Friday, March 4, 2011

ស្រីជរា

ម្នាលលោកដ៏មានអាយុ ! រសៀលថ្ងៃមួយ នៅខណៈដែលកំពុងដើរនៅកណ្តាលព្រៃ ខ្ញុំព្រះករុណាបានឮ សម្លេងស្រែកយំថ្ងូរឮមកពីក្នុងព្រៃ ទើបឈប់ឈរស្តាប់ដោយតំណាំងចិត្ត សម្លេងនោះជាសម្លេងរបស់ស្រី្ត លាន់ឮមកយ៉ាងអាណោចអធ័មអំពីព្រៃក្បែរៗផ្លូវ ធ្វើឲ្យមេត្តាករុណាកើតឡើងក្នុងចិត្តរបស់ខ្ញុំព្រះករុណាភ្លាម ព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនឲ្យមានការុញ្ញចិត្តអាណិតអាសូរអ្នកដទៃនិងរកវិធីជួយសង្រ្គោះកាលបើល្មម នឹងអាចជួយសង្គ្រោះបាន គិតដល់ពុទ្ធវចនៈត្រង់នេះហើយ ខ្ញុំព្រះករុណាទើបដាច់ចិត្តដើរលុយចូលព្រៃ តម្រង់ទៅរកសម្លេងនោះ រូបភាពដែលនៅខាងមុខនោះ គឺ ស្ត្រីវ័យចំណាស់ម្នាក់កំពុងយំខ្សេតខ្សតនៅក្បែរៗ ក្បែរៗភ្លក់ភ្លើងធំមួយ ខ្ញុំព្រះករុណាអាចសន្និដ្ឋានបានភ្លាមថា គាត់កំពុងតែយំអណ្តឺតអណ្តកដល់មនុស្សជាទី ស្រឡាញ់ណាម្នាក់ដែលស្លាប់បាត់បង់ជីវិតទៅហើយ ពេលនេះកំពុងតែត្រូវព្រះអគ្និឆេះនៅលើជើងថ្ករ

"ម្នាលឧបាសិកា ! ញោមកំពុងតែយំថ្ងួចថ្ងូររកអ្នកណា?" គាត់ងើបមុខឡើងទាំងជោករហាមដោយទឹកភ្នែក សម្លឹងមើលខ្ញុំព្រះករុណាហើយឆ្លើយទាំងសសឹកថា 
"កណាម្ចាស់កំពុងតែយំនឹករលឹកដល់កូនប្រុស កណាម្ចាស់មានកូនប្រុសម្នាក់ គេស្លាប់ចោលទៅយ៉ាងទាន់ ហន់ កូនអើយ ! ឯងពិតជាមិនអាណិតម្តាយខ្លះទេឬអី?"ឆ្លើយតបខ្ញុំព្រះករុណាបានត្រឹមតែប៉ុណ្ណេះ ស្រ្តីនោះក៏ ទ្រហោយំតទៅទៀតដោយសម្លេងឮជាងមុន ខ្ញុំព្រះករុណាបណ្តោយឲ្យគាត់យំទាល់តែគាត់នឿយជតកម្លាំង សម្លេងខ្សាវចុះហើយទើបចាប់ផ្តើមសម្តែងធម៌ដោយឧបាយថា 
"អាត្មានឹងតំណាលរឿងចម្លែកមួយឲ្យញោមស្តាប់ បើញោមចង់ស្តាប់​ អាត្មាជឿថាកាលបើបានស្តាប់រឿងនេះ ហើយ ជួនកាលញោមនឹងសប្បាយចិត្តបានខ្លះ"
"ព្រះគុណម្ចាស់នឹងតំណាលអី ក៏តំណាលចុះ"ស្ត្រីជរាឆ្លើយដោយមិនសូវអើពើ នៅតែអង្គុយសសឹកសម្លឹង មើលភ្នក់ភ្លើងដោយកែវភ្នែកជោករហាមដោយទឹកភ្នែក និង​ជាំក្រហម ខ្ញុំព្រះករុណាទើបតំណាលរឿង ដែលគិតបានក្នុងខណៈនោះថា 
"​ម្សិលមិញនេះ នៅខណៈដែលដើរផ្លូវមកដល់ច្រាំងទន្លេគង្គា អាត្មាបានជួបនឹងស្ត្រីម្នាក់កំពុងឈរយំ ខ្សឹកខ្សួលនៅលើច្រាំងទន្លេដូចយ៉ាងញោមកំពុងតែយំឥឡូ​វនេះអញ្ចឹង អាត្មាបានដើរតម្រង់ចូលទៅ សួរគាត់ថាយំធ្វើអ្វី? គាត់ឆ្លើយថាគាត់បានមកឈរយំនៅមាត់ច្រាំងនេះតាំងពីព្រឹកព្រហាម ឃាត់មិន ឲ្យទឹកទន្លេហូរទៅទិសខាងត្បូង គាត់បានលួងលោមទឹកទន្លេដោយសម្លេងផ្អែមល្ហែមខ្លះ សម្លុតគម្រាម ខ្លះ ជេរបញ្ចោរខ្លះ ប៉ុន្តែទឹកទន្លេមិនព្រមឈប់ស្តាប់សម្លេងសោះ នៅតែរឹងហូរទៅដោយឥតឈប់ឈរ​ តាមតួនាទីរបស់វា គាត់អាក់អន់ស្រពន់ចិត្តជាខ្លាំងទើបស្រែកទ្រហោយំ ម្នាលឧបាសិកា ! បើញោមទៅ ជួបស្ត្រីនោះដូចយ៉ាងអាត្មាវិញ ញោមគិតថាស្ត្រីនោះជាមនុស្សឆ្កួតឬមនុស្សជា?"
