Friday, March 4, 2011

ផែនការគម្រក់របស់សុវឌ្ឍនកុមារ

លុះត្រឡប់មកដល់វត្តបុព្វារាមវិញហើយ ខ្ញុំព្រះករុណាក៏ចូលសិងក្នុងកុដិក្រោមម្លប់ដើមរាំងភ្នំ លោកគ្រូឲ្យ ពេលខ្ញុំព្រះករុណាគិត ២ ថ្ងៃទៀត ប៉ុន្តែខ្ញុំព្រះករុណាគ្មានអ្វីដែលត្រូវគិតទៀតទេ ព្រោះបានកាត់ចិត្តដាច់ខាត ទៅហើយ គ្មានអ្វីអាចកែប្រែគំនិតរបស់ខ្ញុំព្រះករុណាបានទេក្រៅតែពីលីលាវតីម្នាក់ប៉ុណ្ណោះ ពេលនោះ ចិត្ត របស់ខ្ញុំព្រះករុណាជាឃរាវាសទាំងស្រុងទៅហើយ នៅជាភិក្ខុតែឯកសណ្ឋានប៉ុណ្ណោះ ខ្ញុំព្រះករុណាសិងគិត ផែនការអនាគត សាងវិមានក្នុងអាកាសយ៉ាងភ្លើនចិត្ត ពីរបីថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំព្រះករុណានឹងក្លាយជាប្តីរបស់ លីលាវតីជាអ្នកចាត់ការទ្រព្យសម្បត្តិដ៏មហាសាលជំនួសលោកគ្រហបតីហើយ ម្នាលលោកដ៏មានអាយុ ! ក្នុងថ្ងៃព្រឹកឡើងនោះឯង វិមានដ៏ឆើតឆាយរបស់ខ្ញុំព្រះករុណាក៏រលំរលាយចុះទាំងស្រុង លោកដ៏មានអាយុ មុខជាចម្លែកចិត្តណាស់បើខ្ញុំព្រះករុណាប្រាប់ថាលីលាវតីហ្នឹងឯងជាអ្នកបំផ្លាញវិមានរបស់ខ្ញុំព្រះករុណា ស្តាប់មើលទៅមិនគួរនឹងប្រព្រឹត្តទៅបានទេ ប៉ុន្តែវាក៏បានកើតឡើងទៅហើយ ខ្ញុំព្រះករុណានឹងតំណាល សេចក្តីលម្អិតប្រគេនស្តាប់ដូចតទៅ
នាព្រឹកថ្ងៃនោះ នៅខណៈដែលខ្ញុំព្រះករុណាកំពុងអង្គុយលេងនៅក្រោមម្លប់ដើមរាំងភ្នំនោះឯង មានបុរស ម្នាក់នាំសំបុត្រ ១ ច្បាប់មកហុចឲ្យខ្ញុំព្រះករុណា គេប្រាប់ថាជាសំបុត្ររបស់លីលាវតី ខ្ញុំព្រះករុណាបើកអាន សំបុត្រនោះភ្លាម ហើយឃើញថាជាស្នាមទឹកដៃរបស់លីលាវតីពិតមែន សំបុត្រនោះមានដំណើរសេចក្តីដូច តទៅ 
បពិត្រលោកបងជាទីស្រឡាញ់ និង គោរពយ៉ាងខ្ពង់ខ្ពស់ 
លីលាវតីសូមអភ័យទោសលោកបងមួយរយដងដែលត្រូវធ្វើឲ្យលោកបងខកចិត្តព្រោះតែសំបុត្រ ១ ច្បាប់នេះ  សំបុត្រនេះច្បាស់ជាធ្វើឲ្យលោកបងរំជួលអួលណែនចិត្តជាខ្លាំង ប៉ុន្តែខ្ញុំកណានៅកក់ក្តៅចិត្តថាលោកបងជា អ្នកអប់រំផ្លូវចិត្តមកច្រើន គង់នឹងអត់ធ្មត់បាន 
