Friday, March 4, 2011

ប្រុសចាស់ជរានាខ្ទមកម្សត់

តាមទំនៀមទម្លាប់របស់ភិក្ខុក្នុងព្រះពុទ្ធសាសនា នៅពេលដែលបានឧបសម្ប័ទហើយ ត្រូវតែគង់នៅក្នុងសម្នាក់នៃព្រះឧបជ្ឈាចារ្យសិក្សាអនាគារិយវិន័យរបស់ភិក្ខុ និង ប្រតិបត្តិបម្រើ​ព្រះ ឧបជ្ឈាយ៍គ្រប់ ៥ ព្រះវស្សាជាមុនសិនហើយទើបចាត់ទុកថាជាមជ្ឈិមភិក្ខុមានប្រីជាសមត្ថភាព ល្មមនឹងគ្រប់គ្រងខ្លួនឯងបាន កាលបើគ្រប់ ៥ ព្រះវស្សាហើយ ទើបអាចញែកចេញពីព្រះ ឧបជ្ឈាយ៍ទៅគង់នៅកន្លែងផ្សេងបាន ។
ព្រះរេវត្តភិក្ខុបានគង់នៅប្រតិបត្តិបម្រើព្រះឧបសម្បទាចារ្យទាល់តែគ្រប់ ៥ ព្រះវស្សាតាម ទំនៀមទម្លាប់ នាអំឡុងពេល ៥ ព្រះវស្សាដ៏យូរអង្វែងនោះ លោកបានហាត់ព្យាមស្រវា ស្រទេញសិក្សារៀនសូធ្យរបៀបវិន័យ និង ខវត្តប្រតិបត្តិរបស់ភិក្ខុយ៉ាងស្ទាញស្ទាត់ហើយក៏ យកចិត្តទុកដាក់ប្រតិបត្តិតាមយ៉ាងប្រិតប្រៀងជាទីពេញចិត្តពេញថ្លើមរបស់ព្រះភទ្ទិយត្ថេរៈជា ព្រះឧបជ្ឈាយ៍ជាខ្លាំង ទុកជាដូច្នោះក៏ដោយ ក៏នៅតែមិនទាន់បន្លុះចាក់ធ្លុះមគ្គផលថ្នាក់ណា មួយនៅឡើយ ព្រោះបារមីរបស់លោកនៅមិនទាន់ចាស់ក្លាល្មមនឹងកាត់ផ្តាច់កង្វល់ទាំងពួង បាន ជាពិសេសជាងនេះទៀត លោកនៅខ្វល់ចិត្តរឿងញោមប្រុសញោមស្រីរបស់លោកគ្រប់​ពេលវេលា ចាប់ពីបែកឃ្លាតចាកគ្នាមកអស់រយៈពេលជាច្រើនឆ្នាំហើយ នៅមិនទាន់បានជួប មុខគ្នានៅឡើយ សូម្បីតែដំណឹងដំណើរណាមួយក៏មិនដែលបានទទួលដែរ មិនដឹងថាលោក ទាំងពីររស់នៅត្រង់កន្លែងណា ឬក៏ស្លាប់រស់យ៉ាងណានោះទេ ក្នុងកំឡុងពេលនៅជាមួយនឹង ពួកចោរ លោកបានបំភ្លេចញោមប្រុសញោមស្រីអស់មួយរយៈពេលខ្លី ប៉ុន្តែក្រោយពីបាន ឧបសម្ប័ទជាភិក្ខុហើយ គំនិតគិតដល់ញោមប្រុសញោមស្រីបានមានកម្លាំងកាន់តែខ្លាំងឡើង រាល់ថ្ងៃ រហូតដល់ទីបំផុត លោកក៏សម្រេចចិត្តក្រាបលាព្រះឧបជ្ឈាយ៍ចេញធ្វើដំណើរដើរតាម រកបុព្វការីតទៅ... ។
