Friday, March 4, 2011

រឿងលីលាវតី

អ្នកស្គាល់កតិកានៃការលេងកីឡានៅពេលទស្សនាការប្រកួតកីឡា តែងតែទទួល
បានភាព ស្រណុកស្រណានច្រើនជាងអ្នកមិនស្គាល់កតិកានៃការលេងកីឡា យ៉ាង
ណាមិញ អ្នកស្គាល់ កតិការបស់លោក រស់នៅលើពិភពគឺផែនដីនេះតែងតែបានប្រៀប
ជាងអ្នកមិនស្គាល់កតិការបស់ លោកយ៉ាងនោះដែរ ។

ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បង្រៀនឲ្យមនុស្សយល់ដឹងកតិការបស់
លោក ស្គាល់ការពិតរបស់លោក អ្នកយល់ដឹងពុទ្ធធម៌ជាអ្នកយល់ដឹងលោក គេនឹងលេង
កីឡា ជាមួយនឹងលោកនេះដោយទឹកចិត្តអ្នកកីឡា គឺថា ញញឹមជានិច្ចនៅពេលចាញ់ ឬ នៅពេលឈ្នះ ទាំងនៅពេលសោយសុខ និង នៅពេលរងទុក្ខ ។

មនុស្សយើងចូលចិត្តអ្វីៗងាយៗ មើលអ្វីងាយៗ អាន-ស្តាប់-យល់អ្វីងាយៗប៉ុន្តែ
ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅល្អិតជ្រាលជ្រៅ ពិបាកស្តាប់ ពិបាកអាន ពិបាកយល់
ណាស់ហេតុដូច្នេះបានជាមនុស្សមិនសូវចាប់អារម្មណ៍វិធីផ្សព្វផ្សាយពុទ្ធធម៌ក្នុងពេល
បច្ចុប្បន្ននេះសោត ក៏សំដៅយកការថែរក្សាប្រពៃណីដោយភាគច្រើនជាជាងឲ្យមនុស្ស
យល់ដឹងពុទ្ធធម៌ ទើបបានផលមិនជាទីគាប់ចិត្ត ។

រឿងលីលាវតីជាការលើកបង្ហាញពុទ្ធធម៌ក្នុងរូបបែបល្បើកនិទានដោយមិនចាំបាច់ឲ្យ
អ្នកអានប្រើខួរក្បាលគិតច្រើនពេកទេខ្ញុំប្រែសម្រួលចេញពីសៀវភៅរបស់ធម្មឃោស
ដោយមានគោលបំណងចង់ឲ្យពុទ្ធធម៌របស់ព្រះបរមសាស្តាស្ថិតនៅជាគូផែនដីខ្មែរជា
យូរអង្វែង ដើម្បីឲ្យខេមរជនជា ទូទៅយល់ដឹងឲ្យទូលំទូលាយ មានចិត្តស្លូតបូត មាន
សុជីវធម៌ និងសីលធម៌ក្នុងសង្គមដើម្បីលើកទឹកចិត្តខេមរជនឲ្យស្រឡាញ់ក្នុងការអាន
សៀវភៅ និង ដើម្បីលើកស្ទួយវណ្ណកម្មអក្សរសាស្រ្តជាតិ ក្នុងយុគសម័យបច្ចុប្បន្នផង ។

 ឆ្ងាយពីជ្រោះភ្នំហិមាល័យទៅទិសទក្សិណនៃដែនដីភារតរដ្ឋ(ឥណ្ឌា)ប៉ែកទិសឧត្តរមាន
ទីក្រុងមួយ ឈ្មោះថា គោរក្ខបុរៈតអំពីក្រុងនេះទៅទិសពាយ័ព្យតាមផ្លូវអយស្ម័យយាន
ក្នុងបល្លកញ្ចៈមានចម្ងាយផ្លូវប្រមាណជា 6 យោជន៍៍ ពួកបូជនីយេសក៍នឹងធ្វើដំណើរទៅ
ដល់ច្រាំងស្ទឹងធំ អចិរវតី ដែលជាស្ទឹងធំ 1 ក្នុងចំណោមស្ទឹងទាំង 5 គឺ មហានទីគង្គា
មហានទីអចិរវតី មហានទីយមុនា មហានទីសរភូ និង មហានទីមហី ស្ទឹងធំដែលហៅ
តាមគម្ពីរថេរវាទថា មហានទី អចិរវតីនេះ តែងផ្តល់ជំនោជោកជាំដល់មធ្យមប្រទេស ប៉ុន្តែឥឡូវនេះនៅសល់តែដីខ្សាច់ និង ទឹកតិចតួចប៉ុណ្ណោះ ឰដ៏ច្រាំងទិសទក្សិណនៃស្ទឹង
នេះ យើងឃើញមានសំណាកបាក់បែក (ruins) នៃក្រុងសាវត្ថីជារាជធានីនៃ កោសល
រដ្ឋដ៏ល្បីរន្ទឺក្នុង អតីតកាលដែលត្រូវបានរកឃើញដោយបុរាណវិទូបច្ចឹមប្រទេស ។

កាលពីពុទ្ធសករាជ 2550 ឆ្នាំប្លាយកន្លងមកហើយ ទីក្រុងសាវត្ថីនាសម័យនោះ
រុងរឿងថ្កុំថ្កើងណាស់ ក្រៅតែពីក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋចេញគ្មានក្រុង
ណាក្នុងមធ្យមប្រទេសប្រៀបផ្ទឹមនឹងក្រុងសាវត្ថីបានឡើយ ចាប់តាំងពីជើងភ្នំ
ហិមាល័យរហូតដល់ច្រាំងស្ទឹងគង្គាចាត់ជាក្រុង ល្អឯកជាង ក្រុងដទៃទៀតក្នុងដែន
ដីជម្ពូទ្វីប ក្រុងពារាណសី សាកេតុកបិលព័ស្តុនិងក្រុងផ្សេងៗទៀតសុទ្ធតែស្ថិត
នៅក្នុងខណ្ឌសីមា ឬ ជាក្រុងបរិវាររបស់សាវត្ថីទាំងអស់ប្រៀបបីដូចជា
ហ្វូងតារាករក្នុងដែននភាល័យជាបរិវាររបស់ព្រះរជនីករដូច្នោះ ។

ក្នុងក្រុងសាវត្ថីនេះឯង ព្រះបរមសាស្តារបស់យើងបានទ្រង់ប្រថាប់នៅអស់រយៈពេល
25 ព្រះវស្សាយូរជាងកន្លែងណាៗទាំងអស់ ។ ព្រះអង្គប្រថាប់នៅក្នុងវត្តជេតវ័នដែល
អនាថបិណ្ឌិក សេដ្ឋីសាងថ្វាយអស់រយៈពេល 19 ព្រះវស្សា និងប្រថាប់នៅក្នុងវត្ត
បុព្វារាមដែលនាងវិសាខា មហាឧបាសិកាសាងថ្វាយអស់រយៈពេល 6 ព្រះវស្សា ។

ព្រះអង្គទ្រង់បានអាស្រ័យទីក្រុងសាវត្ថីនេះជាទីប្រកាសផ្លូវនៃបរមសុខដ៏ប្រសើរដល់
អស់ វេនេយ្យសត្វច្រើនរាប់ពុំបានប្រមាណពុំត្រូវ ។អ្នកក្រុងសាវត្ថីជាច្រើនដែលបដិបត្តិ
តាមសម្មាមគ្គ ដែលព្រះអង្គត្រាស់បង្រៀនប្រៀនប្រដៅបានចូលដល់សុគតិហើយ ។

ឥឡូវនេះ ក្រុងសាវត្ថីបានក្លាយជាក្រុងអតីតកាលទៅហើយ ប្រាសាទ រាជមន្ទីរ ខ្លោងទ្វារ
កូដាគារ និង ទេវាល័យដែលធ្លាប់តែឈរបង្អួតរាងត្រដែតត្រដឹមស្កឹមស្កៃបានប្រែក្លាយជា
គំនរ ឥដ្ឋ គំនរដីដ៏រកប្រយោជន៍គ្មានទៅហើយ ទីក្រុងសាវត្ថីដែលធ្លាប់តែអ៊ឹកធឹកគគ្រឹកគ
គ្រេងដោយ សម្លេងទាំង 6 គឺ រនាត គងវង់ ស្រឡៃ សម្ភោរ ស្គរធំ និង ពិណ ហើយនិង
មីរដេរដាសដោយ សេដ្ឋីគ្រហបតី សមណៈព្រាហ្មណាចារ្យ ឈ្មួញដង្ខៅជនានុជន
គ្រប់ស្រទាប់វណ្ណៈបានប្រែ ក្លាយទៅជាដងព្រៃដ៏ស្ងាត់ច្រងំ ជាទីសណ្ឋិតនៅនៃពួក
ព្រាយបិសាច និង សត្វព្រៃ សមដូច ពុទ្ធតម្រាស់ថា យ៉ កិញ្ចិ សមុទយធម្មំ សព្វន្តំ 
និរោធធម្មំ ប្រែថា ធម្មជាតណានីមួយ រមែងមានការ កើតឡើងជាធម្មតា ធម្មជាតទាំង
អស់នោះរមែងមានការរលត់ទៅវិញជាធម្មតា ពាក្យពេចន៍នេះ ជាអមតវាចារបស់ព្រះ
សម្មាសម្ពុទ្ធជាម្ចាស់ ។ ទីក្រុងសាវត្ថីបានកើតឡើងហើយក៏រលត់ទៅវិញតាមសភាព
របស់សង្ខារសមដូចពុទ្ធតម្រាស់ មែន ប៉ុន្តែក្នុងអតីតកាល ក្រុងសាវត្ថីនេះជាប្រភពនៃ
ធម្មនិទានផ្សេងៗក្នុងព្រះត្រៃបិដក អដ្ឋកថា ជាដើម តទៅនេះ នឹងលើកយកតែសាច់
រឿងខ្លះ ដើម្បីបន្ថែមចំណេះដឹងដល់អ្នកត្រូវការចេះ ដឹងច្រើនម្យ៉ាង និង ដើម្បីបន្ថែមបីតិ
ប្រាមោទ្ធដល់អ្នកប្រាថ្នានឹងស្រាកស្រាលសម្រាលចិត្តដែលកើតចេញពីអត្ថរសនៃធម៌
ក្នុងរឿងលីលាវតីនេះម្យ៉ាងរឿងលីលាវតីនេះនឹងចុះផ្សាយនៅក្នុងវេបសាយនៃព្រះពុទ្ធ
សាសនាខ្មែរត្រង់ធម្មនិទាននេះបន្តិចម្តងៗទៅជារឿយលុះត្រាតែដល់អវសាននៃរឿងនេះ
សូមប្រិយមិត្រអ្នកអានចាំតាមដានលំអានរឿងនេះដូចតទៅ ៖

ក្មេងចណ្ឌាល

សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបានត្រូវពន្លឺ ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។

ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។

ក្សិណនោះ រេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយ គោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរ កាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខ របរ ខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង ក៏យកឧស ផ្ទុកពេញ រទេះ បរចូលទៅលក់ក្នុងក្រុងសាវត្ថីជាប្រចាំ ហើយក៏វិលត្រឡប់មកវិញមួយអន្លើ ដោយស្បៀងអាហារ និង សម្លៀកបំពាក់បន្តិចបន្តួច ។

ឪពុករបស់រេវត្តកុមារមានមេគោឆ្មាត់ ១ ក្បាល និង គោព្រោះ២ ក្បាលទៀតសម្រាប់ទឹម ។ រេវត្តកុមារតែងតែកៀងគោទាំងនោះទៅបន្ស៊ីតិណជាតិតាមក្សេត្រភូមិ និង សំយាបព្រៃប៉ែក ឧត្តរទិសនៃមហានទីអចិរវតីជាមួយនឹងពួកក្មេងគ្រាមវាសីជាទិនានុទិនជាប់មិនដាច់ ក៏ប៉ុន្តែតាម ធម្មតា រេវត្តកុមារចូលចិត្តនៅម្នាក់ឯងស្ងាត់ៗមិនសូវទៅប្រឡែងលេងជាមួយនឹងមិត្តភក្តិទេ ពីព្រោះក្លើៗទាំងនោះច្រើនតែនាំគេទៅបង្កជម្លោះប្រវាយប្រតប់នឹងពួកក្មេងវណ្ណៈព្រាហ្មណ៍ជា រឿយៗ ជួនកាលដល់ថ្នាក់រងរបួសស្នាមត្រឡប់មកវិញក៏មាន ។ ជម្លោះទាស់ទែងទាំងនេះ បណ្តាលមកពីពួកក្មេងវណ្ណៈព្រាហ្មណ៍បណ្តុះគំនិតស្អប់ខ្ពើមពួកក្មេងចណ្ឌាលដោយសម្តែង អាកប្បកិរិយាមើលងាយមើលថោកដោយប្រការផ្សេងៗ ។

 ល្ងាចថ្ងៃនេះ គេត្រូវកៀងគោត្រឡប់មកផ្ទះវិញតែម្នាក់ឯង ត្បិតមិត្រសម្លាញ់ដែលឃ្វាលគោជា មួយគ្នាបានវិលត្រឡប់មកផ្ទះវិញយូរហើយ លុះមកដល់កំពង់ទឹកក្បែរភូមិ គេក៏កៀងគោឲ្យចុះផឹក ទឹកហើយខ្លួនឯងក៏ចុះងូតទឹកក្នុងស្ទឹងអចិរវតី ខណៈដែលកំពុងតែស្ថិតនៅក្នុងទឹកនោះ គេមិនភ្លេច នឹងបែរមុខទៅទិសខាងលិចហើយគយគន់មើលព្រះទិវាករពណ៌ក្រហមច្រាលដែលកំពុងចរចុះ អស្តង្គតកាន់ផ្ទៃទឹកនោះទេ ដាក់ដៃទាំងទ្វេពាតនៅចន្លោះដើមទ្រូងហើយក៏សូធ្យមន្តថ្កើងព្រះបារមី នៃព្រះសុរិយទេពជាម្ចាស់រហូតដល់ព្រះទិវាករអស្តង្គតរលត់បាត់ទៅ ទើបយកដៃទាំងពីរក្បង់ទឹក លើកឡើងហើយបង្ហូរចុះវិញព្រមទាំងអធិដ្ឋានសូមជ័យជម្នះចូរកើតមានដល់ខ្លួននិងចណ្ឌាល ទាំង ពួង រេវត្តកុមារតែងតែធ្វើយ៉ាងនេះជាប្រចាំ គេគិតរំពឹងក្នុងចិត្តនៅពេលដែលដើរតាម ក្រោយ គោ ត្រឡប់ទៅកាន់ភូមិវិញថា "ថ្មើរណេះ ពុកមុខជាវិលត្រឡប់មកពីក្រុងសាវត្ថីវិញ ហើយ ព្រឹកមិញនេះ ពុកសន្យាថានឹងទិញភួយថ្មីមកផ្ញើ ថ្មើរណេះ ភួយថ្មីប្រហែលជារងចាំ នៅឯផ្ទះហើយ តាំងពីពេល នេះតទៅ នឹងដេកនៅសុខស្រួលមិនខាន" គេនឹកញញឹមក្នុងចិត្ត កាលបើគិតស្មានថាខ្លួនឯង នឹងបាន ភួយថ្មី ព្រោះគេបានដេកនៅរងាមកតាំងពីដើមហេមន្តរដូវ ម្លេះ ការដែលគេមិនបានភួយថ្មីនៅគ្រាមុន ក៏ព្រោះតែឪពុកមានកិច្ចរវល់ត្រូវចាយវាយទ្រព្យទៅ ក្នុងផ្ទូវដទៃ ទើបប្រាក់មិនគ្រប់គ្រាន់នឹង ទិញ ភួយ​ឲ្យកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់ខ្លួន បានទើបនឹងគ្រប់គ្រាន់នៅគ្រានេះឯង លុះ ត្រឡប់ មកដល់ផ្ទះវិញហើយ ជួសនឹងបានភួយថ្មីដូច គេគិតស្មានទុក រេវត្តកុមារបែរជាបាន ទទួល ដំណឹង​ថ្មីមួយដែលគេចាត់ទុកថាជាដំណឹងអាក្រក់ គួរសម ដោយហេតុថា ឪពុកស្រដី ឡើងក្រោយ ពីអាហារពេលល្ងាចថា "នែរេវត្តៈកូន ! ថ្ងៃនេះ លោកសុមង្គលគ្រហបតីឯក្រុង សាវត្ថី ដែលទទួល ទិញ ឧសពុកជាប្រចាំមកយូរហើយនោះ បានមានប្រសាសន៍នឹងពុកថា លោកត្រូវការក្មេងប្រុសម្នាក់ គាត់គិតថ្លៃឈ្នួលឲ្យ ១ ថ្ងៃ ១ កហាបណៈ លោកទទូចឲ្យពុកជួយរកក្មេងឲ្យ ពុកទើបជម្រាបប្រាប់​លោកថា ខ្ញុំប្របាទមាន កូនប្រុសម្នាក់អាយុ ១៥ ឆ្នាំ បើលោកម្ចាស់ត្រូវការ ខ្ញុំប្របាទនឹងនាំមក​ផ្ទុកផ្តាក់ជូន លោក គ្រហបតីប្រាប់ថាបើបានកូនប្រុសរបស់លោក រឹតតែប្រសើរ លោកនឹងគិតថ្លៃ​ឈ្នួល​ឲ្យជា ទ្វេភាគ ពុកបានប្រឹក្សាជាមួយនឹងម៉ែឯងហើយ សម្រេចថា គួរឲ្យឯងទៅ ឯងនឹង​ថា​យ៉ាងម៉េច"រេវត្តកុមារអង្គុយឈ្ងោកមុខចុះស្ងៀម មិនបានឆ្លើយតបថា ​ដូចម្តេចទេ ម្តាយមើល​អាកប្បកិរិយា ទៅដឹងថាកូនប្រុសមិនចង់ទៅ ទើបស្រដីឡើងថា "កូនមាសម្តាយ​! ចូរកូនទៅរស់​នៅនឹង លោកគ្រហបតីចុះ បើកូនទៅរស់នៅជាមួយនឹងលោក ម្តាយគិតថាកូននឹងបានទទួល ប្រយោជន៍​ច្រើនយ៉ាង ប្រាក់ថ្លៃឈ្នួលដែលកូនបានទទួលពីលោកគ្រហបតី បើនៅសល់ពី ការចាយវាយ ក៏សន្សែសន្សំរួបរួមទុកហើយក៏ផ្ញើមកឲ្យឪពុកម្តាយចាយខ្លះ វាជាការជួយ ទំនុក​បម្រុងឪពុកម្តាយចិញ្ចឹមជីវិត ឪពុកឯងនិងម្តាយមួយថ្ងៃៗកាន់តែចាស់ទៅៗ កម្លាំងវាំងជា កាន់តែ​ថមថយខ្សោយចុះរាល់ថ្ងៃ គង់នឹងមិនមានកម្លាំងកំហែងល្មមនឹងធ្វើការរកស៊ីចិញ្ចឹមជីវិត បានល្អ​ដូចមុនទេ ឪពុកម្តាយត្រូវពឹងពាក់អាស្រ័យកូន ម្យ៉ាងទៀត កាលបើកូនចូលទៅរស់នៅ ក្នុងទីក្រុង កូននឹងយល់ដឹងរឿងរ៉ាវផ្សេងៗ ការណ៍នេះកូននឹងបានចំណេះឈ្លាសវៃពិទ័គ្ធក្នុង កុសលោបាយ​រកទទួលទានសម្រាប់ខ្លួនតទៅមុខ មិនបាច់ព្រួយបារម្ភពីឪពុកម្តាយទេ ចូរកូន ព្រួយបារម្ភពី​ខ្លួន​ឯង​ឲ្យមែនទែន យើងទាំងពីរនាក់ចាស់ណាស់ហើយ សេចក្តីសុខសម្រាប់ មនុស្សចាស់គឺ ការដែលបាន​ឃើញ​កូនមាន ចំណេះវិជ្ជា សិរី សម្បត្តិ សុខ ចូរទៅរស់នៅ ជាមួយនឹងលោកគ្រហបតីចុះ ណៈកូន​ ! " និយាយហើយម្តាយក៏យកដៃអង្អែលខ្នងកូនប្រុស ដោយសេចក្តីសន្តោសប្រណី ។ ​​

រេវត្តកុមារនៅស្ងៀមឈឹង ដោយទឹកចិត្តពិត គេមិនចង់ទៅទេ ប៉ុន្តែលុះបានស្តាប់ហេតុផលរបស់ ម្តាយគេហើយ គេក៏ចិត្តទោរទន់ ប៉ុន្តែប្រកែកថា "ប៉ុន្តែលោកគ្រហបតីហ្នឹងជាមនុស្សវណ្ណៈ ព្រាហ្មណ៍​មិនមែនឬ" ឪពុកប្រញាប់ឆ្លើយភ្លាមថា "ត្រឹមត្រូវហើយ ពិតតែលោកជាមនុស្សវណ្ណៈ ព្រាហ្មណ៍មែន តែថាកូនមិនបាច់ខ្វល់ចិត្តថានឹងបានទទួលការប្រមាថមើលងាយពីលោកទេ ពុកបានទាក់ទង​ធ្វើ​ជំនួញ​ជាមួយនឹងលោកអស់កាលយូរអង្វែងរហូតដល់ស្គាល់ចិត្តរបស់លោក ហើយ ពិតតែលោក​ជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលកើតពីព្រះឱស្ឋរបស់ព្រះព្រហ្មមែន ប៉ុន្តែលោកមិនប្រកួច​ប្រកាន់​ស្រទាប់វណ្ណៈទេ ចំពោះរឿងនេះ ពុកធានារ៉ាប់រងបាន" ។

​នៅទីបំផុត រេវត្តកុមារ​ក៏​ទទួល​ពាក្យ​ឪពុកថានឹងទៅ ប៉ុន្តែមិនមែនទៅដោយស្ម័គ្រចិត្តទេ សុខ​ចិត្តទៅព្រោះតែយោគយល់ដល់ឪពុកម្តាយប៉ុណ្ណោះ រាត្រីថ្ងៃនោះ គេគេងពុំលក់ឡើយ ត្បិត​គិតកណ្តក់ក្នុងចិត្តក្នុងការដែលនឹងត្រូវចូលទៅរស់់នៅក្នុងក្រុងសាវត្ថីត្រង់កណ្តាលហ្វូង មនុស្ស​ចម្រុះវណ្ណៈ សូម្បីបើឪពុកបានធានារ៉ាប់រងហើយថាលោកគ្រហបតីជាមនុស្សល្អ ក៏ដោយ គេអត់​នឹងកាត់ស្មានហេតុការណ៍ទៅក្នុងទុទិដ្ឋិនិយមមិនបាន ពីព្រោះគេធ្លាប់ជួបប្រទះ មកហើយ រួចក៏​ធ្លាប់តស៊ូមកហើយជាមួយនឹងទិដ្ឋិមានះដ៏រឹងរបឹងរបាញរបស់ពួកព្រាហ្មណ៍ អាកាសធាតុ​ថ្ងៃនោះ​រងាខ្លាំងណាស់ ភួយផ្ទាំងតូចរបស់គេដណ្តប់បានផុតមុខផុតក្រោយ គេហាក់នឹងថាកំពុងគេង​លើ​កំពូលភ្នំកៃលាស សព្វបើរងាញ័រញាក់ម្តេចម្តា នៅក្នុងជម្រៅ ដួងចិត្តវិញ គេនៅតែនឹកកក់ក្តៅក្នុង​ចិត្តត្បិតបាននៅនែបនិត្យជិតឪពុកម្តាយបង្កើត កាលបើ ចូលទៅរស់នៅក្នុងទីក្រុងនាកណ្តាល​ជំនុំមនុស្សវណ្ណៈផ្សេងៗហើយ គេនឹងស្រងេះស្រងោច កណ្តោចកណ្តែងអម្បាលណាហ្ន​! រេវត្ត កុមារគិតគន់ពន់រែកក្នុងរឿងនេះរហូតរាត្រីកាល ។

លុះថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាម្តាយរបស់ខ្លួនហើយក៏ដើរតាមក្រោយឪពុកឆ្ពោះទៅ កាន់ក្រុងសាវត្ថី សម្លេងម្តាយគេស្រែកផ្តាំផ្ញើជាលើកចុងក្រោយថា"ទៅនៅជាសុខចុះ កូនមាស
ម្តាយ​! ចូរកុំភ្លេចថាយើងជាមនុស្សចណ្ឌាលដ៏ថយថោក ចូរធ្វើ ខ្លួនឲ្យគត់មត់ស្រគត់ស្រគំ តាំង ចិត្តប្រណិប័តន៍បម្រុងបម្រើលោកគ្រហបតីឲ្យបានល្អ ចូរចាំបណ្តាំរបស់ម្តាយទុក ណៈកូន​ ! " ពាក្យពេចន៍របស់ម្តាយបានក្លាយជាឱសថទិព្វជួយ ស្រោចស្រពដួងចិត្តរបស់គេគ្រប់ពេលវេលា ។

កន្លែងថ្មី-ជីវិតថ្មី

កាលបើមករស់នៅក្នុងក្រុងបានមិនយូរប៉ុន្មាន រេវត្តកុមារក៏ដឹងបានថាលោកគ្រហបតីជា កណ្យាណជនពិតដូចឪពុកគេនិយាយប្រាប់សព្វគ្រប់ប្រការ ដោយអាស្រ័យមេត្តាករុណា
របស់ លោក រេវត្តកុមារបានទទួលសម្លៀកបំពាក់ថ្មី ភួយថ្មី និង ជីវិតថ្មី គេមានឱកាសបាន
សិក្សារៀនសូធ្យអក្ខរសម័យពីព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងត្រៃវេទម្នាក់ដែលលោកគ្រហបតី
ជួលមកឲ្យ បង្រៀន ជួសនឹងរស់នៅក្នុងឋានៈជាក្មេងបម្រើរេវត្តកុមារត្រឡប់ជាបានទទួល
សេចក្តីស្រឡាញ់ អាណិតបីដូចជាកូនប្រុសរបស់លោក គេមានសេចក្តីសុខច្រើនជាងកាល
ដែលរស់នៅឯផ្ទះ ទ្វេឡើង ប៉ុន្តែក៏មិនភ្លេចថាខ្លួនជា មនុស្សចណ្ឌាលមានឋានៈត្រកូលតូចទាប
ដែរ គេទើបប្រព្រឹត្តខ្លួន គត់មត់ស្រគត់ស្រគំជានិច្ចខ្នះខ្នែងរៀនសូធ្យ និង ធ្វើការងារដោយសេចក្តី
មិនធ្វេសប្រហែស ទើបបានជាទីស្រឡាញ់ទុក ចិត្តរបស់លោកគ្រហបតីកាន់តែច្រើនឡើង ។

លោកគ្រហបតីជាថៅកែជំនួញធំម្នាក់នៅក្នុងទីក្រុងសាវត្ថី លោកតែងនាំរទេះ 500 នឹម ផ្ទុក ទំនិញបរទៅលក់តាមស្រុកភូមិផ្សេងៗក្នុងជនបទស្ទើរទូទាំងដែនដីជម្ពូទ្វីប ទម្រាំនឹងវិលត្រឡប់ មកដល់ក្រុងសាវត្ថីវិញម្តងៗ ត្រូវចំណាយពេលរាប់ខែ លោកគ្រហបតីមានកូនប្រុសម្នាក់ឈ្មោះ ជយសេន មានអាយុស្របាក់ស្របាលដំណាលនឹងរេវត្តកុមារហើយស្រឡាញ់ ចូលចិត្ត
រេវត្តកុមារពន់ពេកណាស់ មានកូនស្រីច្បងឈ្មោះ កណិការ និងកូនស្រីពៅ ឈ្មោះ លីលាវតី
ទាំងពីរនាក់នេះលោកគ្រហបតីឲ្យរស់នៅលើប្រាសាទជាន់ខ្ពស់ ខាងលើ មាននាងទាសីចាំ
ប្រណិប័តន៍បម្រើជាប្រចាំ ក្នុងគ្រាដែលមានបុណ្យនក្ខត្តឫក្សធំៗ ប៉ុណ្ណោះទោះអនុញ្ញាតឲ្យ
ចុះមកអភិរមរីករាយរអាករពាយបាន ប៉ុន្តែកាលដែលលោកគ្រហបតី មិននៅគេហដ្ឋាន នាង
ទាំងពីរក៏ចុះមកលេងកំសាន្តខាងក្រោមជាអាចិណ្ណ ពីព្រោះនាង គ្រហបតានីជាម្តាយមិនសូវ
ប្រិតប្រៀងប្រពៃណីបុរាណដូចយ៉ាងលោកគ្រហបតីជាឪពុកទេ ។

គ្រាមួយនោះ នៅពេលដែលលោកគ្រហបតីមិននៅគេហដ្ឋាន ត្រូវធ្វើដំណើរទៅប្រកបជំនួញ ជួញប្រែឯដែនកាសី មួយខែប្លាយទៀតទើបវិលត្រឡប់មកដល់ក្រុងសាវត្ថីវិញទាំងលោកក៏ បាននាំជ័យសេនជាកូនប្រុសទៅជាមួយដែរ ដើម្បីឲ្យបានមើលឃើញ និង គយគន់មើលវិធីការ ជំនួញ មើលឃើញស្រុកទេស និងពួកជនក្នុងតំបន់ផ្សេងៗ អាចនឹងមានចំណេះចេះគិតកាញ់ ទូលំទូលាយនិងចេះប្រកបរបរពាណិជ្ជកម្មបានយ៉ាងល្អតទៅអនាគត នាងព្រាហ្មណីជាម្តាយ បានឱកាសក៏នាំកូនស្រីទាំងពីរចេញដើរលំហែកាយតាមសួនឧទ្យាន តាមទេវាល័យ និង ទី
ប្រជុំជន ពេលខ្លះក៏ហួសទៅលេងទឹកក្នុងស្ទឹងអចិរវតី ក្នុងកំឡុងពេលនោះឯង រេវត្តកុមារ កម្សត់ត្រូវទទួលរងទុក្ខអភិក្រម ។