"ឆ្កួតសុទ្ធ ព្រះគុណម្ចាស់ ! "គាត់ឆ្លើយតប "ទឹកទន្លេហូរទៅជាប្រក្រតីរបស់វា អ្នកណានឹងទៅហាម ឃាត់ទឹកទន្លេឲ្យឈប់ហូរបាន ការដែលហាមទឹកទន្លេទៅ វាមិនព្រមស្តាប់ហើយយំសោកបោកប្រាណ ហ្នឹងឯងហៅថា មនុស្សឆ្កួតសុទ្ធ"កាលបើស្ត្រីនោះនិយាយបើកផ្លូវឲ្យបែបនេះ ខ្ញុំព្រះករុណាក៏ចាប់ផ្តើម វាយសម្រុកភ្លាម 
"បើស្ត្រីនោះឆ្កួត ញោមក៏ឆ្កួតដែរ"
"កណាម្ចាស់ឆ្កួតយ៉ាងម៉េច"ស្ត្រីជរាបែរខ្វាប់មកសួរដោយមិនពេញចិត្តភ្លាម
"កុំអាលសិន កុំអាលខឹងណៈ ស្តាប់ហេតុផលរបស់អាត្មាសិន មនុស្សយើងម្នាក់ៗកើតមកហើយតោង តែស្លាប់ គ្មានអ្នកណាហាមឃាត់សេចក្តីស្លាប់បានទេ ព្រោះជាធម្មជាតិរបស់សត្វ រុក្ខជាតិ និង អ្វីៗទាំង ពួង លុះកកើតមកហើយតោងតែវិនាសសាបសូន្យទៅវិញ គ្មានវត្ថុណាគង់វង្សទ្រទ្រង់នៅបានជារហូត នោះទេ កើតមកហើយក៏តោងតែស្លាប់ទៅតាមធម្មជាតិរបស់វា គួរនាដូចជាក្រសែទឹកក្នុងទន្លេគង្គាហូរ ទៅដោយឥតឈប់ឈរដូច្នោះ កូនប្រុសរបស់ញោមកើតមកហើយក៏ត្រូវតែស្លាប់ទៅតាមធម្មជាតិ របស់គេ ញោមមិនចង់ឲ្យគេស្លាប់ព្រោះស្រឡាញ់គេ ចង់ឲ្យគេរស់នៅជាមួយនឹងញោមរហូតទៅ ប៉ុន្តែ នៅពេលដែលគេមិននៅជាមួយនឹងញោម គេស្លាប់ចោលទៅ ញោមទើបយំស្តាយស្រណោះ កាលបើដូច្នេះ ញោមក៏មិនខុសប្លែកអ្វីនឹងស្ត្រីដែលឈរហាមទឹកទន្លេគង្គាមិនឲ្យហូរទៅមិនបាន សម្រេចហើយយំស្តាយស្រណោះនោះទេ ហេតុនេះបានជាអាត្មានិយាយថាញោមក៏ឆ្កួតដួចស្ត្រីនោះ ដែរ"
ហេតុផលរបស់ខ្ញុំព្រះករុណាធ្វើឲ្យស្ត្រីជរានោះឈប់យំភ្លាម គាត់អង្គុយឱនមុខចុះស្ងៀមស្តឹងដោយគិត គ្នាន់គ្នេរ ប៉ុន្តែនៅសសឹកម្តងម្កាល ។
