Friday, March 4, 2011

រឿងចាស់

ម្នាលលោកដ៏មានអាយុ ! នៅល្ងាចថ្ងៃនោះក្រោយពីបានស្តាប់ព្រះធម្មទេសនារបស់ព្រះ សក្យមុនីបរមសាស្តានៃយើងឯធម្មសាលាហើយ ខ្ញុំព្រះករុណាក៏ត្រឡប់ទៅកុដិវិញ ដោះចីពរ ពាក់លើស្នួហើយក៏អង្គុយសម្រាកបណ្តែតអារម្មណ៍ឲ្យគិតកាញ់ទៅតាមរឿងរ៉ាវរបស់វា ជួនខ្លះ ចិត្តក៏រលឹកនឹកបកទៅរករឿងចាស់...ខ្ទមតូចក្នុងភូមិចណ្ឌាលប្របទ្វារក្រុងសាវត្ថី ប្រាកដចេញ មកក្នុងមនោគតិ រូបភាពញោមប្រុសកំពុងកាប់ឧសក្នុងព្រៃ រូបភាពក្សេត្រភូមិ និងសំយាបព្រៃ មាត់ច្រាំងស្ទឹងអចិរវតី រូបភាពមេគោទឹកដោះរហូតដល់រូបភាពក្មេងចណ្ឌាលជាមិត្រសម្លាញ់ ដែលធ្លាប់ឃ្វាលគោនៅជាមួយគ្នា ជួនខ្លះចិត្តក៏ផ្អូកនឹកទៅស្ទាបស្ទង់ពិនិត្យមើលហេតុការណ៍ ដែលខ្ញុំព្រះករុណានៅជាក្មេងបម្រើក្នុងគេហដ្ឋានរបស់លោកសុមង្គលគ្រហបតី រាល់ពេល វេលាដែលចិត្តផ្អូកនឹកដល់ឆាកជីវិតត្រង់នេះធ្វើឲ្យខ្ញុំព្រះករុណាកើតសេចក្តីសង្វេគតក់ស្លុតរន្ធត់ចិត្តជាខ្លាំង
ព្រោះវាជាឆាកដែលខ្ញុំព្រះករុណាបានទទួលទុក្ខទោម្នេញជាទីបំផុត ប៉ុន្តែឆាកដែល ធ្វើឲ្យខ្ញុំព្រះករុណាមានសេចក្តីសង្វេគចិត្តជាទីបំផុតនោះ គឺ នៅពេលធ្វើជាចោរ ខ្ញុំព្រះករុណា បានប្លន់យកជីវិតនិងទ្រព្យសម្បត្តិរបស់អ្នកស្លូតត្រង់អស់ជាច្រើន ខ្ញុំព្រះករុណាចម្លែកចិត្តខ្លាំង ណាស់ថាតើហេតុអ្វីបានជាខ្ញុំព្រះករុណាក្លាយទៅជាមនុស្សសាមាន្យអបលក្ខណ៍ឃោរឃៅ ដល់ថ្នាក់នោះ កាលបើភ្នកនឹកមកដល់ត្រង់នេះ ធ្វើឲ្យខ្ញុំព្រះករុណាកើតមានតំណាំងចិត្តដាច់ ខាតថានឹងបួសប្រគល់កាយថ្វាយជីវិតក្នុងព្រះពុទ្ធសាសនាដើម្បីកាយកប់លុបលាងបាបកម្ម ដែលខ្ញុំព្រះករុណាបានបង្កឡើងកាលនៅជាចោរនោះ ។
នៅខណៈដែលខ្ញុំព្រះករុណាកំពុងតែអង្គុយគិតភ្លឹកនឹកនៅតែម្នាក់ឯងនោះ លីលាវតីនិងនាង ទាសីម្នាក់បានមករកខ្ញុំព្រះករុណាដល់កុដិ ខ្ញុំព្រះករុណាទទួលរាក់ទាក់នាងតាមបែប សមណវិស័យ
"ម្នាលភគិនី ! នាងមានធុរៈអីឬ?បានជាមករកអាត្មាដល់កុដិយ៉ាងនេះ"ខ្ញុំព្រះករុណាចាប់ផ្តើម ការសន្ទនា