គេចាប់ផ្តើមរអៀសខ្លួនថាកំពុងត្រូវនាងព្រាហ្មណី និងកណិការសំឡក់សម្លឹងមើលដោយ ក្រសែភ្នែកសម្តែងភាពជាបច្ឆាមិត្រ គេមិនសប្បាយចិត្តសោះគិតថា ខ្លួនមុខជាធ្វើអ្វីខុសម្យ៉ាង មិនខាន ទើបជាហេតុឲ្យត្រូវផ្តោតសម្លឹងមើលបែបនោះ ក្មេងកម្លោះងាករេបែរមកពិចារណា ត្រួតត្រាមើលខ្លួនឯងយ៉ាងល្ងិតល្អន់ ប៉ុន្តែគិតមិនឃើញថាខ្លួនបានធ្វើអ្វីខុសទេ ការងារក្នុង មុខបាឋដែលដាក់ឲ្យ មិនមានខ្ចោះខ្វះចន្លោះថ្លោះធ្លោយអ្វីទេ កិរិយាឫកពាគេក៏សំរួមរវាំងបាន យ៉ាងល្អល្អះតាមដែលបានទទួលការប្រៀនប្រដៅមក ប៉ុន្តែដើម្បីជាការមិនប្រមាទទ្វេធ្វេស រេវត្តកុមារបានយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច និង កិរិយាមារយាទឲ្យកាន់តែល្អប្រសើរ
ឡើង ទុកជាម្លឹងក៏ដោយ អាកប្បកិរិយារបស់ម្តាយកូនទាំងពីរក៏នៅតែមិនផ្លាស់ប្តូរដដែល ។ នៅថ្ងៃមួយ ខណៈដែលរេវត្តកុមារកំពុងជួតត្រដុសផ្ទៃឥដ្ឋប្រាសាទតាមធម្មតា នាងកណិការ
គាប់ ជួនដើរកាត់មក គ្រាន់តែសំឡឹងឃើញរេវត្តកុមារភ្លាម នាងក៏ម្នីម្នា លើកជាយសម្ពត់
ភូសាឡើង បិទមាត់ និង ច្រមុះ ចងចិញ្ចើមសម្តែងអាការៈមើលងាយមើល ថោកទាំងរអ៊ូរងាំរង៉ូវ
នូវអ្វីម្យ៉ាងហើយក៏ដើរចៀសចេញទៅ ។ គ្រាមួយទៀត គេបានលបស្តាប់ឬម្តាយកូនសន្ទនា
គ្នាក្នុងបន្ទប់ថា"បពិត្រអ្នកម៉ាក់​ ! អង្កាល់ណាបានអាក្មេងចណ្ឌាលកាកមនុស្សនឹងគេចចេញ
ពីផ្ទះយើង"នាងព្រាហ្មណីឆ្លើយថា "មែនហ្នឹងណៈ ម៉ាក់កំពុងតែគិតរឿងហ្នឹងដែរ ទោះជាយ៉ាង
ណា ក៏ដោយ ម៉ាក់ត្រូវតែកម្ចាត់វាចេញទៅឲ្យទាល់តែបាន ម៉ាក់នៅទ្រាំមើលកាឡកណ្ណីចង្រៃនេះ តទៅទៀតមិនបានទេ "នាងកណិការនិយាយទាំងឆុរឆាវហេវហាវថា "កូនមិនយល់សោះថា
ហេតុអីបានជាលោកប៉ាសុខចិត្តបន្ទន់បន្ទាបកិត្តិយសដ៏ខ្ពង់ខ្ពស់របស់វណ្ណៈព្រាហ្មណ៍ដ៏ស័ក្តិសិទ្ធិ
ទៅទទួលយកតួចង្រៃចង្រោកចូលមកទុកក្នុងផ្ទះយ៉ាងនេះ ប៉ាមិនខ្លាចប្រឡាក់ប្រឡូសដោយ
អពមង្គលឬយ៉ាងណាអេះ" នាងព្រាហ្មណីនិយាយបន្ទរទៀតថា "ប៉ាឯងធ្វើហ្នឹងហាក់បីដូចជា
មនុស្សវណ្ណៈព្រាហ្មណ៍សាបសូន្យអស់រលីងអំពីដែនដីជម្ពូទ្វីប ហើយអញ្ចឹង បើប៉ាឯងនៅតែ
ធ្វើអញ្ចឹងតទៅទៀត ម៉ាក់ប្រហែលជានៅទ្រាំមើលមុខអ្នកក្រុង សាវត្ថីមិនបានទៀតទេ"
អាស្រ័យពាក្យពេចន៍ទាំងអម្បាលម៉ាននេះ រេវត្តកុមារទើបដឹងច្បាស់ថាអត្តចរិតជាសត្រូវរបស់ ចៅហ្វាយនាយបណ្តាលមកពីចណ្ឌាលភាពរបស់គេហ្នឹងឯង មិនមែនព្រោះអសុក្រិតភាពក្នុង
ការងារ ឬ ចរិយាមារយាទនោះទេ ហេតុដូច្នេះគ្មានមធ្យោបាយណាដោះស្រាយបានឡើយ ក្រៅតែពីស្លាប់ហើយទៅចាប់កំណើតថ្មីក្នុងវណ្ណៈព្រាហ្មណ៍ ពុំនោះសោតទេ ក៏រត់គេចចេញពី ផ្ទះដ៏សែនទោម្នេញនោះទៅ អាកប្បកិរិយាជាអរិភាពរបស់ចៅហ្វាយនាយមើលទៅហាក់ដូច ជាធ្ងន់ធ្ងរឡើង រេវត្តកុមារត្រូវផ្តាច់បង់នូវសិទ្ធិផ្សេងៗដែលធ្វាប់បានទទួល និងត្រូវបង្ខិតបង្ខំឲ្យ ធ្វើការងារកាន់តែធ្ងន់ឡើងៗដូចយ៉ាងទាសករដទៃទៀត ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើ កិច្ចការលំបាក គេអាចល្មមនឹងស៊ូទ្រាំបាន ព្រោះកាលដែលនៅរស់ជាមួយនឹងឪពុកម្តាយ គេធ្លាប់លំបាកមកហើយ ប៉ុន្តែការដែលនឹងទទួលជំនេរជេរស្តីដោយពាក្យសម្តីទ្រគោះបោះ បោកផ្សេងៗនេះ ទើបជាហេតុឲ្យគេមិនអាចធន់ទ្រាំបាន នៅពេលដែលឪពុករបស់គេមក អើតងើតនាល្ងាចថ្ងៃមួយ គេបានបូរបាច់រ៉ាយរ៉ាប់ប្រាប់សេចក្តីទុក្ខព្រួយឲ្យឪពុកស្តាប់សព្វគ្រប់ ហើយសុំឪពុកត្រឡប់ទៅនៅផ្ទះដើមវិញ ប៉ុន្តែត្រូវឪពុកហាមឃាត់ ប្រាប់ថា "ចូរស៊ូទ្រាំទៅ
ណៈកូន​ ! ចូរខិតខំធ្វើអំពើល្អឡើង ជួលកាលអំពើល្អរបស់កូន ក៏អាចនឹងឈ្នះចិត្ត របស់គេក៏បាន បើអត់ទ្រាំមិនបានទេ នឹងត្រឡប់ ទៅនៅផ្ទះជាមួយនឹងឪពុកវិញក៏បាន ប៉ុន្តែគប្បីបង្អង់រងចាំឲ្យ លោកគ្រហបតីត្រឡប់មកគេហដ្ឋានវិញសិនសឹមជម្រាបលាលោក ត្រឡប់ទៅវិញ" ។

រេវត្តកុមារស៊ូទ្រាំនៅតទៅទៀតតាមពាក្យណែនាំរបស់ឪពុក មុនគេងរាល់យប់ គេតែងតែសូធ្យ មន្តអង្វរព្រះសិវៈជាម្ចាស់ដើម្បីជួយបណ្តាលឲ្យលោកគ្រហបតីឆាប់វិលត្រឡប់មកវិញ ព្រះជាម្ចាស់ឰដ៏សគ្គាល័យហាក់បីដូចជាបានឮសម្លេងយំយែកក្នុងដួងចិត្តរបស់គេ ត្បិតមក មិនយូរប៉ុន្មាន លោកគ្រហបតីក៏និវត្តមកពិតមែន រេវត្តកុមារបែរជាបានទទួលសិទ្ធិសព្វយ៉ាងដូច ដើមវិញ នាងព្រាហ្មណីនិងកណិការត្រឡប់ជាបដិបត្តិចំពោះគេយ៉ាងបាតដៃជាខ្នងដៃ ទាំងម្តាយទាំងកូនបានសម្តែងសេចក្តីមេត្តាត្រាប្រណីដល់គេយ៉ាងចេញមុខចេញមាត់ ប៉ុន្តែ រេវត្តកុមារដឹងថាទង្វើទាំងអស់គេក្លែធ្វើដើម្បីផ្គាប់ផ្គន់លោកគ្រហបតីប៉ុណ្ណោះ យ៉ាងណាក៏ ដោយ រាល់ពេលវេលាដែលលោកគ្រហបតីនៅគេហដ្ឋាន គេក៏មានសេចក្តីសុខស្ទើរតែភ្លេច បាត់អស់
សេចក្តីទុក្ខសោកដែលបានទទួលនៅពេលដែលលោកមិននៅ លុះពេលតមកមិនយូរ ប៉ុន្មាន លោកគ្រហបតីក៏ត្រូវចាកចេញទៅធ្វើជំនួញទៀត ម្តងនេះ នាងព្រហ្មណីក៏ចាប់ផ្តើម កំញើញ
ពាធាទៀតថា "ឯងធ្វើបានល្អណាស់ អាគម្រក់​ ! ការដែលឯងមិនប្រាប់ឲ្យប្តីអញដឹង ជាការល្ង
ហើយ ប៉ុន្តែទោះបីជាឯងប្រាប់គាត់ក៏ដោយ ក៏គាត់មិនជឿដែរ ដើម្បីជារង្វាន់ដល់ឯង ចាប់តាំង
ពីថ្ងៃនេះជាដើមទៅ ឯងតោងតែទៅនៅក្នុងខ្ទមក្រោយប្រាសាទឯណោះ អញទ្រាំនៅ រួមជាមួយនឹងអាចង្រៃឯងយូរហើយ" ។

នៅល្ងាចថ្ងៃនោះ រេវត្តកុមារត្រូវឱបក្រសោបយកបង្វេចសម្លៀកបំពាក់របស់ខ្លួនទៅនៅក្នុង កូនខ្ទមតូចក្នុងសួនច្បារក្រោយប្រាសាទ គេបានទទួលបញ្ជាឲ្យធ្វើការងារក្នុងចម្ការ ដូចជា ដងទឹក ស្រោចដើមឈើ ចាំងស្មៅ ជ្រួយដីជាដើម នាងព្រាហ្មណីបានប្រគល់ភារកិច្ចដល់ ទាសករ
ម្នាក់ឲ្យជាអ្នកមើលការខុសត្រូវគេ រាល់ពេលព្រឹក និង ពេលល្ងាចមានទាសីម្នាក់យក ភោជនាហារ
ទៅឲ្យ អាហារនោះក៏គ្មានអ្វីក្រៅពីបាយចុងអង្ករ និង ទឹកជ្រក់ឡើយ ទោះបីជា ធ្វើការងារធ្ងន់ក៏ដោយ គេក៏មានអារម្មណ៍ធូរស្បើយស្រួលចិត្តច្រើនជាងនៅគេហដ្ឋានពីព្រោះ មិនបានឮសម្លេងជេរប្រទេច និង ប្រមាថកាតទានដោយផរុសវាចាផ្សេងៗ ម្យ៉ាងវិញទៀត ការនៅតោលម៉ោលតែម្នាក់ឯងស្ងាត់ៗ ក៏គាប់អធ្យាស្រ័យរបស់គេណាស់ ត្បិតគេធ្លាប់រស់នៅ ណែលណលតែលតោលម្នាក់ឯងមកស្ទើរ
តែគ្រប់ពេលវេលា គេមានឱកាសនៅរួមជាមួយនឹង ឪពុកម្តាយក៏ចំពោះតែពេលព្រឹក ពេលល្ងាច និង ពេលយប់ប៉ុណ្ណោះ កំឡុងពេលថ្ងៃ គេនៅក្នុង ព្រៃជាមួយនឹងគោគូជីវិតនិងពួកម៉ាកក្មេងចណ្ឌាល
ឯណោះ ព្រោះហេតុនោះ កាលបើបាន ត្រូវបោនចេញ(bounce)ពីគេហដ្ឋានមកនៅក្នុងខ្ទមម្នាក់ឯង ទើបត្រូវអធ្យាស្រ័យគេណាស់ ។

អ្នកប្រាថ្នាល្អ

នៅថ្ងៃមួយ រេវត្តកុមារត្រូវបង្ខំឲ្យចាំងស្មៅក្នុងសួនច្បារស្ទើរតែពេញមួយថ្ងៃរសៀល ទម្រាំនឹង សូរេចស្រេចហើយក៏ជ្រេល្ងាចល្មម គេមានអារម្មណ៍ល្ហិតល្ហៃអស់ដៃអស់ជើងជាងរាល់ថ្ងៃ ទើប
តាំងចិត្តថា នៅពេលទៅដល់ខ្ទមងូតទឹកហើយ នឹងប្រញាប់ចូលគេងសម្រាកភ្លាម គេរូតរះដើរ ត្រឡប់ទៅខ្ទមវិញ គ្រាន់តែឈានជើងឡើងលើខ្ទមប៉ុណ្ណោះ ភ្នែកក៏ប្រទះឃើញកញ្ចប់អ្វីម្យ៉ាងតាំង នៅកណ្តាលបន្ទប់ គេប្រញាប់ឈោងចាប់វាឡើងមកពិនិត្យមើលដោយចម្លែកចិត្ត វាជាកញ្ចប់អ្វី មួយមិនធំមិនតូច មានខ្សែចងឆ្វាក់ទាក់ជុំវិញយ៉ាងមាំ គេនិយាយនឹងខ្លួនឯងតិចៗថា "ស្អីហ្នឹង ខ្ញុំ ត្រូវបើកវាមើលសិន" ពោលហើយគេក៏ស្រាយខ្សែចេញសន្សឹមៗវែកសំពត់ខ្ចប់ចេញដោយដៃ ទាំងពីរញ័រចំប្រប់ និង ក្តុកក្តាក់ក្នុងពោះដោយអាការភ័យអររអឹករអាំ ទីបំផុត វត្ថុដែលនៅខាងក្នុង ក៏ត្រូវលេចគ្រហាញចេញមកក្រៅ គេប្រទះឃើញផ្លែស្វាយទុំជោរ ១ ផ្លែ បាយតំណាប់ជាច្រើនដុំ បន្ទះសាច់គោអាំងឆ្អិនហើយ ១ បន្ទះ ហើយនៅមានសំបុត្រ ១ ច្បាប់ ដែលសរសេរសេចក្តីដូចត
ទៅនេះ"រេវត្តៈ ខ្ញុំដឹងច្បាស់ថាឯងកំពុងស្ថិតនៅក្នុងអន្លង់មហាទុក្ខ ព្រោះត្រូវនាងព្រាហ្មណី និង កណិការពាធាយាយី គេទាំងពីរប្រតិបត្តិចំពោះឯងយ៉ាងឃោរឃៅណាស់ ខ្ញុំមើលឃើញ ហើយ ស៊ូទ្រាំនៅមើលបំណាំមិនបាន ទើបដាច់ចិត្តជួយសង្គ្រោះឯងតាមដែលអាចជួយបាន ឯងសូមជ្រាប
ថា តាំងពីពេលនេះតទៅ នឹងមានមិត្រអ្នកមានបំណងល្អចាំជួយឈឺឆ្អាលឯង នៅម្តុំបរិវេណនេះ ចូរទទួលយកាដូ(របស់ផ្ញើ)បន្តិចបន្តួចរបស់ខ្ញុំទុកហើយបរិភោគចុះ""អ្នកប្រាថ្នាល្អ"
យុវកម្លោះ
ចណ្ឌាលអានសេចក្តីសំបុត្រសាចុះសាឡើង ហើយខួរក្បាលរបស់គេក៏ចាប់ផ្តើមគិត ច្រើនឆ្ងល់ក្នុងចិត្តថា អ្នកណាហ្នអេះជាអ្នកផ្ញើរបស់និងសំបុត្រនេះមកឲ្យ តម្រេកត្រេកអរ សេចក្តីរំភើប និង សេចក្តីសន្ទិះពិភាល់សង្ស័យធ្វើឲ្យក្មេងកម្លោះភ្លេចក្តីនឿយហត់អស់រលីង គេពុំជឿសោះឡើយថាអ្នកណាម្នាក់នៅក្នុងគេហដ្ឋាននេះជាអ្នកផ្ញើរបស់នេះមកឲ្យគេនោះទេ ពីព្រោះមនុស្សម្នាក់ៗមើលអាកប្បកិរិយាទៅដូចជាសត្រូវចំពោះគេទាំងអស់ ក្រៅតែពីលោក គ្រហបតីនិងជ័យសេនប៉ុណ្ណោះ ប៉ុន្តែពេលនេះអ្នកទាំងពីរនាក់នោះកំពុងទៅធ្វើជំនួញនៅឯដែន ឆ្ងាយ បើដូច្នេះមានអ្នកណាផ្សេងទៀតហ្ន គេសម្លឹងមើលអាហារទាំងនោះដោយស្រេកឃ្លាន ចង់នឹងបរិភោគអាហារទាំងនោះឲ្យសមនឹងចំណង់ស្រេកឃ្លានដែរ ប៉ុន្តែនៅសន្ទិះសង្ស័យ ខ្លាច ក្រែងអាហារនោះមិនបរិសុទ្ធអាចមានអ្នកខ្លះប៉ងព្យាបាទចំពោះគេនាំយកអាហារជម្រៀត ថ្នាំ ពុលមកថ្កល់បញ្ឆោតដើម្បីសំឡេះជីវិតគេ រេវត្តកុមារយកអាហារទាំងនោះមករួមវេចដូចដើម វិញ ហើយក៏ដេកគិតមើលទៅថា"អ្នកប្រាថ្នាល្អ"ជាអ្នកណាហ្ន ! ប៉ុន្តែមិនអាចដឹងបាន ទេ ទីបំផុត គេក៏លង់លក់ទៅដោយសេចក្តីនឿយហត់ ។ លុះព្រឹកថ្ងៃតមក កាលដែលនាងទាសីយកអាហារ
មកឲ្យ រេវត្តកុមារក៏សាកសួរថា"នែបងស្រី ! ល្ងាចម្សិលមិញនេះ បងមានបានយកអាហារមក
ឲ្យខ្ញុំទេ?" "មិនបានយកមកទេ"នាងទាសីឆ្លើយដោយសំដីរាបស្មើ "ខ្ញុំទៅដងទឹកនៅឯស្ទឹង
អចិរវតីជាមួយនឹងនាងកុម្ភទាសី ហើយត្រឡប់មកដល់ផ្ទះវិញព្រលប៉ធំ ណាស់ទៅហើយ"
"បើអញ្ចឹង អ្នកណាយកកញ្ចប់បាយនេះមកឲ្យខ្ញុំ"រេវត្តៈហុចកញ្ចប់បាយនោះឲ្យនាងទាសីមើល នាងទទួលយកទៅពិនិត្យយ៉ាងល្អិតល្អន់ សម្តែងអាការងឿងឆ្ងល់ហើយនិយាយថា"ខ្ញុំមិនដឹងទេ
ឯងឃើញនៅឯណា?"រេវត្តៈចង្អុលកន្លែងឃើញឲ្យនាងមើលនាងទាសីសម្តែងចំណាប់អារម្មណ៍
យ៉ាងសំណំសំនួន ធ្វើ ឲ្យរេវត្តៈជឿជាក់ថានាងពិតជាមិនបានដឹងដំណើរដើមទងអញ្ចឹងមែន ជំនុំគ្នាមួយស្របក់ហើយ នាងទាសីក៏រូតរះត្រឡប់ទៅវិញ លុះពិសាបាយហើយរេវត្តកុមារក៏
ធ្វើការងារតាមមុខបាឋ របស់គេតទៅ រាល់ពេលវេលាដែលគេធ្វើការងារគេមិនភ្លេចនឹកគិតដល់
សំបុត្រចម្លែកនោះទេ អ្នកប្រាថ្នាល្អ ជាអ្នកណាហ្ន លុះធ្វើការងាររួចហើយគេក៏ត្រឡប់ចូល
ទៅកាន់ខ្ទមវិញគេត្រូវចម្លែកចិត្តម្តងទៀតជាលើកទីពីរនៅពេលប្រទះឃើញកញ្ចប់របស់ចម្លែក ១ កញ្ចប់ទៀត តាំងនៅត្រង់កន្លែងដដែលនឹងថ្ងៃមុន នៅពេលដែលបើកមើលទៅ គេក៏ប្រទះឃើញ
សំពត់ សំឡុយសូត្រសាច់ម៉ដ្ឋឆើតឆាយ ១ ផ្ទាំងជាសំពត់មានតម្លៃអនេកអន័គ្ឃនាំចូលមក
ពីដែនកាសី មានតែពួកអឌ្ឍជនប៉ុណ្ណោះទើបមានឱកាសប្រើប្រាស់បាន ក្រៅពីសំពត់សំឡុយ នៅមានបាយមធុបាយាសនិងសំបុត្រដូចសព្វមួយដងដែលមានដំណើរសេចក្តីថា
"រេវត្តកុមារ ខ្ញុំបានដឹងថាឯងមិនបរិភោគ ចំណីអាហារដែលខ្ញុំផ្ញើមក ទុកជូនដល់លោក
ពិសាគ្រាឃ្លាន ។ ខ្ញុំស្រងាកចិត្ត ចំពោះគំនិតដែលចេះអៀនប្រៀន ឬមួយស្អប់ខ្ញុំ
អ្នកជាម្ចាស់ទាន ធ្វើបុណ្យតាមមានជូនមនុស្សកម្សត់ ។ ទោះឯងស្អប់ក្តី ខ្ញុំមិនថាអ្វី
នាំឲ្យជូរចត់ ចូរយកសំពត់នេះ ទុកស្លៀកគ្រាអត់ ជូនរេវត្តៈកម្សត់ជាអនុស្សាណ៍"
អ្នកប្រាថ្នាល្អ រេវត្តកុមារគិតក្នុងចិត្តថា "យើងមិនបរិភោគអាហារទាំងនោះអ្នកប្រាថ្នាល្អក៏ដឹងដែរ ហើយអ្នក ដែលដឹងរឿងនេះច្បាស់អភិកាសមានតែនាងទាសីម្នាក់ប៉ុណ្ណោះ អ្នកប្រាថ្នាល្អ គឺ ប្រហែលជានាងទាសីនេះទេដឹង​ ! " ។

រេវត្តកុមារព្យាយាមឈ្លេចសួរយកការពិតពីនាងទាសីប៉ុន្តែនាងប្រកែកម៉ឹងគ្រប់ម៉ាត់ ចាប់តាំង ពីពេលនោះមក អ្នកប្រាថ្នាល្អអាសាអាសាញ់នោះក៏យកចិត្តទុកដាក់អនុគ្រោះគេជារៀងរហូត មក រេវត្តកុមារធូរស្បើយចិត្តខ្លះព្រោះគិតថានៅកណ្តាលក្តីកណ្តោចកណ្តែងនេះ គេនៅមាន រហស្សមិត្រម្នាក់ដែរ ។

ភ្ញៀវគ្រាវិកាល

ថ្ងៃនោះជាថ្ងៃពេញបូណ៌មីនៃខែពិសាខ កាលបើព្រះទិវាករចរចុះអស្តង្គតរលត់បាត់ពីផែនដីទៅ មិនយូរប៉ុន្មាន ព្រះហេមករពេញដួងក៏ផុសរះឡើងផុតកំពូលភ្នំយុគន្ធរ ចែងចាំងពន្លឺភ្លឺថ្លាប្រភាស ពាសពេញទាំងភូមិភាគជម្ពូទ្វីប រេវត្តកុមារកំពុងអង្គុយនៅត្រម៉ងត្រម៉ោចតែឯកឯងកៀនមាត់ស្រះ នៅត្រង់កណ្តាលនៃសោភណភាពនិងវិវេកភាពនៃរាត្រីកាល ខ្សែវាយោបក់ផាត់រសាត់មកប៉ះម្តង ម្កាលត្រជាក់ស្រេប ព្រមដោយដោយក្លិនក្រអូបឈ្ងុយឈ្ងប់នៃបទុមជាតិ សម្លេងច្រៀងទំនុក សោកសៅរបស់នាងកុមារិកាស្តាប់ឮល្វេងល្វើយមកមួយដងមួយគ្រាអំពីសីហបញ្ឈរនៃប្រាសាទ ដែលស្ថិតនៅទល់មុខនឹងសួនឧទ្យាន ។ ​ខែភ្លឺ ជំនោរខ្យល់ និង សម្លេងច្រៀងសមតែធ្វើឲ្យ រេវត្តកុមាររស់នៅបានសុខស្រួលដូចយ៉ាងមហាជនទូទៅ ប៉ុន្តែបេះដូងរបស់គេក្នុងពេលនោះ ពោរពេញទៅដោយទុក្ខទោម្នេញរហូតទាល់តែរកប្រឡោះទំនេរនៅសល់សម្រាប់សេចក្តីសុខ ណាៗគ្មាន គេចោលក្រសែភ្នែកសម្លឹងមើលទៅព្រះឧឡុរាជដែលកំពុងតែអណ្តែតលឿនលយ ឰដ៏មេឃាអម្ពុធរ ហើយក៏នឹកភ្នកដល់អតីតកាលកន្លងមក គិតដល់ឪពុកម្តាយ គិតដល់មេគោ ឆ្មាត់ និងច្រាំងស្ទឹងអចិរវតីដែលគេធ្លាប់នាំវាទៅបន្ស៊ីតិណជាតិ គេចង់ត្រឡប់ទៅរកវាវិញ ទៅរស់នៅក្រោមដើមទ្រូងដ៏កក់ក្តៅរបស់ឪពុកម្តាយដូចដើមវិញ យុវកម្លោះបណ្តែតអារម្មណ៍ ឲ្យអណ្តែតអណ្តូងទៅគួរនាដូចជាដុំពពកពណ៌សក្បុសដូចសំឡីកំពុងអណ្តែតត្រសែតទៅកាត់ ព្រះនិសារករជាដុំៗដូច្នោះ ។
យុវកម្លោះកំពុងអង្គុយគិតភ្លឹកភ្លាំងអស់ពេលជាយូរ មកភ្ញាក់ដឹងខ្លួនព្រើតនៅពេលត្រចៀកបាន ឮសម្លេងស្រែកហៅឈ្មោះគេឮមកពីខាងក្រោយខ្នងល្វើយៗថា "រេវត្តៈ ! រេវត្តៈ ! ហ្នឹងឯងមែន ទេ" គេបែរខ្វាប់ប្រញាប់មើលទៅត្រង់សម្លេងនោះ ហើយបានប្រទះឃើញមនុស្សម្នាក់មាន សម្លៀកបំពាក់ទទូរពណ៌ខ្មៅកំពុងដើរវែកដង្គុមឈើសំដៅមករកគេស្ទុងៗ ដោយស្លន់ចិត្ត និង ចម្លែកចិត្តលាយឡំគ្នា យុវកម្លោះម្នីម្នាក្រោកឡើង ប្រុងជើងនឹងតស៊ូ ព្រោះនៅមិនទាន់ដឹងថា អ្នកនោះជាបិសាច ឬ មនុស្សទេ បុគ្គលចម្លែកនោះមកឈរនៅទល់មុខគេហើយស្រដីឡើង តិចៗថា "នាយមុខជាភិតភ័យណាស់មែនទេ ខ្ញុំមិនមែនជាបិសាចទេ កុំភ័យអខ្លាចអី" សម្លេងនោះជាសម្លេង តូចស្រួចស្រាល់ហាក់នឹងថាសម្លេងរបស់ស្រ្តីដែលរេវត្តកុមារគិតថាធ្លាប់បានស្តាប់ឮមកហើយ គេសួរដោយចម្លែកចិត្ត ភ័យរន្ធត់ទាំងតក់ប្រមាថា
"អ្នកនាងជាអ្នកណា? មកពីណា? ហេតុអីបានជាមកទីនេះទាំងយប់ព្រលប់អញ្ចឹង"
"នាយចាំខ្ញុំមិនបានទេឬ? " ភ្ញៀវគ្រាវិកាលនិយាយបណ្តើរលើកស្បៃទទូរលើក្បាលចេញបណ្តើរ បង្ហាញឲ្យឃើញដួងភក្ត្រ ដ៏ស្រស់ស្អាត លេចត្រដែតច្រងោនៅកណ្តាលពន្លឺព្រះនក្ខត្តរាជ ស្មារតីចងចាំបានប្រាកដ ជាក់ច្បាស់ដល់រេវត្តកុមារ គេហាមាត់ចង្គ្រង់ដោយស្រឡាំងកាំង ពីព្រោះបុគ្គលចម្លែកនោះមិន មែនអ្នកណាដទៃទេ ប៉ុន្តែជា លីលាវតី កូនស្រីពៅរបស់លោកគ្រហបតីហ្នឹងឯង
គេនិយាយទាំងរំភើបភ័យអរថា
"លីលាវតី ! លីលាវតី ! នេះលីលាវតីពិតមែនឬ?"
"ត្រូវហើយ ខ្ញុំហ្នឹងឯងជាលីលាវតី កុំហៅឈ្មោះខ្ញុំឮពេក តិចលោគេឮ" នាងនិយាយហាម បណ្តើរលើកស្បៃគ្របក្បាលបណ្តើរដូចដើមវិញ រេវត្តកុមារសួរថា
"លីលាវតី ! អ្នកនាងមកទីនេះធ្វើអីនៅពេលយប់យន់យ៉ាងនេះ?"នាងឆ្លើយភ្លាមថា
"ខ្ញុំមកសួរសុខទុក្ខឯង"
"មកសួរសុខទុក្ខខ្ញុំបាទ​ ! យី​ ! អាចទៅរួចដែរឬ? វណ្ណៈព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់មកសួរសុខទុក្ខក្មេង ចណ្ឌាលកាកសំណល់មនុស្សដូចយ៉ាងខ្ញុំបាទនេះ ប្រហែលជាខ្ញុំបាទយល់សប្តិទេដឹង​ ! "
"ឯងមិនមែនយល់សប្តិទេ រេវត្តៈ ! ឯងនៅមានស្មារតីពេញលេញ ខ្ញុំមកសួរសុខទុក្ខឯងពិត មែនណៈ កុំដេញដោលច្រើនពេក មក៍អង្គុយជំនុំគ្នាលេខល្អជាង" លីលាវតីនិយាយបណ្តើរខិត ចូលមកចាប់ដៃយុវកម្លោះឲ្យអង្គុយចុះបណ្តើរ រេវត្តកុមារថយក្រោយក្រាកទៅជិតប្របមាត់ ស្រះហើយពោលទាំងសស្លើតសស្លក់ថា
"កុំ ! កុំ ! លីលាវតី កុំភ្លេចថាខ្ញុំបាទនេះត្រឹមតែជាក្មេងចណ្ឌាលម្នាក់ប៉ុណ្ណោះ កុំធ្វើឲ្យសិរីរាសី របស់ព្រាហ្មណ៍ត្រូវអាប់ប៉ត្រាប់សៅហ្មងព្រោះតែខ្ញុំបាទ"
"ហៃរេវត្តៈនេះ ឡប់ទេដឹង ! "នាងនិយាយបណ្តើរអង្គុយចុះលើផ្ទាំងមាត់ស្រះបណ្តើរ ចំណែកខាងរេវត្តកុមារនៅឈរច្រងាំងស្ងៀមដដែល ការបង្ហាញខ្លួនរបស់លីលាវតីធ្វើឲ្យគេ រំភើបភ្ញាក់ផ្អើលដល់ថ្នាក់គិតថាខ្លួនកំពុងតែយល់សប្តិ ប៉ុន្តែវាច្បាស់ក្រឡែតជាងការយល់សប្តិ យល់សូងទៅទៀត​ គេប្រមូលសតិអារម្មណ៍ត្រឡប់មកវិញបន្តិចម្តងៗរួចក៏អង្គុយចុះត្រង់ កន្លៀតមួយដែលទៀបជាងភ្ញៀវរាត្រីកាលរបស់គេ
"រេវត្ត​ ! ឯងប្រមែប្រមុំសតិអារម្មណ៍បានដូចដើមវិញហើយឬ?" លីលាវតីនិយាយឡើងក្រោយពី បាត់មាត់ទៅមួយសន្ទុះធំ "ឯងជឿហើយឬនៅថាខ្ញុំមកសួរសុខទុក្ខឯងមែន?"កាលបើឃើញយុវ កម្លោះចណ្ឌាលនៅមិនទាន់ឆ្លើយតបព្រោះលំណែនលំណាន់តាន់តាប់ក្នុងចិត្ត លីលាវតីទើប និយាយតទៅទៀតថា "ខ្ញុំអាណិតឯង ណៈរេវត្តៈ ! កាលដែលឯងត្រូវអ្នកម៉ាក់ និង បង កណិការធ្វើទុក្ខបុកម្នេញ ខ្ញុំបានត្រិះរិះពិចារណារកមធ្យោបាយជួយសង្គ្រោះឯងមកយូរហើយ ប៉ុន្តែមិនទាន់រកឃើញវិធីណាមួយដែលនឹងអាចជួយឯងបានដោយចំហនៅឡើយទេ ទើប ឆ្លៀតជួយឯងជាកំបាំងលួចលាក់សិន ខ្ញបានផ្ញើអាហារ និង សម្លៀកបំពាក់តាមនាងទាសីមក ឲ្យឯងបីឬបួនដង សង្ឃឹមថាឯងប្រហែលជាបានទទួលហើយ" នាងឈប់និយាយហើយបែរ ទៅគន់មើលធម្មជាតិដែលនៅជុំវិញខ្លួន ទឹកនៅក្នុងស្រះបែករលកឡើងតូចៗនៅពេលត្រូវ ជំនោរខ្យល់រសៀកៗបក់ផាត់មកប៉ះ ស្រមោលព្រះចន្ទនៅក្នុងទឹកញ័ររំភើតរំភើងទៅតាម ទឹករលក សម្លឹងមើលទៅហាក់បីដូចជាពន្លឺប្រាក់រលាយរលាក់អណ្តែតត្រសែតក្នុងមេពុម្ព ដុច្នោះ ក្លិនដ៏ក្រអូបក្រអួនឈ្ងុយឈ្ងប់នៃផ្កាកោមុទភាយចេញមកម្តងម្កាល ដើមអសោក ប្របមាត់ស្រះរលាស់ស្លឹកឮសូរភឹបៗព្រោះត្រូវកម្លាំងខ្យល់បក់ផាត់ លីលាវតីភ្លឹកភ្លាំងនឹង ប្រណីតភាពនៃបរិដ្ឋានធម្មជាតិ លុះបានសតិស្មារតីហើយនាងក៏និយាយថា
"រេវត្តៈ ឯងប្រហែលជាឃ្លានណាស់ហើយ និះខ្ញុំមានរបស់អន្តិចអន្តួចមកផ្ញើដែរ" នាងលូកយក កញ្ចប់ដែលខ្ចប់របស់ចេញពីកន្សែងឃ្លុំហើយដាក់នៅខាងមុខយុវកម្លោះនោះ រួចនិយាយថា "ទទួលទុកហូបចុះ ថ្ងៃក្រោយ បើមានឱកាសសឹមខ្ញុំយកមកឲ្យទៀត" ។
ខណៈនោះមានសម្លេងអ្វីម្យ៉ាងឮមកពីគុម្ពោតស៊ុមទ្រុមក្នុងសួនច្បារ លីលាវតីឈរសម្រឹងស្តាប់ មួយស្របក់ហើយក៏ក្រទីក្រទាក្រោកឡើង និយាយថា
"រេវត្តៈ ខ្ញុំត្រូវចាកចេញទៅសិនហើយ ឥឡូវនេះចង់តែនៅជជែកលេងជាមួយនឹងឯងឲ្យបាន យូរដែរ ប៉ុន្តែសេរីភាពក្នុងការធ្វើដូច្នេះគ្មានសោះ ចូរចាំទុកថា បើគ្មានអ្នកណាយល់ចិត្តឯងទេ ក៏នៅមានលីលាវតីម្នាក់ដែរដែលយល់ចិត្តឯង លាសិនហើយណៈ"
លីលាវតីលើកស្បៃទទូរក្បាលជិតស្លុងទាំងប្រញាប់ប្រញាល់ដើរលឹបបាត់ទៅក្នុងចន្លោះគុម្ពោត ឈើ រេវត្តកុមារភ្លេចភ្លាំងអ្វីៗទាំងអស់សូម្បីទាំងពាក្យថា "អរគុណ"ចំពោះទឹកចិត្ត សប្បុរសរបស់នាង គេនៅតែអង្គុយស្ងៀមទ្រឹងត្រង់កន្លែងនោះដដែលទាល់តែព្រះចន្ទចរជ្រេ ទេរចុះទៅប៉ែកបច្ឆិមទិស ទើបឡើងទៅកាន់កូនខ្ទមគេងសម្រាក ។
ហេតុការណ៍ទើបកន្លងផុតទៅថ្មី ៗ ធ្វើឲ្យគេត្រូវគិតគ្នេរគ្នាន់ គេពិតជាមិនបានយល់សប្តិទេ លីលាវតីពិតជាមករកគេមែន នាងប្រាប់ថាអាណិតគេដែលបានទទួលរកទុក្ខលំបាក នាងមិនរើសអើង ឬ ស្អប់ខ្ពើមមនុស្សចណ្ឌាលអម្បាលយ៉ាងគេទេ នាងមិនខ្លាចនឹងប្រឡាក់ ប្រឡូសដោយអពមង្គលទេឬ នាងគង់នឹងមិនស្អប់ខ្ពើមទេ បើស្អប់ខ្ពើម នាងមុខជាមិនចុះមករក គេក្នុងរាត្រីកាអញ្ចឹងទេ បើដូច្នេះមែន នាងក៏ជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលចម្លែកជាងគេ នៅ ខណៈដែលបងស្រីរបស់នាងស្អប់ខ្ពើមរអើមមើលងាយមើលថោកយ៉ាងក្រៃលែង នាងត្រឡប់ ជាលបលួចចុះមកលេងគេដល់ខ្ទមក្នុងពេលយប់យន់ទៅវិញ រេវត្តកុមារនឹងស្ងើចសរសើរ ចំពោះមេត្តាករុណាធម៌របស់លីលាវតីយ៉ាងជ្រាលជ្រៅ គេចង់ទៅតាមក្រាបសំពះបាទជើង នាងជាបដិការតបស្នងសងគុណនាង ផ្ទុយទៅវិញ គេត្រឹមតែជាក្មេងចណ្ឌាលកាកសំណល់ មនុស្សប៉ុណ្ណោះ !