"ម្នាលឧបាសិកា ! "ខ្ញុំព្រះករុណាពោលតទៅទៀត "មនុស្សយើងជាសត្វមានហេតុផល​ ទោះបីនឹងធ្វើអ្វី គប្បី គិតគូរឲ្យល្អិតល្អន់ជាមុនថា អំពើនោះនឹងបានជាប្រយោជន៍និងសេចក្តីសុខដល់អ្នកដទៃឬទេ បើឃើញថាធ្វើ ហើយគ្មានប្រយោជន៍ក៏កុំគប្បីធ្វើ ការយំយែកស្រែកទ្រហោដល់កូនប្រុសដែលស្លាប់ ទៅហើយនេះ តើញោម បានទទួលប្រយោជន៍អ្វីខ្លះ អាត្មាមិនឃើញថាបានអ្វីនោះទេ បើទុកជាញោម យំទៅទាល់តែទឹកភ្នែកក្លាយជា ឈាមក៏ដោយ ក៏កូនប្រុសរបស់ញោមមិនអាចនឹងវិលត្រឡប់មកវិញ បានដែរ គ្មានអ្នកណាយកត្បូងចិញ្ចៀនមាសប្រាក់មកឲ្យញោមព្រោះរំយំនេះទេ ញោមត្រូវខាតបង់ទឹក ភ្នែក ខាតបង់កម្លាំងចិត្ត ខូចសុខភាពអនាម័យ រំយំខ្សឹកខ្សួលមានតែផ្លូវខាតបង់តែម៉្យាង គ្មានផ្លូវចំណេញ ទេ ជាអំពើចោលម្សៀតទាំងអស់ មនុស្សយើងបើនៅតែរឹងទទឹងធ្វើអំពើចោលម្សៀតបែបនេះតទៅទៀត តើឈ្មោះថាជាសត្វមានហេតុផលដូចម្តេចបាន?"
"បពិត្រព្រះគុណម្ចាស់ ! "ស្រីជរាមានប្រសាសន៍ឡើងដោយសម្លេងចាប់ច្បាស់ស្រឡះជាប្រក្រតី "សម្តីរបស់ ព្រះគុណម្ចាស់បានជួយឲ្យពន្លឺបំភ្លឺផ្លូវដល់កណាម្ចាស់ច្រើនណាស់ ប៉ុន្តែសម្រាប់កូនប្រុស ម្នាក់នេះ កណាម្ចាស់ស្រឡាញ់វាខ្លាំងណាស់ នៅពេលដែលវាស្លាប់ចោលទៅទើបកណាម្ចាស់អត់ទ្រាំ នឹងហាមប្រាមសំណោកសោកសៅមិនបាន"
"ម្នាលឧបាសិកា ! ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា សំណោកតែងកើតមកពីសេចក្តីស្រឡាញ់ដែលមិន សមបំណង ស្រឡាញ់ច្រើនក៏មានសំណោកច្រើន ស្រឡាញ់តិចក៏មានសំណោកតិច បើឥតស្រឡាញ់ ក៏គ្មានសំណោកសោះ កូនចៅរបស់ជនដទៃស្លាប់មួយថ្ងៃៗអស់ជាច្រើននាក់ ញោមមានលំនឹកគិតហីៗ ជាធម្មតា ព្រោះញោមគ្មានសេចក្តីស្រឡាញ់ចំពោះគេទាំងនោះ បើញាតិសាច់ឆ្ងាយរបស់ញោមទទួល អនិច្ចកម្ម ញោមក៏នឹកសោកសង្រេងខ្លះដែរ ព្រោះមានសេចក្តីស្រឡាញ់ចំពោះគេខ្លះៗ បើកូនប្រុសរបស់ ញោមស្លាប់ទៅ ញោមក៏សោកសង្រេងជាទីបំផុតព្រោះញោមស្រឡាញូ់គេច្រើនបំផុត ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទូន្មានមិនឲ្យសត្វលោកប្រកួចប្រកាន់អ្វីមួយជ្រុលពេក