"មាន លោកបង ! " លីលាវតីឆ្លើយហើយយកទឹកបានចូលមកប្រគេន
"អ្នកម៉ាក់ឲ្យយកទឹកបាននេះមកប្រគេន"
ខ្ញុំព្រះករុណាទទួលហើយក៏ឆាន់មើលបន្តិច លីលាវតីនិយាយតទៅទៀតថា
"បពិត្រលោកបង ! ខ្ញុំកណាសុំសួររឿងមួយបានទេ? តាមពិត រឿងហ្នឹកកន្លងហួសមកហើយ ប៉ុន្តែខ្ញុំកណានៅតែចង់ដឹង បើលោកបងបើកឱកាស ខ្ញុំកណានឹងសួរឥឡូវនេះ"
"នាងចង់សួរអី ក៏សួរមកចុះ អាត្មាបើកឱកាសឲ្យហើយឥឡូវនេះ"
"ថីបានជាលោកបងភៀសខ្លួនចេញពីពួកយើងទៅដោយវិធីបែបហ្នឹង ខ្ញុំកណានៅតែស្រងាក អន់ចិត្តមិនបាត់សោះ បំណាច់បើនឹងគេចទៅក៏គួរតែប្រាប់ឲ្យដឹងជាមុន "នាងក្រមុំនិយាយ ដោយឃ្នើសចិត្តបន្តិច
"និយាយអញ្ចឹង កាលដែលអាត្មាគេចចេញពីផ្ទះនាងទៅពេលនោះ អាត្មាបានប្រាប់នាងហើយ តើ ! ចុះនាងមិនបានទទួលសំបុត្រដែលអាត្មាបានផ្ញើទុកនឹងនាងទាសីទេអី?"
លីលាវតីអង្គុយនៅស្ងៀមមួយស្របក់ ជាវិធីរំលឹកស្មារតីចងចាំ ហើយឆ្លើយតបថា
"ឱ ! សំបុត្រហ្នឹង ខ្ញុំកណាបានទទួលហើយ ប៉ុន្តែលោកបងគួរតែប្រាប់ដោយមាត់ខ្លួនឯង គេច ទៅអញ្ចឹង នាំឲ្យឆ្ងល់ គិតថាលោកបងប្រហែលស្អប់លីលាវតីហើយមើលទៅ"
"អត់ទេ អាត្មាមិនស្អប់នាងបន្តិចណាទេ ផ្ទុយទៅវិញ អាត្មាគេចទៅនៅពេលនោះព្រោះតែ ស្រឡាញ់នាងពិតមែន..."
"ចុះឥឡូវនេះ លោកបងនៅស្រឡាញ់លីលាវតីដូចមុនទេ" លីលាវតីសួរខ្ញុំព្រះករុណាទាំង កណ្តាលគោកកណ្តាលគាំងធ្វើឲ្យខ្ញុំព្រះករុណានឹកអៀនខ្មាសជាខ្លាំង ការពិតខ្ញុំព្រះករុណា នៅមានចិត្តស្រឡាញ់នាងតែដដែល ប៉ុន្តែខ្ញុំព្រះករុណានឹកអៀនមាត់ មិនហ៊ាននិយាយប្រាប់ ការពិតដល់នាងទេ​ព្រោះសម្បុរភេទរបស់ខ្ញុំព្រះករុណាមិនសាកសមនឹងនិយាយរឿងស្នេហា ឡើយ ។ "បញ្ហាហ្នឹងកុំឲ្យអាត្មាឆ្លើយអី"ខ្ញុំព្រះករុណាឆ្លើយតប សង្កេតឃើញទឹកមុខលីលាវតីស្រពាប់ ស្រពោនចុះភ្លាម
"ថីបានជាលោកបងមិនឆ្លើយ ឬក៏លោកបងស្អប់លីលាវតីហើយ ភ្លេចលីលាវតីហើយ អនិច្ចា ! លីលាវតីកម្សត់ពិតជាមនុស្សអភ័ព្វមែន ! ខាតបង់កម្លាំងដែលខំរងចាំដោយភក្តីភាពអស់ពេល ជាច្រើនឆ្នាំ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺ ភ្លេច"នាងនិយាយប្រយោគចុងក្រោយដោយ សម្លេងញ័ររនទាំងលើកជាយសំពត់ឡើងជូតទឹកភ្នែកផង ។
