Friday, March 4, 2011

ដំណឹងស្លន់ចិត្ត

ម្នាលលោកដ៏មានអាយុ ! លុះព្រឹកព្រាងឡើង នៅពេលទ្វារបាលបើកទ្វារនគរហើយ ខ្ញុំព្រះករុណាក៏ចូលទៅ បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ កាលបើបានចង្ហាន់ល្មមចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅក្នុងថ្ងៃនោះហើយ ខ្ញុំព្រះករុណាក៏ ចេញទៅឆាន់ក្នុងវត្តវេឡុវ័នដែលជាឧទ្យាននៃព្រៃឫស្សីដែលព្រះបាទពិម្ពិសារមហារាជានៃមគធរដ្ឋស្តេចយាង ប្រទានចំណីដល់សត្វកង្ហែន វេឡុវនារាមជារមណីយដ្ឋានដ៏ត្រជាក់ត្រជុំមនោរម្យក្រៃលែងជាអារាមដទៃទៀត ដែលខ្ញុំព្រះករុណាបានជួបប្រទះមក ផ្ទៃដីខាងក្រោមត្រូវបានភិក្ខុសាមណេរបោសសម្អាតឲ្យរលីងណិល ជានិច្ច ខាងលើត្រូវប្រក់គ្របសុបប្រឡុបដោយដើមឫស្សីក្រាស់ឃ្មឹកស៊ុមទ្រុមជាដំបូលធម្មជាតិ ធ្វើឲ្យ បរិយាកាសខាងក្រោមត្រជាក់សប្បាយសព្វកាល ភិក្ខុសាមណេរក្នុងអាវាសមានចំនួនតិចទេ ព្រោះភាគច្រើន លោកបានចេញចរចារិកទៅក្នុងទិសានុទិស ទើបមានកុដិនៅទំនេរច្រើន បន្ទាប់ពីប្រគល់កាយថ្វាយខ្លួនដល់ ព្រះមហាថេរជាវិហារាធិបតីហើយ ខ្ញុំព្រះករុណាបាននាវយកកុដិតូច ១ ខ្នងដែលស្ថិតនៅជ្រៅចូលទៅក្នុង ព្រៃឫស្សីសម្រាប់ជាទីស្នាក់អាស្រ័យ ហើយតំាំងចិត្តថានឹងសម្រាកសម្រាន្តកាយព្រមទាំងអប់រំចម្រើនចិត្តខ្លះ ក្រោយពីដើរផ្លូវត្រាច់រង្គត់អស់កាលជាយូរអង្វែងមក
ចំណេរកាលតមកមិនយូរប៉ុន្មាន ព្រះមហាថេរមើលឃើញថាខ្ញុំព្រះករុណាជាអ្នកអន្ទ្រើសដឹងដាស់ដែរសមគួរ នឹងគ្រប់គ្រងភិក្ខុសាមណេរជំនួសបាន ទើបប្រគល់សង្ឃបាលកិច្ចឲ្យខ្ញុំព្រះករុណា ហើយលោកក៏លាកលា និមន្តត្រាច់ចារិកទៅ លុះទទួលបានតួនាទីវត្តអារាមហើយ ខ្ញុំព្រះករុណាក៏សំភីដឹកនាំការងារក្នុងវត្តដោយល្អ រៀងដរាបមក
ក្នុងការគ្រប់គ្រងអ្នកនៅក្រោមបង្គាប់បញ្ជា(អនិស្សរជន បរាធីន) ខ្ញុំព្រះករុណាបានដាក់ចេញនូវមូលភាព នៃព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា និងសេចក្តីយុត្តិធម៌ជាមូលដ្ឋានរបស់ចិត្ត ប្រកាន់យក ភាពត្រឹមត្រូវជាគោលការណ៍  លើកតម្កើងបុគ្គលដែលសមគួរនឹងលើកតម្កើង តិះដៀលបុគ្គលដែល សមគួរនឹងតិះដៀល មិនលម្អៀងជ្រៀងជ្រេចូលខាងនេះខាងនោះព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬ ព្រោះឆោតល្ងង់ឡើយ ។
ខ្ញុំព្រះករុណាសង្កេតឃើញអនិស្សរជនក្រោមអាណាព្យាបាលរបស់ខ្ញុំព្រះករុណា មាន ២ ប្រភេទ គឺ