ស្រីក្រមុំចិត្តធម៌

ក្រោយពីបានជួបជាមួយនឹងលីលាវតីនៅរាត្រីយប់នោះហើយ រេវត្តកុមាររីករាយសប្បាយចិត្ត ខុសពីធម្មតា នាងទាសីក៏នៅតែនាំយកអាហារ សម្លៀកបំពាក់ និងរបស់ផ្សេងៗទៀតពីលីលាវតី មកឲ្យគេមិនដាច់ រេវត្តកុមារក៏បរិភោគនិង ប្រើប្រាស់របស់របរទាំងនោះដោយគ្មានខ្លាចក្រែងរអែង ឬសង្ស័យ អ្វីតទៅទៀតឡើយ ពេលនេះ គេនឹកចង់ជួបលីលាវតីជាខ្លាំង ចង់ក្រាបសំពះបាទជើងរបស់នាង ហើយពោលពាក្យ អរព្រះគុណប្រាប់នាងឲ្យសាកសមនឹងសេចក្តីមេត្តាករុណារបស់នាង ប៉ុន្តែលីលាវតីក៏ពុំប្រាកដ ខ្លួនឲ្យឃើញទៀតឡើយ នៅពេលល្ងាចក្រោយពីស្រេចការងារហើយ រេវត្តកុមារក៏ចុះងូតទឹក ក្នុងស្រះហើយក៏ឡើងទៅអង្គុយនៅក្បែរមាត់ស្រះនោះ ជួនកាលក៏ អង្គុយរហូតដល់ព្រលប់ ទើបឡើងទៅកាន់ខ្ទមកម្សត់ដើម្បីដេកសម្រាកកាយ ។
ផ្កាកោមុទក្នុងស្រះកំពុងបែកត្របករីកសំពោងព្រោងព្រាតពាសពេញ ចំណែកឯពួកភមរជាតិ វិញកំពុងហើរឆ្វែលឆ្វាត់ចូលត្រឹបកេសរពីផ្កាមួយទៅផ្កាមួយយ៉ាងក្សេមក្សាន្តសម្រាន្តចិត្ត រេវត្តកុមារអង្គុយសម្លឹងមើលធម្មជាតិទាំងនេះយ៉ាងភ្លើតភ្លើន ទោះបីជានៅក្នុងសួនច្បារដ៏ស្ងាត់ ប៉ើមក៏ដោយ យុវកម្លោះក៏មិនកណ្តោចកណ្តែងចិត្តដូចពីមុនដែរ ត្បិតគេនឹកគិតហាក់នឹងថាមាន លីលាវតីអង្គុយនៅនែបនិត្យក្បែរខាងគ្រប់ពេលវេលា "ផ្កាឈូកទំាងនោះស្អាតណាស់" យុវកម្លោះចណ្ឌាលគិត "ប្រសិនបើបានឲ្យជាជំនូនដល់លីលាវតី មុខជាល្អណាស់" ព្រមដោយ គំនិតនេះ រេវត្តកុមារក៏ចុះទៅកាន់ស្រះរើសបេះផ្កាណាល្អៗរួមចងជាបាច់ធំ ហើយឡើងមកលើ គោកថ្កល់ទុកនៅក្បែរៗខ្លួនសម្រាប់ឲ្យជារង្វាន់ដល់លីលាវតី យុវកម្លោះចណ្ឌាលសម្លឹងមើល បាច់ផ្កានោះដោយពំនេញចិត្ត រំពេចនោះស្រាប់តែទឹកមុខរបស់គេប្រែជាក្រៀមក្រំស្រទំភ្លាម នៅពេលដែលផ្អូកគិតបានថាខ្លួនត្រឹមតែជាក្មេងចណ្ឌាលដែលមានតម្លៃថយថោកជាងសត្វ តិរច្ឆានទៅទៀត លីលាវតីស្រីត្រដែតត្រដឹមដោយយសនិងសក្តិ ត្រេកអរនឹងទទួលយកជំនូន របស់គេឬ យុវកម្លោះស្រវាចាប់យកបាច់ផ្កាដែលនៅក្បែរខ្លួនគ្រវែងចោលទៅក្នុងទឹកស្រះភ្លាម ហើយក៏អង្គុយដកដង្ហើមធំយ៉ាងកណ្តុករអុកចិត្ត ​លំនឹកសោកស្តាយញ៉ាំងឲ្យគេងាករេបែរទៅ សម្លឹងមើលបាច់ផ្កាជាច្រើនដង ។
នៅខណៈដែលរេវត្តកុមារកំពុងតែអង្គុយយ៉ាងភ្លឹកភ្លាំងនោះ លីលាវតីបានមករកគេក្នុងភិនភាគ ដដែលទៀត ពេលនេះ រេវត្តកុមារមិនច្រាស់ច្រាល់រចាល់ចិត្តទេ មានតែស្នាមញញឹមប្រិមប្រិយ និង សន្ទនាប្រាស្រ័យជាមួយនឹងនាងឲ្យបានច្រើនជាទីបំផុត
"លីលាវតី ! ខ្ញុំបាទចង់សួរអ្នកនាងមួយសំណួរឬពីរសំណួរ សូមអ្នកនាងឆ្លើយប្រាប់ខ្ញុំបាទ ដោយសុទ្ធចិត្តផង ម្តេចឡើយអ្នកនាងជាមនុស្សវណ្ណៈព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់មានកិត្តិយសថ្លៃថ្នូរ បានជាព្រមបន្ទន់បន្ទាបចុះមករកខ្ញុំបាទ អ្នកនាងមិនស្អប់ខ្ពើមខ្ញុំបាទទេឬ?"
នាងក្រមុំសម្លឹងមើលគេដោយសេចក្តីអាណិតអាសូរហើយឆ្លើយថា
"នាយមិនគួរមានសេចក្តីសង្ស័យណាៗតទៅទៀតទេ ពីព្រោះការដែលខ្ញុំមកសេពគប់រាប់រក នាយនេះ ក៏សម្តែងថាខ្ញុំមិនស្អប់ខ្ពើមទេ បើខ្ញុំស្អប់ខ្ពើមវិញ ខ្ញុំពិតជាមិនមករកនាយឡើយ"
ចម្លើយរបស់លីលាវតីធ្វើឲ្យយុវកម្លោះត្រូវអង្គុយទ្រឹងទាំងជញ្ជឹងគិតគន់យ៉ាងខ្លាំង
"ចម្លែកណាស់ ! "រេវត្តកុមារឧទានឡើងទាំងចម្លែកចិត្ត "លីលាវតី ! អ្នកនាងជាមនុស្សវណ្ណៈ ព្រាហ្មណ៍ដែលចម្លែកណាស់ រីឯមនុស្សវណ្ណៈព្រាហ្មណ៍ដូចយ៉ាងអ្នកនាងដែរទូទាំងផ្ទែផែន ពសុធា ពួកគេនាំគ្នាស្អប់ខ្ពើមមើលងាយមើលថោកមនុស្សចណ្ឌាល អ្នកនាងបែរជាមិនស្អប់ ខ្ពើមទៅវិញ ខ្ញុំបាទចង់សួរអ្នកនាងទៀតថាហេតុអីបានជាអ្នកនាងមិនស្អប់ខ្ពើមខ្ញុំបាទ?"
"រេវត្តៈ ! ខ្ញុំមើលមិនឃើញហេតុផលថា ម្រ៉ាងឡើយក៏ស្អប់ខ្ពើមនាយឬមនុស្សចណ្ឌាលទូទៅ នោះទេ មនុស្សយើងទោះបីជាសន្មតឲ្យផ្សេងគ្នាដោយវណ្ណៈ ដោយជាតិ ដោយត្រកូល ក៏ដោយ ការពិតទៅ ក៏នៅតែជាមនុស្សដូចគ្នា មានមនោគតិនឹកគិតដូចគ្នា ម្នាក់ៗស្រឡាញ់ជីវិត មិនគិតចង់ស្លាប់ ប្រាថ្នាសេចក្តីសុខសប្បាយ ស្អប់ស្អាយណាយទុក្ខដូចគ្នា មនុស្សទោះបីល្អ ឬអាក្រក់ ខ្ពស់ឬទាប មិនស្ថិតនៅនឹងជាតិវណ្ណៈទេ ប៉ុន្តែស្ថិតនៅនឹងអំពើរបស់មនុស្សម្នាក់ៗ ហ្នឹងឯង មនុស្សវណ្ណៈខ្ពស់ ប៉ុន្តែធ្វើអំពើអាក្រក់ ក៏ឈ្មោះថា ទាប មនុស្សវណ្ណៈទាប ប៉ុន្តែធ្វើអំពើល្អ ក៏ឈ្មោះថា ខ្ពស់ រតនជាតិមានពៃទូរ្យជាដើមទោះជាធ្លាក់ទៅ ក្នុងភក់ជ្រាំក៏នៅតែជារបស់ល្អដដែល អ្នកណាៗក៏ប្រាថ្នាចង់បាន ផ្ទុយទៅវិញ សាកសពរបស់បុគ្គលដែលស្លាប់ទៅសូម្បីបញ្ចុះនៅក្នុងក្តារមឈូសមាសតាំងនៅច្រងាងលើ ទែនបូជាយ៉ាងល្អត្រកាល ក៏នៅតែជារបស់ស្អុយរលួយដដែល អ្នកណាៗក៏មិនប្រាថ្នាចង់បាន ដែរ ខ្ញុំគិតឃើញដូច្នេះបានជាមិនស្អប់ខ្ពើមនាយ "
"លីលាវតីអើយ ! សម្តីរបស់អ្នកនាងពិតជាពីរោះអ្វីម្លេះទេ រហូតមួយជីវិតរបស់ខ្ញុំបាទនេះ មិនដែលស្តាប់ឮសម្តីបែបនេះឡើយ ដែលតែឮពាក្យថា " អាមនុស្សកាកសង្គម " អាមនុស្សគ្មានវណ្ណៈ ឬ អាមនុស្សថោកជាងតិរច្ឆាន ខ្ញុំបាទមិនដែលគិតថាខ្លួនឯងជាមនុស្សមនានឹងគេទេ គិតថាខ្លួនឯងប្រៀបដូចជាតួអបមង្គល ដែលចូលទៅកាន់ផ្ទះអ្នកណាមួយត្រូវគេបណ្តេញជំលាប ខ្ញុំបាទទើបតែស្គាល់នូវតម្លៃខ្លួនឯង ក្នុងថ្ងៃនេះទេ លីលាវតីអើយ ! អ្នកនាងពិតជាព្រះអវតារចុះមកជួយស្រោចស្រង់ខ្ញុំបាទយ៉ាង ពិតប្រាកដ" ។
យុវកម្លោះពោលនូវប្រយោគចុងក្រោយដោយសម្លេងញ័រគ្រលរ គេក្រាបចុះក្បែរជើងនាងក្រមុំ ដោយសទ្ធាសម្បទាស្មោះអស់ពីដួងចិត្ត លីលាវតីប្រាប់គេឲ្យក្រោកឡើងអង្គុយដូចដើមវិញ ហើយនិយាយថា
"មនុស្សយើងណៈរេវត្តៈ​! ច្រើនតែវីវក់ឈ្លក់វង្វេងនឹងប្រឡៅដែលចងព្យួរនៅនឹងករហូតដល់ ភ្លេចបាត់នូវសភាពពិតរបស់ខ្លួន ប្រសិនបើមនុស្សយើងនាំគ្នាដោះប្រឡៅចេញពីកហើយ មកសេពគប់រាប់រកគ្នាតាម សភាពពិត ដំណើរប្រេះស្រាំរវាងអារ្យជាតិនឹងមិនមានឡើយ សុខសន្តិភាពនឹងគ្របដណ្តប់ទូទាំងជម្ពូទ្វីបទាំងមូលមិនខាន ណ្ហើយចុះ ! ទោះអ្នកផ្សេងគេមិន ព្រមដោះប្រឡៅចេញក៏ដោយ សូមឲ្យយើងទាំងពីរនាំគ្នាដោះចេញហើយជាមិត្តល្អនឹងគ្នា តរៀងទៅ" ។ អ្នកទាំងពីរនិយាយសំណេះសំណាលគ្នារហូតអធ្រាត លីលាវតីទើបត្រឡប់ចូលប្រាសាទវិញ បន្សល់ទុករេវត្តកុមារឲ្យនៅម្នាក់ឯង ទិដ្ឋភាពនៃសួនឧទ្យានជុំវិញកូនខ្ទមស្ងប់ស្ងាត់ ប៉ុន្តែចិត្តរបស់ រេវត្តកុមារត្រឡប់ជាស្រើបស្រាយរីករាយហ៊ឹកហ៊ាក់ទៅវិញ ឥឡូវនេះគេដឹងថា គេជាមនុស្សម្នាក់ នឹងគេដែរ លីលាវតីឲ្យពាក្យធានារ៉ាប់រងដល់គេបែបនោះ យុវកម្លោះមាន ទឹកមុខស្រស់បស់ឡើង ធ្វើការងារក្នុងសួនច្បារបានដោយមិនចេះនឿយហត់ គេនឹងនឿយ ហត់ដូចម្តេចបានកាលបើមានកូនក្រមុំរបស់លោកគ្រហបតីចាំឲ្យកម្លាំងចិត្តពីក្រោយខ្នងនោះ លីលាវតីលបចុះ មករកគេស្ទើរតែរាល់យប់ នាងតែងតែនិយាយថា "រេវត្តៈ​ ! ទោះនឹងមិនមាន ស្រទាប់វណ្ណៈរវាងយើងទាំងពីរក៏មែនពិត ប៉ុន្តែអ្នកផ្សេងគេនៅមាន យើងចាំបាច់ត្រូវអាស្រ័យ អ្នកដទៃ ព្រោះហេតុនោះសូមឲ្យយើងទាំងពីរជាមិត្រនឹងគ្នាចំពោះតែរាត្រីកាលសិនទៅ នៅ ពេលថ្ងៃ យើងត្រូវធ្វើពើជាសត្រូវនឹងគ្នាដើម្បីផ្គាប់ចិត្តអ្នកដទៃទាំងដើម្បីសុវត្ថិភាពរបស់យើង ទាំងពីរផង " ។
រេវត្តកុមារឆ្លើយថា "រឿងនេះខ្ញុំបាទយល់ច្បាស់ហើយ អ្នកនាងមិនបាច់ព្រួយបារម្ភទេ ខ្ញុំបាទ នឹងប្រឹងសម្តែងល្ខោនឲ្យបានល្អជាទីបំផុតតាមដែលអាចធ្វើទៅបាន" ។
ព្រោះហេតុនោះកាលបើជួបរេវត្តកុមារដោយចៃដន្យនៅពេលថ្ងៃ លីលាវតីតែងតែលើកជាយ សំពត់ឡើងបិទមុខនិងច្រមុះ ទាំងធ្វើមុខធ្វើមាត់សម្តែងសេចក្តីស្អប់ខ្ពើម ដើម្បីឲ្យនាងព្រាហ្មណី និងកណិការឃើញថា នាងស្អប់ខ្ពើមពិតមែន ប៉ុន្តែក្នុងសំវរីកាលវិញ កាលបើមនុស្សនៅក្នុង ប្រាសាទនាំគ្នាសម្រាកសម្រាន្តនិទ្រ្ទាហើយ នាងតែងប្រាប់ទាសីជំនិតឲ្យនៅចាំមើលផ្លូវហើយ ខ្លួននាងក៏លួចទៅជួបរេវត្តកុមារដែលអង្គុយរងចាំនៅឯមាត់ស្រះកោមុទឯណោះ លុះដល់ បច្ឆិមយាមទើបត្រឡប់ឡើងទៅប្រាសាទវិញ នាងធ្វើបែបនេះជាអនុទិនមិនដែលដាច់ រហូត ដល់អ្នកទាំងពីរកើតមានសេចក្តីស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលសេចក្តីស្និទ្ធស្នាលនេះកំពុង ប្រែក្លាយទៅជាសេចក្តីស្នេហាយ៉ាងល្អូកល្អិន ។
រេវត្តកុមារនឹកចម្លែកចិត្តណាស់ ព្រោះយប់មិញនេះ លីលាវតីមកយឺតយូរជាងពេលកំណត់ តាមធម្មតា កាលបើមកដល់ហើយ ជួសនឹងស្រស់ស្រាយរីករាយ និង បបែបបួលជជែកគ្នា លេងដូចសព្វមួយដង នាងបែរជាអង្គុយដកដង្ហើមធំ បង្ហាញឲ្យឃើញថា កំពុងពិបាកចិត្តនឹង រឿងអ្វីមួយ កិរិយាអាការរបស់នាងធ្វើឲ្យរេវត្តកុមារខ្វល់ព្រួយផងដែរ
"លីលាវតី ! ថ្ងៃនេះ អ្នកនាងមើលទៅដូចជាផ្លាស់ប្តូរច្រើនណាស់ អ្នកនាងកំពុងតែមានទុក្ខ ព្រួយអីហ្នឹង សូមប្រាប់ខ្ញុំបាទផង ក្រែងលោខ្ញុំបាទមានផ្លូវជួយរំលែកទុក្ខបានខ្លះ"
"អរគុណណាស់ រេវត្តៈ ! "នាងឆ្លើយទាំងខំញញឹម "រឿងទុក្ខព្រួយនោះមានពិតមែន ប៉ុន្តែជា រឿងតូចតាចទេ គឺថា រឿងដែលយើងធ្លាប់និយាយគ្នាទុកនោះឯង ឥឡូវនេះបានកើតឡើង ហើយ រឿងដែលខ្ញុំមកសេពគប់រាប់រកឯងនេះបានហុយហាយខ្ចរខ្ចាយទៅដល់អ្នកម៉ាក់ និង បងស្រីរបស់ខ្ញុំហើយ"
"លីលាវតី ! "ក្មេងកម្លោះឧទានឡើងដោយស្លន់ចិត្ត
"នេះមិនមែនជារឿងតូចតាចទេណៈ ម្យ៉ាងវិញទៀត វាជាប់ទាក់ទងនឹងដំណើរជីវិតរបស់យើង ទាំងពីរទៀតផង តើខ្ញុំបាទនឹងជួយអ្នកនាងយ៉ាងម៉េចបាន?"
"ឯងមិនបាច់ខ្វល់ទេ រេវត្តៈ ! រឿងនេះទុកឲ្យជាមុខនាទីរបស់ខ្ញុំចុះ ខ្ញុំប្រាប់ឯងហើយថា វាជា រឿងតូចតាចទេ"លីលាវតីអះអាង
"ប៉ុន្តែរឿងនេះមិនមែនជារឿងតូចតាចទេណៈ លីលាវតី ! វាទាក់ទងនឹងវណ្ណៈព្រាហ្មណ៍ទូទៅ អ្នកនាងនឹងត្រូវអាក្រោសថ្កោលទោសថាជាមនុស្សទុយ៌សចំពោះជាតិត្រកូល ហើយអាចនឹង ត្រូវដាក់ទោសទណ្ឌយ៉ាងធ្ងន់ រឿងទាំងអស់កើតមានព្រោះតែខ្ញុំបាទនេះជាដើមហេតុ ដូច្នេះ មុននឹងរឿងនេះឡាមប៉ាមជារឿងធំ យើងគប្បីគិតរិះរកមធ្យោបាយការពារខ្លួនទុកជាមុនសិន អ្នកនាងចូរផ្អាកដំណើរមកអើតងើតខ្ញុំបាទជាបណ្ណោះអាសន្នសិនទៅ "
លីលាវតីសម្លឹងមើលរេវត្តកុមារទាំងមិនសូវពេញចិត្តហើយនិយាយចេញមកយ៉ាងម៉ឹងម៉ាត់ថា
"រេវត្តៈ ! ខ្ញុំធ្វើយ៉ាងនេះមិនបានទេ រឿងអ្វីដទៃខ្ញុំអាចធ្វើបានទាំងអស់ ប៉ុន្តែរឿងឲ្យខ្ញុំឈប់មក រកនាយនោះ ខ្ញុំធ្វើមិនបានទេ នាយស្អប់លីលាវតីហើយឬ? នាយមិនចង់សេពគប់រាប់អាន លីលាវតីហើយឬ?" នាងនិយាយដោយសម្លេងញ័ររន្ថើនសម្តែងតំណូចចិត្តជាខ្លាំង
"មិនមែនទេ លីលាវតី ! "យុវកម្លោះប្រញាប់បដិសេធភ្លាម "អ្នកនាងកុំអាលយលច្រឡំ ខ្ញុំបាទមិនមែនមានន័យដូច្នោះទេ ដោយទឹកចិត្តពិត ខ្ញុំបាទចង់នៅក្បែរអ្នកនាងគ្រប់ពេលវេលា ការបានជួបមុខអ្នកនាង បានសន្ទនាជាមួយនឹងអ្នកនាង នោះគឺជាសេចក្តីសុខរបស់ខ្ញុំបាទ ប៉ុន្តែរឿងដែលចង់ឲ្យផ្អាកដំណើរមកនៅពេលនេះ ក៏ដើម្បីការពារហេតុអាភេទអាក្រក់ តាំងពី ដើមដៃប៉ុណ្ណោះ កាលបើរឿងនោះស្ងប់ស្ងាត់បាត់ទៅហើយ យើងអាចនឹងជួបគ្នាបានដូចសព្វ មួយដងទៀត ឲ្យផ្អាកត្រឹមតែបណ្ណោះអាសន្នប៉ុណ្ណោះទេ"
លីលាវតីអង្គុយស្តាប់ហេតុផលរបស់រេវត្តកុមារមួយសន្ទុះហើយពោលថា
"ណ្ហើយចុះ ! រឿងហ្នឹងទុកឲ្យជាមុខនាទីរបស់ខ្ញុំ" និយាយបានត្រឹមតែប៉ុណ្ណេះ នាងក៏ប្រញាប់ ក្រោកឡើង ដើរប្រូចទៅក្នុងទីងងឹតអន្ធការ ។ រេវត្តកុមារនៅតែអង្គុយត្រង់កន្លែងនោះដដែល ជញ្ជឹងទ្រឹងគិតបញ្ហានោះតទៅរហូតដល់ អធ្រាត ទើបឡើងទៅកាន់ខ្ទមតូចគេងសម្រាក ប៉ុន្តែនៅខណៈដែលកំពុងតែគេងលក់រលីវៗ នោះ គេក៏ភ្ញាក់ព្រើតស្ទុះឡើង ពីព្រោះត្រចៀកបានស្តាប់ឮសម្លេងល្វើយៗមកពីចម្ងាយ ក្មេងកម្លោះម្នីម្នាក្រោកឡើង អង្គុយផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ វាជាសម្លេង ស្រែកយំរបសអ្នកណាម្នាក់លើ ប្រាសាទ ឮសូរម្តងៗហើយក៏ស្ងាត់បាត់ទៅ រេវត្តកុមារស្លន់ចិត្ត ណាស់ ខ្លាចក្រែងកើតរឿងអ្វីឡើងនៅលើប្រាសាទ គេភាវនាក្នុងចិត្តសូមកុំឲ្យរឿងហេតុនោះ ទាក់ទងនឹងលីលាវតីរបស់គេឡើយ គេអង្គុយផ្ទៀងត្រចៀកចាំស្តាប់អស់ពេលជាយូរ ប៉ុន្តែពុំ បានឮសម្លេងអ្វីទៀតឡើយ ក្រៅតែពីសម្លេងដកដង្ហើមរបស់ខ្លួនឯង ទើបប្រះខ្លួនចុះដេកទាំង ក្តីសង្ស័យ ។
លុះដល់ថ្ងៃបន្ទាប់មក លីលាវតីក៏មករកគេយឺតជាងរាល់ដង និងដោយអាកប្បកិរិយាស្រងូត ស្រងាត់ជាងសព្វដង
"រេវត្តៈ ! នាយយល់ឃើញយ៉ាងណា? សម្រាប់នាយ ពិភពផែនដីនេះ គួរឲ្យរស់នៅទេ?"
លីលាវតីនិយាយប្រារព្ធឡើងយ៉ាងសញ្ជប់សញ្ជឹង
រេវត្តកុមារគិតក្នុងចិត្តថាដល់ពេលវេលាដែលត្រូវបញ្ជាក់ប្រាប់មនោសញ្ចេតនាក្នុងចិត្តឲ្យ លីលាវតីដឹងហើយទើបឆ្លើយថា "សម្រាប់ខ្ញុំបាទ ពិភពផែនដីណាក៏ដោយចុះ ប្រសិនបើមាន លីលាវតីរស់នៅហើយ ពិភពផែនដីនោះគួរឲ្យរស់នៅទាំងអស់"
ពាក្យសម្តីដ៏មានន័យរបស់រេវត្តកុមារធ្វើឲ្យលីលាវតីសម្លឹងមើលគេទាំងភាំងស្រឡាំងកាំងអស់ពេលជាយូរ
"នាយចង់និយាយថាម៉េច? រេវត្តៈ ! "នាងសួរ "ប្រាប់មកចុះ សម្រាប់នាយ ខ្ញុំសុខចិត្តឲ្យអភ័យ ទោសទាំងអស់ "នាងធានាខុសត្រូវ
"ខ្ញុំបាទស្រឡាញ់អ្នកនាង លីលាវតី ! ខ្ញុំបាទស្រឡាញ់អ្នកនាងជាងជីវិតរបស់ខ្ញុំបាទទៅទៀត បេះដូងរបស់ខ្ញុំបាទក្បត់ទុយ៌សចំពោះអ្នកនាងដែលមានព្រះគុណទៅហើយ ខ្ញុំបាទដឹងច្បាស់ ថា ខ្លួនឯងគ្រាន់តែជាក្មេងចណ្ឌាលកម្សត់ម្នាក់ប៉ុណ្ណោះ គ្មានតម្លៃអ្វីសូម្បីតែជូតជើងឲ្យអ្នកនាង ផង ខ្ញុំបាទបានខំព្យាយាមហាមប្រាមចិត្តដែរ ប៉ុន្តែវាមិនព្រមជឿស្តាប់សោះ បពិត្រអ្នកនាង ! អ្នកនាងមិនបាច់អាក់អន់ស្រពន់ចិត្តទេ ខ្ញុំបាទមិនត្រូវការសូម្បីតែពាក្យថា ស្រឡាញ់ពីអ្នកនាង ទេ ខ្ញុំបាទគ្រាន់តែជម្រាបប្រាប់ការពិតដល់អ្នកនាងប៉ុណ្ណោះ ខ្ញុំបាទមិនអាចនឹងសន្សំវាទុកត ទៅទៀតបានទេ ប្រសិនបើអ្នកនាងយល់ឃើញថា បម្រាប់ការពិតរបស់ខ្ញុំបាទ ជាការប្រមាថ កាតទានដល់វណ្ណៈព្រាហ្មណ៍ដ៏ឧត្តុង្គឧត្តមរបស់អ្នកនាង សូមដាក់ទោសទណ្ឌប្រហារជីវិត ខ្ញុំបាទទៅចុះ ខ្ញុំបាទរីករាយនឹងក្ស័យជីវិតនៅក្រោមកណ្តាប់ដៃរបសអ្នកនាង ខ្ញុំបាទនឹងស្លាប់ ទៅប្រកបដោយសេចក្តីសុខ..."
"បានហើយ រេវត្តៈ ! "លីលាវតីលើកដៃបក់ហាមគេកុំឲ្យនិយាយតទៅទៀត
"ខ្ញុំមិនអាចស៊ូទ្រាំស្តាប់សម្តីរបស់នាយបានទេ"
ស្រីជំទង់មានអាការៈធ្លាក់ទឹកមុខស្រពាប់ស្រពោនចុះភ្លាម នាងលើកដៃខ្ទប់មុខហើយយំខ្សឹក ខ្សួលដោយសម្លេងតិចៗ រេវត្តកុមារភ័យស្លន់ណាស់ដែលបានឃើញអាការៈដ៏ចម្លែករបស់ លីលាវតី គេបានរំកិលខ្លួនចុះទៅអង្គុយលុតជង្គង់នៅចំពោះមុខនាង ហើយនិយាយដោយ សម្លេងញ័ររន្ថើនថា
"លីលាវតី ! អ្នកនាងយ៉ាងម៉េចទៅហើយ មេត្តាប្រាប់ខ្ញុំបាទផង បេះដូងរបស់ខ្ញុំបាទពេលនេះ ក្តៅក្រហល់ក្រហាយហាក់ដូចជាមានរងើកភ្លើងធំគគុលបំពក់នៅក្នុងខ្លួនអញ្ចឹង អ្នកនាងខឹង នឹងខ្ញុំបាទឬ ការដែលខ្ញុំបាទបានជ្រុលសម្តីជាមួយនឹងអ្នកនាង"
"មិនមែនទេ រេវត្តៈ ! "លីលាវតីនិយាយទាំងនៅសសឹកខ្សឹកខ្សួល "ខ្ញុំខឹងនឹងនាយដោយរឿងអ្វី ខ្ញុំគួរតែសើចក្អាកក្អាយដោយបីតិសោមនស្សទៅវិញទេដែលបានស្តាប់ឮសម្តីដ៏ពីរោះរបស់ នាយ ប៉ុន្តែកាលបើនឹកភ្នកទៅរកស្ថានភាពវុត្តិកម្មរវាងយើងទាំងពីរ ខ្ញុំទើបរើសយកយំជា ជាងសើច ប៉ុន្តែនាយដឹងហើយឬនៅថា ទឹកភ្នែករបស់មនុស្សយើងមិនមែនសុទ្ធតែជាសញ្ញានៃ សេចក្តីសោកសង្រេងនិងព្រួយចិត្តជានិច្ចកាលនោះទេ ជួនកាល ទឹកភ្នែកក៏ជាសញ្ញានៃសេចក្តី រីករាយត្រេកអរចិត្តដែរ" ។
យុវកម្លោះធូរស្បើយចិត្តនៅពេលស្តាប់ឮចម្លើយរបស់លីលាវតីហើយ គេពោលភ្លាមថា
"បើអញ្ចឹង មានន័យថា អ្នកនាងមិនខឹងនឹងខ្ញុំបាទទេ មែនទេ ផ្ទុយទៅវិញថែមទាំងត្រេកអរ ទៀត ដែលបានស្តាប់សម្តីបែបនោះរបស់ខ្ញុំបាទ ខ្ញុំបាទយល់ថាអ្នកនាងក៏ស្រឡាញ់ខ្ញុំបាទដែរ ប៉ុន្តែខ្លាចជាការយល់ខុស"
"មិនខុសទេ រេវត្តៈ ! នាយយល់ត្រូវហើយ"ស្រីក្រមុំនិយាយយ៉ាងក្លាហាន ធ្វើឲ្យរេវត្តកុមារ សោមនស្សចិត្តជាទីបំផុត គេភ្លេចខ្លួនឈោងទៅចាប់ដៃលីលាវតីមកក្រសោបឱបទុកហើយ និយាយទាំងរលះរលាំងថា
"លីលាវតីអើយ ! ប្រសិនបើសេចក្តីត្រេកអរចិត្តនិងសេចក្តីសុខផ្លូវចិត្តជាធម្មជាតិមានតួខ្លួន ប្រាណវិញ ម្លេះប្រហែលជាវារុញច្រានដើមទ្រូងរបស់រេវត្តៈខ្ញុំបាទឲ្យផ្ទុះបែកធ្លាយជាបំណែក មិនខាន ហើយសូមឲ្យទាសករភក្តីរបស់អ្នកនាងបានថើបចុម្ពិតដៃរបស់អ្នកនាងឲ្យសាកសម នឹងសេចក្តីត្រេកអរចិត្តផងចុះ"
រេវត្តកុមារចាប់ត្រកងដៃស្រីក្រមុំឡើងចុម្ពិតដោយល្អូកល្អិនដោយគ្មានការហាមប្រាមឡើយ គេទាំងពីរនាក់មានចិត្តជាសុខពន់ពេកណាស់ភ្លេចអស់នូវសេចក្តីទុក្ខលំបាកទាំងពួង គេទាំងពីរ មានអារម្មណ៍ហាក់នឹងថាលើលោកនេះមានត្រឹមតែពីរនាក់ប៉ុណ្ណោះ អ្នកទាំងពីរនិយាយសា សងគ្នាក្នុងបរិយាកាសដ៏ឈ្ងប់ឈ្ងុយដោយស្នេហាស្នេហ័ហឺតរហូតដល់ព្រះចន្ទកាឡបក្សរះ ផុតកំពូលប្រាសាទ លីលាវតីទើបវិលត្រឡប់ឡើងទៅគេហដ្ឋានដ៏ខ្ពស់ស្កឹមស្កៃវិញ រីឯរេវត្ត- កុមារក៏បានចាកចេញទៅកាន់កូនខ្ទមឯជាយឧទ្យានដែរ វាពិតជាផ្សេងគ្នាដូចមេឃនិងដីមែន ហ្ន !