រេវត្តភិក្ខុបានក្លាយជាមនុស្សពនេចរម្តងទៀត ប៉ុន្តែគ្រានេះខុសពីគ្រាមុនដែលត្រឹមតែជាក្មេង ចណ្ឌាលមិនដឹងហិនហុនអ្វីចំពោះជីវិត នៅគ្រានេះ លោកជាមនុស្សពេញវ័យ ដឹងសេចគ្រេច រាក់ជ្រៅ ហើយជាភិក្ខុទ្រទ្រង់សីលទៀត លោកដើរទេសទៅយ៉ាងស្បើយរហើយអារម្មណ៍ មិនប្រញាប់ប្រញាល់ពេកទេ កាលបើដើរផ្លូវទៅដល់ភូមិណា ក៏ចូលស្នាក់អាស្រ័យក្នុងភូមិនោះ ស៊ើបសួររកញោមប្រុសញោមស្រី នៅពេលដំណាលគ្នានោះ លោកក៏អប់រំប្រៀនប្រដៅអ្នក ស្រុកអ្នកភូមិឲ្យតាំងនៅក្នុងសម្មាបដិបត្តិតាមមូលភាពរបស់ព្រះពុទ្ធសាសនា រួចហើយក៏បន្ត ដំណើរដើរផ្លូវទៅមុខទៀត ២ ខែកន្លងផុតទៅ ក៏នៅតែមិនដឹងដំណឹងរហាក់រហៀងអំពីញោម ប្រុសញោមស្រីអ្វីបន្តិចសោះ ប៉ុន្តែលោកក៏នៅតែមិនអស់ឧស្សាហភាព នៅតែខ្មីឃ្មាតធ្វើ ដំណើរស្វែងរកតទៅមុខទៀតដោយប្រណិធានដ៏មុតមាំ រហូតមកដល់ដែនដីភាគខាងជើងត្រង់ ម្តុំភ្នំហិមាល៏យ ។
នៅថ្ងៃមួយ រេវត្តភិក្ខុបាននិមន្តដើរឆ្លងកាត់ព្រៃស្រោងរហូតពេញមួយថ្ងៃ លុះព្រលប់យប់ងងឹត ឈានចូលមកដល់ហើយក៏នៅតែគ្មានសញ្ញាថានឹងផុតព្រៃស្រោងនោះទេ លោកមានអារម្មណ៍ ល្ហិតល្ហៃទន់ដៃទន់ជើងនិងស្រេកឃ្លានជាខ្លាំង ព្រោះមិនបានឆាន់ចង្ហាន់និងទឹកពេញមួយថ្ងៃ ត្បិតក្នុងព្រៃស្រោងគ្មានផ្ទះសម្បែងមនុស្សឡើយ ដោយហេតុតែមិនអាចឈានជើងដើរតទៅ មុខទៀតបាន ភិក្ខុកម្លោះទើបឈាងចូលក្បែរផ្លូវអង្គុយចុះក្រោមដើមឈើ ១ ដើម ហើយនួត ច្របាច់តាមផ្លួតជើងរបស់ខ្លួនដើម្បីរំលស់ល្បួយស្រពន់ រុក្ខជាតិគ្រប់ដើមត្រង់បរិវេណនោះបញ្ឈរដើមឆ្កឹងក្នុងឥរិយាបថស្ងប់ស្ងាត់ហាក់នឹងថាកំពុងតែ សម្លឹងមើលរេវត្តភិក្ខុដោយចំណាប់អារម្មណ៍ បរិយាកាសក្នុងព្រៃត្រជាក់ស្រេប និង ស្ងាត់ឈឹង