​​​​ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាដូចជាប្រាប់មិនត្រូវដែរ ចិត្តរបស់ខ្ញុំព្រះករុណាពេល នោះ មិនដឹងដូចជាស្អីទេ គិតថា វាវិលវល់ខ្មួលខ្មាញ់ដូចជាផ្ទៃមហាសាគរត្រូវព្យុះភ្ជរបោកបក់ គគ្រាំគគ្រេង ដូច្នេះ ខ្ញុំព្រះករុណានៅចងចាំពាក្យចាស់ទុំបរមបុរាណថា"ស្ត្រីច្រើនតែយកឈ្នះ បុរសដោយអាវុធ គឺ មាត់ បើយកឈ្នះដោយមាត់មិនបានទេ ក៏យកឈ្នះដោយទឹកភ្នែកជាអាវុធ ចុងក្រោយ" ឥឡូវនេះ លីលាវតីកំពុងតែយកឈ្នះខ្ញុំព្រះករុណាដោយអាវុធ គឺ ទឹកភ្នែក ប៉ុន្តែ មើលទៅអាវុធរបស់នាងដូចជាមានប្រសិទ្ធិភាពទៀតផង ពីព្រោះខ្ញុំព្រះករុណាបានកើតមាន សេចក្តីអាណិតអាសូរនាងយ៉ាងខ្លោចចិត្ត ប៉ុន្តែនៅពេលងាកមកសម្លឹងមើលពណ៌សម្បុរចីពរ ដែលគ្របដណ្តប់កាយនិងស្ទាបមើលព្រះកេសរលីងណិលរបស់ខ្លួនឯង កម្លាំងចិត្តរបស់ខ្ញុំព្រះ ករុណាក៏វិលត្រឡប់មកវិញ
"លីលាវតី ! កុំសោកសង្រេងចិត្តអីណៈ"ខ្ញុំព្រះករុណាចាប់ផ្តើមលួងលោមនាង
"អាត្មាមិនស្អប់នាងបន្តិចណាទេ គុណបំណុលដែលនាងបានធ្វើចំពោះអាត្មាតាំងពីពេលនោះ មក វាបានដក់ជាប់ក្នុងស្មារតីចងចាំរបស់អាត្មាជានិច្ច ពេលនេះ ជិតងងឹតហើយ អ្នកម៉ាក់របស់ នាងប្រាកដជានៅរងចាំមើលផ្លូវដែលបាត់កូនស្រីយូរ ម្យ៉ាងទៀត ការដែលស្ត្រីភេទមក និយាយសាសងជាមួយនឹងបព្វជិតនៅពេលថ្មើរណេះមិនសមរម្យទេ តិចលោអ្នកដទៃគេរិះគន់ ចូរត្រឡប់ទៅផ្ទះវិញចុះ ចាំមានឱកាសសឹមយើងនិយាយគ្នាទៀត"
"មិនបាច់ដេញទេ ទោះបីជាមិនដេញក៏ខ្ញុំកណាទៅដែរ" លីលាវតីនិយាយរលាស់សម្លេងហើយ ក្រោកចេញទៅដោយអាការរប៉ិនរប៉ាន់ ទុកឲ្យខ្ញុំព្រះករុណាអង្គុយនៅច្រងាំងតែម្នាក់ឯង ។