អគតិ ៤ យ៉ាង

១. ឆន្ទាគតិ លំអៀងព្រោះស្រលាញ់(Prejudice caused love or desire partiality)

២. ទោសាគតិ លំអៀងព្រោះស្អប់(Prejudice caused by hatred or enmity)

៣. មោហាគតិ លំអៀងព្រោះវង្វេង រឺ ល្ងង់ខ្លៅ(Prejudice caused by delusion or stupidity)

៤. ភយាគតិ លំអៀងព្រោះខ្លាច(Prejudice caused by fear)

រេវត្តកុមារបង្ខំចិត្តចាកចេញ

"លីលាវតី ! ថ្ងៃនេះ អ្នកនាងមើលអាកប្បកិរិយាទៅដូចជាស្រពាប់ស្រពោនណាស់" រេវត្តកុមារ និយាយប្រារព្ធនឹងលីលាវតីនៅពេលដែលនាងមករកគេនាល្ងាចថ្ងៃមួយ "ខ្ញុំបាទមានអារម្មណ៍មិនសប្បាយចិត្តសោះកាលដែលបានឃើញអាកប្បកិរិយារបស់អ្នកនាង ដូច្នេះ សូមមេត្តាប្រាប់ខ្ញុំបាទផងបានទេថាអ្វីជាដើមហេតុនៃសេចក្តីសោកសៅនេះ ក្រែងលោ ខ្ញុំបាទអាចនឹងរកផ្លូវជួយដោះ ស្រាយកម្ចាត់កំចោករោកបាន ដើម្បីលីលាវតី សូម្បីតែជីវិត របស់ខ្ញុំបាទក៏អាចលះបង់បានដែរ សូមប្រាប់ខ្ញុំបាទភ្លាមៗមក"
"​អរគុណណាស់ រេវត្តៈ ! ប៉ុន្តែគ្មានរឿងហេតុអីទេ នាយប្រហែលជាគិតច្រើនពេកទេដឹង"នាង ក្រមុំឆ្លើយតបទាំងមិនសូវពេញសម្តី
យុវកម្លោះដឹងថាលីលាវតីលាក់បាំងការពិតទើបរំអុករកសួរតទៅទៀតដើម្បីឈ្លេចរក សច្ចការណ៍ឲ្យបាន
"លីលាវតី ! អ្នកនាងចាំបាច់បិទបាំងការពិតធ្វើអី អ្នកនាងមិនទុកចិត្តរេវត្តៈជាទាសករស្មោះត្រង់ របស់អ្នកនាងទេឬ "
ស្រីក្រមុំជ្រប់មុខចុះស្ងៀម យកម្រាមដៃត្រដុសជាយសំពត់ភូសាទៅមក នាងកំពុងតែស្ថិតនៅ ក្នុងអន្លង់មហាទុក្ខទាំងចង់នឹងប្រាប់រេវត្តៈឲ្យដឹងដើម្បីសុំជំនួយដែរ ប៉ុន្តែនាងនៅមើលមិន ឃើញវិធីអនុវត្តនៅឡើយ បើពឺតតែធ្វើយ៉ាងនេះតទៅទៀត ជួសនឹងកើតមានផលល្អ ត្រឡប់ជា កើតមានផលអាក្រក់កាន់តែខ្លាំងឡើង គឺ រេវត្តៈនឹងដោយក្តៅក្រហាយទៅជាមួយដែរ ព្រោះ ហេតុនោះលីលាវតីទើបកាត់ចាត់ប្រឈមមុខនឹងគ្រោះកម្មតែម្នាក់ឯង ដោយមិនសុខចិត្តឲ្យ រេវត្តៈពិបាកទៅជាមួយនឹងនាងទេ
"លីលាវតី​ ! មុននេះបន្តិច ខ្ញុំបាទបានឮសម្លេងយំខ្សឹកខ្សួលលាន់ចេញមកអំពីប្រាសាទ ខ្ញុំបាទ គិតថាមុខជាកើតរឿងអីមួយមិនខានឯប្រាសាទ ទាំងរឿងនោះគង់នឹងមិនទាក់ទិននឹង សំណោកសោកសៅរបស់លីលាវតីរបស់ខ្ញុំបាទេណៈ"
ភ្លាមនោះ លីលាវតីងើបមុខសម្លឹងមើលរេវត្តកុមារដោយភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មាន ថារេវត្តៈនឹងបានឮសម្លេងនោះឡើយ ​ហើយនាងក៏និយាយបន្លប់កាច់កុងថា
"ខ្ញុំក៏បានឮសម្លេងនោះដែរ ប៉ុន្តែវាមិនមែនឮឯប្រាសាទហ្នឹងទេ គឺវាឮនៅឯប្រាសាទមួយខ្នង ទៀតដែលនៅជាប់គ្នា"
ចម្លើយរបស់លីលាវតីមិនបានធ្វើឲ្យរេវត្តកុមារយល់យាក់ជាក់ច្បាស់ទេ ពាក្យសម្តីនិង អាកប្បកិរិយារបស់នាងនៅមានពិរុទ្ធភាពនាំឲ្យសង្ស័យមួយចំនួន កាលបើលីលាវតីចាកចេញ ទៅមិនយូរប៉ុន្មាន សម្លេងយំសោកបោកប្រាណនោះក៏បន្លឺឡើងមកម្តងទៀត យុវកម្លោះខំផ្ទៀង ត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីរេរកកន្លែងពិតនៃសម្លេងនោះ នៅពេលស្តាប់ក្នុង បន្ទប់មិនច្បាស់ គេក៏ចេញមកស្តាប់នៅខាងក្រៅទៀត សម្លេងនោះចេញមកពីប្រាសាទពិត ប្រាកដមែន វាជាសម្លេងទួញថ្ងូរសម្តែងសេចក្តីឈឺចាប់របស់អ្នកណាម្នាក់ ដោយមិនផ្សូរ ផ្សងយូរ រេវត្តកុមារក៏ម្នីម្នាដើរចេញពីខ្ទមតម្រង់ទៅកាន់ប្រាសាទ សំណាងល្អ ទ្វារក្រោយនៅ មិនទាន់បិទ គេក៏ស្ទុះលបចូលទៅខាងក្នុងរបងដែលងងឹតចាក់ភ្នែកមិនយល់ ហើយឡើង ទ្រើបៗទៅតាមជណ្តើរ រហូតបានទៅដល់ជាន់លើដែលជាប្រភពនៃសម្លេងនោះ គេក៏ប្រញាប់ ប្រញាល់ដើរទៅកាន់ទ្វារដែលកំពុងតែកើតហេតុ ប៉ុន្តែចៃដន្យក៏ដើរទៅបុកជល់នឹងមនុស្សម្នាក់ ព្រោះងងឹតឈ្លប់មើលមិនឃើញគ្នា មនុស្សដែលគេដើរជល់នោះស្ទុះហេមកសម្លឹងមើលមុខគេ
"អ្នកណាហ្នឹង មកធ្វើអីទីនេះ?"
រេវត្តកុមារសម្លឹងមើលមុខមួយសន្ទុះ ទើបឆ្លើយថា "ខ្ញុំ គឺ រេវត្តៈ មានកើតរឿងហេតុអីហ្នឹង​?"
"កើតរឿងធំហើយ រេវត្តៈ ! "នាងទាសីឆ្លើយដោយសស្លន់សស្លោ "នាងព្រាហ្មណីបានដឹង ហើយថាឯងនិងលីលាវតីបានលួចទៅជួបគ្នា ទាំងពីរនាក់ខឹងសម្បានឹងលីលាវតីជាខ្លាំង ការដែលនាងលួចទៅជួបឯង ពួកគេប្រកាន់ថាជាអំពើតក់ម៉ក់អាក្រក់ក្រៃ គួរឲ្យអាម៉ាស់មុខ ជាទីបំផុត ថ្ងៃដំបូង នាងព្រាហ្មណីបានកោះហៅលីលាវតីទៅសាកសួរ នាងក៏ទទួលសារភាព ដោយស្មោះស្ម័គ្រ ហើយលើកហេតុផលថា ទង្វើរបស់នាងមិនមែនជារឿងគួរឲ្យអាម៉ាស់មុខ នោះទេ នាងជាម្តាយខឹងខ្លាំងណាស់ដល់ថ្នាក់ចាប់លីលាវតីចងហើយវាយសំពងយ៉ាងគ្មាន មេត្តា ប៉ុន្តែលីលាវតីក៏អត់នឹងទៅរកឯងមិនបាន ហើយរាល់លើកដែលទៅរកឯង ក៏ត្រូវនាង ព្រាហ្មណីវាយដំយ៉ាងនេះ ឯងស្តាប់មើលខ្លួនឯងចុះ រេវត្តៈ ! ខ្ញុំទ្រាំស្តាប់ទៀតមិនបានទេ"
នៅពេលដែលនាងទាសីដើរចុះពីកាំជណ្តើរបាត់ទៅ រេវត្តៈប្រញាប់យកត្រចៀកផ្អឹបស្តាប់ ត្រង់ទ្វារ សម្លេងខាងក្នុងលាន់ឮមកខាងច្បាស់ក្រឡែត "មីកូនទុយ៌ស ! ហងកើតមកដើម្បី បំផ្លាញវង្សត្រកូល ខត្តិយមហាសាល ព្រាហ្មណ៍មហាសាលមាននៅគរគោកគរដីក្នុងក្រុង សាវត្ថី ប៉ុន្តែត្រឡប់ជាត្រេកអរទៅសមគប់នឹងអាមនុស្សចណ្ឌាលកម្ទេចមនុស្សទៅវិញ អញ សុខចិត្តខាតបង់កូនទុយ៌សដូចយ៉ាងហងឯងនេះប៉ុន្តែមិនសុខចិត្តបង្ខូចកិត្តិនាមរបស់ព្រាហ្មណ៍ ជាដាច់ខាត ហ៏ ! ខ្ញុំកំដរក្រអាញ សំពងវា ៨ រំពាត់ទៀត "
សម្លេងរំពាត់ជ្រែកអាកាសមកប៉ះផ្ទៃស្បែក សម្លេងស្រែកចំទាលដោយក្តីឈឺចាប់ សម្លេងសើច ក្អាកក្អាយសម្តែងសេចក្តីពេញចិត្តរបស់ម្តាយលាន់ឮមកម្តងទៀត រេវត្តៈឈរខាំធ្មេញដោយ បេះដូងឈឺពើតផ្សា គេចង់នឹងបំបាក់ទ្វារចូលទៅជួយលីលាវតី ប៉ុន្តែវិធីជួយរំដោះដែលឈ្លាស វៃជាងនេះមិនមានទេឬ​
"កុំវ៉ៃវាអី ម៉ាក់ ! "សម្លេងកណិការនិយាយខ្ទាស់ឡើង "ទោះជាវ៉ៃវាទៅក៏ងាប់ទទេ យើងមកធ្វើ យ៉ាងនេះល្អជាង គឺថា រឿងនេះកើតឡើងក៏ព្រោះតែអាក្មេងចណ្ឌាលម្នាក់ហ្នឹងជាដើមហេតុ បើអញ្ចឹងសូមឲ្យយើងជួយគ្នាបណ្តេញវាចេញទៅ"
"ម៉ាក់ក៏ចង់ធ្វើអញ្ចឹងដែរ ប៉ុន្តែកូនឯងភ្លេចហើយឬ អាអពមង្គលហ្នឹង វាជាទីស្រឡាញ់ពេញចិត្ត របស់ប៉ាឯង បើប៉ាឯងត្រឡប់មកមិនឃើញវា យើងអាចនឹងជួបប្រទះសេចក្តីលំបាកជាងនេះ" សម្លេងម្តាយកូនស្ងប់បាត់ទៅ នៅសល់តែសម្លេងយំសសឹករបស់លីលាវតី ខណៈដែលកំពុងតែ ឈរគិតនៅ៝ឯទ្វារនោះឯង រេវត្តៈក៏កើតមានគំនិតមួយដែលអាចជួយរំដោះលីលាវតីបាន គេប្រញាប់ប្រញាល់ត្រឡប់មកខ្ទមតូចវិញ ហើយសរសេរសំបុត្រ ១ ច្បាប់ឡើងដែលមាន លំអានសេចក្តីថា
"លីលាវតីស្រីឆើតឆោម ប្រកបគុណព្រមស្រស់សោភា
រេវត្តៈខ្ញុំបាទសូមឃ្លាតឃ្លា ចាកស្រីស្ងួនភ្ងានាពេលនេះ ។
បើទ្រាំរស់នៅគង់មិនបាន នាំទុក្ខខ្លួនប្រាណយ៉ាងគម្រិះ
នាងត្រូវម្តាយវាយដំច្រំជិះ ព្រោះខ្ញុំបាទនេះជាដើមហេតុ ។
ចណ្ឌាលខ្ញុំបាទជនថយថោក មិនគួរនៅជ្រកទីត្រដែត
សូមលាត្រឡប់ទៅស្រុកខេត្ត មិនមែនបដិសេធនាងនោះទេ ។
តាមពិតនាងល្អបវរស្រស់ ទាំងចិត្តសប្បុរសអស់ជាងគេ
សង្គ្រោះខ្ញុំបាទឥតទំនេរ ទោះម្តាយវាយជេរក៏ស៊ូទ្រាំ ។
សរសេរសំបុត្រដល់ត្រង់ណេះ ខ្ញុំសូមកាត់ស្លេះទាំងក្រៀមក្រំ
វណ្ណៈខ្ពស់ទាបត្រូវបង្ខំ ញ៉ាំងឲ្យរូបខ្ញុំឃ្លាតចាកលា ។
សរសេរសំបុត្រទាំងទឹកភ្នែក ហូរមកពុះជ្រែកម្តងមួយគ្រា
រេវត្តៈខ្ញុំបាទសូមក្រាបលា ស្រីឆោមលីលាវតីហើយ ។
បើបុណ្យវាសនាពីអតីត ជួយតាមប្រកិតឲ្យផលអើយ
ពួកយើងទាំងទ្វេបានកៀកកើយ រស់នៅធូរស្បើយតាមស្រមៃ ។
សម្តីចុងក្រោយអួលដើម-ក លាស្រីបវរទាំងបក់ដៃ
តាមដោយលិខិតចារសេចក្តី ពោរពេញអត្ថន័យអាល័យនាង ។"

ដោយសេចក្តីស្រឡាញ់ចេញពីបេះដូង
រេវត្តៈ (ចណ្ឌាល)

គេនាំយកសំបុត្រនោះទៅប្រគល់ឲ្យនាងទាសីប្រាប់បង្គាប់ឲ្យនាងប្រគល់ឲ្យលីលាវតីក្នុង ឱកាសសមរម្យ រួចក៏ដើរត្រឡប់ទៅកាន់ខ្ទមវិញ យុវកម្លោះប្រមែប្រមូលសម្បុកសម្បត្តិតូចតាច តិចតួចរបស់គេ ហើយយកក្រណាត់វេចជាបង្វេចមួយយ៉ាងធំ ភាគច្រើនក៏ជាសម្លៀកបំបពាក់ ដែលលីលាវតីឲ្យគេហ្នឹងឯង គេយកបង្វេចមកឱបក្រសោបហើយក៏ម្នីម្នាចាកចេញពីខ្ទមទៅ ឈរនៅខាងក្រោមងាកមកសម្លឹងមើលខ្ទមកម្សត់របស់គេហើយស្រដីតិចៗថា
"លាសិនហើយ ! ខ្ទមសម្លាញ់អ្នកធ្លាប់នាំសេចក្តីសុខមកឲ្យខ្ញុំ" ។
គេក៏ប្រញាប់ប្រញាល់ដើរឆ្ពោះទៅកាន់មាត់ស្រះត្រង់ចំណុចដែលគេបានជួបនឹងលីលាវតីនៅគ្រាដំបូង ឈរនៅទីនោះមួយសន្ទុះហើយរូតរះដើរប្រជ្រៀតកាត់ភាពងងឹតអន្ធការចេញទៅ ផ្លូវធំ ដើរផងរត់ផង រហូតទៅដល់ខ្លោងទ្វារក្រុងខាងទិសឧត្តរ នៅពេលនោះឆ្មាំទ្វារហៀបនឹង បិទទ្វារល្មម ប៉ុន្តែរេវត្តកុមារអាស្រ័យភាពរហ័សរហួនទើបមុខចេញទៅរួចបាន ។
គេមានអារម្មណ៍ធូរទ្រូងដែលបានស្រូបយកបរិយាកាសស្រស់ថ្លាបរិសុទ្ធខាងក្រៅកំពែងក្រុង ចាប់តាំងពីពេលនេះតទៅ គេសង្ឃឹមថានឹងបានទៅរស់នៅក្រោមរង្វង់ដៃដ៏កក់ក្តៅរបស់ ឪពុកម្តាយដូចមុនមិនខាន ។

លោកឪពុកអ្នកម្តាយនៅឯណា?