បពិត្រលោកបងជាទីស្រឡាញ់ ! លីលាវតីសូមក្រាបលាលោកបងចូលកាន់ពិធីមង្គលការក្នុងដំណាច់ខែនេះ ការដែលលីលាវតីសម្រេចចិត្តដោះដៃចោលលោកបងទៅទទួលយកសុវឌ្ឍនកុមារព្រោះហេតុផលតែម្យ៉ាង គឺ ឧបការគុណរបស់អ្នកម៉ាក់ ជីវិតរាងកាយនេះលីលាវតីបានមកពីអ្នកម៉ាក់ ជាសម្បត្តិរបស់អ្នកម៉ាក់ ហេតុ នេះបានជាលីលាវតីប្រគល់ឲ្យគាត់ចាត់ការតាមបំណងចុះ ប៉ុន្តែចំណែកដួងចិត្តវិញនោះជារបស់ លីលាវតី ទាំងស្រុង ហើយលីលាវតីសូមបូជាឲ្យលោកបងតែម្នាក់ប៉ុណ្ណោះ សូមឲ្យអភ័យទោសចំពោះ លីលាវតីផងសម្រាប់រឿងអតីតកាលកន្លងមក សូមឲ្យចាត់ទុករឿងនោះថាជាក្តីសុបិនទៅចុះ ធម្មតា ការសុបិនរមែងមានទាំងល្អនិងអាក្រក់ ពេលនេះយើងភ្ញាក់ឡើងហើយ ចូរបំភ្លេចវាចោលទៅ លីលាវតី កើតមកជាតិនេះមានកម្ម ទើបសុំលោកបងសងកម្មសិនលុះត្រាតែអស់កម្ម ក្នុងជាតិនេះស្នេហារបស់យើង  មានតែឧបសគ្គមិនសមបំណង ក្នុងជាតិខាងមុខ សូមឲ្យយើងបានជួបគ្នាទៀតហើយសូមឲ្យស្នេហារបស់ យើងរលូតរលូនរាបទាបប្រាសចាកឧបសគ្គរារាំងណាៗ 
បើការបំភ្លេចលីលាវតីចោលនឹងធ្វើឲ្យលោកបងធូរស្បើយចិត្ត ក៏ចូរបំភ្លេចលីលាវតីទៅចុះ គិតថាលីលាវតី បានលាចាកលោកនេះទៅហើយ សូមក្រាបលាលោកបងម្តងទៀតជាគ្រាចុងក្រោយ សូមឲ្យលោកបង ប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើនក្រោមម្លប់កាសាវពស្ត្រជារៀងរហូតទៅ ៕
ដោយសេចក្តីស្រឡាញ់និងគោរពយ៉ាងខ្ពង់ខ្ពស់ 
លីលាវតី
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាស្ទើរតែមិនជឿភ្នែកខ្លួនឯងថាបានអានដំរួយសេចក្តីនេះដូចម្តេច ព្រោះលំនឹកគិតក្នុងខណៈនោះព្រាងព្រាលយ៉ាងពេញរបុងហាក់នឹងថានឹកស្រមើស្រមៃក្នុងយល់សប្តិ ខ្ញុំព្រះករុណាឈោងចាប់យកសំបុត្រឡើងមកអានម្តងទៀតជាលើកទី ២ ទី ៣ ទី ៤ ទាល់តែច្បាស់ក្នុងចិត្ត ថា ខ្លួនមិនបានយល់សប្តិទេ គ្រាន់តែដឹងស្មារតីឡើង លំនឹកគិតបែបថ្មីក៏កើតឡើងក្នុងដួងចិត្តរបស់ខ្ញុំព្រះ ករុណា ជាកំហឹងនិងសម្អប់យ៉ាងកំណាច បើលីលាវតីនៅកន្លែងនោះវិញ ខ្ញុំព្រះករុណាច្បាស់ជានឹងស្ទុះ ចូលទៅច្របាច់កនាងឲ្យស្លាប់មិនខាន 