ប្រភេទទី ១ ជាសមត្ថជន ប្រឹងប្រែងធ្វើអំពើល្អដោយការងារ ប្រភេទទី ២ ជាអសមត្ថជន ប្រឹងប្រែងធ្វើ អំពើល្អដោយការផ្គាប់ផ្គុន ជនទាំង ២ ប្រភេទនេះច្រើនតែជាអរិភាពនឹងគ្នា មហេសជន(អ្នកធំ)ណាដែល ទន់ខ្សោយដោយវិចារណញាណច្រើនតែល្អៀងជ្រៀងជ្រេចូលខាងពួកផ្គាប់ផ្គុន ដោយព្រងើយកន្តើយ ចំពោះពួកសមត្ថជន ធ្វើឲ្យពួកសមត្ថជនបាក់កម្លាំងទឹកចិត្តក្នុងការបំពេញការិយកិច្ច កាលបើដូច្នេះ សាមគ្គីធម៌ក៏បែកបាក់ បក្សក្រុមក៏រលំរលាយ មហេសជនប្រៀបដូចជាបង្គោលសសរ អនិស្សរជន(អ្នកតូច) ប្រៀបដូចជាគោច្រើនក្បាលដែលចងភ្ជាប់នឹងបង្គោលសសរ បើបង្គោលសសររង្គោះរង្គើរង៉ិករង៉ក់មិនរឹង មាំទេ គោក៏ទាញទាល់តែដួលរលំ លុះបង្គោលសសរដួងរលំចុះហើយ គោក៏បែកហ្វូងខ្ចាត់ខ្ចាយ ពោលគឺ អ្នកធំនឹងរឹងមាំបានព្រោះអាស្រ័យយុត្តិធម៌ជាសម្លាក់សំខាន់ ប្រកាន់សមិទ្ធិផល គឺ ស្នាដៃជាគោលការណ៍ ក្នុងការពិចារណាគំនួរគំនាប់ មិនមែនអាស្រ័យពាក្យផ្គាប់ផ្គុនរណេបរណឺបឡើយ ។
ម្នាលលោកដ៏មានអាយុ  ! អ្នកធំណាដែលខ្វះមេត្តាធម៌ជាបទដ្ឋានរបស់ចិត្ត ច្រើនតែសាហាវឃោរឃៅ ចំពោះអ្នកតូច យកការជេរស្តីវាយដំជាឧបករណ៍ កាប្រិតប្រៀបបន្តឹងជ្រុលពេកធ្វើឲ្យអ្នកតូចខ្លបខ្លាច ច្រើនជាងគោរព ប៉ុន្តែនៅក្នុងកម្លាចនោះមានសម្អប់លាក់នៅក្នុងចិត្តផង អ្នកតូចធ្វើតាមតែនៅចំពោះ មុខប៉ុណ្ណោះ ប៉ុន្តែខាងក្រោយខ្នង នាំគ្នានិន្ទារិះគន់ បើអ្នកធំនោះភៀសខ្លួនទៅឆ្ងាយឬស្លាប់ទៅ គេរឹតតែ អនុមោទនាសាធុទៅទៀត ។"អ្នកធំណាដែលខ្វះករុណាធម៌ជាក្រិត្យក្រមរបស់ចិត្ត ច្រើនតែកំណាញ់ស្វិតស្វាញ បានចតុប្បច្ច័យ លាភសក្ការៈអ្វីមក ក៏ធ្វើសន្និច្ច័យសន្សំទុកសម្រាប់តែខ្លួន មិនព្រមចែករំលែកដល់អ្នកតូចខ្លះទេ អ្នកធំបែប នេះមិនអាចបណ្តុះបេមភាព គឺសេចក្តីស្រឡាញ់ពេញចិត្តពីអ្នកតូចបានទេ ។
អ្នកធំណាដែលខ្វះមុទិតាធម៌ដែលជាមូលដ្ឋានរបស់ចិត្ត ច្រើនតែជាមនុស្សច្រណែនឈ្នានីស មិនលើកតម្កើង សេចក្តីល្អរបស់អ្នកតូច ខ្លាចអ្នកតូចល្អលើសខ្លួន រិះរកវិធីបំផ្លាញបង្កាច់បង្ខូចនៅពេលអ្នកតូចបានល្អជាងខ្លួន អ្នកធំបែបនេះឈ្មោះថា ខ្ទាស់រារាំងសេចក្តីចម្រើនរបស់អ្នកតូចដោយពិត ។
 អ្នកធំណាដែលខ្វះឧបេក្ខាធម៌ជាមូលដ្ឋានរបស់ចិត្ត ច្រើនតែជាមនុស្សអន់ខ្សោយដោយយោនិសោមនសិការ ប្រោសប្រាណអ្នកនៅក្រោមបង្គាប់ណាដែលមានរូបស្រស់ស្អាត យកសំណូកមកឲ្យខ្លួនច្រើនៗ ឬមាន ឥទ្ធិពលផ្នែកផ្សេង ដូចជា ប៉ិនរណេបរណបអែបអប ។ល។ សូម្បីបើពួកនេះប្រព្រឹត្តខុសឆ្គងក៏ដោយ ក៏ធ្វើសោះអង្គើយ  បើធ្វើល្អត្រឹមតែបន្តិចបន្តួច ក៏លើកស្ទួយកប់ពពក អ្នកធំបែបនេះប្រៀបដូចជាបោះបង្គោលនៅលើគំនរខ្សាច់ ។