ចម្ងាយផ្លូវពីខ្លោងទ្វារក្រុងដល់ភូមិចណ្ឌាលមិនជិតប៉ុន្មានទេ ប៉ុន្តែរេវត្តកុមារតាំងចិត្តថានឹងទៅឲ្យ ដល់នៅយប់នេះឯង គេមិនចង់នៅក្នុងក្រុងឬសូម្បីតែបរិវេណជិតក្រុងរបស់ពួកព្រាហ្មណ៍តទៅ ទៀតឡើយ ចង់នឹងភៀសខ្លួនចេញទៅឲ្យឆ្ងាយជាទីបំផុតតាមដែលអាចភៀសទៅឆ្ងាយបាន គេប្រញាប់ដើរទៅយ៉ាងលឿននៅកណ្តាភាពងងឹតអន្ធការ និង សេចក្តីស្ងាត់ច្រៀបនៃរាត្រីកាល ជួនកាលគេក៏ដើរចំពង់ដុំថ្មនៅលើផ្លូវរដិបរដុបដួលជ្រហិតជ្រហមនៅនឹងដី ធ្វើឲ្យបង្វេចខោអាវ ខ្ទាត់ឆ្លោយចេញដៃ ក្មេងកម្លោះប្រឹងខាំធ្មេញព្រយុងខ្លួនក្រោកឡើង រាវរកបង្វេចខោអាវដោយ អាស្រ័យពន្លឺព្រឹលៗរបស់ផ្កាយ ទម្រាំនឹងរកឃើញក៏ត្រូវចំណាយពេលជាច្រើន សម្លេងខ្លែង ស្រាកយំចចាចនៅខាងក្រោយខ្នង នាំឲ្យកម្លោះចណ្ឌាលនឹកគិតថាលីលាវតីកំពុងតែរត់តាម មក គេភ្លឹកភ្លាំងងាកបែរក្រោយហើយក៏ឈប់ឈរនៅចាំនាង ប៉ុន្តែគ្រាន់តែដឹងថាវាជាសម្លេង ស្រែករបស់ខ្លែងស្រាក គេក៏រូតរះធ្វើដំណើរតទៅ ។
នៅទីបំផុត រេវត្តកុមារក៏ចូលទៅដល់ភូមិចណ្ឌាល អ្នកភូមិនាំគ្នាសម្រាន្តលក់អស់ហើយ ឆ្ដែចាស់ពីរបីក្បាលក្រោកឡើងមកភ្រុសសន្ធាប់តាមក្រោយកែងជើងរបស់គេ ប៉ុន្តែក្មេងកម្លោះ មិនអើពើទេ គេដើរតទៅ រហូតទាល់តែមើលឃើញផ្ទះរបស់ឪពុកឈរនៅស្ទុងៗក្នុងភាពងងឹត សមន្ធការ រេវត្តកុមារត្រេកអរណាស់ ប្រញាប់ស្ទុះទៅគោះទ្វារហៅឪពុកថា "ពុក ! បើកទ្វារ ទទួលកូនផង កូនមកហើយ ពុក ! " គេហៅទាំងគោះទ្វារដោយចង្វាក់រន្ថើន ប៉ុន្តែខាងក្នុងនៅតែ ស្ងាត់ច្រៀប ស្ងាត់ឈឹងហាក់នឹងថាគ្មានជីវិតនៅខាងក្នុងសោះ គេនៅតែគោះទ្វារហៅតទៅ "ពុក ! សូមបើកទ្វារទទួលកូនផង" ។
នៅទីបំផុត ក៏មានសម្លេងសង្ឍកចេញមកពីខាងក្នុងថា "អ្នកណាគេហ្នឹង មកដាស់ធើអីនៅយប់ អធ្រាតអញ្ចឹង"
"កូនទេ រេវត្តៈណៈ ! ចាំសម្លេងកូនមិនបានទេឬ "
"រេវត្តៈ !"សម្លេងចេញពីខាងក្នុងបន្លឺហៅឈ្មោះគេតិចៗ ជាវិធីនឹកគិតហើយក៏មានសម្រឹបជើង ផ្ទប់នឹងផ្ទៃក្តារដើរសំដៅមកទ្វារ ទ្វារត្រូវបានបើកចេញមកហើយអ្នកទាំងពីរក៏ប្រទល់មុខគ្នា
"ឯងជាអ្នកណា មកពីណា?" បុរសដែលបើកទ្វារសួរ តែរេវត្តៈមិនបានឆ្លើយទេ គេចាប់ផ្តើម ចម្លែកចិត្ត ព្រោះគិតឃើញថាបុរសម្នាក់នេះមិនមែនជាឪពុករបស់គេទេ ព្រោះមើលទៅមានពុក មាត់ស្រមូមស្រមាមចាស់ជាងឪពុករបស់គេឆ្ងាយណាស់ ទាំងអាកប្បកិរិយាដែលសម្តែងចេញ ចំពោះគេ ក៏បញ្ជាក់ច្បាស់ថាជាអ្នកព្រៀងលាន រេវត្តកុមារដើរតាមម្ចាស់ផ្ទះចូលទៅខាងក្នុង ដោយសេចក្តីសង្ស័យស្ទាក់ស្ទើរជាខ្លាំង "ឪពុករបស់ខ្ញុំផ្លាស់ប្តូរដល់ថ្នាក់នេះម្លេះឬ" គេគិតនៅ ក្នុងចិត្ត នៅពេលដែលអ្នកទាំងពីរមកអង្គុយនៅមុខចង្រ្កានភ្លើងព្រមគ្នាហើយ ការពិតក៏ប្រាកដ ឡើង បុរសម្នាក់នោះមិនមែនជាឪពុករបស់គេទេ ប៉ុន្តែជាបុរសប្លែកមុខដែលរេវត្តកុមារមិន ដែលឃើញមកពីមុន ។ "អូ ! ខ្ញុំបាទចូលផ្ទះច្រឡំទេ"គេឧទានឡើងទាំងម្នីម្នាចេញទៅក្រៅ ប៉ុន្តែគេត្រូវត្រឡប់ចូលមកម្តង ទៀត ពីព្រោះផ្ទះនោះពិតជាផ្ទះរបស់គេពិតមែន គេនៅចាំបានច្បាស់ បើអញ្ចឹង ឪពុករបស់គេទៅ ណា? បុរសនោះជាអ្នកណា?
"ឪពុកម្តាយរបស់ខ្ញុំបាទទៅណា?"គេសួរបុរសមានវ័យចំណាស់នោះយ៉ាងតក់ក្រហល់
"ឪពុកម្តាយរបស់ឯងជាអ្នកណា សាកប្រាប់មកមើល៍"
"ឪពុករបស់ខ្ញុំបាទឈ្មោះ ពន្ធុមៈ ម្តាយឈ្មោះ សុជានី "
"ឱ ! "វយជនឧទានឡើងទាំងងក់ក្បាលថាយល់ហើយ
"ឯងចង់សំដៅដល់ប្តីប្រពន្ធ ២ នាក់ដែលធ្លាប់ជាម្ចាស់ផ្ទះនេះមែនទេ ឯងឈ្មោះរេវត្តៈ កូនប្រុស របស់លោកពន្ធុមៈមែនទេ គេធ្លាប់ដំណាលឲ្យតាស្តាប់ជារឿយៗដែរថា មានកូនប្រុសម្នាក់រស់ នៅជាមួយនឹងលោកសុមង្គលគ្រហបតីឯក្រុងសាវត្ថី "
"ត្រូវហើយ ខ្ញុំបាទជាកូនរបស់គាត់ សូមមេត្តាប្រាប់ខ្ញុំបាទផងថាតើពេលនេះពួកគាត់នៅឯណា"
ក្មេងកម្លោះអន្ទោកអន្ទោល
ព្រឹធជនលើកដៃអង្អែលពុកចង្កា ភ្នែកមៀងមើលទៅពិតានដោយយោនិសោមនសិការគិតរិះ រកមើលហើយមានប្រសាសន៍ថា "គាត់ចាកចេញពីភូមិនេះទៅយូរហើយ តាខ្លួនឯង ក៏មិនដឹង ថាគាត់ទៅណាដែរ ប្រហែលជាឡើងទៅនៅភាគខាងជើងក្បែរជើងភ្នំហិមាល័យ ប៉ុន្តែមិនដឹង ថាជាភូមិអ្វីប្រាកដទេ មុនពេលទៅ គាត់មិនបានប្រាប់ឯងឲ្យដឹងទេឬ?"
"មិនបានប្រាប់ទេ ខ្ញុំបាទទើបតែដឹងអម្បាញ់មិញនេះឯង អនិច្ចា ! លោកឪពុកអ្នកម្តាយមិនគួរ បោះបងចោលកូនដោយរបៀបនេះសោះ ខ្ញុំបាទខំពុះពារមកទីនេះដោយលំបាកលំបិន ក៏ព្រោះតែសង្ឃឹមថានឹងបានរស់នៅក្រោមរង្វង់ដៃដ៏កក់ក្តៅរបស់ឪពុកម្តាយ ប៉ុន្តែបែរជាខុស បំណង ព្រះអាទិទេពមិនអាសូរខ្ញុំបាទសោះ" គេយកដៃទាំង ពីរខ្ទប់មុខឱន ចុះហើយមាន សម្លេងសសឹកយំដោយសំណោកសោកសៅ ។
"កុំទួញសោកអី ចៅអើយ ! ទោះបីជាចៅមិនបានជួបឪពុកម្តាយ ប៉ុន្តែបានជួបតា ក៏ស្មើនឹង ឪពុកម្តាយដែរ តានៅម្នាក់ឯង គ្មានកូនចៅទេ នៅជាមួយតាចុះ តានឹងអាណិតស្រឡាញ់មើល ចៅ ឲ្យដូចជាកូនចៅរបស់តាអញ្ចឹង"
"ជាព្រះគុណយ៉ាងខ្ពស់ដែលតាមានចិត្តករុណាដល់ខ្ញុំបាទ ប៉ុន្តែខ្ញុំបាទនៅជាមួយនឹងតាមិន បានទេ"រេវត្តកុមារនិយាយទាំងកំពុងខ្សឹកខ្សួល
"ចៅឯងនឹងទៅណា?"តាចាស់សួរ
"នឹងទៅគ្រប់ច្រកល្ហកដែលឪពុកម្តាយរបស់ខ្ញុំបាទរស់នៅ បើពួកគាត់នៅទិសខាងជើង ខ្ញុំបាទ នឹងទៅទិសខាងជើង"ក្មេងកម្លោះអះអាង
វុទ្ធជនសម្លឹងមើលមុខគេដោយញញឹមពេបជ្រាយចំពោះសេចក្តីប្តេជ្ញាចិត្តដែលឥតគិតគូរអ្វី សោះរបស់ក្មេងសុពលឈាមរាវ ហើយក៏មានប្រសាសន៍ថា
"ឯងមានចិត្តមោះមុតណាស់ហ្ន ចៅប្រុស !​ ប៉ុន្តែថាចៅឯងស្គាល់ផ្លូវទៅទិសខាងជើងស្ទើរ ពេកហើយ ចាំតាប្រាប់ឯងតាមការពិតទៅចុះថា ទិសខាងជើងនៃភូមិប្រទេសគ្របដណ្តប់ទៅ ដោយព្រៃភ្នំក្រំថ្មក្រាស់ទ្រុបទ្រុល និង ដេរដាសទៅដោយខ្មោចព្រាយបិសាច និងសត្វសាហាវ ជាច្រើន មនុស្សមនាធ្វើដំណើរទៅមកដោយមានគ្នាជាហ្វូងជាក្រុម មានអាវុធគ្រប់ដៃទើបគេច ផុតពីអន្តរាយនៃជីវិតបានដោយសុវត្ថិភាព​ បើទៅតែម្នាក់ឯង គង់ប្រហែលនឹងមិនរួចជីវិតឡើយ បើចៅទៅផ្សងព្រេងតែម្នាក់ឯង តាខ្លាចក្រែងថាអាចនឹងមានគ្រោះថា្នក់ដល់ជីវិតបាន នៅជាមួយនឹងតាទីនេះហើយ មិនបាច់ទៅទេ ជួនកាលឪពុកម្តាយរបស់ឯងអាចនឹងវិលត្រឡប់ មកវិញក៏បាន" ។
រេវត្តកុមារនៅតែទទូចថានឹងទៅតែម្យ៉ាង តាចាស់ខំព្យាយាមអធិប្បាយពន្យល់លើកហេតុផល ដើម្បីឃាត់ខាំងក្មេងកម្លោះឲ្យនៅជាមួយ ប៉ុន្តែមិនអាឃាត់ខាំងចិត្តរបស់រេវត្តកុមារបានឡើយ
"តាមចិត្តចុះ ​បើអញ្ចឹង " តាចាស់សុខចិត្តចុះចាញ់តំណាំងចិត្តរបស់រេវត្តៈ ហើយក៏បែកខ្ញែកគ្នា ទៅរកកន្លែងគេងរៀងៗខ្លួន អ្វីៗស្ថិតនៅដូចសភាពដើមទាំងអស់ ប្លែកតែលើកនេះ គេនៅឯកោ ម្នាក់ឯង គ្មានឪពុកម្តាយនៅជាមួយទេ ស្ថិតនៅក្នុងឋានៈជាភ្ញៀវប្លែកទ្រនំ គ្មានសិទ្ធិជាម្ចាស់ផ្ទះ ដូចមុនទេ រេវត្តកុមារមានអារម្មណ៍ស្រងោចចិត្តបីដូចជាកំពុងគេងនៅក្នុងព្រៃដាច់ស្រយាល គេចង់រត់គេចចេញទៅនៅយប់នេះឲ្យបាត់ ប៉ុន្តែដោយសភាពទន់ល្ងមអស់កម្លាំងរហាំងរហែង ទាំងកាយនិងចិត្តទើបលង់លក់ទៅ នៅពេលដេកលក់ គេសុបិនឃើញឪពុកម្តាយរបស់គេ មមើ ស្រមើស្រមៃដល់ឪពុកម្តាយរហូតបានឮដល់ត្រចៀកតាចាស់ជាម្ចាស់ផ្ទះ ធ្វើឲ្យគាត់នឹក អាណិតអាណោចគេយ៉ាងស្រមុតចិត្ត គាត់ក្រោកឡើងផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុក ដាក់មួយសន្ទុះ ក្មេងកម្លោះក៏មមើឡើងទៀត គេទួញសោកដល់ឪពុកម្តាយ ប៉ុន្តែពេលខ្លះក៏ដូច ជាមិនមែនជាឪពុកម្តាយរបស់គេទេ ជាឈ្មោះមនុស្សផ្សេងដែលតាចាស់មិនធ្លាប់បានឮមកពី មុន ហើយមិនយល់អត្ថន័យនៃពាក្យនោះផង គឺ ពាក្យថា "លីលាវតី"
លុះដល់ថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាតាចាស់ជាម្ចាស់ផ្ទះធ្វើដំណើរតទៅ នៅពេលដើរ កាត់ភូមិ ពួកអ្នកស្រុកភូមិ និង មិត្តភក្តិចាស់ៗនាំគ្នាស្រែកសួរដំណើរដំណឹងហើយក៏ស្នើសុំឲ្យ នៅជាមួយនឹងពួកគេ ប៉ុន្តែរេវត្តកុមារមិនបានតបស្នងសុភាមនោរថរបស់អ្នកណាឡើយ គេធ្វើដំណើរឆ្ពោះទៅមុខ ឆ្លងកាត់ក្សេត្រភូមិព្រៃព្រឹក្សាករ និង និគមជនបទជាច្រើនអនេក ចូលដល់ភូមិណា ក៏សាកសួរអ្នកភូមិនោះរកឪពុកម្តាយរបស់គេ នៅពេលមិនជួប ក៏ធ្វើដំណើរ តទៅមុខ ។

កណ្តាលព្រៃចោរ

នៅពេលថ្ងៃត្រង់នាថ្ងៃមួយ ខណៈដែលព្រះអាទិត្យកំពុងចាំងរស្មីពេញដួង អាកាសធាតុក្តៅរហែង រហាង មានក្មេងកម្លោះម្នាក់ដើរទ្រេតទ្រោតក្រោមអាកាសធាតុក្តៅចែសចូលទៅក្នុងភូមិ កាលិកគ្រាមដែលតាំងនៅទិសខាងជើងនៃដែនកោសល សម្បុរកាយរបស់គេក្រៀមក្រទាំងស្លេក ស្លាំង សក់វែងបោះច្រោងស៊ើងទ្រើង ខោអាវរដេចរដាច់ រូបរាងស្គមកំព្រឹងកំព្រយ ប្រៀបដូចជា មនុស្សទើបនឹងជាស្រោះស្រោងពីជម្ងឺ កម្តៅថ្ងៃនិងសម្រេកស្រេកឃ្លានធ្វើឲ្យគេស្រវាំងភ្នែក មើល មិនដឹងថាអ្វីជាអ្វីទេ គេទើបដើរពារទៅលើក្មេងៗអ្នកភូមិដែលកំពុងតែដេកនៅក្រោមដើមឈើក្បែរ ផ្លូវ ក្មេងម្នាក់ស្ទុះក្រោកឡើងដោយអាការក្រេវក្រោធយ៉ាងខ្លាំង ស្ទុះហេទៅចាប់ដើមដៃក្មេងមុខ ចម្លែកម្នាក់នោះ ហើយកំញើញសំឡុតថា "ថីបានជាឯងហ៊ានដើរជាន់អញ ឯងខ្វាក់ភ្នែកទេឬ បានជាមើលមិនឃើញមនុស្សដែលកំពុងតែដេកឬមួយឯងធ្វើឫកឡូយដាក់អញ" ក្មេងចម្លែក ម្នាក់នោះសម្រុតខ្លួនចុះហើយប្រះខ្លួនដេកដោយមិនបានហាមាត់ឆ្លើយតបអ្វីសោះ ។
"ឱ ! មើលទៅប្រហែលជាឆ្កួតមែនហើយ"ក្មេងម្នាក់ឧទានឡើង "សង្កេតមើលភ្នែកវាចុះ ឡើងក្រហមក្រឡែតក្រឡង់គួរឲ្យខ្លាចមែនទែន ឮគេថា មនុស្សកំពុងតែវក់ខ្លាំងមានភ្នែកយ៉ាង នេះឯង" ។
លុះបានដឹងថាក្មេងម្នាក់នោះជាមនុស្សឆ្កួត ក្មេងៗអ្នកស្រុកក៏នាំគ្នាសស្រាំមកចោមរោមមើល ជាហ្វូងធំ ក្មេងចម្លែកនោះនៅតែដេកធ្មឹងដដែល មិនបានអើពើនឹងពួកក្មេងក្មាងដែលមកចោម រោមគេនោះទេ ក្មេងមួយចំនួនគិតចង់លេងសប្បាយ ក៏យកឈើមកបុកញល់រាងកាយរបស់គេ គេមានអារម្មណ៍ថាក្មេងទាំងនោះរំខានណាស់ ទើបលើកជើងឡើងរកកល់នឹងធាក់ ធ្វើឲ្យហ្វូង ក្មេងនាំគ្នាថយក្រោយក្រាក មួយសន្ទុះក៏ត្រឡប់ទៅឈររោមមើលគេទៀត ក្មេងម្នាក់ក៏ចាប់គេ អូសលេងទៅមកដោយអារម្មណ៍ស្រណុក លុះក្មេងចម្លែកនោះក្រោកឡើងនឹងតស៊ូ គេក៏ ទម្លាក់ចោលហើយថយក្រោយទៅ ក្មេងខ្លះទៀតក៏នាំគ្នាយកដីមកបាចរោយរាយលើក្បាល របស់គេ ហើយក៏បន្លឺសម្លេងស្រែកហ៊ោទ្រៀវកញ្ច្រៀវខ្ញៀវខ្ញារយ៉ាងសប្បាយក្អាកក្អាយជាលើក ជាគ្រា ។
ខណៈនោះ មានបុរសម្នាក់ដើរឆ្ពោះមកកាន់ទីនោះដែរ កាលបើបានឃើញក្មេងៗកំពុងតែឈរ មើលអ្វីមួយ ហើយក៏ឈាងចូលទៅសួរថា "ក្មួយៗកំពុងរោមមើលអីហ្នឹង" ក្មេងទាំងនោះនាំគ្នា ឆ្លើយថា "ពួកខ្ញុំទាំងអស់គ្នាកំពុងមើលមនុស្សឆ្កួត" ។
បុរសនោះក៏វែកជ្រែកហ្វូងក្មេងចូលទៅឈរមើលក្មេងចម្លែកម្នាក់នោះ ហើយសួរក្មេងៗទាំង នោះថា "ក្មេងឆ្កួតម្នាក់នេះជាអ្នកណា មកពីណា?" ប៉ុន្តែគ្មានសម្លេងឆ្លើយតបឡើយ គាត់ក៏ប្រាប់ ឲ្យក្មេងទាំងនោះថយទៅក្រោយ ហើយក៏អង្គុយគិតពិចារណាក្បែរក្មេងចម្លែកម្នាក់នោះ ចំណែកឯក្មេងចម្លែកម្នាក់នោះនៅតែដេកស្តូកត្រង់កន្លែងដើមដដែលដោយអាការល្ហិតល្ហៃពន់ប្រមាណ បើទោះជាភ្នែករបស់គេមានពន្លឺផ្លេកផ្លាប់ក្រឡាប់ក្រឡែតពិតមែន ប៉ុន្តែក៏មានប្រាកដ ទឹកភ្នែកហូររហេញចេញមក បុរសម្នាក់នោះឃើញហើយក៏មានសន្តានចិត្តអាណិតអាសូរ ពន់ពេក គេគិតថាក្មេងម្នាក់នេះមិនមែនជាមនុស្សឆ្កួតទេ ទើបយកដៃទៅបបោសធូលីដីចេញពី ក្បាលរបស់គេ ហើយក៏ទាញយកសំពត់មកបក់ឲ្យគេដោយការុញ្ញចិត្តអាណិតអាសូរ ក្មេងទាំង នោះបានឃើញបុរសនោះធ្វើដូច្នោះក៏មានចិត្តចង់ធ្វើដែរ ទើបនាំគ្នាអង្គុយចុះជួយបក់ដែរ បុរសនោះបង្គាប់ឲ្យក្មេងម្នាក់ទៅដងទឹកមក ហើយក៏យកផ្តិលទៅផ្អឹបមាត់ក្មេងចម្លែកនោះ គេក៏ ស្ទុះស្ទាផឹកទឹកភ្លាមដោយសម្រេកស្រេកឃ្លាន ទឹកដែលនោះសល់ គាត់ក៏យកមកលុបលាង តាមថ្ងាសតាមដងខ្លួន និងតាមដៃរបស់ក្មេងចម្លែកនោះដើម្បីបន្ទោបង់កម្តៅថ្ងៃ គាត់សង្កេត ឃើញថាកែវភ្នែករបស់ក្មេងចម្លែកពោរពេញទៅដោយសញ្ញានៃអំណរអរគុណ ភ្លាមនោះ អាការៈរបស់គេក៏ប្រសើរជាងមុន ។
"ឯងជាអ្នកណា មកពីណា?" បុរសនោះចាប់ផ្តើមសួរនៅពេលដែលឃើញអាការៈរបស់គេ អន្រើបឡើងហើយ "ខ្ញុំបាទមកពីក្រុងសាវត្ថី "ក្មេងចម្លែកនោះឆ្លើយតបដោយសម្លេងខ្សាវ ប៉ុន្តែ រាបស្មើជាប្រក្រតី ធ្វើឲ្យគាត់កាន់តែជឿជាក់ឡើងថែមទៀតថា ក្មេងម្នាក់នោះមិនមែន ជាមនុស្សឆ្កួតទេ គាត់ដេញដោលតទៅទៀតថា "ឯងមកម្នាក់ឯងទេឬ ចុះឯងឆ្លងកាត់ព្រៃហ័ត ព្រៃហោងមកយ៉ាងម៉េចបាន?"
"ត្រូវហើយ ខ្ញុំបាទមកតែម្នាក់ឯងទេ គ្មានអ្នកណាជាគ្នាទេ ខ្ញុំបាទដើរឆ្លងកាត់ព្រៃហ័តព្រៃហោង មកអស់ពេល ២ ថ្ងៃ គ្មានជួបមនុស្សសោះ និងអត់ ២ ថ្ងៃមកហើយ ខ្ញុំបាទល្ហិតល្ហៃល្ងមខ្លាំង ណាស់នៅពេលមកដល់ទីនេះ ខ្ញុំបាទសន្លប់មិនដឹងខ្លួនទេ" ។
ឥឡូវនេះ គ្រប់គ្នានៅទីនោះក៏ប្រាកដក្នុងចិត្តថា គេមិនមែនឆ្កួតទេ ម្នាក់ៗនាំគ្នាអាណិតអាសូរ គេគ្រប់គ្នា ។