ខ្ញុំព្រះករុណាសូមប្រាប់តាមត្រង់ទៅចុះថា​នៅរាត្រីថ្ងៃនោះ ខ្ញុំព្រះករុណាសិងមិនលក់សោះ លីលាវតីមកពង្វក់ចិត្តរបស់ខ្ញុំព្រះករុណាឲ្យវិលវល់ស៉ាំញ៉ាំរកាំរកូវអស់រលីង តាមការពិត ខ្ញុំព្រះករុណាមិនគួរនឹងគិតច្រើនទាល់តែសិងមិនលក់នោះទេ ពីព្រោះតាមធម្មតា មនុស្សស្រី ច្រើនតែធ្វើអ្វីៗតាមចំហួលអារម្មណ៍ច្រើនជាងហេតុផល កាលបើនាងមិនសមបំណងចំពោះខ្លួន ខ្ញុំព្រះករុណា ក៏ជាការសមគួរហើយដែលនាងសម្តែងអាការបែបនោះ ដោយមកពីកាលនោះ ខ្ញុំព្រះករុណានៅទន់ខ្សោយរឿងមាយាស្រ្តី ទើបគិតសាន់វ័ណ្តទាល់តែហួសហេតុ ខ្ញុំព្រះករុណា ជឿថាខ្លួនឯងមិនមែនជាអ្នកខុសទេ នាងប្រាប់ថានាងនៅតែស្រឡាញ់ខ្ញុំព្រះករុណាដូចពីមុន ដដែលហើយឧស្សាហ៍នៅរងចាំខ្ញុំព្រះករុណាដោយភក្តីភាពរហូតមកទើបជារឿងដែលគួរឲ្យ យល់ចិត្តយល់ថ្លើមណាស់ ។ លុះថ្ងៃព្រឹកឡើង ខ្ញុំព្រះករុណាទៅឆាន់ចំហាន់ឯផ្ទះលីលាវតីតាមពាក្យនិមន្ត ប៉ុន្តែមិនជួបលីលាវតី ទេ ឃើញតែនាងគ្រហបតានីជាម្តាយដែលចូលមកប្រគេនចំហាន់ ប្រហែលជានាងខឹងនិងស្អប់ខ្ញុំ ព្រះករុណាហើយមើលទៅបានជាគេចមុខមិនព្រមមកជួបខ្ញុំព្រះករុណា ប៉ុន្តែខ្ញុំព្រះករុណាក៏មិនខ្ចី សួររកនាងដែរ ខ្ញុំព្រះករុណាឆាន់ទៅជារឿយៗតាមតួនាទីហើយក៏ត្រឡប់ទៅវត្តវិញ
៣ ថ្ងៃកន្លងផុតទៅដោយលំអាននេះ គ្មានហេតុការណ៍ថ្មីកើតឡើងទេ លីលាវតីក៏មិនព្រមចុះមក ជួបខ្ញុំព្រះករុណាដែរ ខ្ញុំព្រះករុណាក៏មិនព្យាយាមសួររកនាងដូចគ្នា ថ្វីបើចិត្តចង់នឹងសួររកនាង យ៉ាងពេញរបុងយ៉ាងណាក៏ដោយ លុះដល់ថ្ងៃទី ៤ ខ្ញុំព្រះករុណាគិតឃើញឧបាយកលមួយ ទើប និយាយនឹងនាងគ្រហបតានីថា
"បពិត្រញោមឧបាសិកា ! ថ្ងៃនេះជាថ្ងៃចុងក្រោយដែលអាត្មាមកឆាន់នៅទីនេះ"
"ហេតុអីឬ? លោកកូន ! "នាងគ្រហបតានីកួចចិញ្ចើមសួរដោយចម្លែកចិត្ត
"អាត្មាប្រុងនឹងចាកចេញពីទីក្រុងសាវត្ថីនេះទៅដើរធុតង្គតាមតំបន់ផ្សេងៗ ប្រហែល ១ ខែ ឬ ២ ខែទៀតបានត្រឡប់មកវិញ ប៉ុន្តែបើទៅជួបកន្លែងណាស្រួលក្នុងការបំពេញព្យាយាម អាត្មាប្រហែលជាមិនត្រឡប់មកវិញទេ នឹងគង់នៅប្រចាំត្រង់កន្លែងនោះរហូតទៅ"