ម្នាលលោកដ៏មានអាយុ ! ជាគ្រាដំបូងហើយក្នុងជីវិតដែលខ្ញុំព្រះករុណាបានស្គាល់រសជាតិនៃកំហកចិត្ត វាញ៉ាំងឲ្យខ្ញុំព្រះករុណាស្ទើរតែក្លាយទៅជាមនុស្សវិកលចរិត ខ្ញុំព្រះករុណាចូលទៅក្នុងកុដិ បិទទ្វារខ្ទាស់គន្លឹះ ហើយដើរជជ្រុលជជ្រកឆ្លេឆ្លាទៅមកដូចជាខ្លាជាប់នៅក្នុងទ្រុង ពេលខ្លះគំនិតឆ្កួតឡិប ឡប់ក៏កើតឡើងនៅក្នុងចិត្ត ខ្ញុំព្រះករុណាគិតថានឹងសឹកទៅសម្លាប់លីលាវតីនិងសុវឌ្ឍនកុមារចោលឲ្យ សមនឹងកំហឹង ប៉ុន្តែគំនិតព្រៃផ្សៃនោះក៏រលត់រលាយបាត់ទៅនៅពេលគិតឃើញថាពួកគេគ្មានកំហុស អបការអ្វីគួរនឹងទទួលទោសធ្ងន់ដល់កម្រិតនោះទេ គេមានសិទ្ធិដ៏ត្រឹមត្រុវក្នុងការចាត់ការជីវិតរបស់គេ ការដែលមិនសមបំណងនិងកើតទុក្ខចំបែងចិត្តជាកំហុសរបស់ខ្លួន ខ្ញុំព្រះករុណាផ្អូកគិតដល់សម្តីរបស់ សុមនភិក្ខុជាសម្លាញ់ម្តងទៀតថាបើយើងយកចិត្តទៅផ្ញើទុកនឹងរបស់ណា កាលបើរបស់នោះខូចខាតទៅ ចិត្តរបស់យើងក៏ខូចខកទៅតាមដែរ បើយើងមិនយកចិត្តទៅផ្ញើទុក មិនប្រកួចប្រកាន់របស់នោះទុកទេ យើងក៏មិនខូចខកចិត្តដែរ ខ្ញុំព្រះករុណាបានព្យាយាមបដិបត្តិតាមអនុសាសន៍របស់មិត្រដោយខំផ្ចាលចិត្ត គិតថាលីលាវតីបានលាចាកលោកនេះទៅហើយ ប៉ុន្តែបានទទួលលទ្ធផលតិចតួចណាស់ សម្រាប់សេចក្តី ស្តាយស្រណោះវិញ ខ្ញុំព្រះករុណាស្រែកដង្ហោយហៅក្នុងចិត្តតែម្នាក់ឯងថា លីលាវតីជាស្រីក្បត់ទុយ៌ស ចំពោះពាក្យសន្យា ប៉ុន្តែការដែលគិតថាលីលាវតីបានស្លាប់ទៅហើយនោះពេញជាពិបាកគិតមែនទែន ព្រោះលីលាវតីនៅមានជីវិតរស់នៅឡើយ ខ្ញុំព្រះករុណានឹងភ្លេចនាងទៅបានល្គឹកណាតែលីលាវតីស្លាប់ ទៅមែនទែនប៉ុណ្ណោះ ។   
 
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាបានដំណឹងជាខាងក្រោយថាសម្បរិវត្តនភាព(ដំណើរផ្លាស់ប្តូរ)ដ៏ធំ នេះ
កើតឡើងព្រោះតែសុវឌ្ឍនកុមារម្នាក់ប៉ុណ្ណោះ គ្រាន់តែបានដឹងពីនាងគ្រហបតានីថាលីលាវតីស្រឡាញ់ខ្ញុំព្រះ ករុណា គេក៏រៀបជើងពេលបំផ្លាញស្នេហារបស់យើងភ្លាម វាជាការងាយស្រួលមិនបាច់បោះទុនអ្វីច្រើនជាង ក្រដាស ២ សន្លឹកនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានហួសពីការនឹកស្មាន ពីព្រោះក្រដាសសន្លឹកនោះអាច