មិនឲ្យផ្តេកផ្តួលខ្លួន ចូលទៅស្រឡាញ់ទាល់តែភ័ន្តវង្វេង មិនឲ្យតម្កល់សេចក្តីមុតមាំចំពោះអ្វីណានីមួយទេ កាលបើខុសបំណង នឹងកើតទុក្ខព្រួយថប់បារម្ភ ញោមនឹងផ្គងបំណងប៉ងប្រាថ្នាទុកក៏បាន ប៉ុន្តែត្រូវតែត្រៀមខ្លួនឲ្យល្មាក់ល្មម ព្រមព្រឺសទុកសម្រាប់ប្រឈមមុខនឹងលទ្ធផល ២ យ៉ាងរបស់វា គឺ សេចក្តីសមបំណងនិងសេចក្តីខុស បំណង ការងារគ្រប់ចំពូកមានគតិជា ២ ប្រការ គឺ សម្រេច និង មិនសម្រេច កីឡាគ្រប់ប្រភេទមាន លទ្ធផល ២ យ៉ាង គឺ ចាញ់ និង ឈ្នះ បើចូលចិត្តលេងកីឡា តោងតែហ៊ានទទួលយកលទ្ធផល ២ យ៉ាងនេះ ជីវិតនេះមានរសជាតិ ២ យ៉ាង គឺ រសជាតិផ្អែម និង រសជាតិល្វីង យើងត្រូវតែប្រុងប្រៀបទទួល យករសជាតិទាំង ២ យ៉ាងនេះ គ្មានអ្នកណាទទួលបានតែរសជាតិផ្អែមតែម៉្យាងរហូតអាយុខ័យ ឬ រសជាតិល្វីងតែម៉្យាងរហូតមួយជាតិនោះទេ ត្រូវតែទទួលបានរសជាតិទាំង ២ យ៉ាងនេះប្រឡាំប្រកូវឆ្លាស់ គ្នាទៅ ត្រូវខិតខំពិចារណាឲ្យឃើញសភាពការពិតត្រង់ចំណុចនេះ ហើយប្រុងប្រៀបខ្លួនឲ្យព្រមព្រឺស អ្នកដែលមិនប្រុងប្រៀបខ្លួនទុកមុន កាលបើបានទទួលរសជាតិផ្អែមនៃជីវិតតែងក្លាយជាមនុស្សឆ្កួតព្រោះ មានអំណរខ្លាំងពេក កាលបើទទួលបានរសជាតិល្វីងនៃជីវិតក៏ក្លាយទៅជាមនុស្សឆ្កួតទៀតព្រោះស្រពន់ ចិត្តខ្លាំងពេក អ្នកប្រុងប្រៀបខ្លួនទុកមុនតែងញញឹមជានិច្ចទាំងក្នុងគ្រាមានសុខទាំងក្នុងគ្រាមានទុក្ខ ទាំង ក្នុងគ្រាសម​បំណងនិងខុសបំណង ចិត្តរបស់គេរឹងប៉ឹងមុតមាំបីដូចជាភ្នំថ្មដាហិមាល័យដែលមិនចេះញាប់ ញ័រ ព្រោះខ្យល់កញ្ជ្រោកបោកបក់មកពីទិសទាំង ៤ ដូច្នោះ " 

"ម្នាលឧបាសិកា ! ធម្មតាមនុស្សយើងកាលបើស្រឡាញ់គ្នាក៏តែងតែមានបំណងល្អចំពោះគ្នា កាលបើស្អប់គ្នា តែងតែមានបំណងអាក្រក់ចំពោះគ្នា ញោមស្រឡាញ់កូនប្រុសរបស់ញោមនិងប្រាថ្នាល្អចំពោះកូនប្រុស របស់ញោមមិនអញ្ចឹងទេឬ?"