"បើយប់ថ្ងៃនេះមិនបានឆាន់ទឹកទេ មុខជាអស់កម្លាំងដើរទៅមុខទៀតមិនរួចទេ" ភិក្ខុកម្លោះគិត រំពឹងនឹងខ្លួនឯង "ប៉ុន្តែព្រៃនេះប្រហែលជាមានរំលិចនៅកន្លែងណាមួយទេដឹង សាកដើរទៅមុខ បន្តិចទៀតមើល៍" ។ នៅខណៈដែលភិក្ខុកម្លោះជ្រែងកាយក្រោកឡើងដើម្បីនឹងដើរទៅមុខទៀតនោះ ត្រចៀករបស់ លោកក៏បានស្តាប់ឮសម្លេងឆ្កែលូឮល្វេងល្វើយមកអំពីចម្ងាយ លោកអៀងត្រចៀកស្តាប់ដោយ យកចិត្តទុកដាក់ សម្លេងនោះឮសូរយ៉ាងច្បាស់ក្រឡែតហើយឮមកពីផ្លូវនៅខាងមុខដែលលោក ប្រុងនឹងដើរទៅទៀតផង "ប្រហែលជាផ្ទះអ្នកស្រុកទេដឹង" ភិក្ខុកម្លោះពោលចេញមកដោយរន្តិភាព រួចក៏ម្នីម្នាចេញដើរផ្លូវកាត់ទីសមន្ធការទៅដោយ សង្ឃឹមថានឹងជួបផ្ទះអ្នកស្រុក លោកនិមន្តដើរទៅយូរគួរសមហើយក៏មានអារម្មណ៍ថាខ្លួនឯង កំពុងដើរផុតព្រៃស្រោងហើយព្រោះសង្កេតឃើញដើមឈើចាប់ផ្តើមល្បោយរយាលៗរហូត ដល់ក្លាយទៅជាត្រាញ់វាលស្រឡះធ្លះត្លេង រេវត្តភិក្ខុធូរទ្រូង កាលបើសម្លឹងទៅខាងមុខឃើញ ពន្លឺចង្កៀងប្លុងៗកំពុងភ្លឺភ្លឹបភ្លែតៗ នៅកណ្តាលសមន្ធការងងឹតស្លុបនោះ ទើបប្រញាប់ដើរ តម្រង់ទៅរកចង្កៀងនោះ នៅទីបំផុត ក៏ជួបខ្ទមតូចមួយខ្នងឈរនៅស្ទុងៗក្នុងទីងងឹត រេវត្តភិក្ខុ ដើរស្លៅសំដៅទៅគោះទ្វារហៅម្ចាស់ផ្ទះភ្លាមថា
"មានអ្នកណានៅទេ? "
"អ្នកណាមកពីណា?" មានសម្លេងខ្មោះខ្មូរកំបុតកំបុយលាន់ឮមកពីខាងក្នុងខ្ទម
"អាត្មាជាសមណៈអ្នកដើរផ្លូវឆ្ងាយ បើលោកមិនយល់ទាស់ទេ អាត្មាសូមស្នាក់នៅជាមួយនឹង លោកមួយយប់" រេវត្តភិក្ខុឆ្លើយតប
"លោកស្នាក់នៅជាមួយនឹងខ្ញុំកណាមិនបានទេ ខ្ញុំកណាជាមនុស្សចណ្ឌាល លោកជាព្រាហ្មណ៍ ចូរទៅរកកន្លែងស្នាក់ជាមួយនឹងពួកព្រាហ្មណ៍ចុះ" គ្រាន់តែបានឮពាក្យថា "ចណ្ឌាល" ភិក្ខុកម្លោះក៏ភ្នកនឹកដល់ស្ថានភាពរបស់ខ្លួនឯងភ្លាម លោកស្ទើរតែនឹងប្រាប់ទៅម្ចាស់ខ្ទមថា លោកក៏ជាចណ្ឌាលដែរ ប៉ុន្តែគិតទាន់បាន ទើបឆ្លើយថា "អាត្មាមិនមែនជាព្រាហ្មណ៍ទេ"
"បើអញ្ចឹងលោកជាក្សត្រឬ?"