ធ្វើឲ្យស្នេហារបស់យើងទាំងពីរដាច់ចេញពីគ្នាទាំងស្រុង គេសរសេរសំបុត្រ ១ ច្បាប់ឡើង ធ្វើជាស្នាមទឹកដៃ របស់លីលាវតី ជាសម្តីរបស់លីលាវតី ហត្ថលេខានិងឈ្មោះជារបស់លីលាវតី ហើយក៏ផ្ញើមកឲ្យខ្ញុំព្រះករុណា​ មានដំណើរសេចក្តីដូចពោលមកហើយនោះ សំបុត្រនោះបានទទួលលទ្ធផលហួសពីការនឹកស្មាន វាធ្វើឲ្យខ្ញុំ ព្រះករុណាខឹងច្រឡោតតោតតូងនិងស្អប់លីលាវតីយ់ាងខ្លាំង ទាល់តែខ្ញុំព្រះករុណានេរទេសភៀសខ្លួនចេញ ពីក្រុងសាវត្ថីទៅដោយគ្មានថ្ងៃណានឹងវិលត្រឡប់មកវិញឡើយ ។
គ្រាន់តែខ្ញុំព្រះករុណាភៀសខ្លួនចេញពីក្រុងសាវត្ថីបានមិនយូរប៉ុន្មាន លីលាវតីក៏បានទទួលសំបុត្រ ១ ច្បាប់ ដែរ ជាស្នាមទឹកដៃរបស់ខ្ញុំព្រះករុណា ពាក្យពេចន៍របស់ខ្ញុំព្រះករុណានិងហត្ថលេខាឈ្មោះរបស់ខ្ញុំព្រះករុណា ប៉ុន្តែខ្ញុំព្រះករុណាមិនធ្លាប់សរសេរសំបុត្រនោះទេ វាជាផែនការរបស់អ្នកកម្លោះពីសាលាទិសាបាមោក្ខនៃ ក្រុងតក្កសិលាទាំងស្រុង លីលាវតីអានសេចក្តីនៃសំបុត្រនោះដោយទាំងទឹកភ្នែក
លីលាវតីជាទីស្រឡាញ់ ! 
ព្រមដោយសំបុត្រមួយច្បាប់នេះ អាត្មាសូមចម្រើនពរលាទៅកាន់ទិសដៅដែលមិនប្រាកដ អាត្មាបាន កាត់ចិត្តគេចចេញពីលីលាវតីនិងក្រុងសាវត្ថីក្នុងគ្រានេះ ព្រោះយល់ឃើញថាបើទ្រាំនៅទីនេះតទៅទៀត ខ្លាចក្រែងជាឧបសគ្គរារាំងផ្លូវនៃសេចក្តីសុខរបស់លីលាវតីគ្មានទីបំផុត អាត្មាមិនសាកសមនឹងលីលាវតីទេ កម្មពីបុព្វជាតិ បានបញ្ជូនឲ្យអាត្មាកើតមកជាមនុស្សចណ្ឌាលដែលមនុស្សទូទាំងជម្ពូទ្វីបស្អប់ខ្ពើម កម្មវាសនាក្នុងជាតិនេះបាន រុញច្រានឲ្យអាត្មាក្លាយជាមហាចោរអ្នកមានសាវតារគម្រក់សោកៀ អាត្មា ជាសមណៈគ្មានអ្វីជារបស់ខ្លួនឯង ក្រៅពីបាត្រនិងចីពរនោះទេ អាត្មានិងលីលាវតីមានឋានៈឃ្លាតឆ្ងាយពី គ្នាដូចមេឃនិងដី តម្លៃរបស់អាត្មាតិច ជាងល្អងធូលីក្រោមបាតជើងរបស់នាងទៅទៀត លុះពិចារណា ឃើញស្ថានភាពខ្លួនឯងល្អិតល្អន់ហើយ អាត្មា នឹកខ្មាសចិត្តខ្លួនឯងពន់ពេកណាស់ ទាល់តែមិនអាចទ្រាំ នៅមើលមុខលីលាវតីនិងអ្នកក្រុងសាវត្ថីតទៅទៀតបាន ហេតុនេះអាត្មាសូមចម្រើនពរលាទៅតាម យថាកម្មរបស់ខ្លួន ។
ចូរបំភ្លេចអាត្មាចោលទៅហើយរៀបការជាមួយនឹងសុវឌ្ឍនកុមារចុះ គេឋិតនៅក្នុងឋានៈសាកសមនឹងនាង សព្វគ្រប់ប្រការ ក្រៅតែពីសេចក្តីសុខសម្រាប់នាងហើយ ថែមទាំងជាការតបស្នងសងគុណរបស់ម្តាយ ទៀត បើលីលាវតីនៅអាណិតអាត្មានិងប្រាថ្នាល្អចំពោះអាត្មា ចូរប្រញាប់រៀបការជាមួយនឹងសុវឌ្ឍនកុមារ ចុះ អាត្មានឹងមានសេចក្តីសុខផ្លូវចិត្តជាទីបំផុតនៅពេលបានដំណឹងថាលីលាវតីបានរៀបការរួចហើយ ។
ទោះបីដឹងខ្លួនឯងច្បាស់ថាថយថោកអាប់អន់មិនចង់ប្រាថ្នាខ្ពស់ឲ្យហួសពីឋានៈក៏ដោយ ប៉ុន្តែអាត្មាក៏នៅ តែមិនអាចហាមប្រាមចិត្តមិនឲ្យស្រឡាញ់លីលាវតីបានទេ អាត្មានៅតែស្រឡាញ់លីលាវតីនិងស្រឡាញ់ រហូតជានិរន្ត ក្នុងជាតិនេះ ស្នេហារបស់យើងមិនសមដូចចិត្តប៉ងព្រោះជាតិវណ្ណៈតូចទាបរបស់អាត្មាមក រារាំង ក្នុងជាតិខាងមុខ សូមឲ្យយើងកើតមកជួបគ្នាទៀត អាត្មាព្យាយាមនឹងសាងបុណ្យបារមីឲ្យស្មើភាគ នឹងលីលាវតី ។
ចូរមានសេចក្តីសុខនិងសេចក្តីស្រស់ស្រាយជាមួយនឹងគ្រួសារថ្មីចុះ កុំឲ្យមានគំនិតណាៗទាក់ទងនឹង អាត្មាមករំខានយាយីសេចក្តីសុខរបស់នាងឡើយ ចូរគិតទៅចុះថាអាត្មាបានលាចាកលោកនេះទៅហើយ ការពិត ជីវិតរបស់អាត្មាលុះប្រាសចាកពីលីលាវតីហើយក៏ស្មើនឹងស្លាប់ពិតមែន កុំព្យាយាមស៊ើបសួររក អាត្មាឡើយ គ្មានប្រយោជន៍ទេ សូមចម្រើនពរលាជាគ្រាចុងក្រោយ ៕
ស្នេហាជានិរន្ត
រេវត្តៈ 
លីលាវតីជឿស៊ប់ថាជាសំបុត្ររបស់ខ្ញុំព្រះករុណាមែន ដូចនឹងខ្ញុំព្រះករុណាជឿថាសំបុត្រនោះជារបស់នាង ដែរ ប៉ុន្តែដោយសេចក្តីសង្ឃឹមដែលនៅសេសសល់បន្តិចបន្តួច នាងប្រញាប់ប្រញាល់បញ្ជូនមនុស្សទៅ ស៊ើបសួររកខ្ញុំព្រះករុណាស្ទើរតែពាសពេញក្រុងសាវត្ថីទាំងឯវត្ថជេតវ័ននិងបុព្វារាម ប៉ុន្តែគ្មានអ្នកណា ឃើញខ្ញុំព្រះករុណាទេ ព្រោះខ្ញុំព្រះករុណាបានគេចចេញពីក្រុងសាវត្ថីទៅហើយ មុនពេលនាងបានទទួល សំបុត្រក្លែងក្លាយ ៣ ថ្ងៃ កាលបើសេចក្តីសង្ឃឹមចុងក្រោយរលុបរលាញទៅ លីលាវតីក៏ចូលទៅក្នុងបន្ទប់ បិទទ្វារបង្ខាំងខ្លួនឯងនៅខាងក្នុង រាយរាប់សំណោកសោកសៅដោយទាំងទឹកភ្នែក នេះឯងគឺស្នេហាដែល មិនសមបំណងសមដូចព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា 