"ត្រឹមត្រូវហើយ ព្រះគុណម្ចាស់ ! កណាម្ចាស់ស្រឡាញ់វាខ្លាំងជាងខ្លួនឯងទៅទៀត បើមានវិធីណានឹងធ្វើឲ្យ គេមានសេចក្តីសុខបាន កណាម្ចាស់នឹងធ្វើទាល់តែអស់សមត្ថភាព ប៉ុន្តែពេលនេះវាស្លាប់ទៅហើយ កណាម្ចាស់នឹងជួយវាដូចម្តេចបាន"
"ម្នាលឧបាសិកា ! មានផ្លូវមួយដែលអាចជួយដល់កូនប្រុសរបស់ញោមបាន គឺ ការឧទ្ទិសភាគផលកុសល ទៅឲ្យគេ ញោមចូរឲ្យទានដល់បដិគ្គាហកៈអ្នកសមគួរនឹងទទួលបាន ឬតាំងចិត្តរក្សាសីលក្នុងថ្ងៃឧបោសថ ធ្វើអំពើល្អផ្សេងៗ ហើយតាំងចិត្តផ្សាយកុសលផលបុណ្យទៅឲ្យកូនប្រុសរបស់ញោម គេនឹងទទួលបាន ហើយក៏មានសេចក្តីសុខសមតាមបំណងប្រាថ្នារបស់ញោម"
"បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! កណាម្ចាស់នៅមិនទាន់យល់សម្តីរបស់ព្រះគុណម្ចាស់ទេ កូនប្រុសរបស់ កណាម្ចាស់ហ្នឹងស្លាប់ទៅហើយមិនដឹងជាទៅរស់នៅឯណាទេ" ខ្ញុំព្រះករុណានិយាយកាត់ថា "ញោមអាច មិនដឹងប៉ុន្តែកូនប្រុសរបស់ញោមតែងដឹងជានិច្ចថាញោមរស់នៅឯង ឧបមាថា ថ្ងៃមួយញោមភៀសខ្លួនចេញ ពីភូមិរបស់ញោមដោយមិនប្រាប់អ្នកណាឲ្យដឹងជាមុនទេ ប្តីរបស់ញោមក៏មិនដឹងថាញោមទៅរស់នៅឯណា ដែរ ប៉ុន្តែខ្លួនញោមផ្ទាល់ទោះនឹងទៅទីណា ឆ្ងាយប៉ុនណាក៏ដោយ ញោមតែងដឹងច្បាស់ក្នុងចិត្តថា ប្តីរបស់ ញោមនៅឯផ្ទះនោះមែនទេ?" ស្រីជរាទទួលស្គាល់ត្រង់ចំណុចនេះប៉ុន្តែនៅផ្តួចសេចក្តីសង្ស័យតទៅទៀតថា 
"បើឧបមាថា កណាម្ចាស់ចង់បញ្ជូនស្បៀងអាហារទៅឲ្យកូនប្រុស តើកណាម្ចាស់ត្រូវធ្វើដូចម្តេច?"
"ញោមក៏ឲ្យអាហារជាទានដល់ស្មូមយាចកវណិព្វក ឬសមណៈព្រាហ្មណ៍ហើយក៏ឧទ្ទិសចំណែកបុណ្យទៅ ឲ្យ" ស្រីជរាឧទានដោយសង្ស័យថា "អ្ហេ ! នៅពេលដែលកណាម្ចាស់យកអាហារទៅប្រគេនដល់សមណៈ ព្រាហ្មណ៍ លោកក៏ឆាន់អស់រលីងទៅ ចុះអាហារទាំងនោះនឹងទៅដល់កូនប្រុសរបស់កណាម្ចាស់ដូចម្តេច បាន" 
"អាត្មាមិនបាននិយាយថាអាហារវត្ថុទាំងនោះអណ្តែតទៅរកកូនប្រុសរបស់ញោមនោះទេ តាមការពិត គ្មាន អាហារវត្ថុណាទៅរកកូនប្រុសរបស់ញោមបានទេ ព្រោះគេបានលះលោកនេះទៅរស់នៅក្នុងលោក មួយទៀតដែលជាលោកនៃចិត្តវិញ្ញាណ ជាលោកល្អិតឆ្មារសុខុមទាល់តែមិនអាចនឹងទទួលយកអាហារវត្ថុ គគ្រីមគគ្រើមដូចយ៉ាងអាហាររបស់មនុស្សបានទេ ហេតុនោះបានជាចំណីអាហារនិងសារពើវត្ថុផ្សេងៗ មិនអាចសម្រេចផលដល់កូនប្រុសរបស់ញោមដោយផ្ទាល់បាន