Friday, March 4, 2011

យុវកម្លោះប្រកាសសង្គ្រាមស្នេហ៍

ដោយកិច្ចសហការពីនាងព្រហ្មណីជាម្តាយ សុវឌ្ឍនកុមារបានជួបនឹងលីលាវតីក្រោមម្លប់ដើម អសោកប្របមាត់ស្រះក្នុងសួនច្បារខាងក្រោយគហដ្ឋាន ចាប់តាំងពីពេលដែលរេវត្តភិក្ខុភៀស ខ្លួនចេញពីក្រុងសាវត្ថីនិងម្តាយបង្គាប់ឲ្យរៀបការនឹងសុវឌ្ឍនកុមារ លីលាវតីស្រីកម្សត់ក៏កើត ទុក្ខអង្គុកអង្គុល នាងមិនចង់នឹងរៀបការជាមួយនឹងសុវឌ្ឍនកុមារឬបុរសណាក្នុងលោកនេះទេ ព្រោះ នាងនៅមានភក្តីភាពចំពោះរេវត្តភិក្ខុ ដើម្បីបន្ធូរបន្ថយទុក្ខសោកដល់ខ្លួនឯង នាងច្រើនតែ វេះចេញ ពីភាពច្របូកច្របល់ក្នុងគេហដ្ឋានទៅអង្គុយលេងលើមាត់ស្រះក្នុងសួនច្បារខាង ក្រោយផ្ទះ នាងប្រាប់ថាត្រង់កន្លែងនោះវាធ្វើឲ្យស្បើយពីអារម្មណ៍ស្មុគស្មាញ ផ្កាឈូកដែលរីក សំពោងព្រោងព្រាតនៅក្នុងស្រះ ផ្ទាំងថ្មដ៏ត្រជាក់ត្រជំក្រោមស្រមោលដើមអសោកជួយឲ្យ នាងស្រាកស្រាន្តចិត្តបានខ្លះ ប៉ុន្តែដោយទឹកចិត្តពិត លីលាវតីទៅកន្លែងនោះដើម្បីស្រូបយក បរិយាកាសដ៏កក់ក្តៅនៃអតីតកាលកាលពី ១០ ឆ្នាំកន្លងមក ធ្លាប់ជាលំនៅរបស់​រេវត្តៈប្រុស កម្លោះកំពូលដួងចិត្តរបស់នាង ជាកន្លែងដែលនាងបានជួបនឹងគេជាគ្រាដំបូង លីលាវតីអង្គុយ ត្រង់កន្លែងនោះយ៉ាងស្រគត់ស្រគំ សម្លឹងមើលហ្វូងមច្ឆជាតិកំពុងហែបហែលទៅមកក្នុងទឹកថ្លា និងហ្វូងភមរជាតិដែលហើរឆ្វាត់ឆ្វែលចូលត្រឹបកេសរផ្កាឈូកទាំងបណ្តែតចិត្តឲ្យអណ្តែត លឿនលយទៅដោយឥតទិសដៅ...