បិយតោ ជាយតេ សោកោ សំណោកកើតចេញពីសេចក្តីស្រឡាញ់ 
បិយតោ ជាយតេ ភយំ កម្លាចកើតចេញពីសេចក្តីស្រឡាញ់
បិយតោ វិប្បមុត្តស្ស កាលបើបុគ្គលរួចផុតស្រឡះពីសេចក្តីស្រឡាញ់ហើយ 
នត្ថិ សោកោ កុតោ ភយំ សំណោកក៏មិនមាន កម្លាចក៏មិនមាន ។     
នៅខណៈដែលលីលាវតីកំពុងស្រែកយំព្រោះភ្លើងទុក្ខនោះឯង សុវឌ្ឍនកុមារក៏សើចហាសហាចំពោះ សមិទ្ធផលនៃផែនការរបស់គេ នាងព្រាហ្មណីជាម្តាយរបស់លីលាវតីក៏ធូរស្បើយចិត្តផងដែរដែលបានដំណឹង ថាខ្ញុំព្រះករុណាបានភៀសខ្លួនចេញពីក្រុងសាវត្ថីទៅហើយ
"មិនចោលម្សៀតមែនដែលឯងរៀនចប់ពីក្រុងតក្កសិលា លោករេវត្តៈគេចខ្លួនបាត់ទៅហើយបែបនេះ លីលាវតីមុខជាក្លាយជារបស់ឯងយ៉ាងពិតប្រាកដ" នាងព្រាហ្មណីនិយាយប្រារព្ធនឹងអនាគតកូនប្រសារបស់ ខ្លួនយ៉ាងស្រស់ស្រាយ សរុបសេចក្តីទៅ ផែនការគម្រក់របស់សុវឌ្ឍនកុមារបានសម្រេចមួយកម្រិតហើយ កម្រិតទី ២ នៅមានទៀតថាតើគេនឹងអាចយកឈ្នះបេះដូងថ្មរបស់លីលាវតីបានដោយងាយស្រួលបែបនោះ ឬទេ 
ម្នាលលោកដ៏មានអាយុ ! ទាក់ទងនឹងលីលាវតីសូមស្លេះទុកប៉ុណ្ណេះសិន បែរមកតាមដានរឿងរបស់ខ្ញុំព្រះ ករុណាតទៅទៀត លោកដ៏មានអាយុមុខជានៅចាំបានថាលោកគ្រូកំណត់ពេលឲ្យខ្ញុំព្រះករុណាទៅប្រាប់ លោកវិញឯវត្តជេតវ័នក្នុងកំឡុងថ្ងៃទី ៣ ប៉ុន្តែនៅពេលបានទទួលសំបុត្រក្លែងក្លាយរបស់សុវឌ្ឍនកុមារហើយ ខ្ញុំព្រះករុណាក៏កើតមានកំហឹងនិងសម្អប់យ៉ាងខ្លាំងក្លា ធ្លាប់ស្រឡាញ់នាងច្រើនប៉ុណ្ណា ក៏ស្អប់ច្រើនប៉ុណ្ណោះ កំហឹងដែលកើតពីកំហកបំណងចំពោះលីលាវតីធ្វើឲ្យគំនិតគិតគន់របស់ខ្ញុំព្រះករុណាប្រែប្រួលទៅក្នុងទម្រង់ថ្មីភ្លាម សេចក្តីស្រឡាញ់ដែលខ្ញុំព្រះករុណាធ្លាប់មានចំពោះលីលាវតីយ៉ាងលើសលន់នោះបានត្រូវកំហឹងក្រេវ ក្រោធដុតបំផ្លាញចោលអស់ ខ្ញុំព្រះករុណាបានក្រាបទ្រោមព្រះកេសលើក្បាលដំណេក ៣ ដង តាំងចិត្តគិត រលឹកដល់ព្រះបរមសាស្តាហើយប្តេជ្ញាក្នុងចិត្តថា "ខ្ញុំព្រះករុណាសូមវេរឧទ្ធិសជីវិតក្នុងព្រះពុទ្ធសាសនា សូម ក្ស័យក្រោមម្លប់កាសាវពស្ត្រ និងសូមវៀរបង់ចាកការទាក់ទងនឹងស្ត្រីភេទចាប់តាំងពីពេលនេះតទៅ សូមអាទិទេពក្នុងសកលចក្រវាលជួយធ្វើជាកសិណសាក្សីចំពោះខ្ញុំព្រះករុណាផងចុះ" 
