ្វើឲ្យគេកើតសេចក្តីថ្នាំងថ្នាក់ចិត្ត ហើយក៏ចងគំនុំគុំគួនយើង រកមធ្យោបាយកម្ចាត់កំចោករោក អ្នករិះគន់នោះ នេះជាមូលហេតុនាំឲ្យកើតកោលាហលច្រួលច្របល់ក្នុងស្រទាប់មហាជន
ម្នាលលោកដ៏មានអាយុ  ! មានសច្ចភាពម្យ៉ាងថា មហេសជន(អ្នកធំ)ក្នុងគណៈបាមោក្ខមានអំណាចដឹកនាំ ពាំយួរសង្គមរមែងជាទីគោរពកោតក្រែងរបស់អនិស្សរជន(អ្នកតូច) សេចក្តីគោរពកោតក្រែងនេះឯងតែង ធ្វើឲ្យអ្នកតូចខ្លាចរអែងមិនហ៊ានជំទាស់តវ៉ា មិនហ៊ានដាស់តឿនក្រើនរំលឹក បើទុកជាឃើញកំហុសខុស ឆ្គងរបស់អ្នកធំក៏ដោយ មានតែបញ្ជោរបញ្ឆសរសើរតែម្យ៉ាង កាលបើអ្នកធំទទួលបានពាក្យសរសើរគ្រប់ ពេលវេលាដូច្នេះ ទើបកើតសន្ទិដ្ឋភាពថា ខ្លួនជាបុគ្គលវិសេសដែលធ្វើអ្វី និយាយអ្វីមិនចេះខុស មានតែ ត្រឹមត្រូវរហូត ទើបជាហេតុនាំឲ្យធ្វើអ្វី និយាយអ្វីតាមទស្សនៈយល់ឃើញរបស់ខ្លួនតែម្នាក់ឯង មិនព្រម ស្តាប់គំនិតគិតឃើញរបស់អ្នកដទៃ ព្រោះយល់ថាមានតែគំនិតរបស់ខ្លួនប៉ុណ្ណោះបានត្រឹមត្រូវប្រសើរ របស់អ្នកដទៃមិនត្រឹមត្រូវទេ កាលបើខ្លួនបានដំណៀលដៀលត្មះពីអ្នកដទៃ ទើបកើតកំហឹងខឹងសម្បាខ្លាំង ក្លាជាងសាមញ្ញជនធម្មតា បើមិនពេញចិត្តនឹងអ្នកណាម្នាក់ហើយ ច្រើនតែប្រើអំណាចបុណ្យសក្តិរបស់ខ្លួន កម្ចាត់បង់អ្នកនោះចោល ឬរកវិធីបំផ្លិចបំផ្លាញដោយប្រការផ្សេងៗ ដែលធ្វើឲ្យជនានុជននោះៗក្លាយទៅ ជាអាណាចក្រនៃសេចក្តីភ័យខ្លាចនិងការគំរាមគំហែង
ម្នាលលោកដ៏មានអាយុ ! សម្រាប់ខ្ញុំព្រះករុណានោះ ទោះបីបើជាវិហារាធិបតីគ្រប់គ្រងភិក្ខុសង្ឃក្នុង វេឡុវនារាម ខ្ញុំព្រះករុណាក៏ខិតខំដាស់តឿនខ្លួនឯងជានិច្ច ចាត់ទុកខ្លូនឯងថាជាសាមញ្ញជនម្នាក់ដែលអាច មានខ្ចោះខ្វះចន្លោះថ្លោះធ្លោយបាន ទើបត្រៀមខ្លួនជានិច្ចដើម្បីនឹងទទួលពាក្យរិះគន់កែលម្អពីអ្នកដទៃ ខ្ញុំព្រះករុណាបើកឱកាសឲ្យសិស្សានុសិស្សរបស់ខ្ញុំព្រះករុណាដាស់តឿនខ្ញុំព្រះករុណាបាន នៅពេល ឃើញអសុក្រិតភាពណាមួយរបស់ខ្ញុំព្រះករុណាបាន ទុកជាម្លឹងក៏ដោយ មានតិចគ្នាណាស់ដែលហ៊ានថា ឲ្យខ្ញុំព្រះករុណានោះចំពោះមុខ ខ្ញុំព្រះករុណាទើបអាស្រ័យសុភូតៈភិក្ខុជួយស្ទាបស្ទង់គំនិតនិងទស្សនៈ របស់កូនវត្តហើយនាំរបាយការណ៍មកឲ្យខ្ញុំព្រះករុណាដឹងមួយតំណទៀត
ដោយវិធីគ្រប់គ្រងបែបនេះឯង ទើបធ្វើឲ្យខ្ញុំព្រះករុណាក្លាយជាមនុស្សដែលគេគោរពរាប់អានដោយ ឥតសូន្យសុង ។

No comments:

Post a Comment