សុវឌ្ឍនកុមារកម្លោះវក់ស្នេហ៍ទ្រោមខ្លួនចុះអង្គុយក្បែរលីលាវតី ទាំងឆ្មៀងភ្នែកមើលទៅ លីលាវតីហើយនិយាយសុំសេចក្តីយល់ចិត្តពីនាងដោយសម្លេងតិចៗបែបអង្វរកថា
"ហៃលីលាវតី ! ខ្ញុំសូមនិយាយនឹងនាងដោយស្មោះអស់ពីដួងចិត្ត ខ្ញុំបានត្រាច់ចរទៅសិក្សា សិល្បវិជ្ជាក្នុងកន្លែងជាច្រើន បានពើបពះប្រទះស្រ្តីភេទមកជាច្រើន ប៉ុន្តែគ្មានស្ត្រីណាអាចយក ឈ្នះចិត្តរបស់ខ្ញុំបានដូចនាងទេ គ្រាន់តែខ្ញុំបានជួបនាងជាបឋមទស្សន៍ឯទ្វារទេវាល័យ ក្នុងថ្ងៃនោះ ខ្ញុំបានបាក់ចិត្តស្រឡាញ់នាងយ៉ាងងប់ងល់ភ្លាម ចាប់តាំងពីថ្ងៃនោះមក ដេកមិន បានខានចំណីព្រោះអីគិតដល់នាង ខ្ញុំត្រេកអរជាអតិបរមាដែលបានមកជួបនាងក្នុងថ្ងៃនេះ"
កាលបានឃើញលីលាវតីនៅតែអង្គុយធ្មឹងសម្លឹងមើលផ្កាឈូក គេក៏រ៉ាយរ៉ាប់ប្រាប់ស្នេហាតទៅ ទៀតថា
"ខ្ញុំគិតថាព្រះអាទិទេពលើសុរាល័យមុខជាសាងខ្ញុំមកដើម្បីធ្វើជាទាសករស្នេហារបស់នាង ជាពិសេសក្នុងជាតិនេះ ខ្ញុំទំនងជារស់នៅដោយគ្មាននាងមិនបានទេ យល់ចិត្តខ្ញុំខ្លះទេ លីលាវតី ! "
"ខ្ញុំចង់នឹងយល់ចិត្តនាយដែរ"ស្រីក្រមុំនិយាយយ៉ាងវ្ហោះវ្ហើយ ភ្នែកនៅសម្លឹងមើលទៅឯផ្កាឈូក ខាងមុខ "ប៉ុន្តែយើងទើបនឹងស្គាល់គ្នាថ្មីៗ សូមឲ្យយើងសេពគប់គ្នាឲ្យយូរជាងនេះបន្តិចទៀត ជួនកាល ខ្ញុំអាចនឹងយល់ចិត្តនាយបាន"
ពាក្យសម្តីចុងក្រោយរបស់លីលាវតី ធ្វើឲ្យយុវកម្លោះញញឹមបានបន្តិច ហើយគេក៏និយាយថា
"ទម្រាំនឹងនាងយល់ចិត្តខ្ញុំ ខ្ញុំទំនងជាស្លាប់ចោលមុនព្រោះអំណាចនៃសេ្នហាមិនខាន នៅមាន អ្វីខ្វះទៀតឬដែលខ្ញុំត្រូវធ្វើដើម្បីផ្គាប់ចិត្តនាង សូមប្រាប់ខ្ញុំមកចុះ ខ្ញុំជាទាសករស្នេហារបស់នាង ហើយទាំងកាយនិងចិត្ត"
"នាយមិនបាច់ធ្វើអ្វីទាំងអស់ ក្រៅតែពីរងចាំពេលវេលាជាគ្រឿងអារកាត់"
"ហៃលីលាវតី ! ក្នុងពិភពផែនដីនេះ មានមនុស្សនិករជាច្រើន ដែលមាត់និងចិត្តមិនត្រូវគ្នា ប៉ុន្តែខ្ញុំមិនមែនជាមនុស្សប្រភេទនោះទេ ខ្ញុំសូមធានាដោយកិត្តិយសគ្រួសារ និង សិប្បាចារ្យ ទិសាបាមោក្ខនៃក្រុងតក្កសិលា លំពាំងខ្លួនខ្ញុំនៅមិនគ្រប់គ្រាន់ទៀតឬ?"