ម្នាលលោកដ៏មានអាយុ ! ក្នុងការគ្រប់គ្រងគណៈសង្ឃជំនួសព្រះមហាថេរ ខ្ញុំព្រះករុណាព្យាយាមតម្កល់ខ្លួនក្នុងធម៌ មេត្តា ស្រឡាញ់ចូលចិត្តអ្នកតូចដូចកូនក្មួយ ករុណា អាណិតសង្គ្រោះដោយចតុប្បច្ច័យតាមមានតាមបាន មុទិតា តម្កុំតម្កើងលើកស្ទួយនៅពេលអ្នកតូចបានល្អ ឧបេក្ខា តាំងខ្លួនជាអព្យាក្រិតអាស្រ័យយុត្តិធម៌ជាបទដ្ឋាន ហេតុដូច្នេះហើយបានជាអ្នកតូចគោរពកោត ក្រែងខ្ញុំព្រះករុណាទាំងនៅចំពោះមុខនិងក្រោយខ្នង បដិបត្តិតាមវចនោវាទរបស់ខ្ញុំព្រះករុណាដោយ ពំនេញចិត្ត  សាមគ្គីស្រុះស្របគ្នាជាធ្លុងមួយ ញ៉ាំងការងារឲ្យសម្រេចជោគជ័យបានជារៀងរហូតមក"
ក្នុងថ្ងៃធម្មស្សវនៈ ខ្ញុំព្រះករុណាត្រូវសម្តែងធម្មទេសនាដល់ពុទ្ធបរិស័ទជំនួសព្រះមហាថេរ អាស្រ័យខ្លួន ជាអ្នកចេះដឹងសុះសព្វក្នុងធម៌ និងយល់ចូលចិត្តវិធីទេសនាខ្លះ បានជាមានពុទ្ធមាមិកជននិយមចូលចិត្ត ស្តាប់ព្រះធម្មទេសនារបស់ខ្ញុំព្រះករុណាណាស់ ចំនួនពុទ្ធបរិស័ទដែលមកស្តាប់ធម្មទេសនាបានកើនចំនួន ច្រើនឡើងរាល់ថ្ងៃ មិនយូរមិនឆាប់ កិត្តិគុណរបស់ខ្ញុំព្រះករុណាក៏ល្បីរន្ទឺឮខ្ចរខ្ចាយពេញទាំងក្រុងរាជគ្រឹះ លុះកិត្តិស័ព្ទលឿងឮរន្ទឺហុយហាយទៅ លាភយសក៏ដោយតាមមក បច្ច័យ ៤ មានអាហារជាដើមចាប់ផ្តើម ជោរជន់ហូរមករកខ្ញុំព្រះករុណា ប៉ុន្តែខ្ញុំព្រះករុណាមិនវង្វេងវង្វាន់ងប់ងល់នឹងវត្ថុធាតុទាំងនោះទេ ទុកដាក់ តែល្មមឆាន់មួយចម្អែតក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយក៏ចែករំលែកដល់ភិក្ខុសាមណេរទូទៅ ខ្ញុំព្រះករុណា ប្រកាន់យកគោលមាគ៌ាថា"ឆាន់ដើម្បីរស់ និង រស់ដើម្បីធ្វើល្អ"ប៉ុណ្ណោះ
ថ្ងៃនិងយប់កន្លងផុតទៅតាមតួនាទីរបស់វា ខ្ញុំព្រះករុណានៅតែស្នាក់នៅឯវត្តវេឡុវ័នដដែលដោយសុខ សាន្តទាំងកាយនិងចិត្ត ទីកន្លែង អាកាសធាតុ និងមនុស្សមនានៃវេឡុវនារាមជាទីត្រូវអធ្យាស្រ័យខ្ញុំព្រះ ករុណាពន់ពេក ខ្ញុំព្រះករុណាប្តេជ្ញាចិត្តថានឹងបន្តរស់នៅក្នុងវេឡុវ័នមហាវិហារឲ្យបានយូរបំផុតតាមដែល អាចយូរបាន ជួនកាល អាចយូររហូតមួយជីវិតក៏បាន ព្រមជាមួយនឹងសេចក្តីប្តេជ្ញាចិត្តនេះ ស្រាប់តែ ហេតុការណ៍មួយបានកើតឡើង ញ៉ាំងឲ្យខ្ញុំព្រះករុណាត្រូវចរចាកព្រះវេឡុវ័នទៅទៀត មានន័យថា ឆាកពនេចរលើវេទិកាល្ខោនជីវិតរបស់ខ្ញុំព្រះករុណាមិនទាន់ចប់ទេ សូមលោកដ៏មានអាយុចាំស្តាប់មើល ថាតើកើតអ្វីឡើង....