គ្រាន់តែអធិដ្ឋានរួចហើយខ្ញុំព្រះករុណាក៏ចាត់ចែងរៀបចំបរិក្ខារ ត្រៀមខ្លួនចេញធ្វើដំណើរភ្លាម កាលបើរបស់ គ្រប់យ៉ាងរៀបស្រេចបាច់ហើយ ខ្ញុំព្រះករុណាក៏ស្ពាយបាត្រលីក្លស់ ឆ្លងស្ទឹងអចិរវតីទៅដោយមិនបានត្រឡប់ ទៅប្រាប់ព្រះឧបជ្ឈាយ៍វិញទេ ព្រោះចង់ទៅយ៉ាងស្ងាត់ មិន ចង់ឲ្យអ្នកណាដឹងឡើយ ខ្លាចក្រែងគេទៅតាមរកឃើញ លុះឆ្លងស្ទឹងអចិរវតីរួចហើយ ខ្ញុំព្រះករុណា ក៏ដើរផ្លូវឆ្លងកាត់ក្សេត្រភូមិនិងព្រៃព្រឹក្សាឆ្ពោះទៅទិសបូព៌យ៉ាងប្រញាប់ប្រញាល់ នៅខណៈនោះសូម្បីតែ ខ្លួនឯងក៏មិនដឹងថាទៅទីណានិងទៅដើម្បីអ្វីនោះទេ គ្រាន់តែដឹងថាទៅដើម្បីគេចចេញពីក្រុងសាវត្ថី ពីលីលាវតីស្រីក្បត់សន្យាឲ្យឆ្ងាយជាទីបំផុតតាមដែលអាចឆ្ងាយទៅបានប៉ុណ្ណោះ ។
នៅទីបំផុត ខ្ញុំព្រះករុណាក៏ក្លាយទៅជាជនពនេចរម្តងទៀតហើយនឹងជាជនពនេចរទៅរហូតមួយជាតិ ជាជីវិតត្រដេបត្រដាបគួរសម គិតៗទៅក៏អាសូរខ្លួនឯង បើព្រះព្រហ្មជាអ្នកលិខិតខ្សែជីវិតរបស់សត្វលោក មែន ព្រះអង្គប្រហែលជាកំណត់ឲ្យខ្ញុំព្រះករុណាជាអ្នកដើរតួកម្សត់លើវេទិកាពិភពលោកនេះ ពីព្រោះ      គ្រាន់តែបើកឆាកដំបូង ខ្ញុំព្រះករុណាត្រូវដើរតួជាក្មេងចណ្ឌាលនៃគ្រួសារក្រីក្រ ឃ្វាលគោនៅតាមវាលស្រែ និងតាមជាយព្រៃមាត់ស្ទឹងអចិរវតី ក្នុងឆាកទី ២ ខ្ញុំព្រះករុណាត្រូវដើរតួជាខ្ញុំបម្រើរបស់ចៅហ្វាយនាយ កំណាចក្នុងក្រុងសាវត្ថី ក្នុងឆាកទី ៣ ខ្ញុំព្រះករុណាត្រូវដើរតួជាមហាចោរយង់ឃ្នង គ្រាន់តែបើកឆាកទី ៤ ខ្ញុំព្រះករុណាក៏ក្លាយទៅជាសមណៈដែលមានលក្ខណៈផ្ទុយស្រឡះទៅនឹងមហាចោរ ខាងក្នុងឆាកទី ៤ នោះ ខ្ញុំព្រះករុណាដើរតួកម្សត់ផង គ្រាន់តែឆាកទី ៤ ចប់ ខ្ញុំព្រះករុណាក៏ក្លាយទៅជាជនពនេចរក្នុងឆាកទី ៥ នេះ ពេលនេះកំពុងតែសម្តែង មិនដឹងថានឹងបិទឆាកទៅដោយលក្ខណៈណាទេ សូមលោកដ៏មានអាយុ រងចាំស្តាប់តទៅទៀត 
   

No comments:

Post a Comment