"ខ្ញុំចង់នឹងជឿសម្តីនាយដែរ ប៉ុន្តែចាស់បូរាណពោលថា
១.សម្តីរបស់គូវិវាទក្នុងរឿងក្តី
២.សម្តីរបស់ទូតអ្នកមកចរចាកិច្ចការនយោបាយ
៣.សម្តីរបស់ឈ្មួញអ្នកលក់ទំនិញ
៤.សម្តីរបស់ប្រុសកម្លោះដែលកំពុងតែស្រឡាញ់ស្រីក្រមុំ
ទាំង ៤ យ៉ាងនេះកុំអាលជឿឲ្យុច្រើនពេក"
ប្រុសកម្លោះអង្គុយស្ងៀមធ្មឹងសម្លឹងមើលលីលាវតីដោយចម្លែកចិត្តចំពោះសម្តីថ្វីមាត់ដ៏មានគតិ ធម៌របស់នាង លីលាវតីមិនត្រឹមតែស្អាតដោយរូបរាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លៀវឆ្លាតនិង មានចំណេះវិជ្ជាជ្រៅជ្រះទៀតផង
"ណ្ហើយចុះ ! បើប្រការនេះនឹងធ្វើឲ្យនាងពេញចិត្តបាន ខ្ញុំត្រេកអរនឹងរងចាំ"ប្រុសកម្លោះ​និយាយយ៉ាងទន់ភ្លន់ហើយក៏ក្រោកឈរឡើង "ខ្ញុំសូមលានាងទៅសិនហើយ ថ្ងៃក្រោយសឹម ជួបគ្នាទៀត" លីលាវតីធូរស្បើយចិត្តដែលសុវឌ្ឍនកុមារត្រឡប់ទៅវិញ ព្រោះនាងនឹងបានស្វែង រកសេចក្តីសុខពីការគិតដល់រឿងចាស់តទៅទៀតដោយគ្មានអ្នកណាឆាឆៅ ជំនោរខ្យល់ត្រជាក់បក់ផាត់មកមួយវ៉ឺត ធ្វើឲ្យត្របកផ្កាឈូកដែលនៅខាងមុខរួងរុះ ជ្រុះចុះព្រាតអណ្តែតលើផ្ទៃទឹកពព្រាយ អព្ភូតហេតុធម្មជាតិនេះធ្វើឲ្យលីលាវតីនឹក  ភ្នកមកដល់ជីវិតខ្លួនឯង ពេលវេលាកន្លងទៅ ជីវិតរបស់នាងក៏កន្លងទៅដែរ រូបរាង ដែលកំពុងតែស្រស់ស្អាតក៏រុះរោយទៅរាល់ថ្ងៃ មិនយូរប៉ុន្មាន ក៏ដល់នូវកិរិយាបែក ធ្លាយទៅ គឺ ផុតរលត់ទៅបីដូចជាត្របកផ្កាឈូកដែលរួងរុះជ្រុះកាន់ផ្ទៃទឹកដូច្នោះ សូមដូចពាក្យបូរាណពោលថា
យុវតីស្រីឆើតស្រស់សម្រស់ស្អាត ដូចរុក្ខជាតិលាតលូតលាស់ស្រស់គួរគាប់ លុះចាស់ឡើងស្បែកជ្រីវជ្រួញរួញស្រពាប់ លែងគួរគាប់នឹងគយគន់ទស្សនា ។ រីបុប្ផាផ្ការីកស្រស់អស់ទាំងព្រៃ យុវវ័យថ្លៃវិសេសគួរស្នេហា
ដល់រូបរោយបាក់សម្រស់អស់កាលណា ប្រុសស្នេហាថ្លែងវាចាថាធុញទ្រាន់ ។