"មិនមែនទេ អាត្មាមិនមែនជាក្សត្រ មិនមែនជាព្រាហ្មណ៍ មិនមែនជាព្រៃងារ មិនមែនជាអ្នកងារ ទាំងមិនមែនជាចណ្ឌាលទៀត ប៉ុន្តែអាត្មាជាមនុស្សដូចលោកដែរ"
"ចម្លែកណាស់ ! លោកនិយាយចម្លែកណាស់ ! " ប្រុសកម្លោះនិយាយឡើងក្រោយពីស្ងាត់ មាត់ទៅមួយស្របក់
"បើលោកមិនយល់ទាស់ទេ ខ្ញុំកណាត្រេកអរនឹងទទួលស្វាគមន៍លោក" ពោលហើយក៏បើកទ្វារ ឲ្យភិក្ខុកម្លោះនិមន្តដើរចូលទៅ "សូមនិមន្តគង់លើគ្រែនេះ"ប្រុសវ័យចាស់ម្ចាស់ផ្ទះចង្អុលទៅកាន់គ្រែកញ្ចាស់ដែលតាំងនៅកៀន ជញ្ជាំងបណ្តើរ "​ក្អមទឹកថ្កល់នៅត្រង់កន្លែងនោះ និមន្តឆាន់តាមព្រះទ័យចុះ ខ្ញុំកណាជាមនុស្ស ក្រីក្រទទួលបដិសណ្ឋារកិច្ចលោកម្ចាស់តាមមានតាមបាន"ពោលហើយវយជនក៏ដើរទៅអង្គុយ ក្បែរជើងក្រានយកដៃឆ្អើរភ្លើងសម្តែងថារងាខ្លាំងណាស់ ។
រេវត្តភិក្ខុទ្រើបៗរំកិលខ្លួនចូលទៅអង្គុយលើគ្រែដែលគ្មានកម្រាលអ្វីដាក់ក្រាល ថ្កល់បង្វេច សង្ឃាដីទុកលើគ្រែ ថ្កល់បាត្រទុកលើផ្ទៃក្តារ ហើយក៏មៀង ភ្នែកមើលពាសជុំវិញបន្ទប់ ខាងក្នុង បន្ទប់នោះ ក្រៅតែពីប្រុសចាស់ជរានោះហើយគ្មានអ្នកណាផ្សេងទៀតទេ លើស្នួឈើក្បែរ ជញ្ជាំង ឃើញមានកន្ទបចាស់ៗ ២-៣ ផ្ទាំងពាតពាក់នៅ ក្បែរៗចង្រ្កាន មានក្អមនិងកុលាភាជន៍ ថ្កល់នៅ ក្អមទឹកក្អេងជំទើរនៅក្បែរទ្វារចូល ត្រង់កៀនជ្រុងជញ្ជាំងម្ខាងទៀតមានកំាបិត ប៉ូវថៅ និងអយភណ្ឌដាក់គរលើគ្នា លុះត្រួតពិនិត្យមើលជុំវិញបន្ទប់ហើយ រេវត្តភិក្ខុក៏បែរទៅសម្លឹង មើលប្រុសជរាម្ចាស់ខ្ទមដែលកំពុងអង្គុយអាំងភ្លើងយ៉ាងប៉កល្វើយ គាត់មានអាយុប្រមាណជា ៦0 ឆ្នាំប្លាយ ប៉ុន្តែមើលទៅដូចជាខែងរែងមាំមួនណាស់ គាត់ស្លៀកសំពត់សំឡុយ ១ ផ្ទាំង និង មានក្រមា ១ ផ្ទាំងទៀតបង់ពាក់នៅលើស្មា មើលអាកប្បកិរិយាទៅហាក់នឹងថាគាត់គ្មាន ចំណាប់អារម្មណ៍ចំពោះភ្ញៀវប្លែកមុខរបស់គាត់ទេ ភិក្ខុកម្លោះស្រិតទឹកពីក្អមឆាន់ទាល់តែឆ្អែត ហើយក៏ត្រឡប់ទៅគង់លើគ្រែវិញ ទឹកឆាន់ដ៏ត្រជាក់ស្រេបធ្វើឲ្យលោកស្រួលខ្លួនស្រឡះស្រឡំ មានកម្លាំងកំហែងព្រឺស ប្រុសជរានៅតែអង្គុយសម្លឹងមើលអណ្តាតភ្លើងក្នុងចង្រ្កានយ៉ាងសោះ អង្គើយ ហាក់បីដូចជាមនុស្សកំពុងតែគិតអ្វីមួយទៅឆ្ងាយលន្លោចដូច្នោះ ភិក្ខុកម្លោះមើលឃើញ សភាពបែបនោះហើយក៏កើតមានសេចក្តីអាណិតអាសូរ ចង់នឹងសន្ទនាប្រាស្រ័យជាមួយ ប៉ុន្តែខ្លាចក្រែងជាការរំខានសមាធិរបស់គាត់ តាមការពិត រឿងបែបនេះ គួរតែជាមុខនាទីរបស់ ម្ចាស់ផ្ទះដែលមានអធ្យាស្រ័យនឹងសួរដេញដោលដំណើរសុខទុក្ខជាមួយនឹងភ្ញៀវរបស់ខ្លួន ប្រុសជរានេះមើលទៅដូចជាមានអធ្យាស្រ័យអើពើល្អដែរ ប៉ុន្តែហេតុដូចម្តេចបានជាធ្វើព្រងើយ កន្តើយមិនសម្តែងចំណាប់អារម្មណ៍ចំពោះភ្ញៀវរបស់ខ្លួនសោះអញ្ចឹង គិតបានដូច្នេះហើយ រេវត្តភិក្ខុទើបចាប់ផ្តើមការសន្ទនាឡើងមុនថា
"ម្នាលឧបាសក ! អាត្មាសូមអរគុណញោមជាពន្លឹកដែលមេត្តាផ្តល់ការអនុគ្រោះដល់អាត្មា ក្នុងគ្រានេះ អាត្មានឹងមិនភ្លេចគុណូបការៈរបស់ញោមទេ ប្រសិនបើមិនជាការអុកឡុករំខាន សេចក្តីស្ងប់របស់ញោមទេ អាត្មាចង់នឹងសន្ទនាជាមួយនឹងញោមខ្លះ"
ប្រុសជរាងាកបែរមកខាងរេវត្តភិក្ខុហើយឆ្លើយតបដោយមិនបានមើលមុខលោកថា
"សូមនិមន្តសន្ទនាចុះ ខ្ញុំកណាមិនយល់ទាស់អ្វីទេ"
"ចាប់តាំងពីអាត្មាឈានជើងចូលមកក្នុងខ្ទមនេះ អាត្មាមិនឃើញអ្នកណាផ្សេងទៀតទេ ចុះញោមនៅម្នាក់ឯងទេឬ?"
"ត្រឹមត្រូវហើយ ខ្ញុំកណានៅម្នាក់ឯងទេ "ប្រុសជរាឆ្លើយទាំងភ្នែកនៅសម្លឹងមើលទៅភ្លើងក្នុង ចង្ក្រាន
"អាត្មាដើរផ្លូវមកឆ្ងាយ មិនដឹងភូមិសាស្ត្រអ្វីទេ សូមប្រាប់អាត្មាផងថាកន្លែងដែលយើងកំពុងតែ នៅនេះជាដែនអ្វី "
"ជាដែនដីនៃក្រុងបាវា ចេញពីទីនេះទៅក្រុងបាវា មានចម្ងាយផ្លូវប្រមាណជា ១ គាវុត ចេញពីក្រុងបាវាទៅក្រុងកបិលព័ស្តុដែលស្ថិតនៅទិសខាងលិច មានចម្ងាយផ្លូវ ១០​ យោជន៍ ភ្នំហិមាល័យស្ថិតនៅទិសខាងជើង នៅពេលថ្ងៃ លោកម្ចាស់អាចមើលឃើញកំពូលភ្នំនានា បានយ៉ាងច្បាស់ " ប្រុសជរាឆ្លើយទាំងយកចង្កៀសឆ្កៀសភ្លើងក្នុងចង្រ្កានឲ្យភ្លឺរន្ទាលឡើង
"ញោមឆ្លើយតបចំពោះអាត្មាបានយ៉ាងច្បាស់លាស់ណាស់ ញោមនៅទីនេះ ប្រកបមុខរបរអ្វី មុខរបររបស់ញោមកាក់កបទេ?"
"ខ្ញុំកណាប្រកបមុខរបរកាប់ឧសលក់" ប្រុសជរាឆ្លើយតប ចម្លើយរបស់គាត់ធ្វើឲ្យភិក្ខុកម្លោះនឹក ភ្នកទៅដល់ស្ថានភាពដើមរបស់ខ្លួនម្តងទៀត "ឃើញថាល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន ព្រោះខ្ញុំកណានៅខ្លួនមួយ ទោះចំណូលតិចមែន ប៉ុន្តែក៏មិនក្តៅក្រហាយដែរ"
"ញោមមិនមានប្រពន្ធកូនទេឬ?"