"ឯងឈ្មោះអី គិតនឹងទៅណា?បានជាខំធ្វើដំណើរឆ្ងាយមកដល់ទីនេះ"
"ខ្ញុំបាទឈ្មោះ រេវត្តៈ ពីមុន រស់នៅក្នុងទីក្រុងសាវត្ថីជាមួយនឹងឪពុកម្តាយ ប៉ុន្តែពេល នេះពួកគាត់បានភៀសខ្លួនមករស់នៅភាគខាងជើងនេះ ប៉ុន្តែមិនដឹងថានៅទីណាទេ ខ្ញុំបាទធ្វើ ដំណើរមកនេះក៏ដើម្បីស្វែងរកឪពុកម្តាយហ្នឹងឯង" ទឹកមុខរបស់គេស្រងូតស្រងាត់ជាខ្លាំង នៅពេលនិយាយមកដល់ត្រង់នេះ គេខះខំពន្យល់ប្រាកប់លក្ខណៈភិនភាគរបស់ឪពុកម្តាយគេ ព្រមទាំងប្រាប់ឈ្មោះហើយក៏សួរថា " មានអ្នកណាជួបនៅទីណាខ្លះទេ?" គេច្រត់ដៃច្រានខ្លួន ក្រោកឡើង អង្កុយចាំមើលមនុស្សគ្រប់ៗគ្នាដើម្បីស្តាប់ចម្លើយដោយអន្ទះសាចង់ដឹង នៅពេល ដែលអ្នករាល់គ្នានៅទីនោះឆ្លើយថាមិនដែលបានឃើញ គេក៏ផ្តួលខ្លួនដេកតទៅទៀត ទាំងដក ដង្ហើមធំយ៉ាងណែនដើមទ្រូងទាំងពោលរងាំរង៉ូវនូវអ្វីពីរបីម៉ាត ។
បុរសនោះបង្គាប់ឲ្យក្មេងខ្លះទៅរកអាហារមកឲ្យគេបរិភោគ ទាំងនិយាយលួងលោមគេឲ្យ ស្បើយទុក្ខថា ​"កុំសោកសង្រេងអី ក្មួយអើយ ! សឹមពូជួយប្រដុងប្រជាក្មួយ ពូនឹងនាំក្មួយដើររក ឪពុកម្តាយឲ្យទាល់តែឃើញ ជឿថា ឪពុកម្តាយរបស់ក្មួយប្រហែលជានៅម្តុំក្រុងកបិលព័ស្តុ បាវា ឬ កុសិនារា ក្រុងណាមួយ មិនយូរទេ នឹងជួបពួកគាត់មិនខាន" ។ រេវត្តកុមារក្រោកឡើងអង្គុយហើយក្រាបសំពះក្បែរជើងរបស់បុរសអ្នកមានចិត្តបុណ្យនោះ ព្រោះតែគាត់ រេវត្តកុមារទើបរួចផុតពីការអុកឡុកឆាឆៅ ហើយពេលនេះគាត់ថែមទាំងស្នើខ្លួនជា អ្នកនាំរេវត្តកុមារដើររកឪពុកម្តាយទៀត គាត់ពិតជាមនុស្សពោរពេញទៅដោយមេត្តាករុណា មែនហ្ន !
"ពូក៏មិនមែនជាអ្នកស្រុកនេះដែរ ផ្ទះពូក៏នៅឯភាគខាងជើងនោះដែរ សម្រាកយកកម្លាំងពីរបីថ្ងៃ សិនទៅហើយសឹមចេញដំណើរទៅជាមួយគ្នា ពីព្រោះពេលនេះក្មួយនឿយហត់ណាស់ ក្រែងលោ ដើរផ្លូវទៅមិនរួច" ។
គាត់នាំរេវត្តកុមារទៅស្នាក់នៅឯផ្ទះញាតិរបស់គាត់ដែលស្ថិតនៅក្នុងភូមិកាលិកគ្រាមនោះឯង ឲ្យងូតទឹក ឲ្យស្លៀកដណ្តប់សំពត់ថ្មី ឲ្យបរិភោគអាហារដ៏មានឱជារស យកចិត្តទុកដាក់មើល ថែរក្សាគេដូចជាកូនបង្កើតរបស់ខ្លួន រេវត្តកុមារកើតមានសេចក្តីស្រឡាញ់រាប់អាននឹងបុរស ដែលមានសន្តានចិត្តល្អនោះយ៉ាងក្រៃលែង គេប្តេជ្ញាចិត្តថានឹងដើរតាមបុរសនោះទៅគ្រប់កន្លុក កន្លែងទាល់តែជួបនឹងឪពុកម្តាយរបស់គេ ត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ រេវត្តកុមារក៏ធូរ ស្បើយមាំមួនឡើង ល្មមនឹងធ្វើដំណើរបានហើយ គេទាំងពីរទើបចាប់ផ្តើមធ្វើដំណើរតម្រង់ ឆ្ពោះទៅភាគខាងជើង ។
ប្រជានុរាស្ត្រនៃដែនកោសលទាំងមូលល្បីរន្ទឺឮតៗគ្នាមកថា ក្នុងព្រៃស្រោងម្តុំភាគខាងជើង នោះសម្បូរទៅដោយពពួកចោរដែលចាំស្ទាក់ប្លន់ឈ្មួញដង្ខៅ និង ថ្មើរជើងទាំងឡាយ ប៉ុន្តែ រេវត្តកុមារ គ្មានអារម្មណ៍ថាខ្លាចរអាបន្តិចសោះឡើយ ព្រោះមានគ្នាទៅជាមួយ ហើយម្យ៉ាង ទៀត គ្មានទ្រព្យសម្បត្តិអ្វីដែលនឹងឲ្យចោរប្លន់យកនោះទេ គេជឿថា ចោរទាំងនោះគ្មានចិត្ត អាក្រក់ដល់ថ្នាក់ប្លន់យកអាយុជីវិតរបស់គេនោះទេ បុរសទាំងពីរនាក់នោះនាំគ្នាធ្វើដំណើរ បន្តរហូត ដល់បាក់រសៀលជ្រាលជ្រេទេរបាំងភ្នំឯទិសខាងលិចទៅហើយ ក៏នៅតែគ្មានសញ្ញា ថានឹងផុត ព្រៃស្រោងនោះសោះ បុរសអ្នកនាំផ្លូវប្រាប់ថា យើងត្រូវឈប់ស្នាក់ដេកយប់នៅ ក្នុងព្រៃស្រោងនេះឯង ព្រោះមិនអាចទៅឲ្យផុតព្រៃស្រោងនេះនៅថ្ងៃនេះបានទេ អ្នកទាំងពីរ ទើបឈាងចូលទៅក្បែរខាងផ្លូវដើម្បីរកកន្លែងសម្រាកកាយ ប៉ុន្តែរក កន្លែងដែលគួរសមមិន បាន សោះ បុរសអ្នកនាំផ្លូវទើបនាំគេដើរឈ្មៀតជ្រៀតលុយចូលទៅក្នុងព្រៃតទៅទៀត ហាក់ នឹងថាគ្មានតាំងចិត្តនឹងនាំគេទៅរកកន្លែងស្នាក់នោះទេ រេវត្តកុមារកើតសេចក្តីសង្ស័យក្នុងចិត្ត ថា គាត់កំពុងនាំទៅណា នៅក្នុងចិត្តចង់នឹងសួរឲ្យដឹងជើងការដែរ ប៉ុន្តែមិនហ៊ានទើបបង្ខំចិត្ត ដើរតាមក្រោយគាត់តទៅមុខ ទាំងពីរនាក់ក៏បានមកដល់ទីស្រឡះអជ្ឈោកាសនាកណ្តាលព្រៃ មួយកន្លែង បុរសអ្នកនាំផ្លូវក៏ឈប់ឈរទ្រឹង ហើយយកម្រាមដៃស៊កចូលទៅក្នុងមាត់ផ្លុំកង្កួចឲ្យ កើតជាសម្លេងឮ ៣ ដង ខ្លាំងៗ សម្លេងស្រួចឆ្មារនោះលាន់ឮទៅឆ្ងាយលន្លោច មួយសន្ទុះ ក្រោយមក រេវត្តកុមារក៏បានឮសម្លេងដូចគ្នានោះលាន់ឮឡើងជាសញ្ញាឆ្លើយតបមកវិញអំពី ចម្ងាយ គេចាប់ផ្តើមកើតសេចក្តីចម្លែកចិត្តសង្ស័យចំពោះទង្វើរបស់បុរសនោះជាខ្លាំង ប៉ុន្តែក៏ មិនហ៊ានសួរដេញដោល បានត្រឹមតែដើរតាមគេតទៅ អស់ចម្ងាយផ្លូវឆ្ងាយបង្គួរ បុរសមគ្គុទេសក៍នោះក៏ឈប់ម្តងទៀត
"ក្មួយឈប់ចាំពូនៅកន្លែងនេះសិនហើយ ពូទៅនោះមូយភ្លែត" គាត់បង្គាប់រេវត្តកុមារ ហើយក៏ ដើរចូលទៅក្នុងព្រៃខាងៗនោះបាត់ទៅ ។
រេវត្តកុមារអង្គុយចាំគាត់នៅកន្លែងដើមដដែល ពេលនោះហៀបនឹងព្រលប់ទៅហើយ នៅនាកណ្តាលភាពស្ងប់ស្ងាត់នៃព្រៃធំនោះ រេវត្តកុមារបានស្តាប់ឮមនុស្សជាច្រើននាក់សន្ទនា គ្នាមកពីចម្ងាយ គេផ្ទៀកត្រចៀកស្តាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែក៏ស្តាប់មិនយល់សេចក្តី គេនឹកចម្លែកចិត្តខ្លាំងណាស់ថាហេតុអ្វីបានជានៅក្នុងព្រៃឆ្ងាយដាច់ស្រយាលយ៉ាងនេះនៅតែ មានមនុស្សមនាអាស្រ័យនៅទៀត ក្មេងកម្លោះចាប់ផ្តើមកើតមានសេចក្តីភ័យខ្លាចទាំងគិតរាយ មាយផ្សេងៗ គេមានអារម្មណ៍ហាក់ដូចជាខ្លួនគេត្រូវបាន បោះបង់ចោលនៅកណ្តាលព្រៃ ដែលបរិបូរដោយព្រាយបិសាច និង សត្វព្រៃតែម្នាក់ឯង នៅទីបំផុត បុរសនោះក៏ត្រឡប់មកវិញ ហើយនាំគេដើរលុយកាត់ចូលទៅក្នុងព្រៃតទៅ រេវត្តកុមារសង្កេតឃើញពន្លឺភ្លើងជាច្រើនដួង ភ្លឺ ពព្រាយនៅខាងមុខ នៅពេលដើរចូលទៅជិត គេសង្កេតឃើញខ្ទមជាច្រើនខ្នង តាំងនៅ ត្រៀបត្រាក្នុងព្រៃ មានហ្វូងមនុស្សដើរពពាក់ពពូនទៅមក ស្រដៀងនឹងទិដ្ឋភាពនៅក្នុងភូមិ តូចមួយ ដូច្នេះ នៅពេលដែលរេវត្តកុមារដើរតាមបុរសនោះទៅ មនុស្សស្ទើរតែទាំងអស់ តាមសម្លឹងមើលគេដោយមិនដាក់ភ្នែក គេទាំងពីរដើរចូលទៅក្នុងខ្ទមមួយខ្នងដែលតាំងនៅ កណ្តាលខ្ទមទាំងពួង ហើយបានទៅបង្ហាញខ្លួននៅចំពោះមុខបុរសមជ្ឈិមវ័យម្នាក់ "ត្រឡប់មកវិញហើយឬ កោលិតៈ​ ! " បុរសម្ចាស់ខ្ទមសួរដោយសម្លេងកំបុតកំបុយ អាកប្បកិរិយារបស់គេគួរឲ្យខ្លាចញញើតសម្រាប់រេវត្តកុមារ គេអង្គុយយ៉ាងសង្ហានៅលើជើង តាំងក្បែរភ្នក់ភ្លើងទាំងខ្លួនទទេ ធ្វើឲ្យមើលឃើញរាងកាយមាំទាំក្រអាញរបស់គេបានយ៉ាង ច្បាស់ប្រត្យ័ក្ស កន្ទុយភ្នែករបស់គេមុតស្រួចដូចភ្នែកស្ទាំង សមនឹងទឹកមុខស្រស់ស្ងួត ទាំងស្រមូមស្រមាមដោយពុកមាត់ពុកចង្កា បុរសនោះគឺជាមេកន្ត្រាញចោរដ៏ល្បីរន្ទឺឮនាមថា ជេដ្ឋកៈ ដែលពាណិជ្ចករថលពាណិជ្ជទូទាំងដែនកោសលកោតក្រែងនិងខ្លាចរអា ភូមិនៅកណ្តាលព្រៃស្រោងនោះ គឺជា បន្ទាយអចិន្ត្រៃយ៍ និង កន្លែងលាក់ខ្លួនរបស់ពួកគេ ដែលកងទ័ពរបស់ព្រះបាទបសេនទិកោសលព្យាយាមនឹងបង្រាប ប៉ុន្តែមិនអាចសម្រេចបាន
រេវត្តកុមារបានភ្លាត់ខ្លួនមកនៅកណ្តាលហ្វូងចោរទៅហើយហ្ន​ !
"ក្មេងម្នាក់ហ្នឹងជាអ្នកណា?" មេកន្ត្រាញចោរជេដ្ឋកៈសួរឡើងទាំងសម្លក់មើលរេវត្តកុមារស្ទើរ តែស៊ីសាច់
"គេជាក្មេងអនាថា កំព្រាឪពុកម្តាយ" បុរសអ្នកនាំផ្លូវរេវត្តកុមារដែលមានឈ្មោះថា កោលិតៈ ឆ្លើយ "ខ្ញុំបាទបានជួបគេនៅកណ្តាលផ្លូវ ហើយក៏នាំគេមក បើនាយម្ចាស់មិនថាអីទេ ខ្ញុំបាទនឹង ចិញ្ចឹមគេទុកដើម្បីប្រើការតទៅ គេមានគុណសម្បត្តិសមនឹងរស់នៅជាមួយនឹងពួកយើង"
"ឯងប្រាកដច្បាស់ក្នុងចិត្តថា វានឹងស្មោះត្រង់ និង មានភក្តីភាពជាមួយនឹងពួកយើងឬ?" មេលំចោរនិយាយទាំងស្រពិចស្រពិលសង្ស័យក្នុងចិត្ត គេសាកសួរមើលថ្ងៃ-ខែ-ឆ្នាំកំណើត របស់រេវត្តកុមារហើយអង្គុយគន់គូរមើលមួយសន្ទុះរួចហើយនិយាយចេញមកយ៉ាងពេញចិត្តថា "ប្រពៃណាស់ កោលិតៈ ! ជ្រោមជ្រែងគេចុះ ហើយខំបង្ហាត់បង្រៀនក្បាច់គុនផ្សេងៗដល់គេ ដើម្បីនឹងបានជាប្រយោជន៍ដល់ពួកយើងតទៅ " ។
កោលិតៈជម្រាបលាចៅហ្វាយនាយ ហើយក៏នាំរេវត្តកុមារត្រឡប់ទៅកាន់ខ្ទមរបស់គេវិញ
"ទីនេះឯងគឺជាលំនៅរបស់យើង យើងនឹងរស់នៅទីនេះរហូតទៅលុះត្រាតែនឹងស្លាប់ចោលគ្នា"
"ប៉ុន្តែខ្ញុំបាទត្រូវតាមរកឪពុកម្តាយ"រេវត្តកុមារនិយាយជំទាស់ឡើងដោយទឹកមុខក្រៀមក្រំបំផុត កោលិតៈរៀបចំខ្ទមរបស់គេបណ្តើរនិយាយបណ្តើរថា "រឿងហ្នឹងចាំនិយាយគ្នាថ្ងៃក្រោយចុះ ខ្ញុំជឿថា ឯងនឹងបានជួបឪពុកម្តាយរបស់ឯងមិនខាន" ។
បន្ទាប់ពីនោះមក កោលិតៈក៏ចាត់ចែងចំណីអាហារយកមក ហើយគេទាំងពីរនាក់ក៏បរិភោគ អាហារទាំងនោះព្រមគ្នាដោយគម្លាន រេវត្តកុមារបានសង្កេតឃើញថា អាហាររបស់កោលិតៈ សុទ្ធតែបណីតាហារដែលមិនគួរឲ្យជឿសោះថានឹងរកមកបាននៅកណ្តាលព្រៃភ្នំទ្រនំថ្មបែបនេះ កោលិតៈបានសង្កេតឃើញរេវត្តកុមារបរិភោគអាហារយ៉ាងឆ្ងាញ់ពិសា ទើបនិយាយឡើង ថា "យើងរស់នៅទីនេះ មិនដែលអត្តខាត់ខ្វះខាតបច្ច័យ ៤ ទេ យើងបរិភោគអាហារល្អៗ ស្លៀកពាក់សម្លៀកបំពាក់តម្លៃថ្លៃៗ មានមាសប្រាក់សម្រាប់ចាយវាយ យើងចិញ្ចឹមជីវិតយ៉ាង ស្រណុកសុខស្រួល ឯងរស់នៅជាមួយនឹងពួកយើង មិនយូរទេ ឯងនឹងដឹងច្បាស់មិនខាន" ។ ខាងក្នុងផ្ទៃបន្ទប់របស់កោលិតៈ រេវត្តកុមារបានប្រទះឃើញលំពែង ដាវ ធ្នូ និង អាវុធយុទ្ធភណ្ឌ ផ្សេងៗទៀតព្យួរនៅរណែងរណោងតាមជញ្ជាំងខ្ទម ក្រៅពីនោះនៅមានសំពត់ក្រណាត់ថ្លៃៗនិង គ្រឿងអលង្ការដ៏ហើយដោយមាស ប្រាក់ ត្បូង ពេជ្រជាច្រើនទៀត ។
"ឯងត្រូវការអី ចូរយកទៅប្រើតាមចិត្តចុះ" កោលិតៈនិយាយបើកដៃ ប៉ុន្តែរេវត្តកុមារមិនបានចាប់ យកអ្វីទេពីព្រោះតាំងពីកើតមក គេមិនដែលបានប្រើប្រាស់របស់អស់ទាំងនោះឡើយទាំងមិន គិតចង់បានផង លុះចំណេរកាលតមក រេវត្តកុមារក៏បានរស់នៅជាមួយនឹងពួកចោរយ៉ាងសុខ សាន្ត ចោរទាំងនោះចាប់ផ្តើមស្គាល់ស្និទ្ធស្នាលនិងស្រឡាញ់រាប់អានគេខ្លាំងឡើង បើចោរណា ម្នាក់មានចំណីចំណុកឬរបស់ប្រើប្រាស់អ្វីប្លែកៗមក ក៏នាំយកមកឲ្យរេវត្តកុមារទុកជា វត្ថុអនុស្សាវរីយ៍ ធ្វើឲ្យរេវត្តកុមារមានគំនិតគិតថា ទោះបីជាពួកគេជាចោរចិត្តឃោរឃៅលួចឆក់ ប្លន់ដណ្តើមទ្រព្យរបស់អ្នកដទៃមកចិញ្ចឹមជីវិតក៏ដោយ គេក៏នៅមិនប្រាសចាកសេចក្តីមេត្តា ករុណាទាំងស្រុងនោះឡើយ គេបានខំប្រព្រឹត្តខ្លួនឲ្យជាទីស្រឡាញ់របស់ពួកចោរទាំងនោះខ្លាំង ឡើងរហូតដល់កិត្តិនាមរបស់គេបានលេចឮទោដល់មេកន្រ្តាញចោរហើយមេលំចោរនោះ សម្តែងចេតនាចង់បានរេវត្តៈទៅនៅជាមួយ កោលិតៈក៏សុខចិត្តឲ្យរេវត្តៈទៅនៅជាមួយនឹង មេកន្រ្តាញចោរដោយស្រួល បានសេចក្តីថា រេវត្តៈក៏បានទៅរស់នៅជាមួយនឹងមេលំចោរ ចាប់តាំងពីពេលនោះមក មេកន្ត្រាញចោរក៏ខះខំបង្ហាត់បង្រៀនវិជ្ជាគុនរបស់ចោរទៅឲ្យគេគ្រប់ យ៉ាងមានសិល្បៈក្នុងការប្រើអាវុធជាដើម នៅពេលជាមួយគ្នានោះដែរ គេក៏បានទទួលការអប់រំ ឲ្យក្លាយជាចោរសាហាវយង់ឃ្នងរូហាន(ដូច)ចោរទាំងឡាយ ជួនកាលគេក៏បានអមដំណើរ មេចោរចេញទៅឆក់ប្លន់តាមភូមិស្រុកតុចៗដែលនៅឆ្ងាយដាច់សង្វែង គេបានប្រឈមមុខនឹង ការតស៊ូនិងភយន្តរាយផ្សេងៗស្ទើរតែមិនផុតពីជីវិតន្តរាយ រឹតតែបានឆ្លងកាត់ក្តីលំបាក និង ភយន្តរាយច្រើនប៉ុនណា ចិត្តគំនិតរបស់គេក៏រឹតតែរឹងក្រអាងឡើងប៉ុនណោះគួរនាដូចជាដែក ដែលជាងស្មិតលត់និងដំជារឿយៗដូច្នោះ គេមានអារម្មណ៍ថាអផ្សុកតុកសិកនៅពេលមិនបាន ចេញទៅប្លន់ និងរីករាយត្រេកអរនៅពេលបានប្រល័យជីវិតម្ចាស់ទ្រព្យហើយក៏ជញ្ជូនយកទ្រព្យ សម្បត្តិទៅ រេវត្តៈបានក្លាយជាចោរទៅហើយទាំងស្រុង គេជាចោរកម្លោះហាវហានរលុះ រលាញ និងជាទីប្រោសប្រាណរបស់មេកន្ត្រាញចោរពន់ពេក ។
រេវត្តៈបានក្លាយជាមហាចោរទៅហើយទាំងកាយនិងចិត្ត កាលពីមុន គេគ្រាន់តែជាក្មេង ចណ្ឌាលស្នាក់អាស្រ័យនៅក្នុងគេហដ្ឋានរបស់លោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថីក្នុងឋានៈ ជាបេសនការី(អ្នកបម្រើ)ម្នាក់ប៉ុណ្ណោះ ឥឡូវនេះ គេបានក្លាយជាកំពូលមហាចោរអ្នកមានចិត្ត ត្រេកអរក្នុងការប្លន់យកទ្រព្យសម្បត្តិនិងជីវិតរបស់អ្នកដទៃ មានសេចក្តីសុខសម្រាន្តក្សាន្តចិត្ត ក្នុងភាវៈជាចោរ ភ្លេចភ្លាំងអស់សេចក្តីលំបាកកាយរកាំចិត្តដែលធ្លាប់ឆ្លងកាត់និងជួបប្រទះមក ក្នុងអតីតកាល សូម្បីតែឪពុកម្តាយដែលធ្លាប់ស្រមើស្រមៃរក ពេលនេះគេយល់ឃើញថាមិនចាំ បាច់គិតគូរតទៅទៀតទេ គិតតែពីយោងអាត្មារៀងៗខ្លួនទៅ គេបានចំណាយពេលវេលាឲ្យអស់ ទៅដោយការស៊ីផឹក លេងល្បែងស៊ីសង និងចេញប្លន់អ្នកជំនួញពាណិជ្ជដែលធ្វើដំណើរឆ្លង កាត់ព្រៃមក បានធនសារសម្បត្តិហើយក៏ចែករំលែកគ្នាក្នុងចំណោមពួកចោររួចហើយក៏មានការ ជប់លៀងស៊ីផឹក និងលេងល្បែភ្នាល់យ៉ាងស្រណុកស្រណាន រេវត្តកុមារបានចំណាយ ជីវិតាយុកាលឲ្យអស់ទៅដោយវិធីនេះអស់វេលា ៣​ ឆ្នាំពេញ លុះឈានចូលដល់ឆ្នាំទី ៤ វិថីជីវិតរបស់គេក៏បានប្រែប្រួលទៅកាន់គន្លងថ្មីមួយទៀត ។