លុះគិតដល់សច្ចធម៌នេះហើយ ស្រីក្រមុំនឹកស្រយុតចិត្តនិងនឿយណាយក្នុងជីវិត នាងត្រឡប់ទៅគេហដ្ឋានវិញដោយចិត្តក្រៀមក្រំ សុវឌ្ឍនកុមារតែងមករកលីលាវតីរាល់ថ្ងៃ មួយអន្លើដោយកាដូដ៏មានតម្លៃផ្សេងៗ ប៉ុន្តែគេក៏ស្ពាយយកកំហកបំណងត្រឡប់ទៅផ្ទះវិញរាល់ថ្ងៃដែរ លីលាវតីគ្មានផ្តល់ ក្តីសង្ឃឹមអ្វីដល់គេទេ ក្រៅតែពីពាក្យថា "ចាំមើលសិន" ចំណែកខាងម្តាយចំាំឃ្លាំ មើលលទ្ធផលទំនាក់ទំនងរវាងកូនស្រីនិងប្រុសកម្លោះ កាលបើមិនឃើញមាន លទ្ធផលអ្វីកើតឡើង ក៏នឹកខ្វល់ចិត្តជាខ្លាំង នាងតុះតុញគំនិតមិនអាចនឹងរក វិធីសាស្រ្តណាមកនិយាយអន្ទងលួងលោមកូនស្រីឲ្យយល់ព្រមតាមបានទេ នាងគិតថា ហេតុផលតែមួយគត់ដែលរារាំងនាងមិនឲ្យទទួលបានផលសម្រេច គឺ រេវត្តភិក្ខុ ប៉ុន្តែនាងព្រាហ្មណីក៏បិទបាំងទុកមិនបានប្រាប់ឲ្យសុវឌ្ឍនកុមារដឹងទេ ព្រោះខ្លាចក្រែងជាការអាប់ឱន ពីព្រោះរេវត្តភិក្ខុជាចណ្ឌាល និង ជាអតីតមហារចោរ ។
"ហៃលីលាវតី ! នាងឲ្យខ្ញុំរងចាំដល់ពេលណា"សុវឌ្ឍនកុមារនិយាយយ៉ាងក្រៀមក្រំ ចិត្តនៅរសៀលថ្ងៃមួយ "ខ្ញុំរងចាំនាងមកយូរគួរសមហើយ ប៉ុន្តែនាងនៅមិនទាន់ សម្តែងអាកប្បកិរិយាថាយល់ចិត្តខ្ញុំនៅឡើយ នាងប្រហែលជាមានអ្នកដទៃនៅក្នុង បេះដូងហើយទេដឹង បានតែត្រឹមធ្វើបាបបេះដូងខ្ញុំលេង"លីលាវតីវិះនឹងភ្លាត់មាត់ថា នាងស្រឡាញ់ភិក្ខុពនេចររួចហើយ ប៉ុន្តែក៏ទប់ចិត្តបាន ទើបឆ្លើយថា 
"ប៉ុន្តែនាយគួរតែយល់ចិត្តខ្ញុំខ្លះដែរ រឿងរបស់យើងជារឿងធំ មិនអាចយល់ស្របគ្នា ដោយរហ័សរហួនបានទេ ព្រោះបើភ្លាំងភ្លាត់ទៅ ក៏មិនអាចនឹងកែកុនបានឡើយ នឹងត្រូវទ្រោមចិត្តរហូតមួយជីវិត សូមអត់ធ្មត់សង្កត់ចិត្តបន្តិចចុះ"
យុវកម្លោះពីក្រុងតក្កសិលាដកដង្ហើមធំហ៊ឺ ហើយក៏និយាយដោយសម្លេងខ្លាំងរនិង រនាំងថា "ក៏ព្រោះតែអត់ធន់នេះឯង ជីវិតរបស់ខ្ញុំទើបយឺតយូរបានរហូតមកដល់ ឥឡូវនេះ បើខ្វះអំណត់អត់ធ្មត់ទេ ខ្ញុំមុខជាស្លាប់ទៅយូរហើយ នាងមិនចាត់ទុក ខ្ញុំជារឿងសំខាន់ នាងលេងល្បែងទុក្ខព្រួយរបស់ខ្ញុំ ក្លែងធ្វើបាបចិត្តខ្ញុំលេងស្រួលៗ ប៉ុណ្ណោះ"និយាយហើយប្រុសកម្លោះក៏ក្រោកឡើងដើរទៅមកក្រោមម្លប់ដ៏ត្រឈឹងត្រឈៃនៃដើមអសោកយ៉ាងក្រវល់ក្រវាយចិត្ត ។