"ខ្ញកណាមានប្រពន្ធកម្សត់កម្រម្នាក់ដែរ ប៉ុន្តែនាងបានស្លាប់ចោលខ្ញុំកណាតាំងពីដើមឆ្នាំនេះ ម្លេះ អំណស់ពីនាងទៅ ខ្ញុំកណានៅតែម្នាកឯងទេ"ប្រុសជរាឆ្លើយតបដោយទាំងសម្លេងអួល ដើម-ក សម្តែងថាគាត់និយាយទាំងសំណោកសោកសៅ "បពិត្រលោកសមណៈ ! ខ្សែជីវិត របស់ខ្ញុំកណាកម្សត់ណាស់តាំងពីកើតមក ខ្ញុំកណាមានតែការផ្លាស់លំនៅឋានរហូត ការនិរាស ព្រាត់ប្រាសនិងភាពក្រខ្សត់"
"កុំតូចចិត្តអី ឧបាសកអើយ ! "ភិក្ខុកម្លោះលួងលោម "មិនត្រឹមតែញោមម្នាក់ប៉ុណ្ណោះទេដែល មានខ្សែជីវិតរងទុក្ខទោម្នេញ នៅមានមនុស្សជាច្រើននាក់ទៀតដែលត្រូវរងទុក្ខលំបាកដូច យ៉ាងញោមដែរ ទាំងដែលពិបាកជាងញោមទៀតក៏មាន ចុះញោមមានកូនប្រុសកូនស្រី នឹងគេទេ?"
"ខ្ញុំកណាមានកូនប្រុសម្នាក់ដែរ ប៉ុន្តែគ្មានកូនស្រីទេ ប៉ុន្តែពេលនេះវាពុំបាននៅទីនេះទេ"
"វានៅឯណា? ឧបាសក ! " ភិក្ខុកម្លោះសួរដោយចំណាប់អារម្មណ៍
"នៅឯក្រុងសាវត្ថីជារាជធានីនៃដែនកោសលឯណោះ យើងបែកគ្នាច្រើនឆ្នាំហើយ ពេលខ្ញុំ កណាបែកពីវាមក វាមានអាយុទើបតែបាន ១៥​ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពេលនេះវាមុខជាធំទ្រើស ហើយ"
ចម្លើយរបស់ប្រុសជរាធ្វើឲ្យភិក្ខុកម្លោះគន់គិតថយក្រោយ រៀងលំដាប់ខ្សែជីវិតរបស់ខ្លួនឯង ម្តងទៀតព្រោះវាហាក់ដូចជាមានរឿងដែលស៊ីចង្វាក់គ្នានឹងខ្សែជីវិតរបស់ប្រុសជរានេះពេក ណាស់
"ចុះកូនប្រុសរបស់ញោមឈ្មោះអី ហេតុអីបានជាញោមបែកពីវាមក?"
"លោកម្ចាស់ពិតជាចាប់អារម្មណ៍និងចង់ដឹងខ្សែជីវិតរបស់ខ្ញុំកណាណាស់ហ្ន ! "ប្រុសជរាមាន ប្រសាសន៍ទាំងសម្លឹងមើលមុខភិក្ខុកម្លោះដោយមានស្នាមញញឹមលើទឹកមុខដ៏ស្ងួតក្រៀមខ្លះ គាត់ប្រហែលជាអស់សំណើចនឹងភិក្ខុកម្លោះដែលសម្តែងសេចក្តីក្រវើនក្រតើនចង់ដឹងចង់ឮ ប្រវត្តិរបស់គាត់ ហើយទើបឆ្លើយថា
"កូនប្រុសរបស់ខ្ញុំកណាឈ្មោះ រេវត្តៈ មូលហេតុដែលខ្ញកណាសុខចិត្តបែកចេញពីវា មកព្រោះតែក្រមួយប៉ុនហ្នឹងឯង លោកសមណៈអើយ ! មុនពេលដែលខ្ញុំកណាបែកចេញពី វាមក ខ្ញុំកណាបានពិគ្រោះគ្នាជាមួយនឹងប្រពន្ធរបស់ខ្ញកណា ហើយបាននាំវាទៅផ្ញើទុកនឹង លោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថី លោកមានការុញ្ញចិត្តទទួលយកហើយបានឧបត្តម្ភគាំទ្រ វាយ់ាងល្អ ពេលថ្មើរណេះ វាប្រហែលជាមានសេចក្តីសុខសប្បាយទេ ជួនកាល វាអាចនឹងភ្លេច ពុករបស់វាហើយក៏មិនដឹង" ប្រុសជរាដកដង្ហើមធំហ៊ឺៗទាំងឱនមុខចុះផ្លុំភ្លើងបណ្តើរ ។ ភិក្ខុកម្លោះត្រូវទប់សមាធិចិត្តយ៉ាងខ្លាំងដើម្បីទប់សង្កត់ចិត្តខ្លួនឯងដែលអររអឹករអាំទាំងលាយឡំ ដោយសេចក្តីរំជួលចិត្តនិងអួលណែនក្នុងទ្រូងផង ត្បិតពេលនេះលោកបានរកឃើញញោមប្រុស ហើយ ប្រុសជរាម្ចាស់ខ្ទមនេះឯងជាញោមប្រុសរបស់លោក ជាជំនួបចៃដន្យដោយនឹកស្មានមិន បាន លោកស្ទើរតែភ្លេចខ្លួនស្ទុះទៅឱបញោមប្រុសហើយប្រាប់ការពិតដល់គាត់ ប៉ុន្តែលោកទប់ ទល់ចិត្តខ្លួនឯងបាន ពីព្រោះបើប្រុសជរាដឹងថាភ្ញៀវប្លែកមុខដែលកំពុងតែសន្ទនាជាមួយនឹងខ្លួន ជារេវត្តៈកូនប្រុសតែមួយគត់ដែលខ្លួននឹកស្រមើស្រមៃរកជានិច្ចនោះ គាត់អាចនឹងត្រេកអរខ្លាំង ពេក អំណរខ្លាំពេកអាចធ្វើឲ្យគាត់វិកលចរិតទៅក៏បាន ភិក្ខុកម្លោះទើបទប់សង្កត់ចិត្ត មិនបានបង្ហើប ប្រាប់ខ្លួនភ្លាមៗទេ ប៉ុន្តែនឹងបង្ហើបប្រាប់បន្តិចម្តងៗ
"ញោមនឹករលឹកដល់កូនប្រុសរបស់ញោមទេ?" ភិក្ខុកម្លោះសួរក្រោយពីភ្លឹកគិតអស់មួយសន្ទុះធំ ដោយខំពត់សម្លេងឲ្យជាប្រក្រតី
"ឱ ! លោកសមណៈ ! លោកម្ចាស់មិនសមនឹងសួរខ្ញុំកណាយ៉ាងនេះទេ គ្មានពេលណាដែល ខ្ញុំកណាមិននឹករលឹកដល់វាឡើយ សូម្បីតែពេលដេកលក់ ខ្ញុំកណាក៏តែងតែយល់សប្តិឃើញវា ជារឿយៗ យប់ម្សិលមិញនេះ ខ្ញុំកណាបានយល់សប្តិឃើញវាមករកខ្ញុំកណាដល់ក្រុងបាវានេះ កំពុងតែយល់សប្តិនោះ ខ្ញុំកណាត្រេកអរខ្លាំងណាស់ ប៉ុន្តែលុះភ្ញាក់មកដឹងថា វាជាការយល់សប្តិ ខ្ញុំកណាសោកសង្រេងចិត្តជាខ្លាំង"
"បើឧបមាថាកូនប្រុសរបស់ញោមមានសេចក្តីសុខសប្បាយនៅឯក្រុងសាវត្ថីហើយភ្លេចញោមឈឹងទៅហើយ តើញោមនៅតែគិតដល់វាទៀតឬ?" ភិក្ខុកម្លោះសួរធ្វើពើ
ប្រុសជរាសម្លឹងមើលកូនប្រុសខ្លួនឯងទាំងមិនសូវនឹងពេញចិត្តហើយស្រដីឡើងថា
"ទៅមិនរួចទេ កូនប្រុសរបស់ខ្ញុំកណាជាមនុស្សល្អណាស់ វានឹងមិនភ្លេចឪពុកម្តាយរបស់វាទេ វាច្បាស់ជាគិតដល់ខ្ញុំកណាដូចដែលខ្ញុំកណាគិតដល់វាដែរ បើមិនអញ្ចឹងទេវាច្បាស់ជាមិនមក ចូលយល់សប្តិរបស់ខ្ញុំកណារាល់យប់ទេ"