"ថីបានជាប្រញាប់ទៅចោលញោមម្លេះ? និមន្តមកនៅក្រុងសាវត្ថីមិនទាន់បានប៉ុន្មានផង និមន្ត ទៅចោលញោមទៀតហើយ បើអត់ពីលោកកូនទៅ ញោមនឹងប្អូនស្រីមុខជាអផ្សុកស្លាប់ហើយ នៅឆ្លងសទ្ធាញោមពីរបីខែទៀតទៅ កុំអាលប្រញាប់ទៅពេក"
នាងគ្រហបតានីទទូចអង្វរខ្ញុំព្រះករុណាងោចៗអស់ពេលជាយូរ ហេតុផលផ្សេងៗត្រូវបានលើក យកមករៀបរាប់ដើម្បីបបួលឲ្យុខ្ញុំព្រះករុណានៅត ប៉ុន្តែខ្ញុំព្រះករុណានៅតែអះអាងថានឹងទៅ តែម្យ៉ាង ក្នុងអំឡុងពេលនោះ លីលាវតីនៅមិនទាន់បង្ហាញមុខនៅឡើយទេ នៅទីបំផុត ខ្ញុំព្រះករុណាក៏ត្រឡប់ទៅវត្តវិញ គ្រាន់តែមកដល់កុដិមិនយូរប៉ុន្មាន លីលាវតីក៏តាមពីក្រោយ មក នេះឯងជាគោលបំណងនៃឧបាយកលរបស់ខ្ញុំព្រះករុណា ពោលគឺ ខ្ញុំព្រះករុណាចង់សាក ល្បងចិត្តលីលាវតីមើលថាតើនាងចិត្តរឹងប៉ុនណា នាងស្អប់ខ្ញុំព្រះករុណាពិតមែនឬទេ បើនាង ស្អប់ខ្ញុំព្រះករុណាពិតមែន កាលបើបានដំណឹងថាខ្ញុំព្រះករុណាប្រុងនឹងគេចវេះទៅបែបនោះ នាងមុខជានឹងមានអារម្មណ៍ប៉កល្វើយជាធម្មតា ឬអាចត្រេកអរចិត្តទៀតផង ប៉ុន្តែឥឡូវនេះនាង ប្រញាប់តាមខ្ញុំព្រះករុណាមក សម្តែងថានាងនៅតែគិតដល់ខ្ញុំព្រះករុណា
"លោកបងប្រុងនឹងគេចចេញពីក្រុងសាវត្តីមែនទេ?" នាងសួរទាំងត្រហេតត្រហបនិងស្លន់ចិត្ត ចំពោះដំណឹងនេះ
"ត្រឹមត្រូវហើយ អាត្មានឹងចាកចេញពីក្រុងសាវត្ថីនេះទៅ "ខ្ញុំព្រះករុណាឆ្លើយទៅដោយ អាការប្រក្រតីទាំងរៀបចំបរិក្ខារផ្សេងៗធ្វើដូចជាចង់គេចទៅពិតមែន ខ្ញុំព្រះករុណាមិនប្រាប់ លោកអ្នកមានអាយុទាំងឡាយក៏គង់នឹងសន្និដ្ឋានបានថា កិរិយាអាការរបស់លីលាវតីក្នុងពេល នោះយ៉ាងម៉េច ខ្ញុំព្រះករុណាប្រាប់មិនត្រូវដែរ នាងអង្គុយធ្មឹងដូចរូបសំណាក ប៉ុន្តែកែវភ្នែក ក្រហមរលីងរលោងរកកល់នឹងយំ "លោកបងគេចទៅធ្វើអី?" នាងសួរដូចជាមិនដឹងជានឹងសួរអ្វី ប៉ុន្តែនេះជាឱកាសល្អធ្វើឲ្យខ្ញុំព្រះ ករុណានិយាយជន្លជន្លេញនាងលេងបានយ៉ាងស្រួល
"អាត្មាគេចទៅរកសេចក្តីសុខកាយសប្បាយចិត្តហ្នឹងឯង នៅទីនេះមិនសប្បាយចិត្តសោះ មានតែ ទុក្ខព្រួយរហូត មានតែមនុស្សគេស្អប់ គេមិនចង់សេពគប់រាប់រក សូម្បីតែមុខគេក៏មិនចង់ឃើញ ព្រោះអាត្មាជាចណ្ឌាលបាតសង្គម អញ្ចឹងទេនៅទីនេះធ្វើអីទៀត"