សុវឌ្ឍនកុមារឡើងទៅលើប្រាសាទដើម្បីជួបនាងគ្រហបតានីជាម្តាយរបស់លីលាវតីហើយរាយការណ៍ លទ្ធផលឲ្យនាងបានដឹងដូចដែលធ្លាប់ធ្វើមក ព្រោះនាងចូលខាងប្រុសកម្លោះយ៉ាងស៊ប់ ជាអ្នកចាំឲ្យពាក្យ ណែនាំផ្សេងៗ តាំងចិត្តស្តាប់លទ្ធផលជានិច្ច សម្រាប់គ្រានេះ នាងនឹកចម្លែកចិត្តណាស់ដែលសុវឌ្ឍនកុមារ មករកនាងដោយទឹកមុខស្រងូតស្រងាត់ខុសប្រក្រត្រី

"បពិត្រអ្នកម៉ាក់ ! សូមប្រាប់ខ្ញុំមកមើលថាតើរេវត្តៈហ្នឹងជាអ្នកណា?" គេសួរភ្លាម ធ្វើឲ្យនាងព្រាហ្មណីភាំង ស្រឡាំងកាំង ហាមាត់ចង្គ្រង់ដោយស្លន់ចិត្តព្រោះនាងមិនធ្លាប់គិតថាសុវឌ្ឍនកុមារដឹងរឿងអាថ៌កំបាំងដែល នាងព្យាយាមបិទបាំងនោះទេ 
"មេកូនទុយ៌ស ! ទៅបង្ហើបប្រាប់រឿងកំបាំងឲ្យគេស្តាប់អស់ ហើយកេរិ៍្តឈ្មោះរបស់វង្សត្រកូលបាត់បង់អសោច នៅគ្រានេះឯង" នាងគិតក្នុងចិត្តដោយកំហឹង នាងជឿជាក់ថាគ្មានអ្នកណាផ្សេងនិយាយប្រាប់ឲ្យ សុវឌ្ឍនកុមារស្តាប់ក្រៅពីលីលាវតីនោះទេ ប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តឡើង នាងទើបសួរ សុវឌ្ឍនកុមារម្តងទៀតថា 
"ហៃសុវឌ្ឍនៈ ! អ្នកណាជាអ្នកប្រាប់រឿងនេះដល់ឯង ចូរប្រាប់មកចុះ"
"ខ្ញុំមិនប្រាប់ទេទាល់តែអ្នកម៉ាក់ប្រាប់ខ្ញុំថារេវត្តៈហ្នឹងជាអ្នកណាសិន"ប្រុសកម្លោះឆ្លើយអះអាងយ៉ាងម៉ឺងម៉ាត់ នាងព្រាហ្មណីនៅញីញញូញ សូចិនាឲ្យឃើញថា នាងកំពុងតែក្រវល់ក្រវាយចិត្តយ៉ាងខ្លាំង
"អ្នកម៉ាក់មិនបាច់ប្រាប់ខ្ញុំក៏បានដែរ ការពិត ខ្ញុំក៏ដឹងរឿងនេះស្ទើរទាំងអស់ហើយ ប៉ុន្តែគ្រាន់តែចង់សាកចិត្ត   អ្នកម៉ាក់មើលប៉ុណ្ណោះ ឥឡូវនេះ ខ្ញុំដឹងហើយថាអ្នកម៉ាក់សហការជាមួយនឹងលីលាវតី ចាត់ឆាកល្ខោនបោក ប្រាស់ខ្ញុំយ៉ាងស្តែង បើខ្ញុំដឹងតាំងពីដំបូងមកថាលីលាវតីមានគូស្នេហ៍ហើយ ម្លោះខ្ញុំនឹងមិនមកបង់កម្លាំងទាក់ ទងទេ ប៉ុន្តែអ្នកម៉ាក់បិទបាំងរឿងនេះទុកមិនឲ្យខ្ញុំដឹងដើម្បីឆបោកខ្ញុំលេងសើច"