សាយណ្ហសម័យនាថ្ងៃមួយ នៅពេលស្រង់ទឹកហើយ ខ្ញុំព្រះករុណាក៏អង្គុយសម្រាកលេងលើរានហាល ដែលធ្វើដោយឫស្សីក្បែរគុម្ពឫស្សីត្រង់ទីធ្លាកុដិរបស់ខ្ញុំព្រះករុណាហ្នឹងឯង នឹកយកធម៌ ១ វគ្គឡើងមកគិត គន់គ្នាន់គ្នេរទាំងស្តាប់ស្នូរសម្លេងស្លឹកឫស្សីនិងដើមឫស្សីបៀតសៀតគ្នានៅពេលត្រូវខ្យល់បោកបក់ នៅខណៈនោះ ព្រះភិក្ខុដែលជាកូនវត្តរបស់ខ្ញុំព្រះករុណា ១ រូប ឈ្មោះ សុភូតៈ បានចូលទៅរក ខ្ញុំព្រះករុណាដល់ទីកន្លែង នៅពេលធ្វើសាមីចិកម្មហើយ បានរាយការណ៍ថា "បពិត្រព្រះតេជព្រះគុណដ៏ចម្រើន !  ថ្ងៃនេះខ្ញុំកូរណាបានទៅឲ្យឱវាទដល់ភិក្ខុណីតាមវេន នៅពេល សម្តែងធម៌ចប់ហើយ មានភិក្ខុណីប្លែកមុខម្អង់ចូលមកសួរខ្ញុំកូរណាថា ព្រះរេវត្តត្ថេរៈដែលជាសង្ឃាធិបតី ក្នុងវត្តវេឡុវនារាមនេះ  លោកជាអ្នកនគរនេះឬនិមន្តមកពីណា? ខ្ញុំកូរណាក៏ឆ្លើយប្រាប់នាងតាមត្រង់ថា លោកនិមន្តមកពីក្រុងសាវត្ថី គ្រាន់តែឮថាមកពីក្រុងសាវត្ថីភ្លាម នាងក៏សម្តែងអាការសោមនស្សជាខ្លាំង អង្គុយញញឹមមួយសន្ទុះហើយសួរទៀតថា លោកមានអាយុប្រហែលប៉ុន្មានឆ្នាំ មានរាងរៅដូចម្តេច ខ្ញុំកូរណាឆ្លើយថា អាយុប្រហែលជា ៣០ ឆ្នាំ សម្បុររាងស រាងរៅសមសួន នាងមិនដែលជួបលោកទេ ឬយ៉ាងម៉េច? ភិក្ខុណីឆ្លើយថា ធ្លាប់ជួបមកយូរហើយ ប៉ុន្តែមិនប្រាកដក្នុងចិត្តថាជារេវត្តភិក្ខុដែលខ្ញុំកណា ធ្លាប់ស្គាល់ឬក៏អត់ទេ នៅពេលខ្ញុំកូរណាសួរឈ្មោះនិងស្រុកកំណើតកើតជា នាងប្រាប់ថា នាងឈ្មោះ "លីលាវតី" មកពីក្រុងសាវត្ថី"  គ្រាន់តែឮពាក្យថា "លីលាវតី" ប៉ុណ្ណោះ ខ្ញុំព្រះករុណានឹកស្រៀវខ្ញាកក្នុងទងបេះដូង ហាក់នឹងថាត្រូវចាក់ ដោតដោយដែកអណ្តោតស្រួច ងងឹតមុខ ភ្នែកស្រពិល ងេងងោងធេងធោងស្ទើរខ្យល់ចាប់ សុភូតៈភិក្ខុស្ទុះមក គ្រាហ៍ខ្ញុំព្រះករុណាទាំងសួរបណ្តើរថា "យ៉ាងម៉េចទៅហើយ ព្រះតេជព្រះគុណ ! មិនស្រួលខ្លួនទេដឹង"
"ខ្ញុំកូរណាមិនអីទេ ធម្មតាទេ "ខ្ញុំព្រះករុណាឆ្លើយតបនៅពេលសតិមូលមកវិញ
"អំមិញ លោកនិយាយថាម៉េច? ភិក្ខុណីប្លែកមុខនោះឈ្មោះលីលាវតីមែនឬ? លោកចាំមិនច្រឡំមែនណៈ?"