មេ-សកាលីស្រេកឈាម

សម្លេងផ្លុំស្នែងសត្វបានលាន់ឮរំពងឡើងចេញពីខ្ទមមេចោរជេដ្ឋកៈក្នុងសាយណ្ហសម័យនាថ្ងៃមួយវាជាសញ្ញាដែលពួកចោរដឹងច្បាស់ កាលបើសម្លេងផ្លុំស្នែងស្ងាត់បាត់ទៅមិនយូរប៉ុន្មាន ទីលានខាងមុខខ្ទមរបស់មេចោរជេដ្ឋកៈ ក៏កកកុញទៅដោយស្មុនកូនចោររាប់រយនាក់ដែល មករងចាំទទួលពាក្យបញ្ជា មេចោរជេដ្ឋកៈមួយអន្លើដោយកូនចោរជំនិត ៣ នាក់បានដើរចេញ ពីខ្ទមហើយ ទៅបង្ហាញខ្លួននៅចំពោះមុខបរិវាររបស់ខ្លួន នៅពេលឃើញចៅហ្វាយនាយ របស់ខ្លួនដើរចេញមក កូនចោរទាំងអស់ក៏ក្រោកឈរទទួល មេចោរយ៉ាងព្រមព្រឺសស្រុះគ្នា មេលំចោរបានបក់ដៃឲ្យបរិវាររបស់ខ្លួនអង្គុយចុះ រួចហើយក៏ចោលក្រសែភ្នែកដ័មុតស្រួចសម្លឹង មើលនាយអាយ ក្រសែភ្នែកម្នាក់ៗគយគន់មើលទៅចៅហ្វាយនាយរបស់ខ្លួនដោយសេចក្តី គោរពក្រែងរអែង
"មកព្រមគ្នាហើយឬនៅ?"មេលំចោរស្រែកសួរដោយសម្លេងខ្លាំងៗមានចុងសម្លេងគួរឲ្យខ្លាច កាលបើមានអ្នកឆ្លើយថា "មកព្រមហើយ លោកនាយ​ !" ក៏និយាយតទៅទៀតថា
"ម្នាលគ្នាយើង ! ថ្ងៃនេះ ខ្ញុំមានដំណឹងមកប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង វាជាដំណឹងល្អដែល ខ្ញុំបានឮមកជាច្រើនខែហើយ ដំណឹងនេះពាក់ពានលើសំណាងនិងសម្បូរណភាពនៃសុខរបស់ ពួកយើងទាំងអស់គ្នា គឺថា គិញរបស់យើងដែលនៅប្រចាំឯភូមិឧត្តរគ្រាមបានមករាយការណ៍ ឲ្យខ្ញុំដឹងថា ខណៈនេះមានពួកជំនួញមួយក្រុមធំកំពុងសម្រាកត្រៀមខ្លួននៅឯភូមិនោះ ២ ថ្ងៃបន្ទាប់ពីនេះទៅ ពួកគេនឹងលើកក្បួនរទេះឆ្លងកាត់មកដល់ព្រៃស្រោងរបស់យើង បានសេចក្តីថា លាភមហាសាលកំពុងនឹងរត់មករកពួកយើងហើយ យូរៗទើបយើងបានលាភធំ ដ៏ត្រចះត្រចង់បែបនេះម្តង យើងនឹងលើកកម្លាំងទាំងអស់ទៅអែបពួននៅពាក់កណ្តាលផ្លូវ ចាំស្ទាក់ប្នន់ពួកជំនួញទាំងនោះ ប៉ុន្តែកនយើងអើយ ! គ្នារបស់យើងបានរាយការណ៍ឲ្យដឹងថា ពួកជំនួញទាំងនោះមានគ្នីគ្នាច្រើនណាស់ ទាំងមានអាវុធល្អគ្រប់ដៃហើស្ទាត់ជំនាញក្នុងការ តស៊ូទៀត ជាពិសេស មេដង្ខៅរបស់ពួកឈ្មួញទាំងនោះជាព្យត្តជនឆ្លៀវឆ្លាត និង ក្លាហាន ចំណាប់ណាស់ ធ្លាប់មានបទពិសោធន៍ឆ្លងកាត់គ្រោះថ្នាក់សឹងតែគ្រប់ប្រភេទ ហេតុដូច្នេះ យើងនឹងចាត់វិធានការនៅលើកនេះដោយសេចក្តីប្រមាទធ្វេសប្រហែសមិនបានទេ ខ្ញុំនឹងរៀបចំផែនការនៅលើកនេះឲ្យបានល្អិតល្អន់ជាទីបំផុត ខ្ញុំនឹងជម្រាបប្រាប់ឲ្យគ្នាយើងដឹង ម្តងទៀត សូមឲ្យគ្នាយើងប្រុងប្រៀបរៀបចំអាវុធឲ្យបានល្អ និង ហាត់សមឲ្យស្ទាត់ជំនាញសិន ទៅ" មេកន្ទ្រាញចោរនិយាយដាស់ទឹកចិត្តបរិវាររបស់ខ្លួន មួយសន្ទុះធំក្រោយមកក៏បិទប្រជុំ ពួកស្មុនម្នាក់ៗក៏បែកញែកផ្លូវគ្នាត្រឡប់ទៅខ្ទមរៀងៗខ្លួនវិញ ហើយកាន់យកអាវុធរបស់ខ្លួនមក ត្រួតពិនិត្យមើលដោយមោទកភាពដែលមានឱកាសនឹងបានប្រឈមមុខតទល់នឹងពួកជំនួញ ដោយប្រការដូច្នេះ ។
"យើងនឹងរៀបចំផែនការយ៉ាងម៉េចល្អ" មេលំចោរចាប់ផ្តើមប្រឹក្សាជាមួយនឹងចោរកម្លោះរេវត្តៈ សំណព្វចិត្តរបស់ខ្លួន "សាកជួយបញ្ចេញយោបល់បន្តិចទៅមើល៍" រេវត្តៈទ្រឹងគិតមួយស្របក់ ហើយក៏និយាយថា "មើលទោដូចជាពួកឈ្មួញមានគ្នីគ្នាច្រើនជាងពួកយើងដល់ទៅ ២០០ នាក់ ទាំងជាអ្នកស្ទាត់ស្ទាញក្នុងការប្រឈមមុខនឹងស្កុនភយន្តរាយផ្សេងៗទៀតផង បើយើងលើក កម្លាំងពលទៅប្លន់ត្រង់ៗដូចដែលធ្លាប់ធ្វើកន្លងមក អាចនឹងភ្លាំងភ្លាត់ចំពោះពួកគេក៏ថាបាន ផ្ទុយទៅវិញ បើយើងអាចចូលវាយសម្រុកនៅពេលយប់បានដោយមិនឲ្យពួកឈ្មួញទាំងនោះ ដឹងខ្លួន ទើបជាការប្រសើរជាង "
"ប៉ុន្តែឈ្មួញទាំងនោះច្រើនតែបោះជំរំយ៉ាងរ៉ឹងមាំមុនពេលព្រលប់ជានិច្ច"នាយចោរនិយាយកាត់ "កាលបើពួកគេបោះទីតាំងយ៉ាងរ៉ឹងមាំរួចហើយ នឹងជាការពិបាកក្នុងការចូលវាយប្រហារ ​លុះនឹងចូលប្លន់នៅពេលមានពន្លឺថ្ងៃ កម្លាំងរបស់យើងមានគ្នាតិចជាង គង់នឹងមិនរួចពី ភយន្តរាយទេ យើងនឹងប្រើកលល្បិចយ៉ាងណាឲ្យឈ្មួញទាំងនោះ ត្រូវធ្វើដំណើរទៅនៅពេល យប់បាន"
"ឮដំណឹងមកថា ពួកគេនឹងចេញអំពីភូមិឧត្តរគ្រាមពីព្រឹកព្រហាម ហេតុដូច្នេះទម្រាំនឹងមកដល់ កណ្តាលព្រៃត្រង់កន្លែងដែលយើងឈរជើង ប្រហែលជាជិតព្រលប់ ព្រោះរទេះធ្វើដំណើរ យឺតយូរជាមនុស្សណាស់ "រេវត្តៈចាប់ផ្តើមបញ្ចេញយោបល់
"ពួកឈ្មួញអាចនឹងឈប់សម្រាកនៅកណ្តាលព្រៃនេះក៏ថាបាន ប៉ុន្តែបើយើងអាចធ្វើឲ្យពួក គេគិតថាមិនធានាសុវត្ថិភាពបាន ពួកគេនឹងមិនឈប់ទេ ខ្ញុំបាទគិតថា នៅពេលពួកគេហៀប នឹងបោះជំរំស្នាក់មុនពេលព្រលប់ យើងគួរតែចាត់ពួកយើងមួយក្រមឲ្យធ្វើកូដោបាយបំភាន់ ដូចជាមានកម្លាំងពលចូលមកប្លន់ ពួកគេនឹងរូតរះធ្វើដំណើរតទៅមុខទាំងយប់ងងឹត ពួកដែលដេញតាមពីក្រោយមកក៏ចូលវាយប្រហារខាងចុងក្បួនរទេះ ពួករទេះដែលទៅខាងមុខ នៅពេលដឹងថាក្បួនក្រោយត្រូវវាយប្រហារ នឹងបញ្ឈប់រទេះទុក ហើយបកត្រឡប់ទៅជួយ ក្បួនក្រោយ នៅពេលនោះពួកយើងមួយក្រុមទៀតក៏ចូលវាយប្រហារត្រង់ខាងមុខក្បួនរទេះ "
"អើ ! វិធីសាស្ត្រនេះប្រសើរណាស់ "នាយចោរនិយាយរ៉ាប់រងយ៉ាងស្វាហាប់ មានការពិចារណា ផែនការប្លន់យ៉ាងល្អិតល្អន់ជាដំណាក់កាលចុងក្រោយ ហើយក៏បែកខ្ញែកគ្នាទៅដេករៀងៗខ្លួន ។ ព្រឹកស្អែកឡើងនាយចោរបានកោះហៅបរិវាររបស់ខ្លួនមកប្រជុំម្តងទៀតហើយបែងចែកពលចោរ ជា ២ ក្រុម ហើយចោរម្នាក់ៗត្រូវបានប្រគល់តួនាទីឲ្យតាមផែនការ មុននឹងរំកិលកម្លាំង ចោរចេញពីបន្ទាយ នាយចោរបានអញ្ជើញទេវរូបមេ-សកាលីចេញមកប្រតិស្ឋាននៅខាងក្រៅ ហើយបានធ្វើ ពិធីបន់ស្រន់ដើម្បីជ័យជម្នះរបស់ពួកចោរ ថា"ប្រសិនបើពួកយើងបានទទួល ជ័យ ជម្នះយ៉ាងសុវត្ថិភាព ពួកយើងនឹងថ្វាយតង្វាយដល់ម្ចាស់ម៉ែដោយឈាមក្នុងបំពង់ករបស់ មេដង្ខៅ ពាណិជ្ជករ" បន្ទាប់ពីនោះមក ពួកចោរក៏បានកេណ្ឌពលរបស់ខ្លួនចេញពីបន្ទាយទៅ អែបពួនសម្ងំលាក់ខ្លួននៅក្បែរផ្លូវដែលពួកឈ្មួញពាណិជ្ជនឹងធ្វើដំណើរឆ្លងកាត់មក ពួកគេបានបែង ចែកកម្លាំងជា ២ ក្រុមលាក់ខ្លួនពួនអាត្មាក្នុងរយៈចម្ងាយពីគ្នាល្មមនឹងចក្ខុវិស័យ លុះដល់វេលា ជិតនឹងព្រលប់ ក្បួនរទេះដ៏វែងអន្លាយរបស់ពួកឈ្មួញថលពាណិជ្ជសំណាង អាក្រក់ក៏បានមកដល់ទីកន្លែងដែលពួកចោរក្រុមទី ១ លាក់ខ្លួន ប៉ុន្តែពួកចោរក្រុមនោះ ក៏បណ្តោយឲ្យពួកឈ្មួញបររទេះឆ្លងហួសទៅតាមផែនការ ខណៈនោះឯង មានបុរសចម្លែក ២ នាក់បានបំផាយសេះ បោលមកពីក្រោយតាមក្បួនរទេះពួកជំនួញនោះ លុះទៅដល់រទេះចុង ផុត គេក៏បានចូលទៅរាក់ ទាក់ប្រាស្រ័យជាមួយនឹងសារថីអ្នកបររទេះ ហើយក៏បានថ្លែងប្រាប់ ដំណឹងអាក្រក់ឲ្យពួកគេជ្រាបថា
"ខ្ញុំបាទមកពីភូមិឧត្តរគ្រាម"បុរសជិះលើខ្នងសេះស្រដីឡើងយ៉ាងត្រហេប​ត្រហប
"នៅពាក់កណ្តាលផ្លូវដែលធ្វើដំណើរមក យើងទាំងពីរនាក់បានប្រទះឃើញហ្វូងចោរចំនួន ច្រើនណាស់ សូមឲ្យពួកលោកប្រញាប់ប្រញាល់ធ្វើដំណើរតទៅមុខ កុំឈប់បោះបន្ទាយស្នាក់ យប់ក្នុងព្រៃនេះឲ្យសោះ បើពួកលោកបន្តដំណើទៅមុខឲ្យលឿន ពួកចោរនឹងមិនអាចតាមមក ទាន់ពួកអស់លោកបានទេ ខ្ញុំបាទប្រាប់នេះដោយបំណងល្អទេ" និយាយហើយបុរសទាំងពីរ នាក់ក៏បំបោលសេះធ្វើដំណើរនាំមុខពួករទេះបាត់ទៅ បុរសទាំងពីរនាក់នោះ គឺជាទូតនាំសារ របស់ពួកចោរនោះឯង ដំណឹងនេះបានទទួលបម្រាប់ប្រាប់តៗគ្នាទៅគ្រប់រទេះ ដង្ខៅដែល ជាប្រធានបានបង្គាប់បញ្ជាឲ្យធ្វើដំណើរបន្តទៅមុខ ម្នាក់ៗបានសង្ខុញគោរបស់ខ្លួនឲ្យពន្លឿនថ្វី ជើងកាន់តែលឿនជាងមុនឡើង តមកមិនយូរប៉ុន្មានក៏មានបុរសជិះសេះ ៣ នាក់ទៀតបានមក ប្រាប់ដំណឹងដដែលនោះទៀត ហើយក៏បំផាយសេះហួសទៅមុខទៅ ធ្វើឲ្យពួកពាណិជ្ជទាំង នោះកាន់តែមានជំនឿរឹងមាំឡើង ។
លុះបរិយាកាសងងឹតឈ្លប់ចូលមកដល់ហើយ មេក្រុមចោរទី ១ ដែលដេញជាប់តាមពីក្រោយ មកក៏ចេញបញ្ជាឲ្យពួកស្មុនកូនចៅសម្រុកចូលវាយប្រហារត្រង់ចុងក្បួនរទេះ ភ្លាមនោះហ្វូង ចោរក៏នាំគ្នាសម្រុកចូលកាប់ប្រហារពួកពាណិជ្ជករ ចលាចលបានកើតឡើងនៅឯចុងក្បួនរទេះ ពួកជំនួញម្នាក់នាំគ្នាចាប់អាវុធចូលទប់ទល់តស៊ូយ៉ាងអង់អាច ហ្វូងគោក៏ផ្អើលដាក់នឹមរត់ចូល ព្រៃស៊្រូ លុះបានដឹងថាពួកក្រោយត្រូវបានចោរសម្រុកចូលប្លន់ ពួកអ្នកជំនួញូដែលនៅខាងមុខ ក៏ស្ទុះចាប់អាវុធលោតចេញពីរទេះត្រឡប់ទៅជួយ រំពេចនោះចោរក្រុមទី ២ ក៏ចូលវាយប្រហារ ក្បួនខាងមុខ ការតស៊ូបានប្រព្រឹត្តទៅយ៉ាងឃោរឃៅ ពួកពាណិជ្ជករដែលមិនបានដឹងខ្លួនជា មុនជាអ្នកចាញ់ប្រៀប ទទួលរងសស្ត្រាវុធរបស់ពួកចោរដែលស្ទាត់ជំនាញជាងដេកដួលស្លាប់ ទាំងរងរបួសជាច្រើន ពួកអ្នកនៅមានជីវិតក៏រត់រប៉ែករប៉ាយចូលព្រៃយកប្រាសអាយូស មេជំនួញធំត្រូវចាប់ខ្លួនបាន ហើយត្រូវនាំទៅកាន់បន្ទាយចោរ ពួកចោរជួយគ្នាដឹកជញ្ជូនទ្រព្យ សម្បត្តិចេញពីរទេះរហូតទល់ភ្លឺ ការតស៊ូចប់ទៅដោយពួកចោរជាអ្នកមានជ័យជម្នះយ៉ាង ងាយស្រួល ។
លុះពេលល្ងាចថ្ងៃស្អែកឡើង ពួកចោរបានចាត់ឲ្យមានពិធីជប់លៀងយ៉ាងឱឡារិក ជាការជប់ លៀងឆ្លងជ័យជម្នះដែលពួកគេមានលើអ្នកជំនួញ បរិយាកាសក្នុងបនចោរពោរពេញទៅដោយ ក្លិនស្រា និង សម្លេងសើចហ៊ោទ្រៀវខ្ញៀវខ្ញារ ម្នាក់ៗសប្បាយរីករាយរអាករពាយណាស់សា សម្លេងហាសហាក្អាកក្អាយស្ងប់ចុះនៅពេលមេកន្ត្រាញចោរបានប្រកាសឡើងដោយសម្លេង ខ្លាំងៗថា
"អស់លោកសម្លាញ់ទំាងឡាយ ! ជ័យជម្នះដ៏ល្អត្រកាលដែលបានទទួលមកនៅពេលនេះ យើងបានទទួលមកដោយអំណាចរបស់ម្ចាស់ម៉ែកាលីដោយពិត នៅមុនពេលដែលយើងនឹង រំកិលកម្លាំងចេញពីបន្ទាយ យើងបានបន់ស្រន់ម្ចាស់ម៉ែទុកថា បើសិនជាបានជ័យជម្នះ នឹង ថ្វាយតង្វាយដល់ម្ចាស់ម៉ែដោយលោហិតក្នុងបំពង់ករបស់មេជំនួញ នៅពេលនេះ យើងក៏បាន ជ័យជម្នះសមតាមបំណងហើយ យើងនឹងត្រូវលាបំណន់ដល់ម្ចាស់ម៉ែ ចូរនាំខ្លួនឈ្លើយសឹក របស់យើងមកឥឡូវនេះ" ។ មេជំនួញបានត្រូវនាំខ្លួនមកកាន់ទីជំនុំ រូបសំណាកមេ-សកាលីស្រេកឈាមកំពុងឈរញែក ចង្កូមនៅលើទែនបូជាដោយអាកប្បកិរិយាកំពុងក្រេវក្រោធជាខ្លាំង ជុំវិញហ៊ឹងបូជារបស់ ម្ចាស់ម៉ែអ្នកមានលលាដ៍ក្បាលមនុស្សជារង្វេលពេញទៅដោយគ្រឿងសំណែនផ្សេងៗ ភ្នក់ភ្លើងដែលពួកចោរបំពក់ ទុកនៅក្បែរខាងទែនបូជានោះ កំពុងឆេះក្រហមសន្ធោសន្ធៅឡើង គួរនាដូចជាក្រសែភ្នែកម្ចាស់ម៉ែ ដែលស្ទើរតែលៀនថ្លៃចេញមកក្រៅត្របក មេដង្ខៅអភ័ព្វនោះ កំពុងអង្គុយសំយុងកចុះនៅក្បែរចោរមាឌធំស្រមាក់ ២ នាក់ដែលចាប់ប្រកៀកគាត់មក ទឹកមុខរបស់គាត់សៅហ្មងស្រងូតស្រងាត់ សម្តែងសេចក្តីអស់សង្ឃឹមក្នុងជីវិត គាត់ដឹងខ្លួន ច្បាស់ថា មុខជាត្រូវពួកចោរហៃរិកចាប់យកមកអារ កទាំងរស់ឲ្យលោហិតបាញ់បញ្ចូល ព្រះឱស្ឋរបស់មេ-សកាលីដែលកំពុងស្រេកឈាមនោះមិនខាន ទោះបីជានៅរស់រានមានជីវិត
គាត់មានអារម្មណ៍ហាក់នឹងថាស្លាប់ទៅហើយ កាលបើបានឃើញអាកប្បកិរិយារបស់មេឈ្មួញ ហើយ ចោរទាំងឡាយទោះជាចិត្តខ្មៅឃោរឃៅយ៉ាងណា ក៏អត់នឹងអាណិតអាសូរគាត់មិន បាន ជាពិសេសចោររេវត្តៈស្មុនបក្សសំណព្វចិត្តរបស់មេកន្ត្រាញចោរនោះឯង មានចិត្តចាប់ អារម្មណ៍ចំពោះមេឈ្មួញពាណិជ្ជករជាខ្លាំង គេសម្លឹងភ្នែកមើលអាកប្បកិរិយារបស់មេជំនួញ យ៉ាងសំណំសំនួនព្រោះហាក់បីដូចជាមានអ្វីមកបង្គាប់គេឲ្យធ្វើដូច្នោះ ។
ទឹកដោះរាវត្រូវបានគេជះផ្សាចទៅលើភ្នក់ភ្លើង ធ្វើឲ្យអណ្តាតភ្លើងភ្លឺរន្ទាលឡើងជាងមុន ជាឱកាសឲ្យរេវត្តៈបានឃើញផ្ទៃមុខឈ្លើយសឹកគ្រោះអាក្រក់នោះកាន់តែច្បាស់ឡើង គេចាប់ ផ្តើមអន្ទះអន្ទែងច្រាស់ច្រាល់ចិត្តជាខ្លាំងហាក់នឹងថាគេធ្លាប់បានឃើញមុខមេជំនួញនោះមកពី មុន គេរំកិលខិតចូលទៅជិតមេឈ្មួញនោះរួចហើយផ្ចង់ភ្នែកមើលយ៉ាងពិនិត្យពិគ្រោះ នៅទីបំផុត ស្មារតីចងចាំក្នុងអតីតកាលក៏ប្រាកដឡើងដល់គេ គេនៅចាំបានយ៉ាងជាក់ច្បាស់ថា ឈ្លើយសឹករបស់គេនោះមិនមែនអ្នកណាផ្សេងទេក្រៅពីលោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថី ដែលគេធ្លាប់បានទៅនៅអាស្រ័យជាមួយនោះឯង កាលបើប្រាកដក្នុងចិត្តថាជាលោកគ្រហបតី ហើយ រេវត្តៈស្ទើរតែភ្លេចខ្លួនលូនចូលទៅក្រាបសំពះបាទជើងលោកដើម្បីសុំអភ័យទោស គេនឹកខ្លោចចិត្តជាខ្លាំងចំពោះទង្វើរបស់គេកន្លងមក ពីព្រោះគេក៏មានចំណែកចូលរួមក្នុងការ រៀបចំផែនការប្លន់លោកគ្រហបតីអ្នកមានឧបការគុណរបស់ខ្លួនដែរ ។
ចោរដែលជាអ្នកប្រកបពិធីបូជាព្រះម៉ែដោយលោហិតក្នុងបំពង់ករបស់មេជំនួញបានមកដល់ កន្លែងប្រកបពិធីហើយ មិនយូរប៉ុន្មាន លោកគ្រហបតីនឹងត្រូវគេចាប់អារកសម្រក់ឈាមមិនខាន រេវត្តៈបានរិះរកឧបាយកលនានាដើម្បីជួយរំដោះលោកគ្រហបតីឲ្យរួចផុតពីមច្ចុរាជ គេមិនអាច ស៊ូទ្រាំនៅឈរមើលអ្នកមានព្រះគុណំត្រូវគេសម្លាប់យ៉ាងទារុណឃោរឃៅ គេសម្រេចចិត្តថា នឹងជួយរំដោះទុក្ខលោក​ ទោះបីជាខ្លួនស្លាប់ក៏សុខចិត្តដែរ ខណៈដែលចោរជាអ្នកប្រកបពិធី កាន់ដាវដ៏មុតច្រោកដើរស្លៅសំដៅទៅរកលោកគ្រហបតីនោះ រេវត្តៈក៏ក្រោកឈរឡើង ធ្វើសាមីចិកម្មគំនាប់មេចោរ ហើយប្រកាសឡើងដោយសម្លេងខ្លាំងៗថា
"បពិត្រនាយម្ចាស់ ! ខ្ញុំបាទសូមអង្វរដល់នាយម្ចាស់ឲ្យជួយប្រកាសបង្គាប់រម្ងាប់ពិធីកម្មនេះ ទុកបណ្តោះអាសន្នសិន" រំពេចនោះស្រាប់តែចោរទាំងឡាយបានស្ងាត់បាត់សម្លេងអ៊ុលអាល់ ភ្លាម ម្នាក់ៗនាំគ្នាបែរមកសម្លឹងមើលរេវត្តកុមារដោយក្រសែភ្នែកតែមួយ
"ខ្ញុំបាទមិនអាចធន់ទ្រាំនៅមើលមុខមេឈ្មួញម្នាក់នេះត្រូវគេចាប់អារ-កនៅចំពោះមុខបានទេ ត្បិតថា មេឈ្មួញម្នាក់នេះ គឺ លោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថី លោកធ្លាប់មានព្រះគុណ ដ៏ខ្ពង់ខ្ពស់ចំពោះខ្ញុំបាទ" ចោរទាំងអស់ស្ងាត់បាត់សម្លេងប៉ើម ម្នាក់ៗអាំងឡាំងមិងមាំងចំពោះ ហេតុការណ៍ដែលកើតឡើងយ៉ាងទាន់ហន់នេះ មេឈ្មួញពាណិជ្ជងើយមុខឡើងសម្លឹងមើល រេវត្តកុមារដោយក្រសែភ្នែកក្រឡែតក្រឡង់ ជាលក្ខណៈសម្តែងអំណរអររអឹករអាំទាំងភ្លាត់មាត់ ហៅឈ្មោះរេវត្តៈ ៣ ដងបណ្តើរដោយរំភើប រេវត្តៈនិយាយតទៅទៀតដោយឥតញាប់ញ័រថា
"ប្រសិនបើនាយម្ចាស់មិនអាចរម្ងាប់ពិធីកម្មនេះបានទេ សូមមេត្តាពិឃាតខ្ញុំបាទបូជាព្រះម៉ែ ជំនួសលោកគ្រហបតីចុះ ខ្ញុំបាទរីករាយលះបង់ជីវិតជូនលោកអ្នកមានព្រះគុណនេះ" រេវត្តកុមារនិយាយបានប៉ុណ្ណេះហើយក៏ឈប់ឈរទ្រឹងស្ងៀមស្រតឹក ភាពស្ងាត់បាត់សម្លេង សូន្យគ្រប់ដណ្តប់ទូទាំងបរិវេណកន្លែងនោះ  នៅទីបំផុត មេចោរជេដ្ឋកៈក៏និយាយទម្លាយ និស្សទ្ទភាព(quietness) ថា
"រេវត្តៈ ! ឯងកំពុងតែមកទម្លាយពិធីកម្មដ៏សំខាន់របស់យើងហើយ ប៉ុន្តែណ្ហើយចុះ រឿងរបស់ឯង មុខគួរឲ្យយល់ចិត្តដែរ ដើម្បីយោគយល់ដល់ឯង យើងសូមរម្ងាប់ពិធីកម្មនេះសិន ឯងជាមនុស្ស ស្គាល់គុណូបការៈរបស់លោកអ្នកមានគុណ យើងក៏ស្គាល់គុណូបការៈរបស់ឯងវិញដែរ ព្រោះ ឯងបានជួយជ្រោមជ្រែងយើងមកច្រើន យើងសូមឲ្យអភ័យទោសដល់ឯងម្តង ទាំងដល់មេ ដង្ខៅនោះផង" នាយចោរនិយាយទាំងចង្អុលដៃទៅខាងលោកគ្រហបតីផង ។ "ជាព្រះគុណដ៏ខ្ពង់ខ្ពស់សម្រាប់ខ្ញុំបាទ"រេវត្តៈនិយាយឡើងយ៉ាងលំអុតលំឱន "ខ្ញុំបាទនឹងចារឹក ការុញ្ញចិត្តរបស់នាយម្ចាស់ទុកក្នុងជម្រៅបេះដូងរបស់ខ្ញុំបាទនឹងចងចាំទុកមិនភ្លេចឡើយ" នាយចោរបញ្ជាឲ្យដោះលែងលោកគ្រហបតីចេញពីចំណង គ្រាន់តែមានសេរីភាពភ្លាម លោកក៏ស្ទុះចូលទៅឱបរឹតរេវត្តៈដោយរន្តិភាពត្រេកអរ មានប្រសាសន៍ចេញមកទាំងក្តុកក្តួលអួល ដើម-ក ថា
"រេវត្តៈអើយ ! មិននឹកស្មានសោះថាបានជួបឯងនៅកណ្តាលព្រៃស្តុកយ៉ាងនេះទេ ប្រសិនបើមិន បានជួបឯងទេ ថ្មើរនេះប៉ាមុខជាក្លាយទៅជាសាកសពទៅហើយ កូនឯងមកទីនេះតាំងពីអង្កាល់ ហើយមកយ៉ាងម៉េចបាន អ្វីៗដូចជាអច្ឆរិយហេតុពន់ពេកណាស់ ប៉ាភ័ន្តភាំងចំពោះហេតុការណ៍ នេះអស់ហើយ សូមឯងជួយពន្យល់ឲ្យច្បាស់លាស់ដល់ប៉ាផង ឬថា នេះគ្រាន់តែជាសុបិន ប៉ុណ្ណោះទេ រេវត្តៈកូនប៉ា !" រេវត្តៈអមគមលោកសេដ្ឋីឲ្យអង្គុយចុះ ហើយក្រាបចុះទៀបបាទា របស់លោក តមក គេក៏តំណាលរឿងរ៉ាវដំណើរដើមទងតាំងពីដើមដំបូងឲ្យលោកគ្រហបតី ស្តាប់ ចាប់ផ្តើមតាំងពីចាកចេញពីទីក្រុងសាវត្ថីរហូតមកក្លាយខ្លួនធ្វើជាចោរនៅកណ្តាលព្រៃ កាលបើតំណាលដល់រឿងរ៉ាវក្នុងអតីតកាល ចិត្តរបស់គេក៏ភ្នកគិតដល់លីលាវតីដែលគេបាន បំភ្លេចចោលអស់ពេលជាយូរមកហើយ រេវត្តៈនៅតែក្រលប់លាក់ទុករឿងនេះជាការសម្ងាត់ ដដែល មិនបង្ហើបប្រាប់ដល់លោកគ្រហបតីទេ ទាំងរឿងដែលគេត្រូវនាងព្រាហ្មណី និង កណិការបៀតបៀនពាធាផង គេក៏មិនបង្ហើបប្រាប់ដែរ គេប្រាប់ថាមូលហេតុដែលត្រូវភៀសខ្លួន ចេញពីទីក្រុងសាវត្ថីមកក៏ដើម្បីជាប់តាមរកឪពុកម្តាយប៉ុណ្ណោះ ។
"រេវត្តៈអើយ ! ប៉ាសុខចិត្តឲ្យអភ័យទោសសព្វបែបយ៉ាងចំពោះអំពើរបស់ឯង ចូរត្រឡប់ទៅរស់នៅជាមួយនឹងប៉ាវិញចុះ ប៉ានឹងប្រគល់ទ្រព្យសម្បត្តិ និង សេចក្តីសុខដល់ឯង យ៉ាងគ្រប់គ្រាន់ ឯងនឹងមានសេចក្តីសុខច្រើនជាងមកធ្វើជាចោរ ឆក់ប្លន់គេចិញ្ចឹមជីវិតនៅក្នុង ព្រៃយ៉ាងនេះ"
"ខ្ញុំប្របាទមិនអាចនឹងទៅរួមរស់ជាមួយនឹងព្រះតេជព្រះគុណបានទេ"រេវត្តៈនិយាយ "ខ្ញុំប្របាទ ក្លាយជាបាបជនទៅហើយ ជាអ្នកអ៉ាប់ប៉ត្រាប់ទាំងកាយនិងចិត្ត មិនសមគួរនឹងនៅរួមសង្គម ជាមួយនឹងសាធុជនដូចយ៉ាងព្រះតេជព្រះគុណទេ ខ្ញុំប្របាទជាចោរប្លន់ទ្រព្យសម្បត្តិនិងជីវិត មនុស្សអស់ជាច្រើនអនេក កំហុសអបការរបស់ខ្ញុំប្របាទធ្ងន់ធ្ងរណាស់ សូម្បីតែការប្រហារ ជីវិតក៏នៅស្រាលពេកណាស់សម្រាប់ទោសកំហុសរបស់ខ្ញុំប្របាទនេះ ប្រសិនបើខ្ញុំប្របាទត្រឡប់ទៅរស់នៅក្នុងទីក្រុងសាវត្ថីជាមួយនឹងព្រះតេជព្រះគុណវិញ ខ្ញុំប្របាទនឹងត្រូវរាជបុរសចាប់ខ្លួនយកទៅដាក់ទោសទណ្ឌតាមនីតិវិធី ហើយទុក្ខក្តៅក្រហាយ នេះនឹងរីករាលដាលមករកព្រះតេជព្រះគុណ ខ្ញុំប្របាទអាក្រក់ សូមឱនក្បាលធ្វើទៅតាម ផ្លូវអាក្រក់របស់ខ្ញុំប្របាទតទៅ"លោកគ្រហបតីព្យាយាមទទូចអង្វរឲ្យរេវត្តៈត្រឡប់ទៅនៅជា មួយវិញ លោកធានារ៉ាប់រងថានឹងទូលសុំព្រះរាជអភ័យទានពីព្រះបាទបសេនទិកោសលដល់ គេ មិនឲ្យគេត្រូវទទួលទោសទណ្ឌទេ ប៉ុន្តែរេវត្តៈនៅតែមិនព្រមទៅ ដោយទឹកចិត្តស្មោះស គេចង់នឹងបោះបង់ចោលអាជីពចោរនេះដែរ ប៉ុន្តែគេមិនចង់ទៅមើលមុខនាងគ្រហបតានីនិង នាងកណិការទៀតទេ គេស្ទើរតែនឹងប្រាប់ពំនិតការពិតរឿងនេះដល់លោកគ្រហបតីទៅហើយ ប៉ុន្តែនៅទប់សង្កត់ចិត្តទាន់ ខណៈដែលចៅហ្វាយនាយ និង បាវព្រាវសន្ទនាគ្នានោះ ពួកចោរ ក៏នាំគ្នារាំរែកស្រែកច្រៀងឆ្លងជ័យជម្នះតទៅ រហូតដល់ស្រវឹងអាបឡាបដេកដួលស្តូកស្តឹង ត្រៀបត្រាពាសពេញទាំងបរិវេណកន្លែងនោះ នៅមុនពេលបិទពិធីជប់លៀងត្រឡប់ទៅកាន់ ខ្ទមវិញ នាយចោរនិងកូនបក្សព្រនាក់បំពង់សំខាន់ម្នាក់បានពិគ្រោះយោបល់គ្នា ហើយសម្រេច ចិត្តដាក់ទណ្ឌកម្មដល់រេវត្តៈថា ព្រឹកស្អែកនេះ រេវត្តៈត្រូវតែទៅរកចាប់មនុស្សណាម្នាក់ឲ្យខាង តែបាន ដើម្បីយកមកអារ-កបូជាលាបំណន់ម្ចាស់ម៉ែកាលីជំនួសលោកគ្រហបតី ប្រសិនបើរក មិនបានខាងក្នុងកំឡុងថ្ងៃព្រឹកស្អែកនេះទេ មិនរេវត្តៈក៏មេជំនួញនឹងត្រូវចាប់អារ-កមិនខាន ។
រេវត្តៈសន្យានឹងនាយចោរថានឹងរកមកឲ្យខាងតែបាន បើមិនបានទេ គេសុខចិត្តស្លាប់ជំនួស លោកអ្នកមានព្រះគុណ !