"កុំអាលសិនណៈ សុវឌ្ឍនៈ ! "នាងព្រាហ្មណីនិយាយជំទាស់ដោយទ្រាំមិនបាន 
"ឯងកំពុងតែយល់ច្រឡំ ម៉ាក់មិនដែលមានចេតនាបែបនោះទេ ឯងមួលបង្កាច់ជ្រុលពេក ការពិត ម៉ាក់គ្មាន កំហុសអបការក្នុងរឿងនេះទេ ម៉ាក់តាំងចិត្តទុកយូរហើយថានឹងតំណាលឲ្យឯងស្តាប់ ប៉ុន្តែមិនទាន់មាន ឱកាស ព្រោះគិតថាឯងនឹងអាចយកឈ្នះចិត្តលីលាវតីបាន ប៉ុន្តែកាលបើឃើញថា លីលាវតីនៅតែគិត ស្រមើស្រមៃយ៉ាងពានត្រោកពានត្រាំងដដែលយ៉ាងនេះ ម៉ាក់នឹងតំណាលការពិតឲ្យឯងស្តាប់ ឥឡូវនេះ "នាងព្រាហ្មណីក៏ចាប់ផ្តើមតំណាលដល់សម្ពន្ធភាពរវាងលីលាវតីឲ្យប្រុសកម្លោះស្តាប់យ៉ាងល្អិតល្អន់ ប៉ុន្តែនាងព្រាហ្មណីមិនបានប្រាប់គេថារេវត្តៈជាចណ្ឌាលឬជាអតីតចោរនោះទេ  នាងព្រាហ្មណីនិយាយ សរុបនៅចុងក្រោយថា 
"រឿងនេះដូច្នេះឯង ម៉ាក់បានព្យាយាមគ្រប់មធ្យោបាយហើយដើម្បីឲ្យលីលាវតីដោះដៃចេញពីរេវត្តៈ ប៉ុន្តែនាងនៅតែស្រឡាញ់ឈ្លក់វក់នឹងលោកអង្គនោះយ៉ាងងប់ងល់ទាល់តែម៉ាក់សុញគំនិតគិតមិនយល់ថា នឹងធ្វើយ៉ាងបានទេ"
សុវឌ្ឍនកុមារទ្រឹងស្តាប់នាងព្រាហ្មណីតំណាលឲ្យស្តាប់យ៉ាងយកចិត្តទុកដាក់ សូម្បីបើនាងព្រាហ្មណី តំណាលចប់ទៅហើយ គេក៏នៅតែអង្គុយស្តឹកដូចជាអ្នកគិតច្រើនរាប់រយជំពូក ឧបសគ្គតែមួយគត់ដែល ពាំងរាំងផ្លូវជីវិតរបស់គេ គឺ រេវត្តៈ បើគ្មានរេវត្តៈ អ្វីៗប្រាកដជានឹងបានសម្រេចយ៉ាងរលូន ។
"ណ្ហើយចុះ ! រឿងនេះអ្នកម៉ាក់មិនបាច់ខ្វល់ទេ"ប្រុសកម្លោះស្រដីឡើងនៅទីបំផុត "សូមឲ្យជាមុខនាទី របស់ខ្ញុំ ចាំតែមើលចុះថាតើខ្ញុំនឹងចាត់វិធានការជាមួយនឹងលោកអង្គនេះយ៉ាងម៉េច ខ្ញុំសូមលាសិនហើយ" និយាយហើយគេក៏ប្រញាប់វិលត្រឡប់ទៅវិញ ។
សុវឌ្ឍនកុមារបានរៀបចំផែនការអាក្រក់មួយដើម្បីកម្ចាត់រេវត្តភិក្ខុកម្សត់ឲ្យផុតពីផ្លូវស្នេហារបស់គេ ។

No comments:

Post a Comment