ការដែលអាត្មាណែនាំឲ្យញោមយក កប្បិយវត្ថុទៅប្រគេនដល់សមណៈក៏ដើម្បីកែឆ្នៃអាហារវត្ថុគគ្រីមគគ្រើមទាំងនោះឲ្យក្លាយជាអាហារទិព្វ គឺ បុណ្យកុសលដែលជីវិតឆ្មារល្អិតរបស់កូនប្រុសញោមអាចទទួលយកបាន តាមការពិត នៅពេលដែល ញោមយកអាហារទៅប្រគេនព្រះសង្ឃលោកក៏ឆាន់អស់ទៅ ប៉ុន្តែក្រោយពីការប្រគេន ការឆាន់ និងការ អស់ទៅនោះមានសភាវធម៌ម្យ៉ាងកើតឡើង គឺ អំពើល្អឬបុណ្យកុសលហើយញោមក៏ឧទ្ទិសបុណ្យកុសល នេះឯងទៅឲ្យកូនប្រុសរបស់ញោម មានន័យថា កូនប្រុសរបស់ញោមជាវិញ្ញាណល្អិតមិនអាចទទួលយក របស់គគ្រើមបានទេ ញោមទើប យករបស់គគ្រើមនោះទៅដូរយករបស់ល្អិតហើយបញ្ជូលទៅឲ្យគេ អាត្មាសូមលើកឧទាហរណ៍មួយឲ្យ ញោមស្តាប់ ឧបមាថា កូនប្រុសរបស់ញោមទៅរងទុក្ខលំបាកនៅឯដែនឆ្ងាយ ញោមអាណិតគេ ចង់នឹង បញ្ជូនផ្ទះ ១ ខ្នងទៅឲ្យគេ ការដែលញោមនឹងបញ្ជូនផ្ទះទាំងខ្នងទៅឲ្យគេតែម្តង ញោមមុខជាមិនអាច ធ្វើបានទេ វិធីដែលល្អ គឺ ញោមគប្បីលក់ផ្ទះនោះហើយយកប្រាក់ដែលជារបស់ល្អិតនិងស្រាលជាងផ្ញើ ទៅឲ្យគេ នៅពេលដែលគេបានទទួលប្រាក់ពីញោមហើយ គេក៏អាចយកប្រាក់នោះទៅទិញផ្ទះបាន តាមបំណង ផ្ទះប្រៀបដូចជាអាហារវត្ថុដែលញោមយកទៅធ្វើបុណ្យ ការលក់ផ្ទះគឺការនាំយក អាហារវត្ថុទៅប្រគេនដល់អ្នកមានសីល ប្រាក់ដែលញោមបានទទួលពីការលក់ផ្ទះ គឺ បុណ្យកុសល ដែលបានទទួលពីការធ្វើបុណ្យនោះឯង បុណ្យកុសលនេះឯងញោមអាចបញ្ជូន(ឧទ្ទិស)ទៅឲ្យកូនប្រុស របស់ញោមបាន ព្រោះបុណ្យកុសលជាធម្មជាតល្អិត គ្មានតួខ្លួនទេ ប្រៀបដូចជាវិញ្ញាណរបស់កូនប្រុស ញោមដូច្នោះ"
"កណាម្ចាស់ចាប់ផ្តើមយល់ខ្លះៗហើយ ប៉ុន្តែនៅមានសល់ចំណុចសង្ស័យខ្លះទៀត សូមទូលសួរ ការផ្ញើមាស ប្រាក់ទៅឲ្យបុគ្គលដែលនៅរស់នោះ តាមធម្មតា ច្រើនតែមានមនុស្សយកទៅឲ្យ ព្រោះមាសប្រាក់ជារបស់ មានតួខ្លួន ប៉ុន្តែបុណ្យកុសលគ្មានតួខ្លួនទេ តើយើងនឹងបញ្ជូនទៅយ៉ាងម៉េចបាន អ្នកណាជាអ្នកយកទៅឲ្យ ដល់បុគ្គលដែលយើងប៉ងឧទ្ទិសនោះ?"
"ម្នាលឧបាសិកា ! ការឧទ្ទិសបុណ្យកុសលទៅឲ្យអ្នកស្លាប់នោះ តាមការពិត គ្មានអ្វីទៅ គ្មានអ្វីមកនោះទេ ហើយក៏គ្មានអ្នកយកទៅឲ្យដែរ អាត្មាប្រៀបធៀបទៅនឹងការផ្ញើប្រាក់ គ្រាន់តែដើម្បីឲ្យងាយយល់ប៉ុណ្ណោះ" 
"បើអញ្ចឹង បុណ្យកុសលនឹងទៅដល់អ្នកស្លាប់យ៉ាងម៉េចបាន?" 