"ឈ្មោះលីលាវតីពិតប្រាកដមែន" សុភូតៈភិក្ខុអះអាង "ខ្ញុំកូរណាសួរបញ្ជាក់នាងដល់ទៅ ២ ដង នៅទីបញ្ចប់ នាងប្រាប់ខ្ញុំកូរណាទៀតថានឹងមកសួរសុខទុក្ខព្រះតេជព្រះគុណនៅល្ងាចថ្ងៃនេះ  ហេតុនេះបានជាខ្ញុំកូរណា មកជូនដំណឹងដល់ព្រះតេជព្រះគុណឲ្យបានជ្រាបជាមុន"
"លីលាវតីអើយ !"ខ្ញុំព្រះករុណាអង្គុយគិតរំពឹងក្នុងចិត្ត "នាងខំឧស្សាហ៍តាមមករកលោកបងដល់ក្រុងរាជគ្រឹះ នាងមកបំផ្លាញសេចក្តីស្ងប់សុខរបស់លោកបង នាងបានដោះដៃចោលលោកបងដោយឥតអាឡោះអាល័យ ហើយទៅរៀបការជាមួយនឹងសុវឌ្ឍនកុមារ នាងបានគ្រវែងចោលនូវបុប្ផានៃសេចក្តីសង្ឃឹមរបស់លោកបង ទៅនឹងផ្ទៃដី ហើយយកជើងជាន់ឈ្លីក្រញី ឥតប្រណីទាល់តែលោកបងត្រូវនេរទេសភៀសខ្លួនចេញពីក្រុងសាវត្ថី ឥឡូវនេះ នាងតាមមករកលោកបង ដល់ក្រុងរាជគ្រឹះ នាងនឹងមកសើរើរឿងចាស់ដ៏ជូរចត់កម្សត់ទោម្នេញ បំផ្លាញសមាធិចិត្តរបស់លោកបង នាងនឹងមកឆ្កឹះឆ្កៀលរបួសបេះដូងរបស់លោកបងដែលជាសះសាទៅហើយឲ្យដរកម្រើកមកទៀត លីលាវតីអើយ ! នាងកុំសង្ឃឹមថានឹងបានជួបលោកបងទៀត"  នាកាល នឹករំពឹងមកដល់ត្រង់នេះ ខ្ញុំព្រះករុណាក៏កាត់ចិត្តដាច់ខាតថានឹងមិនព្រមឲ្យលីលាវតីជួបមុខទេ ពីព្រោះគ្មានប្រយោជន៍អ្វីសម្រាប់ ខ្ញុំព្រះករុណាក្រៅតែពីរុកគួនអង្រួនចិត្តឲ្យវិលវល់ទទេៗទោះបីជានាងមកក្នុងភេទជាភិក្ខុណីក៏ដោយ
"និមន្តទៅចុះ សុភូតៈ !" ខ្ញុំព្រះករុណាចេញបញ្ជា "ទៅប្រាប់នាងភិក្ខុណីប្លែកមុខនោះថា ខ្ញុំកូរណាមិន ចង់ជួបមុខនាងទេ ទាំងមិនអនុញ្ញាតឲ្យនាងជួបជាដាច់ខាត"
សុភូតៈភិក្ខុសម្លឹងមើលខ្ញុំព្រះករុណាដោយងឿងឆ្ងល់ហើយក៏ថ្វាយបង្គំលាទៅ នៅពេលាព្រលប់ព្រិលៗ ខ្ញុំព្រះករុណាឡើងទៅលើកុដិបិទទ្វារ ហើយក៏អង្គុយធ្វើសមាធិ ប៉ុន្តែចិត្តរសាប់រសល់សល់វ៉ល់ អារម្មណ៍ឥតមូលស្លុងក្នុងសមាធិសោះ ទាល់តែមិនអាចនឹងរម្ងាប់បាន ការដែលលីលាវតីមកនេះធ្វើឲ្យចិត្ត របស់ខ្ញុំព្រះករុណាខូចសមាធិអស់រលីង ស្ថានភាពខាងក្រៅកុដិស្ងាត់ច្រៀបដូចព្រៃស្មសាន ប៉ុន្តែខាងក្នុង ដួងចិត្តរបស់ខ្ញុំព្រះករុណាវិញអឺងកងដោយពាក្យថា "លីលាវតី" រាត្រីថ្ងៃនោះ ខ្ញុំព្រះករុណាសិងមិនលក់ ពេញមួយយប់