"អ្នកណាស្អប់លោកបង"លីលាវតីនិយាយដោយសម្លេងខ្លាំង
"ក៏កូនស្រីពៅរបស់លោកសុមង្គលគ្រហបតីហ្នឹងឯង" ខ្ញុំព្រះករុណាឆ្លើយបានតែប៉ុណ្ណេះឯង លីលាវតីក៏ផ្ទុះសំណើចសើចទាំងទឹកភ្នែក ខ្ញុំព្រះករុណាឈ្ងោកមុខចាត់ចែងអីវ៉ាន់តទៅ
"លោកបងយល់ច្រឡំធំហើយ"លីលាវតីនិយាយដោយសម្លេងច្បាស់ស្រឡះស្រឡំ
"ខ្ញុំកណាឯណាទៅស្អប់លោកបងបាន ផ្ទុយទៅវិញ ខ្ញុំកណាស្រឡាញ់លោកបងដោយទឹកចិត្ត ស្មោះស កាលដែលលោកបងនៅជាកុមាររស់នៅក្នុងផ្ទះខ្ញុំកណា ខ្ញុំកណាស្រឡាញ់លោកបង ប៉ុនណា ពេលនេះក៏នៅតែស្រឡាញ់លោកបងប៉ុនណោះដដែល រាល់ពេលវេលាដែលលោក បងមិននៅ ខ្ញុំកណាមិនដែលមានសេចក្តីសុខទេ ព្រោះអាល័យតែគិតដល់លោកបង រាល់ពេលវេលាដែលលោកបងត្រឡប់មកគង់នៅក្នុងក្រុងសាវត្ថីវិញ ខ្ញុំកណាត្រេកអរណាស់ ដូចជាឱសថទិព្វមកស្រឡាបផ្សះបេះដូង..."
ហេតុតែលីលាវតីជាមនុស្សឆ្លៀវឆ្លាសនិងពូកែនិយាយបានជាគ្មានរអាក់រអួលនាងចេះនិយាយបានដូចយ៉ាងប្រលោមលោកនោះ ចម្លែកទេ? លោកដ៏មានអាយុទាំងឡាយ ! ជួសនឹងខ្ញុំព្រះ​ ករុណាជាអ្នកញ៉ែចំអែចំអន់នាងលេងប៉ុន្តែនាងបែរជាអ្នកញ៉ែចែចង់ខ្ញុំព្រះករុណាទៅវិញ
"ប៉ុនហ្នឹងបានហើយ លីលាវតី ! " ខ្ញុំព្រះករុណានិយាយកាត់ "អាត្មាអរងាប់ព្រោះតែសម្តីរបស់ នាង អាត្មាជឿជាក់ថានាងស្រឡាញ់់អាត្មាដោយសុទ្ធចិត្ត ជាបុណ្យវាសនារបស់អាត្មាហើយ ដែលបានទទួលមេត្តាអាណិតពីនាង"
"ចុះលោកបងស្រឡាញ់លីលាវតីទេ?" នាងសួរដោយសម្លេងទន់ភ្លន់បែបទទូចអង្វរ ធ្វើឲ្យ បេះដូងរបស់ខ្ញុំព្រះករុណាទន់ល្វតល្វៃទៅតាមដែរ នាងសម្លឹងមើលខ្ញុំព្រះករុណាហាក់ដូចជា កំពុងរងចាំចម្លើយដោយចិត្តអន្ទះសា ខ្ញុំព្រះករុណាចង់ឆ្លើយប្រាប់នាងត្រង់ៗថា លីលាវតីស្រឡាញ់អាត្មាបែបណា អាត្មាក៏ស្រឡាញ់នាងបែបនោះដែរ ប៉ុន្តែកាលបើសម្លឹង មើលទៅសម្បុរភេទរបស់ខ្លួនហើយ ធ្វើឲ្យខ្ញុំព្រះករុណាអៀនប្រៀនមិនហ៊ានឆ្លើយនៅពេល នេះទេ ដូច្នេះខ្ញុំព្រះករុណាក៏ជ្រើសរើសយកតុណ្ហីភាពជាចម្លើយវិញ