"អាត្មានឹងពន្យល់ប្រៀបធៀបឲ្យញោមស្តាប់ដូចតទៅ 
ឧបមាថា ញោមបានបញ្ជូនកូនប្រុសរបស់ញោមឲ្យទៅរស់នៅក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ដើម្បីឲ្យសិក្សារៀនសូធ្យសិល្បវិទ្យា ញោមស្រឡាញ់កូនប្រុសខ្លាំងណាស់ ព្រួយបារម្ភ នឹករលឹកដល់គេជានិច្ច យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ពត៌មានគេរាល់ថ្ងៃ ចំណេរកាលតមក ញោ្មមបានទទួលដំណឹងថា កូនប្រុសរបស់ញោមជួសនឹងការតាំងចិត្តសិក្សារៀនសូធ្យត្រឡប់ជាទៅប្រព្រឹត្តអនាចារបង្ខូចមារយាទដោយ ប្រការផ្សេងៗ ទាល់តែវិទ្យាចារ្យបណ្តេញចេញពីបាឋសាលា(សាលារៀន) លុះបានទទួលដំណឹងដូច្នេះហើយ  តើញោមមានអារម្មណ៍យ៉ាងណា? ជាសុខឬជាទុក្ខ? "
"កណាម្ចាស់កើតទុក្ខព្រួយចិត្តជាខ្លាំង"ស្រ្តីជរាឆ្លើយតប
"ម្នាលឧបាសិកា ! ចុះអ្វីទៅជាបុព្វហេតុធ្វើឲ្យញោមកើតទុក្ខព្រួយចិត្ត?"
"ការប្រព្រឹត្តអនាចារមិនគប្បីរបស់កូនប្រុសហ្នឹងឯង" 
"ម្តងនេះ ឧបមាថា ចំណេរកាលតមក ញោមបានទទួលដំណឹងសាជាថ្មីថា កូនប្រុសរបស់ញោបានកែប្រែ ខ្លួនវិញហើយ បានចូលទៅរកវិទ្យាចារ្យសូមអភ័យទោសហើយតាំងចិត្តសិក្សារៀនសូធ្យដោយអស់អញ លំគេញអាត្មា ប្រព្រឹត្តសមាចារត្រឹមត្រូវទាល់តែជាទីស្រឡាញ់ពេញចិត្តរបស់វិទ្យាចារ្យ និង មិត្តភក្តិជាទូទៅ អ្នកណាៗក៏ស្ងើចសរសើរថាកូនប្រុសរបស់ញោមជាមនុស្សល្អ លុះបានទទួលដំណឹងបែបនេះហើយ សួរថាតើញោមមានអារម្មណ៍យ៉ាងណា? ជាសុខឬទុក្ខ?"
"មានអារម្មណ៍ថាជាសុខខ្លាំងណាស់ ព្រះគុណម្ចាស់ ! "
"ចុះអ្វីទៅជាបុព្វហេតុធ្វើឲ្យញោមមានសេចក្តីសុខ?"
"ការដែលកូនប្រុសរបស់កណាម្ចាស់កែប្រែខ្លួនជាមនុស្សល្អបានហ្នឹងឯង"
"ម្នាលឧបាសិកា ! ការធ្វើល្អឬអាក្រក់នៃកូនប្រុសរបស់ញោមដែលនៅឆ្ងាយសន្លឹមដល់ទៅក្រុងតក្កសិលា អាចឲ្យសុខ និង ទុក្ខដល់ញោមបានយ៉ាងណា ការធ្វើល្អឬអាក្រក់របស់ញោមក្នុងលោកនេះក៏អាចឲ្យសុខ និងទុក្ខដល់កូនប្រុសរបស់ញោមដែលនៅក្នុងលោកដទៃបានយ៉ាងនោះដែរ បើញោមនឹករលឹកទៅដល់ កូនប្រុសដែលស្លាប់ទៅហើយ ចង់ឲ្យគេមានសេចក្តីសុខ ចូរធ្វើតែអំពើល្អហើយផ្សាយមេត្តាចិត្តឧទ្ទិសទៅ ឲ្យគេ ការផ្សាយមេត្តាចិត្តឧទ្ទិសទៅឲ្យគេជាវិធីសាស្ត្រមួយដែលសម្តែងថា ញោមនៅខ្វល់ចិត្តគិតដល់គេ នៅឡើយ នៅរាប់អានគេជាកូនជាចៅនៅឡើយ តាមការពិត គ្រាន់តែញោមធ្វើអំពើល្អប៉ុណ្ណោះ គេក៏មាន សេចក្តីសុខល្មមគ្រប់គ្រាន់ទៅហើយ ប៉ុន្តែបើគេដឹងថា ញោមធ្វើល្អដើម្បីគេដោយចំពោះទៀត គេរឹតតែ ត្រេកអរនិងមានសេចក្តីសុខកាន់តែខ្លាំងឡើង"
"បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! ព្រះគុណម្ចាស់បានផ្តល់ពន្លឺភ្លឺស្វាងចិញ្ចែងចិញ្ចាចដល់កណាម្ចាស់ ខ្លាំងណាស់ ព្រះគុណម្ចាស់ជាអ្នកចង្អុលប្រាប់ផ្លូវដល់កណាម្ចាស់ដែលកំពុងតែវង្វេងផ្លូវ ជាអ្នកអូសទាញ កណាម្ចាស់ចេញពីអន្លង់អវិជ្ជានិងសំណោកសោកសង្រេង កណាម្ចាស់នឹងធ្វើតាមអនុសាសន៍របស់ ព្រះគុណម្ចាស់តរៀងទៅលុះត្រាតែអស់ជីវិត បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! កណាម្ចាស់គ្មានរបស់ណា បូជាគុណរបស់ព្រះគុណម្ចាស់ក្រៅពីរបស់បន្តិចបន្តួចនេះទេ"ពោលហើយស្ត្រីជរាក៏ស្រាយកញ្ចប់ក្រណាត់ភ្លាម ឆ្ពាមយកគ្រឿងប្រដាប់កាយដ៏ហើយដោយមាសមួយចំនួនហុចមកឲ្យខ្ញុំព្រះករុណាទាំងមាន ប្រសាសន៍ថា 
"គ្រឿងប្រដាប់ទាំងនេះមានតម្លៃខ្លាំងណាស់ កណាម្ចាស់កិបរក្សាទុក តាំងចិត្តថានឹងប្រគល់ឲ្យកូនប្រុស ប៉ុន្តែកាលបើគេស្លាប់ទៅហើយ កណាម្ចាស់សូមប្រគេនដល់ព្រះគុណម្ចាស់ សូមមេត្តាទទួលប្រគេនចុះ"
"ម្នាលឧបាសិកា ! អាត្មាជាសមណៈ លះបង់លោកិយសម្បត្តិអស់ហើយ អាត្មាមិនត្រូវការរបស់ណា ក្រៅពីអាហារចម្អែតក្រពះចិញ្ចឹមជីវិតទៅមួយថ្ងៃៗ និងសំពត់សម្រាប់បិទបាំងរាងកាយនោះទេ ហេតុនោះ អាត្មាមិនអាចទទួលយករបស់ញោមបានទេ សូមរក្សាទុកវិញចុះ ស្ត្រីជរាមិនស្តាប់សម្លេងរបស់ខ្ញុំព្រះ ករុណាឡើយ គាត់ព្យាយាមទទូចអង្វរឲ្យខ្ញុំព្រះករុណាទទួលយកឲ្យខាងតែបាន"
"កណាម្ចាស់បានសម្រេចចិត្តហើយថានឹងប្រគេនរបស់នេះដល់ព្រះគុណម្ចាស់ដើម្បីឧទ្ទិសចំណែកបុណ្យ ដល់កូនប្រុស បើមិនយល់មុខដល់កណាម្ចាស់ទេ ចូរយោគយល់ដល់កូនប្រុសរបស់កណាម្ចាស់ផង"
"បើអញ្ចឹង ចូរដាក់របស់ហ្នឹងលើផ្ទៃដីខាងមុខអាត្មានេះចុះ" 
ស្ត្រីជរាលើករបសនោះបន្ទូលលើក្បាល អធិដ្ឋានអ្វីម្យ៉ាងខ្មុបខ្មិបហើយក៏ដាក់ចុះតាមបម្រាប់របស់ ខ្ញុំព្រះករុណា  
"មានន័យថា ពេលនេះអាត្មាបានទទួលយកទានរបស់ញោមហើយ បុណ្យកុសលដែលជាចំណែកនៃ ទានម័យកើតដល់ញោមហើយ ចូរឧទ្ទិសចំណែកបុណ្យដល់កូនប្រុសរបស់ញោមចុះ ម្នាលឧបាសិកា ! ដោយហេតុតែមាសចំនួននេះមិនមានប្រយោជន៍អ្វីសម្រាប់អាត្មា ហេតុដូច្នេះអាត្មាសូមជូនជាទានដល់ ញោមវិញ ហើយអាត្មាសូមឧទ្ទិសចំណែកបុណ្យដល់កូនប្រុសរបស់ញោមផងដែរ"
លុះទេសនាប្រៀនប្រដៅស្ត្រីជរាដល់ពេលាជ្រៀលជ្រេទេរទៅហើយ ខ្ញុំព្រះករុណាក៏ចម្រើនពរលាគាត់ ចេញធ្វើដំណើរដើរផ្លូវតទៅទៀត ។

No comments:

Post a Comment