ស្អែកថ្ងៃព្រឹកឡើង សុភូតៈភិក្ខុនិមន្តមករាយការណ៍ប្រាប់ខ្ញុំព្រះករុពីព្រលឹមអុល
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! ខ្ញុំកូរណាបាននាំពាក្យបញ្ជារបស់ព្រះតេជព្រះគុណទៅប្រាប់ នាងភិក្ខុណីប្លែកមុខនោះតាំងតែពីល្ងាចថ្ងៃម្សិលមិញម្លេះ"
"ចុះនាងនិយាយថាម៉េចដែរ"ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍
"នាងមិនថាយ៉ាងម៉េចទេ គ្រាន់តែខ្ញុំកូរណាប្រាប់នាងចប់ នាងក៏ទ្រហោយំហ៊ូយ ខ្ញុំកូរណាមិនដឹងថានឹង លួងលោមនាងយ៉ាងម៉េចទេ ខ្ញុំកូរណានឹកអាណិតអាសូរនាងខ្លាំងណាស់ នាងយំខ្សឹកខ្សួល និយាយ រៀបរាប់រឿងរ៉ាវផ្សេងៗ ប៉ុន្តែខ្ញុំកូរណាស្តាប់មិនសូវដឹងសេចគ្រេចទេ មេត្តាឲ្យនាងជួបបន្តិចមិនបានទេឬ? ខ្ញុំកូរណាអាណិតអាសូរនាងខ្លាំងណាស់ ឧស្សាហ៍ធ្វើដំណើរដើរផ្លូវមកពីក្រុងសាវត្ថីដើម្បីនឹងបានជួបព្រះ តេជព្រះគុណ ប៉ុន្តែក៏លោតែខុសបំណង គួរយល់ចិត្តនាងខ្លះផង"
"លោកនៅមិនទាន់ដឹងការពិត លោកក៏មានអារម្មណ៍ថាគួរឲ្យអាណិតអាសូរ"
សុភូតៈភិក្ខុព្យាយាមរំអុករំអែខ្ញុំព្រះករុណាឲ្យតំណាលរឿងរ៉ាវឲ្យស្តាប់ ប៉ុន្តែខ្ញុំព្រះករុណានៅស្ងៀមជើយ ល្វើយ ធ្វើឲ្យលោកកើតសេចក្តីអន្ទះសារខ្វារកចង់ដឹងរឿងរ៉ាវនោះកាន់តែខ្លាំងឡើង
"បើលោកចង់ដឹងការពិត ចូរទៅសួរលីលាវតីដោយខ្លួនឯងចុះ បើនាងតំណាលប្រាប់ការពិតឲ្យលោកស្តាប់ លោកមុខជានឹងយល់ចិត្តខ្ញុំកូរណា អាណិតអាសូរខ្ញុំកូរណាខ្លាំងជាងលីលាវតីនេះទៅទៀត និមន្តទៅចុះ សុភូតៈ ! និមន្តទៅរកលីលាវតី ខ្ញុំកូរណាសម្រេចចិត្តដាច់ខាតហើយថានឹងមិនព្រមជួបមុខនាងទៀតទេ ទោះជានាងរស់នៅទីនេះឬនឹងចាកចេញទៅកន្លែងណាផ្សេងក៏ស្រេចតែចិត្តនាងចុះ ប៉ុន្តែកុំមកឲ្យខ្ញុំកូរណា ឃើញមុខទៀត គ្រាន់តែបានទទួលដំណឹងថានាងមកទីនេះប៉ុណ្ណោះ ខ្ញុំកូរណាក៏មិនសប្បាយចិត្តទៅ ហើយ" ។  

No comments:

Post a Comment