ភិក្ខុកម្លោះខំញញឹមហើយពោលថា "ម្នាលឧបាសក ! ញោមដូចជាជឿជាក់លើកូនប្រុសរបស់ ញោមពេកហើយ កូនប្រុសស្រីភាគច្រើនគិតដល់ឪពុកម្តាយតែក្នុងគ្រាមានទុក្ខលំបាកប៉ុណ្ណោះ ប៉ុន្តែក្នុងគ្រាមានសុខ គេអាល័យតែជក់ភ្លើតភ្លើននឹងសេចក្តីសុខរបស់គេឯណោះ គេមិនគិត ដល់ឪពុកម្តាយទេ អាត្មាគិតថា កូនប្រុសរបស់ញោមជាមនុស្សប្រភេទទី ២ គឺ ចូលចិត្តសប្បាយ ពេលនេះកូនប្រុសរបស់ញោមកំពុងតែមានសេចក្តីសុខស្រណុកស្រណាននៅឯក្រុងសាវត្ថីដ៏ រុងរឿងឯណោះ គេគ្មានពេលមកគិតខ្វល់អំពល់ទុក្ខដល់ញោមទេ បើគេគិតដល់ញោមដូចដែល ញោមគិតស្មានទុកមែន គេមុខជានឹងមកទទួលយកញោមទៅសោយសុខជាមួយនឹងគេយូរ ហើយ "
"បើដូច្នោះមែន វាជាកម្មអកុសលរបស់ខ្ញុំកណា" ប្រុសជរានិយាយដោយសម្លេងខ្សាវៗ ទឹកមុខ របស់គាត់ប្រែជាក្រៀមក្រំស្រពាប់ស្រពោនភ្លាម គាត់ដើរចេញពីចង្រ្កានភ្លើងទៅឈរត្រង់មាត់ ទ្វារសម្លឹងមើលតាមប្រហោងតូចៗដែលមាននៅនឹងទ្វារចេញទៅរកភាពងងឹតអន្ធការនិងភាព ត្រជាក់ស្រេបនៅខាងក្រៅយ៉ាងរសាប់រសល់ គាត់ឈរទ្រឹងនឹងមួយស្របក់ហើយក៏ដើរទៅ ក្បែរចង្ក្រានភ្លើងវិញ ភិក្ខុកម្លោះតាមសង្កេតមើលកិរិយាអាការរបស់ញោមប្រុសដោយសេចក្តី អាណិតអាសូរពន់ពេក ប៉ុន្តែនៅតែតាំងចិត្តមុតមាំថានឹងលាក់បាំងខ្លួនតទៅ
"ម្នាលឧបាសក ! កុំខ្វល់នឹកដល់កូនប្រុសរបស់ញោមខ្លាំងពេក ចូរធ្វើចិត្តឲ្យសប្បាយចុះ គេមាន សេចក្តីសុខហើយ ចូរខ្វល់រឿងខ្លួនឯងឲ្យមែនទែន ពីព្រោះញោមចាស់ជរាណាស់ហើយ ញោមប្រៀបដូចជាដើមឈើដែលដុះនៅក្បែរច្រាំងស្ទឹង គឺ មច្ចុរាជ ទោះបីជាញោម នឹកដល់កូនប្រុសរបស់ញោមប៉ុនណា គេក៏ជួយអ្វីញោមមិនបានដែរ ខ្លួនញោមប៉ុណ្ណោះ ដែល អាចជួយខ្លួនញោមបាន ហេតុដូច្នេះ ចូរគិតដល់ខ្លួនឯងវិញល្អជាង ចូរប្រញាប់ធ្វើបុណ្យ ធ្វើកុសល ទុកជានាវាដឹកចម្លងញោមឆ្លងភពឆ្លងជាតិវិញប្រសើរជាង អំពើល្អប៉ុណ្ណោះអាចជួយ ញោមបាន "
ភិក្ខុកម្លោះបានសម្តែងហេតុផលជាច្រើនតទៅទៀត រហូតដល់ព្រឹធជនចាប់ផ្តើមរម្ងាចរំលស់ លំនឹកគិតអាល័យដល់រេវត្តៈកូនប្រុសរបស់ខ្លួនបានខ្លះ ។

No comments:

Post a Comment