អ្នកបង្វែរចិត្តចោរ

ពន្លឺបំព្រាងស្រាងៗឯទិសបូព៌កំពុងបញ្ជះបញ្ចាំងឡើងកាន់ក្រហែងមេឃឰដ៏ប្រាចីនទិសជា សញ្ញាបា្រប់អស់សព្វសត្វឲ្យដឹងថាថ្ងៃថ្មីកំពុងឈានចូលមក ហ្វូងសត្វព្រៃច្រើនក្រាស់ក្រៃបាន ស្រែកយំរងំច្រៀវច្រៃពាសពេញព្រៃព្រឹក្សាហាក់នឹងថាដាស់តឿនគ្នីគ្នាឲ្យត្រៀមខ្លួនចេញ ដំណើរទៅរកចំណី នៅខណៈដែលធម្មជាតិកំពុងពេញទៅដោយសេចក្តីភ្ញាក់កាយ និង ភាពស្រស់បំព្រងនាពេលបឋមោទ័យនោះឯង ដួងចិត្តរបស់លោក គ្រហបតីបែរជាស្រពាប់ ស្រពោនទុក្ខព្រួយរងួយចិត្ត លោកសោយអារម្មណ៍ល្ហិតល្ហៃទាំងកាយនិងចិត្តត្បិតតែសម្រាន្ត មិនលក់ពេញមួយរាត្រី សម្លេងស្រែកយំ របស់សត្វតាវ៉ៅឮល្វេងល្វើយមកពីចម្ងាយ នាំឲ្យ លោកគិតដល់ជាតិភូមិ គិតដល់ ភរិយា និង​ បុត្រដែលនៅឯទីក្រុងសាវត្ថី ប្រសិនបើពួកគេដឹង ថា លោកត្រូវបានពួកចោរប្លន់ហើយចាប់ខ្លួនយកមកបង្ខាំងទុកក្នុងព្រៃ គេមិនដឹងជាគិតយ៉ាង ណាទេហ្ន ! សម្លេងសត្វទោចយំថ្ងួចថ្ងូរនៅក្នុងព្រៃនោះ ធ្វើឲ្យលោកគិតដល់ជ័យសេនកូនប្រុស តែម្នាក់គត់របស់លោកតាំងពីត្រូវពួកចោរហៃរិកប្លន់ទៅនៅយប់នោះមក ពីរនាក់ឪកូនមិនបាន ជួបគ្នាទៀតឡើយ មិនដឹងថាស្លាប់រស់យ៉ាងណាទេ ។
ចំណែកខាងរេវត្តៈឯណេះវិញ លុះភ្ញាក់ពីគេងហើយ ក៏ប្រញាប់ប្រញាល់ត្រៀមខ្លួនចេញដំណើរ ទៅ ពីព្រោះនាយចោរបានដាក់កំហិតដល់គេថាក្នុងកំឡុងថ្ងៃនេះ គេត្រូវតែទៅរកចាប់មនុស្ស ឲ្យបានម្នាក់ដើម្បីយកមកអារ-កបូជាយញ្ញដល់មេ-សកាលី ប្រសិនបើរកមិនបានទេ លោក គ្រហបតីនឹងត្រូវចាប់អារ-កសម្រក់ឈាមបូជាយញ្ញមិនខាន រេវត្តៈធ្វើដំណើរចេញឆ្ពោះទៅដង ផ្លូវដែលពុះកាត់កណ្តាលដងព្រៃដើម្បីស្ទាក់ចាប់ថ្មើរជើងដែលធ្វើដំណើរទៅមក ដើម្បីមើលឃើញច្បាស់ពីចម្ងាយ គេសួឡើងទៅអង្គុយចាំមើលនៅលើដើមឈើក្បែចិញ្ចើមផ្លូវ សម្លឹងមើលទៅខាងណេះបន្តិចខាងណោះបន្តិចដើម្បីរេរកថ្មើរជើង គេអង្គុយនៅរងចាំភក្ខជន (ជនរងគ្រោះ)តាំងពីព្រឹកដល់ថ្ងៃត្រង់ ក៏នៅតែមិនទាន់ឃើញនរណាដើរឆ្លងកាត់មកសោះ ព្រះទិវាករចាប់ផ្តើមបាក់រសៀលជ្រេលជ្រេទៅតាមលំដាប់ ប៉ុន្តែក៏នៅតែមិនទាន់ឃើញអ្នកណា ដើរឆ្លងកាត់មកទៀត រេវត្តៈចាប់ផ្តើមច្រាស់ច្រាល់ចិត្ត គិតរាយមាយសល់វ៉ល់ ព្រោះបើមិនបានមនុស្សយកទៅបូជាយញ្ញជំនួសខ្លួនទេ គេនឹងត្រូវត្រឡប់ទៅឲ្យពួកចោរអារ-ក បូជាមេ-សកាលីនៅវេលាល្ងាចថ្ងៃនេះ នៅពេលនឹកគិតដល់រូបភាពដ៏ស្រយុតស្រយង់នោះ ហើយ គេក៏មានសេចក្តីព្រឺព្រួចពន់ពេក ជួនកាលគេគិតចង់គេចយករួចខ្លួន ព្រោះគេអាចធ្វើ បានយ៉ាងនិរន្តរាយ ប៉ុន្តែបើគេធ្វើយ៉ាងនោះ លោកគ្រហបតីដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់ ពួកចោរនឹងត្រូវចាប់អារ-កមិនខាន គេមិនហ៊ានក្បត់ទុយ៌សចំពោះលោកអ្នកមានគុណដល់ ថ្នាក់នោះទេ ទោះបីជាគេមិនបានអ្នកណាម្នាក់ក្នុងថ្ងៃនេះក៏ដោយ គេក៏សុខចិត្តទៅស្លាប់ជំនួស លោកគ្រហបតី ប្តេជ្ញាចិត្តទុកដូច្នេះហើយ គេក៏នៅអង្គុយរងចាំតទៅ ។ នៅខណៈដែលព្រះទិនករកំពុងជ្រៀលជ្រេទេរចុះ ហៀបនឹងលិចចុងឈើព្រមទាំងសេចក្តីសង្ឃឹម របស់គេចាប់ផ្តើមក្រៀមក្រោះទៅនោះ រេវត្តៈមៀងភ្នែកមើលទៅក៏ប្រទះឃើញមនុស្សម្នាក់កំពុង ដើរទើលងើលមកតាមផ្លូវម្នាក់ឯង គេមានអារម្មណ៍ត្រេកអរណាស់រហូតដល់ញ័រដៃញ័រជើង ដែល បានប្រទះឃើញភក្ខជនសមដូចបំណង គេស្រវេស្រវាចុះពីលើដើមឈើទៅឈរអែបនៅខាង ក្រោម ហូតដាវចេញពីស្រោមមកក្តាប់ទុកក្នុងកញ្ចប់ដៃយ៉ាងមាំ រេវត្តៈបណ្តោយឲ្យប្រុសអ្នក ដំណើរនោះដើរមកដល់កន្លែងដែលគេឈប់នៅ ហើយទើបស្រែកសម្លុតដោយសម្លេងម៉ឹងម៉ាត់ថា
"ឈប់សិន អ្នកដើរផ្លូវ !"
ថ្នើរជើងនោះក៏ទច់ងក់ភ្លាម បែរមុខទៅសម្លឹងមើលរេវត្តៈដែលកំពុងកាន់ដាវដើរស្លៅសំដៅមក រកខ្លួន ថ្វីបើកំពុងប្រឈមមុខនឹងសប្បដិភ័យបែបនោះក៏ដោយ ថ្នើរជើងចម្លែកនោះក៏ពុំសម្តែង អាការភ័យតក់ស្លត់រន្ធត់ចិត្តអ្វីបន្តិចសោះ គេឈប់ឈរនៅយ៉ាងស្ងប់ស្ងៀមគត់មត់ កែវភ្នែក សម្លឹងមើលទៅរេវត្តៈដោយប្រក្រតីភាព
"លោកកំពុងទៅណា?" រេវត្តៈដណ្តឹងសួរទាំងសម្លឹងមើលទៅថ្មើរជើងនោះតាំងពីក្រោមដល់លើ មើលកិរិយាឫកពាទៅ ប្រុសម្នាក់ហ្នឹងមិនមែនជាសាមញ្ញជនធម្មតាទេ ព្រោះគេមានក្បាល ត្រងោល ស្លៀកដណ្តប់សំពត់ជ្រលក់ទឹកអម្ចត់ពណ៌ខ្មៅស្រគាំទាំងស្ពាយបាត្រទៀតផង បញ្ជាក់ប្រាប់លក្ខណៈថាជាអ្នកបួសក្នុងសាសនាណាមួយ
"អាចក្តីកំពុងទៅក្រុងសាវត្ថី" ប្រុសស្លៀកសំពត់ជ្រលក់ទឹកអម្ចត់ឆ្លើយដោយសម្លេងធម្មតា
"លោកដើរផ្លូវមកក្នុងព្រៃតែម្នាក់ឯង មិនខ្លាចទេឬ?"
"អាចក្តីនឹងត្រូវខ្លាចអ្វីឬ?" ប្រុសចម្លែកសួរបកវិញ
"ខ្លាចវត្ថុនេះ នែ !"រេវត្តៈឆ្លើយទាំងលើកដាវដ៏មុតស្រាវឡើងចង្អុលមុខស្រមណ៍ត្រងោលផង
"អាចក្តីមិនខ្លាចទេ"គេឆ្លើយតបយ៉ាងម៉ឹងម៉ាត់
"ចម្លែកមែនទែន" រេវត្តៈឧទានឡើងដោយចម្លែកចិត្ត "លោកហាក់ដូចជាក្លាហានពេកហើយ លោកកុំនិយាយក្អេងក្អាងពេក ដាវរបស់យើងមិនដែលប្រណីអ្នកណាទេ បើលោកស្លាប់ហើយ កូនប្រពន្ធរបស់លោកនឹងពិបាក ណៈ ! "
"អាចក្តីជាអនាគារិក គ្មានផ្ទះសម្បែង គ្មានប្រពន្ធកូនទេ ព្រោះហេតុនោះបានជាគ្មានអ្វីដែលត្រូវ ខ្វល់រំពល់ចិត្ត សូម្បីតែជីវិត អាចក្តីក៏មិនខ្វល់ព្រួយដែរ បើលោកត្រូវការនឹងសម្លាប់ជីវិតអាចក្តី ក៏រៀបរបសម្លាប់មកចុះ"
សម្តីដ៏ក្លាហានរបស់ស្រមណ៍ត្រងោលនោះធ្វើឲ្យរេវត្តៈចម្លែកចិត្តជាខ្លាំង គេធ្លាប់ជួបប្រទះ មនុស្សមកជាច្រើនហើយ ប៉ុន្តែមិនដែលឃើញអ្នកណាក្លាហានបែបនេះទេ
"មិនបាច់កំញើញបបួលទេ លោកសមណៈ !លោកនឹងត្រូវអស់ជីវិតនៅល្ងាចនេះឯង ខ្ញុំគ្មាន ពេលជជែកជាមួយនឹងលោកច្រើនទេ មក៍ ! ទៅជាមួយនឹងខ្ញុំដោយស្រួលឥឡូវនេះ "
រេវត្តៈបណ្តើរសមណៈត្រងោលនោះចូលទៅក្នុងព្រៃ ដល់ទីកន្លែងដែលប្រារព្ធធ្វើពិធីបូជាយញ្ញ
"នែរេវត្តៈ ! ឈ្លើយសឹករបស់ឯងមើលទៅដូចជាមិនមែនជាសាមញ្ញជនធម្មតាទេ មើល អាកប្បកិរិយាទៅ ទំនងជាអ្នកបួសក្នុងសាសនាណាមួយមិនខាន" នាយចោរនិយាយប្រារព្ធ នឹងរេវត្តៈដែលនាំឈ្លើយសឹកមកដល់
"គេប្រាប់ថាជាអនាគារិក គ្មានផ្ទះសម្បែង គ្មានប្រពន្ធកូនទេ" នាយចោរនិងចោរទាំងអស់គ្នាម្នាក់ៗសម្លឹងមើលទៅឈ្លើយសឹកថ្មីដែលរេវត្តៈបានចាប់ខ្លួនមកជា ក្រសែភ្នែកតែមួយ កាលបើឃើញលោកគង់នៅដោយមោនភាពស្ងប់ស្ងាត់ មានឥរិយាបទហំហែង សង្ហា មិនញាប់ញ័រនឹងងសប្បដិភ័យចំពោះមុខបែបនេះ ម្នាក់ៗក៏នឹកចម្លែកចិត្តគិតញញើតព្រឺព្រួច ជាខ្លាំង ភ្លាមនោះនាយចោរសួរឡើងថា
"បពិត្រឈ្លើយសឹកអ្នកក្លាហាន ! បុគ្គលដែលកោរក្បាលស្លៀកដណ្តប់ក្រណាត់ជ្រលក់ទឹកអម្ចត់ អម្បាលយ៉ាងលោកនេះគេហៅឈ្មោះថាដូចម្តេច?"
"ម្នាលនាយចោរ ! អម្បាលយ៉ាងអាចក្តីនេះ អ្នកផងហៅថា បព្វជិត ក៏បាន សមណៈ ក៏បាន ភិក្ខុ ក៏បាន"
នាយចោរពាលពាក្យផ្ទួនសម្តីតិចៗជាឧបាយគិតសញ្ជឹង
"ចុះពាក្យថា បព្វជិត ហ្នឹងមានអត្ថន័យថាដូចម្តេច?"
"ពាក្យថា បព្វជិត មានអត្ថន័យថា អ្នកវៀរបង់ហើយ"
"វៀរបង់អីទៅ?"នាយចោរឈ្លេចសួរ
"វៀរបង់ចាកទង្វើអាក្រក់ វៀរបង់ចាកសម្តីអាក្រក់ វៀរបង់ចាកគំនិតអាក្រក់ មូលហេតុដែលត្រូវវៀរបង់ព្រោះពិចារណាឃើញថា ទង្វើអាក្រក់ធ្វើឲ្យខ្លួនឯងក្តៅក្រហាយ ថែមទាំងធ្វើឲ្យអ្នកដទៃក្តៅក្រហាយទៀតផង ចិត្តដែលគិតរឿងអាក្រក់ជាចិត្តក្តៅ វាចាដែល និយាយពាក្យអាក្រក់ជាវាចាក្តៅ កាយដែលធ្វើអំពើអាក្រក់ជាកាយក្តៅ កាលបើធ្វើអាក្រក់ទាំង ៣ យ៉ាងក៏ប្រៀបដូចជាមានភ្លើង ៣ ភ្នក់គរដុតខ្លួនឯង ហើយភ្លើងទាំង ៣ ភ្នក់នេះនឹងឆាបរោល រាលទៅឆេះគេឯងទៀតផង បុគ្គលដែលត្រូវភ្លើងដល់ទៅ ៣ ភ្នក់ឆេះរោលជានិច្ចបែបនេះ តើនៅមានសេចក្តីសុខទេ? "
"សម្តីដែលលោកនិយាយនេះពីរោះគួរឲ្យចង់ស្តាប់មែនទែន" នាយចោរនិយាយឡើងទាំងងក់ ក្បាលសម្តែងថាយល់ស្របផងដែរ
"ចុះពាក្យថា សមណៈ មានអត្ថន័យថាដូចម្តេច?"
"ម្នាលនាយចោរ ! សមណៈ មានអត្ថន័យថា អ្នកស្ងប់រម្ងាប់ ព្រោះពន្លត់ភ្លើង នៃអំពើអាក្រក់ខាងកាយវាចាចិត្តបានអស់ហើយ ហេតុនោះបានជាមានឈ្មោះថាអ្នកស្ងប់ រម្ងាប់គត់មត់ស្រគត់ស្រគំ មានសស្រ្តាវុធដែលទម្លាក់ចុះហើយ មិនបង្កកម្មពៀរវេរាជាមួយនឹង អ្នកផងទាំងពួងសូម្បីដោយបរិវិតក្កៈ ជាអ្នកអស់ព្យសន៍ពុតត្បុតហើយ បីដូចជាខ្លាត្រូវគេដក យកចង្កូម ឬ ក្រញាំក្រចកចេញហើយ"
"ពីរោះណាស់ លោកសមណៈ ! "
"ចុះពាក្យថា ភិក្ខុ មានអត្ថន័យថាដូចម្តេច?"
"ពាក្យថា ភិក្ខុ មានអត្ថន័យ ២ យ៉ាង ន័យទី ១ មានដំរួយសេចក្តីថា អ្នកឃើញ ភ័យ ន័យទី ២ មានដំរួយសេចក្តីថា អ្នកសូមស្មូម "
"ឰយ៉ា ! យ៉ាងម៉េចអញ្ចេះ អម្បាញ់មិញនេះ លោកប្រាប់ថា ជាអ្នកមិនមានភ័យបីដូចជាខ្លាត្រូវ គេដកយកចង្កូមឬក្រញាំក្រចកអស់ហើយ ស្រាប់តែឥឡូវនេះ លោកបែរជានិយាយថាអ្នក ឃើញភ័យទៅវិញ ចុះវានឹងមិនខ្វែងគ្នាទេឬ?"នាយចោរប្រកែក
"មិនខ្វែងគ្នាទេ នាយចោរ ! ភ័យ ក្នុងន័យនេះ អាចក្តីចង់និយាយដល់ភ័យរបស់ វដ្តសង្សារ ពិភពលោកយើងនេះពោរពេញទៅដោយភ័យដែលគួរឲ្យភ័យតក់ស្លុតរន្ធត់ចិត្តជា ច្រើន ប៉ុន្តែមនុស្សភាគច្រើនមិនសូវមើលឃើញទេ អញ្ចឹងហើយបានជាដក់ជាប់នៅក្នុងវដ្ត លោកយើងនេះ នៅទីបញ្ចប់ ពួកគេក៏ត្រូវសេ្តចមច្ចុរាជអូសយកទៅព្រោះភ័យនោះឯង ភ័យ ដូចពោលមកនេះ គឺ ជាតិភ័យ ភ័យ គឺ ការកើត ព្រោះតែមានការកើត យើងទើបពើបពះប្រទះនឹងភ័យផ្សេងទៀត ការកើតទើបជាបុព្វហេតុនៃភ័យទាំងពួង ជរាភ័យ ភ័យ គឺ ការចាស់ យើងម្នាក់ៗកំពុងតែប្រឈមមុខនឹងមហាភ័យនេះ ឥឡូវ នេះយើងកំពុងតែចាស់ជរាគ្រាំគ្រារាល់ខ្យល់ដកដង្ហើមចេញចូល ព្យាធិភ័យ គឺ ជម្ងឺឈឺ ថ្កាត់ សង្ខារ គឺ រាងកាយរបស់មនុស្សយើងពោរពេញទៅដោយរោគផ្សេងៗជាច្រើន ទោះបីជា គ្មានជម្ងឺមកបៀតបៀនក៏មែនពិត ប៉ុន្តែរាងកាយនេះក៏កើតជម្ងឺដោយខ្លួនឯង ប្រសិនបើលោក អង្គុយយូរពេក លោកក៏នឹងឈឺចុកចង្កេះ ស្រពន់ជើង ឈរយូរពេកក៏ឈឺ ដើរយូរពេកក៏ឈឺ តោងតែផ្លាស់ប្តូរឥរិយាបទមួយៗថ្ងៃជាច្រើនដង ដើម្បីបន្ទោបង់សេចក្តីឈឺចាប់តាមគន្លាក់ និង អវយៈផ្សេងៗ មរណភ័យ ភ័យ គឺ សេចក្តីស្លាប់ ហ្នឹងជាភ័យចុងក្រោយដែលសត្វរាល់ រូបតែងតក់ស្លុតរន្ធត់ញាប់ញ័ររាល់ថ្ងៃ មួយថ្ងៃ ៗ គឺ ជំហានមួយៗរបស់ជីវិត មួយថ្ងៃកន្លងទៅ មានន័យថា យើងកំពុងតែដើរខិតចូលជិតសេចក្តីស្លាប់មួយជំហានដែរ ព្រោះអាចក្តីមើល ឃើញភ័យទាំងអស់នេះឯងបានជាមានឈ្មោះថាជាអ្នកឃើញភ័យ" "ម្នាលនាយចោរ ! ភិក្ខុ ដែលមានន័យថា អ្នកសូម នោះ សំដៅដល់ មធ្យោបាយចិញ្ចឹមជីវិតរបស់អាចក្តី អាចក្តីប្រើបាត្រនេះជាភាជនៈគូជីវិតត្រាច់ចរយាត្រាសូម ភិក្ខាហារអំពីអ្នកស្រុកចិញ្ចឹមជីវិត"
"បើអញ្ចឹង មានន័យថា លោកជាអ្នកសូមទានមែនទេ?"នាយចោរនិយាយកាត់ឡើង
"ពិតមែនហើយ នាយចោរ ! អាចក្តីជាមនុស្សសូមទាន ប៉ុន្តែការសូមទានរបស់អាចក្តីចម្លែកប្លែកពី ការសូមទានរបស់អ្នកដទៃ គឺថា នៅពេលព្រឹក អាចក្តីឱបបាត្រនេះដើរចូលទៅកាន់ភូមិដោយឥរិយាបថសម្រួមរវាំង អ្នកស្រុកប្រទះភ្នែក ឃើញដឹងថាអាចក្តីត្រូវការចង្ហាន់ គេក៏យកដុំបាយ និង អាហារវត្ថុផ្សេងៗទៀតមកដាក់ក្នុង បាត្រដោយអាចក្តីពុំបានហាមាត់សូមមួយម៉ាត់ឡើយ កាលបើបានអាហារល្មាក់ល្មមហើយ អាចក្តីក៏ចេញពីភូមិនោះទៅអង្គុយឆាន់ត្រង់កន្លែងណាមួយ ថ្ងៃខ្លះ អាចក្តីមិនបានចង្ហាន់សោះ ក៏មាន ទុកជាម្លឹងក៏ដោយ អាចក្តីក៏សុខចិត្តទ្រាំហេវ អាចក្តីមិនព្រមរំខានឆាឆៅអ្នកស្រុកជាដាច់ ខាត ហេតុដូច្នេះបានជាគ្មានអ្នកណាម្នាក់ត្រូវក្តៅក្រហាយ ឬ រំខានធុញទ្រាន់ព្រោះអាជីពរបស់ អាចក្តី គ្មានអ្នកណាក្រីក្រចុះដោយសារតែឲ្យដុំបាយដល់អាចក្តីនោះទេ អ្នកស្រុកអ្នកភូមិតែង ស្គាល់ប្រមាណរបស់ខ្លួនច្បាស់ ប្រសិនបើគេយល់ថា ការឲ្យទានដល់អាចក្តីនឹងញ៉ាំងឲ្យគេអស់ បាយដាច់ពោះស្លាប់ គេមុខជានឹងមិនឲ្យជាដាច់ខាត គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិត និង សាច់ឈាម ឬសូម្បីតែទឹកភ្នែកព្រោះតែអាជីពរបស់អាចក្តីឡើយ ទាំងគ្មានអ្នកណាម្នាក់ត្រូវភិត ភ័យស្លន់ស្លោ លោះព្រលឹងសឹងបាត់ស្មារតីព្រោះតែការបង្ហាញខ្លួនរបស់អាចក្តីឡើយ ហេតុដូច្នេះអាជីពរបស់អាចក្តីទើបចាត់ជាអាជីពដ៏បរិសុទ្ធហ្មត់ចត់" ។
លុះបានស្តាប់សម្តីសំដៅដ៏មានហេតុផលមុខគួរឲ្យស្តាប់របស់សមណៈរូបនេះហើយ ចោរទាំង ពួងក៏កើតមានសទ្ធាជ្រះថ្លា ពួកគេចាប់ផ្តើមមើលឃើញពន្លឺភ្លឺស្វាងនៃសេចគ្រេចខុសត្រូវខ្លះ ហើយ ជាពិសេសជាងគេ គឺ នាយចោរដល់ថ្នាក់អង្គុយនៅស្ងៀមស្រមៀនអស់ពេលជាយូរ "គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិត និង សាច់ឈាម ឬសូម្បីតែទឹកភ្នែកព្រោះតែអាជីពរបស់ អាចក្តីឡើយ ទាំងគ្មានអ្នកណាម្នាក់ត្រូវភិតភ័យស្លន់ស្លោលោះព្រលឹងសឹងបាត់ស្មារតីព្រោះ តែការបង្ហាញខ្លួនរបស់អាចក្តីឡើយ" ពាក្យសម្តីទំាងនេះបានដក់ជាប់នៅក្នុងសោតប្រសាទ របស់គេ វាដាស់តឿនក្រើនរំលឹកឲ្យគេនឹកឃើញដល់អាជីពរបស់គេ មើលទៅវាពិតជាផ្សេងពី អាជីពរបស់សមណៈរូបនេះមែនទែន ផ្សេងគ្នាហាក់នឹងថាមេឃនិងដីដូច្នោះ ។
"បពិត្រលោកនាយ ! ឥឡូវនេះ ដល់ឫក្សយាមដែលយើងត្រូវប្រកបយញ្ញពិធីសែនព្រេន ម្ចាស់ម៉ែហើយ"ចោរអ្នកប្រកបពិធីបានពោលក្រើនរំលឹក ធ្វើឲ្យនាយចោរភ្ញាក់ព្រើតពីភវង្គចិត្ត នាយចោរបែរមុខទៅសម្លឹងមើលរូបសំណាក់មេ-សកាលីដែលកំពុងឈរញែកចង្កូម ភ្នែក លៀនថ្លែនៅលើក្តារហ៊ឹងបូជាហាក់បីដូចជាស្រែកសន្ធប់ប្រាប់នាយចោរថាអង្កាល់ទៅបាន យកឈាមមនុស្សឲ្យអញបរិភោគ នាយចោរមិនចង់ធ្វើគុតសមណៈវាគ្មិនដែលថេរដីកាពីរោះ គួរឲ្យចង់ ស្តាប់រូបនេះបូជាមេ-សទេ ប៉ុន្តែកាលបើនឹកភ្នកដល់បំណន់ដែលខ្លួនបានបន់ស្រន់ នៅចំពោះមុខម្ចាស់ម៉ែហើយ គេក៏ទន់ចិត្តទៅតាមនោះ គេងាកមុខទៅខាងភិក្ខុដែលជាឈ្លើយ សឹកហើយពោលថា "បពិត្រលោកអ្នកឃើញភ័យ ! ខ្ញុំសូមអភ័យទោសដែលត្រូវពិឃាតលោក ដើម្បីយកឈាមក្នុងគល់កទៅបូជាលាបំណន់ម្ចាស់ម៉ែកាលី ពីព្រោះពួកយើង ទាំងអស់គ្នាបាន ទទួលជ័យជម្នះក្នុងការប្លន់គ្រានេះដោយសារតែអានុភាពនៃម្ចាស់ម៉ែកាលី សូមមេត្តាអភ័យ ទោសឲ្យពួកយើងផង"
"ម្នាលនាយចោរ ! អាចក្តីនៅសង្ស័យចំពោះពាក្យសម្តីដែលលោកនិយាយថាលោកបានទទួល ជ័យជម្នះក្នុការប្លន់គ្រានេះព្រោះអាស្រ័យយាយទែព មានន័យថា យាយទែពដែលកំពុង តែ ឈរនេះបានកាន់សស្ត្រាវុធទៅចូលរួមកាប់សម្លាប់ពួកឈ្មួញពាណិជ្ជករដណ្តើមយកទ្រព្យ សម្បត្តិមកព្រមជាមួយនឹងលោកអញ្ចឹងឬ?"ភិក្ខុជាឈ្លើយសឹកសួរ
"មិនមែនមានន័យថាអញ្ចឹងទេ ម្ចាស់ម៉ែមិនបានទៅចូលរួមប្លន់ជាមួយនឹងពួកយើងទេ"
"ឬថា នៅពេលដែលពួកលោកលើកកម្លាំងពលទៅដល់ក្រុមរទេះរបស់ពួកឈ្មួញ ហើយពួក លោកក៏ឈរនៅស្ងៀមៗ រួចយាយទែពក៏ខាបឬបញ្ជាឲ្យពួកឈ្មួញទាំងនោះនាំរបស់អម្រស់ អម្រមកប្រគល់ឲ្យដោយស្រួល ហើយក៏នាំគ្នាដេកដួលស្លាប់ ឬ ភៀសខ្លួនទៅដោយឯកឯង ពួកលោកមិនបានរៀបរបប្លន់បន្តិចសោះ អញ្ចឹងឬ? "
"មិនមែនអញ្ចឹងទេ លោកសមណៈ ! ខ្ញុំត្រូវនាំបក្សពួកចូលកាប់ប្រហារពួកឈ្មួញទាំងនោះ ហើយទើបដណ្តើមយកទ្រព្យសម្បត្តិរបស់ពួកគេមកដោយសេចក្តីលំបាកអន្តេបអន្តាបណាស់"
"បើអញ្ចឹងជាការសមហេតុសមផលហើយឬ ដែលលោកនិយាយថាបានទទួលជ័យជម្នះក្នុង ការប្លន់គ្រានេះព្រោះអាស្រ័យអានុភាពរបស់យាយទែព អាចក្តីពិចារណាឃើញថា សមិទ្ធផល គ្រានេះកើតឡើងព្រោះអាស្រ័យលោក និង បរិវាររបស់លោក ប្រសិនបើលោកមិនធ្វើអ្វីដោយ ដៃរបស់ខ្លួនឯងទេ ទោះបីជាបួងសួងសំបូងសង្រូងយាយទែពយ៉ាងណាក៏ដោយ ក៏មុខជានឹង គ្មានថ្ងៃណាបានទទួលសំរិទ្ធិជ័យអ្វីឡើយ ពីព្រោះយាយទែពនេះមិនដឹងងោះអ្វី ទាំងអស់ ទាំងមិនអាចធ្វើអ្វីៗឲ្យអ្នកណាមួយបានឡើយ សមដូចដែលលោកដឹងស្រាប់ហើយ ហេតុដូច្នេះការដែលលោកសម្លាប់អាចក្តីយកទៅបូជាលាបំណន់យាយទែពនោះ អាចក្តីយល់ ឃើញថានឹងជាការឲ្យរង្វាន់ខាន់ខៅដ៏មានតម្លៃខ្ពស់ក្រៃលែងដល់អ្នកដែលមិនបានធ្វើអ្វីសោះ" ចិត្តវិញ្ញាណរបស់នាយចោរបានងាកចូលទៅកាន់ហេតុផលម្តងទៀត គេបែរទៅសម្លឹងមើលរូប សំណាកមេ-សកាលីដោយទាំងសទ្ធាចាប់ផ្តើមរលស់រង្គោះរង្គើប៉ុន្តែនៅមានការតស៊ូគ្នាយ៉ាងស្វិត ស្វាញរវាងជំនឿដើមនិងហេតុផល
"ម្នាលនាយចោរ !"ភិក្ខុរូបនោះពោលតទៅទៀតនៅពេលដែលឃើញនាយចោរអង្គុយនៅស្ងៀម ស្រមឹម "រាល់ពេលវេលាដែលលោកចេញទៅប្លន់ លោកតែងតែធ្វើការបន់ស្រន់ដល់យាយទែព ជានិច្ចកាលឬទេ?"
"មិនជានិច្ចទេ ជួនកាលក៏បន់ ជួនកាលក៏មិនបន់ ប៉ុន្តែនៅពេលដែលមានការប្លន់សំខាន់ៗ យើងតែងតែបន់ស្រន់មុនជានិច្ច"នាយចោរឆ្លើយតប
"ចុះរាល់លើកដែលបន់ស្រន់យាយទែពមុនពេលចេញទៅប្លន់នោះ តើលោកបានទទួលជ័យ ជម្នះជានិច្ចឬទេ?"
"មិនជានិច្ចទេ ជួនកាលក៏សម្រេចបានដោយស្រួល ជួនកាលក៏សម្រេចបានដោយលំបាក"
"ហ្នឹងជាសញ្ញាសម្តែងឲ្យឃើញថា អំណាចប្រភាសរបស់យាយទែពកាលីនេះពុំមាន សេចក្តីសក្តិសិទ្ធិដាច់ខាតទេ គ្មាននិយតភាពិតប្រាកដល្មមនឹងជឿទុកចិត្តបានទេ ប្រសិនបើ មានសេចក្តីសក្តិសិទ្ធិដាច់ខាតមែន លោកមិនចាំបាច់ប្រថុយប្រថានចូលតស៊ូប្រយុទ្ធ ប្លន់គេមកចិញ្ចឹមជីវិតនោះទេ គ្រាន់តែក្រាបសំពះបូជាយាយទែពនេះដោយយកចិត្តទុកដាក់ ប៉ុណ្ណោះ យាយទែពនេះនឹងជបអ្វីៗឲ្យលោកមានទ្រព្យសម្បត្តិមាសប្រាក់តាមសេចក្តីត្រូវការ របស់លោកជាក់ជាមិនខាន ប៉ុន្តែនេះព្រោះតែយាយទែពគ្មានសេចក្តីសក្តិសិទ្ធិដាច់ខាតហ្នឹង ឯងបានជាលោកត្រូវប្លន់គេចិញ្ចឹមជីវិត កាលបើលោកធ្វើការងារដោយដៃខ្លួនឯង បានទទួល ផលនៃការងារនោះដោយខ្លួនឯងបែបនេះ នឹងពោលថាយាយទែពនេះបានជួយដឹកនាំពាំយួរ លោកដូចម្តេចបាន? មួយវិញសោត បើឧបមាថាយាយទែពនេះមានសេចក្តីសក្តិសិទ្ធិពិត ប្រាកដមែន រាល់ពេលវេលាដែលលោកធ្វើការបន់ស្រន់មុនហើយទើបចេញទៅប្លន់នោះ លោកគួរតែទទួលបានជោគជ័យយ៉ាងល្អត្រកាលរាល់លើករាល់គ្រាទៅ នេះក៏ព្រោះតែតេជះ ចេស្តារបស់យាយទែពនេះគ្មាននិយតភាពពិតប្រាកដហ្នឹងឯងបានជាលោកឈ្នះខ្លះចាញ់ខ្លះ ដូច្នោះ ការដែលលោកផ្ទុកផ្តាក់ជំនឿទុកចិត្ត លោកគួរតែជឿទុកចិត្តលើខ្លួនឯង និងជឿជាក់លើ អំពើរបស់ខ្លួនឯង"
"ម្នាលនាយចោរ ! ធម្មតា ការឲ្យអំណោយអ្វីដល់អ្នកណាម្នាក់ កាលបើអ្នកនោះត្រេកអរសាទរ នឹងទទួលយកសឹមឲ្យ ការឲ្យអំណោយនោះទើបមានផលច្រើន ហើយគួរតែឲ្យអំណោយណា ដែលមានប្រយោជន៍ដល់បដិគ្គាហកៈអ្នកទទួលប៉ុណ្ណោះ លោហិតក្នុងបំពង់ករបស់អាចក្តីនឹង មានប្រយោជន៍អ្វីដល់យាយទែពខ្លះ និយាយអញ្ចឹង កាលដែលលោកចាប់មនុស្ស ឬ សត្វដទៃ មកបង្អារ-កឲ្យលោហិតបាញ់បញ្ចូលមាត់យាយទែពនោះ ធ្លាប់ដែលឃើញខ្លះទេថាយាយទែព នេះត្របាក់លេបឆីលោហិតទាំងនោះដោយមោនភាព មិនព្រមឲ្យលោហិតស្រក់ចោលសូម្បី មួយតំណក់ឡើយ"
"មិនធ្លាប់ឃើញទេ លោកសមណៈ ! ធ្លាប់ឃើញតែឈាមនោះហៀរចេញពីមាត់ម្ចាស់ម៉ែដាប ពេញដងខ្លួន ទៅកកគរលើផ្ទៃដីភាយក្លិនស្អុយឆ្អាបអសោចពាសពេញទាំងបរិវេណកន្លែងនោះ
"
"ហ្នឹងសម្តែងឲ្យឃើញថាយាយទែពនេះមិនត្រេកអរនឹងបរិភោគលោហិតទាំងនោះទេ ពីព្រោះលោហិតទាំងនោះគ្មានប្រយោជន៍អ្វីដល់យាយទែពឡើយ ផ្ទុយទៅវិញ មានតែធ្វើឲ្យ យាយទែពគគ្រិចគគ្រក់ កខ្វិកកខ្វក់ និង ប្រឡាក់ប្រឡូកទទេៗប៉ុណ្ណោះ ហេតុដូច្នេះ ការដែល លោកយកលោហិតចេញពីបំពង់ករបស់មនុស្សឬសត្វដទៃមកបូជាលាបំណន់យាយទែពនោះ ទើបមិនកើតជាប្រយោជន៍អ្វីទេ ម្យ៉ាងវិញទៀត អាចក្តីសូមសួរថា ការដែលលោកចាប់មនុស្ស ឬ សត្វដទៃមកអារ-កនោះ គេយល់ព្រមឲ្យលោកធ្វើដោយស្រួលដែរឬទេ? "
"អត់ទេ លោកសមណៈ ! គេមិនសុខចិត្តឲ្យខ្ញុំធ្វើដោយស្រួលទេ ប៉ុន្តែខំតស៊ូរើបម្រះ ទាល់តែ អស់កម្លាំងសមត្ថភាព"
"ម្នាលនាយចោរ ! ចុះលោកមានដឹងទេថា គេតស៊ូរើបម្រះហ្នឹងព្រោះហេតុអ្វី?"
"ខ្ញុំគិតថា គេប្រហែលជាខ្លាចស្លាប់ទេដឹង ! "
"ត្រឹមត្រូវហើយ នាយចោរ ! សត្វរាល់រូបដែលកើតមកហើយក្នុងលោកនេះ សុទ្ធតែភ័យតក់ ស្លុតចំពោះសេចក្តីស្លាប់ទាំងអស់ សត្វទាំងឡាយតែងតែប្រាថ្នានូវសេចក្តីសុខគ្រប់ៗរូប ស្អប់ស្អាយនឿយណាចំពោះសេចក្តីទុក្ខវេទនា អ្វីដែលសត្វលោកស្រឡាញ់ជាទីបំផុត គឺ ជីវិត អ្វីដែលសត្វលោកស្អប់ជាទីបំផុត គឺ មច្ចុរាជ ពោលគឺ សេចក្តីស្លាប់ មនុស្សយើងសុខចិត្តលះបង់អ្នកដទៃ ទ្រព្យសម្បត្តិដទៃរហូតដល់អវយវៈវោការខ្លះក៏ដើម្បីឲ្យ ជីវិតនៅឋិតថេរបាន រស់នៅក្នុងលោកនេះតទៅទៀតបាន ការដែលលោកដណ្តើមយក ប្រពន្ធកូនរបស់គេ ក៏ឈ្មោះថាដណ្តើមយកប្រពន្ធកូនរបស់គេប៉ុណ្ណោះ ការដែលលោកប្លន់យក ទ្រព្យសម្បត្តិរបស់គេ ក៏ឈ្មោះថាប្លន់យកតែទ្រព្យសម្បត្តិគេប៉ុណ្ណោះ ប៉ុន្តែបើលោកប្លន់យក ជីវិតរបស់គេវិញ មានន័យថា លោកប្លន់យកអ្វីៗទាំងអស់របស់គេ ជីវិតមានតម្លៃខ្ពង់ខ្ពស់ណាស់ បុគ្គលដែលយើងស្រឡាញ់ជាទីបំផុត គឺ បុគ្គលដែលឲ្យជីវិតដល់យើង បានដល់ មាតាបិតា បុគ្គលដែលយើងស្អប់ជាទីបំផុត គឺ បុគ្គលដែលប្លន់យកជីវិតរបស់យើងទៅ យើងតែងនឹក សោមនស្សស្រស់ស្រាយចិត្តនៅពេលបានឲ្យវត្ថុអ្វីមួយដល់អ្នកដទៃ ប៉ុន្តែយើងនឹងរឹតតែរីករាយ សោមនស្សខ្លាំងឡើងទៀត នៅពេលដែលយើងបានឲ្យជីវិតដល់អ្នកដទៃ... " ។ កាលបើភិក្ខុរូបនោះបានមានសង្ឃដីកាមកដល់ត្រង់ណេះ សទ្ធាជ្រះថ្លារបស់នាយចោរបានឡើង ដល់កម្រិតចុងប៉ូច គេឱនក្បាលចុះក្រាបទៀបបាទមូលរបស់លោកដោយសេចក្តីលំអុតលំឱន ទាំងពោលដោយសម្លេងញ័រចំប្រប់ថា "បពិតលោកសមណៈ ! វាចារបស់លោកពិតជាមានហេតុ ផលនិងពីរោះក្បោះក្បាយអីម្លេះទេ ខ្ញុំមិនដែលបានស្តាប់អ្នកណាសម្តែងហេតុផលច្បាស់លាស់ បែបនេះមកពីមុនទេ បើខ្ញុំបានស្តាប់បែបនេះមកពីមុន ខ្ញុំគង់នឹងមិនក្លាយជាចោរប្លន់ជីវិត និង ទ្រព្យ សម្បត្តិរបស់អ្នកដទៃដើម្បីចិញ្ចឹមជីវិតនោះទេ អនិច្ចា ! ជីវិតក្នុងអតីតកាលរបស់ខ្ញុំពិតជាគគ្រិច គគ្រក់ងងឹតងងល់មែនទែន លោកជាអ្នកនាំពន្លឺគឺហេតុផលចូលមកកាន់ចិត្តដ៏ងងឹតឈ្លប់របស់ខ្ញុំ ដោយពិត បពិត្រលោកដ៏ចម្រើន ! ចាប់តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំព្រមទាំងបរិវារទាំងអស់នេះ សូមលះបង់ចោលអាជីពចោរហើយប្រគល់កាយថ្វាយខ្លួនជាសិស្ស នឹងដើរទៅតាម ប្រណិប័តន៍លោកសព្វទីកន្លែងកន្លុក" ។
ភិក្ខុរូបនោះបានសម្តែងធម៌ប្រោសពួកចោរស្ទើរតែពេញមួយយប់រហូតដល់រួមទាំងចោរម្នាក់ៗ រួមទាំងរេវត្តៈផងជាអ្នកមានសទ្ធាដ៏រឹងមាំក្នុងព្រះពុទ្ធសាសនា ព្រះភិក្ខុបានឲ្យពួកចោរបេជ្ញាខ្លួន ដល់ព្រះរតនត្រ័យ និង ឲ្យសមាទានសីល ៥ គ្រប់ៗគ្នា បន្ទាយចោរក្នុងរាត្រីថ្ងៃនេះ បានប្រែ ក្លាយជាបន្ទាយរបស់អ្នកទ្រទ្រង់សីល អ្នកមានអាវុធដែលទម្លាក់ចុះហើយ អ្នកស្ងប់រម្ងាប់ចាក អកុសលកម្មទាំងពួងហើយ បរិយាកាសក្នុងបន្ទាយចោរស្ងប់ស្ងាត់បាត់សម្លេងសូន្យដែលផ្ទុយ គ្នាស្រឡះទៅនឹងយប់កន្លងមកដែលពោរពេញទៅដោយសម្លេងរឡូរឡា អឺងកង សម្លេងរាំរែក ស្រែកច្រៀងរបស់ពួកចោរដែលស្រវឹងងងល់ងងក់ ។
លុះដល់ថ្ងៃព្រឹកឡើង ព្រះថេរៈក៏នាំពួកចោរដែលក្រឡាស់ចិត្តទាំងនោះចេញពីព្រៃធំទៅកាន់ ភូមិឋានរបស់មនុស្សបោះបង់ចោលបន្ទាយចោរព្រមទាំងសស្រ្តាវុធនិងរូបសំណាកមេ-សកាលី ដោយឥតអាឡោះអាល័យ នៅទីបំផុត ពួកគេក៏មកដល់ភូមិមួយក្បែរមាត់ផ្លូវចូលទៅដល់ដង ព្រៃ ពួកអ្នកស្រុកនៅពេលបានឃើញក្រុមចោរលើកកម្លាំងពលមកក៏នាំគ្នាផ្អើលឈូឆររត់ ប្រសេចប្រសាចច្រួលច្រាល់ ប៉ុន្តែក្រោយមក កាលបើបានដឹងថាក្រុមចោរទាំងនោះអស់ ព្យសន៍ពុតត្បុតហើយក៏នាំគ្នាត្រឡប់មកធ្វើបដិសណ្ឋារកិច្ចយ៉ាងចៅរ៉ៅ ព្រះថេរៈ បានឲ្យចោរ ទាំងអស់ឧបសម្ប័ទជាភិក្ខុដោយតិសរណគមនូបសម្បទា ហើយក៏គង់ នៅចាំវស្សាឯភូមិនោះ តាមពាក្យអារាធនារបស់អ្នកស្រុករហូតដល់មួយត្រៃមាសនោះ ព្រះថេរៈបានបង្ហាត់បង្រៀន ពាក្យប្រៀនប្រដៅដល់អ្នកស្រុកឲ្យតាំងនៅក្នុងសីលធម៌ដ៏ស្អាតស្អំ ហើយបានអប់រំភិក្ខុសង្ឃ ដែលជាបរិវាររបស់ខ្លួនឲ្យតម្កល់ខ្លួននៅក្នុងសម្មាបដិបត្តិយ៉ាងប្រិតប្រៀងឲ្យឃើញភ័យក្នុងវដ្តសង្សាររវៀសរវៃប្រតិបត្តិតាមអរិយមគ្គឆ្ពោះទៅកាន់សេចក្តីរួចផុតចាកទុក្ខ ភិក្ខុទាំងឡាយក៏នាំគ្នា តាំងនៅក្នុងសាសនោវាទរបស់លោកដោយល្អ អង្គខ្លះក៏បានសម្រេចមគ្គផលជាន់ទាប អង្គខ្លះ ក៏នៅជាកណ្យាណបុថុជ្ជនតាមសមគួរដល់ឧបនិស្ស័យនិងបារមីដែលខ្លួនបានអប់រំបន្ទំនិស្ស័យ មកពីបុព្វជាតិ ។
ចំណែកខាងលោកសុមង្គលៈគ្រហបតីព្រមទាំងបរិវារខ្លះដែលនៅមានជីវិតរស់កាលដែល ពួកចោរដោះលែងឲ្យមានសេរីភាពហើយក៏រូតរះចេញដំណើរឆ្ពោះទៅកាន់ក្រុងសាវត្ថី ដើម្បីជួបមុខប្រពន្ធកូនដែលកំពុងតែទន្ទឹងរងចាំមើលផ្លូវនៅឯផ្ទះ លោកគ្រហបតីមិនបាន ឧបសម្ប័ទជាមួយនឹងពួកចោរទេ ព្រោះនៅមានពលិពោធកង្វល់រឿងគ្រួសារ មុននឹងចាកចេញ ពីដងព្រៃនោះ លោកបានទៅកន្លែងដែលត្រូវចោរប្លន់ ប្រមែប្រមូលរួបរួមសាពសពកូនឈ្មួញ ជាបរិវាររួមទាំងជ័យសេនកូនប្រុសតែម្នាក់គត់របស់លោកផង ធ្វើឈាបនកិច្ចខាងក្នុងព្រៃនោះ ឯងហើយទើបធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញដោយទាំងចិត្តសញ្ជប់សញ្ជឹង ។