"យ៉ាងម៉េចទៅហើយ លោកបង ! លោកបងអាចឆ្លើយប្រាប់លីលាវតីឲ្យអស់ចិត្តបន្តិចបានទេ"
លីលាវតីសួរដោយអន្ទះអន្ទែង ខ្ញុំព្រះករុណាក៏រសេះរសោះមិនតិចជាងនាងដែរ នៅទីបំផុត ខ្ញុំព្រះករុណាក៏រកច្រកចេញដោយមធ្យោបាយដូចមុនទៀត
"កុំទាន់ឲ្យអាត្មាឆ្លើយអី លីលាវតី ! ចាំថ្ងៃណាមួយទំនេរសឹមអាត្មានឹងប្រាប់ឲ្យដឹង" គ្រាន់តែខ្ញុំព្រះករុណានិយាយផុតមាត់ប៉ុណ្ណេះ ហេតុការណ៍ក៏ចាប់ផ្តើមវិលចូលទៅរករូបមន្ត ដើមទៀត លីលាវតីឱនមុខចុះយំខ្សឹកខ្សួលភ្លាម បំណាត់សម្លេងនិងសំណោកសោកសៅ គ្រប់ដណ្តប់ពាសពេញទាំងបរិវេណកុដិរបស់ខ្ញុំព្រះករុណា "មនុស្សចិត្តខ្មៅ មនុស្សចិត្តទមិឡ " លីលាវតីនិយាយឡើងនៅទីបំផុត "នឹងធ្វើបាបបេះដូងលីលាវតីដល់ថ្នាក់ណាទៀត នឹងស្អប់ លីលាវតីដល់ណាទៀត" ជួសនឹងយំខ្សឹកខ្សួលធម្មតា នាងក៏ចាប់ផ្តើមទ្រហោយំហៀរទឹកភ្នែក រហេមរហាម ខ្ញុំព្រះករុណាដោះស្រាយស្ថានការណ៍តានតឹងដោយការចុះចេញពីកុដិ ទុកឲ្យ លីលាវតីអង្គុយយំតែម្នាក់ឯង ។
លុះខ្ញុំព្រះករុណាត្រឡប់មកដល់កុដិម្តងទៀត ឃើញថាលីលាវតីបានបាត់ខ្លួនពីកុដិរបស់ខ្ញុំ ព្រះករុណាទៅហើយ ខ្ញុំព្រះករុណាអង្គុយចុះដោយអស់កម្លាំងល្ងោកល្ងមទាំងកាយនិងចិត្ត បេះដូងរបស់ខ្ញុំព្រះករុណាអួលណែនដោយអាណិតអាសូរលីលាវតី ទាំងនឹកស្រងោចចិត្តខ្លះ ដែរដែលធ្វើឲ្យលីលាវតីយំយែកស្រែកទ្រហោ ប៉ុន្តែនាងឆាប់យំងាយមែនទែន ក្នុងខណៈដែល ខ្ញុំព្រះករុណាកំពុងតែអង្គុយគិតហ្នឹងឯង លីលាវតីក៏វិលត្រឡប់មកវិញដោយអាកប្បកិរិយា ស្រងូតស្រងាត់
"ទោះបីលោកបងស្អប់លីលាវតីយ៉ាងណាក៏ដោយចុះ" លីលាវតីនិយាយឡើងយ៉ាងឃ្នើសចិត្ត
"ប៉ុន្តែខ្ញុំកណាចង់នឹងសូមសំណូមពរម្យ៉ាងប៉ុណ្ណោះ សូមមេត្តាអាណិតខ្ញុំកណារឿងមួយ គឺថា សូមឲ្យលោកបងគង់នៅទីនេះតទៅទៀត កុំអាលប្រញាប់និមន្តគេចទៅណាអី ហើយសូមឲ្យ និមន្តទៅឆាន់ឯផ្ទះដូចសព្វដង"
បើបដិសេធរឿងមួយនេះទៀត មើលទៅដូចជាធ្វើទារុណកម្មបេះដូងស្រ្តីពន់ពេក ខ្ញុំព្រះករុណា ទើបយល់ព្រមទទួលសំណើរបស់នាង ។

No comments:

Post a Comment